អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-រុស្ស៊ី៖លោកបៃដិនព្រមានលោកពូទីន បើលោកពូទីនហ៊ានប្រើអាវុធគីមី ឬអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​យប់​ថ្ងៃ​សៅរ៍ ទី១៧ កញ្ញា ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​ដើម្បី​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យសព​ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត​ទី២ ដែល​ត្រៀម​ធ្វើ​ក្នុង​ថ្ងៃ​ចន្ទ ទី១៩ កញ្ញា។ តែ​មុន​នឹង​ចាកចេញ​ពី​អាមេរិក លោក​បៃដិន​បាន​ផ្តល់​បទសម្ភាសន៍​មួយ​ឲ្យ​កាណាល់​ទូរទស្សន៍ CBS។ នៅ​ក្នុង​បទសម្ភាសន៍ លោក​បៃដិន​បាន​អំពាវនាវ​ក្នុង​ន័យ​ព្រមាន​កុំ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ប្រើ​អាវុធ​គីមី ឬ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី​លោក​ពូទីន (រូបឆ្វេង) និង​សមភាគី​អាមេរិក​លោក​បៃដិន។
ប្រធានាធិបតីរុស្ស៊ី​លោក​ពូទីន (រូបឆ្វេង) និង​សមភាគី​អាមេរិក​លោក​បៃដិន។ © Angela Weiss & Alexey Druzhinin/AFP
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ជុំ​វិញ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​គំរាម​ប្រើ ឬ​ប្រើ​ជា​យថាហេតុ​នូវ​អាវុធ​គីមី ឬ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​មិនមែន​ជា​រឿង​ថ្មី​ទេ។ ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ធ្លាប់​បាន​លើក​ឡើង និង​សម្តែង​ក្តីបារម្ភ​ចំពោះ​រឿង​នេះ ហើយ​លោក​ពូទីន​ខ្លួន​ឯង​ក៏​ធ្លាប់​បាន​លើក​យក​អាវុធ​នុយក្លេអ៊ែរ​ទៅ​គំរាម​ដែរ ពិសេស​នៅ​ពេល​ដែល​ក្រុម​ប្រទេស​លោកខាងលិច​បាន​បង្កើន​ការ​ជួយ​គាំទ្រ​ផ្លូវ​យោធា និង​ផ្តល់​អាវុធ​ទំនើបៗ​ឲ្យ​អ៊ុយក្រែន។ ទន្ទឹម​នឹង​ការ​គំរាម លោក​ពូទីន​ក៏​ធ្លាប់​បាន​បង្ហាញ​ពី​ការ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​គ្រាប់មីស៊ីល​បំពាក់​ក្បាល​នុយក្លេអ៊ែរ​ដែល​លោក​បញ្ជាក់​ថា ជា​អាវុធ​ដែល​ពិភពលោក​មិន​ធា្លប់​បាន​ស្គាល់​ទេ។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី១៨ កញ្ញា សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ឈាន​ចូល​ជិត ៧ខែ និង​ដែល​គេ​បាន​សង្កេត​ឃើញ​ថា ទ័ព​រុស្ស៊ី​កំពុង​ចាញ់​ច្រាប​ទ័ព​អ៊ុយក្រែន​នៅ​លើ​សមរភូមិ​ជា​ច្រើន។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ទ័ព​អ៊ុយក្រែន​បាន​វាយ​ដណ្តើម​យក​ពី​ដៃ​ទ័ព​រុស្ស៊ី​មក​វិញ​នូវ​ទីតាំង​ជា​ច្រើន​កន្លែង។ ស្ថានការណ៍​នេះ​ត្រូវ​បាន​លោក​ពូទីន​ចេញ​មុខ​ព្រមាន​ថា រុស្ស៊ី​នឹង​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត បើ​ទ័ព​រុស្ស៊ី​ស្ថិត​ក្រោម​សម្ពាធ និង​កាន់​តែ​ធ្លាក់​ឥទ្ធិពល​នៅ​លើ​សមរភូមិសង្រ្គាម។ គឺ​ការ​ព្រមាន​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំង​បន្ថែម​ទៀត​នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​តម្រុយ​ថា លោក​ពូទីន​អាច​ប្រើ​អាវុធ​គីមី ឬ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​មាន​ប្រៀប​នៅ​លើ​សមរភូមិ​សង្រ្គាម។

លោក​បៃដិន​ប្រាប់​លោក​ពូទីន​កុំ​ឲ្យ​ឆ្លង​កាត់​ខ្សែបន្ទាត់​ក្រហម

ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​ចេញ​មុខ​ព្រមាន​ថា រុស្ស៊ី​នឹង​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ បើ​លោក​ពូទីន​ហ៊ាន​ប្រើ​អាវុធ​គីមី ឬ​អាវុធ​នុយក្លេអ៊ែរ​លើ​អ៊ុយក្រែន។ « សូម​កុំ​ប្រព្រឹត្ត » នេះ​ជា​ឃ្លា​ដែល​លោក​បៃដិន​បាន​ថ្លែង​រម្លឹក​ដល់​ទៅ ៣ដង និង​ជា​សារ​ដែល​លោក​បៃដិន​ចង់​បញ្ជូន​ត្រង់​ទៅ​ឲ្យ​លោក​ពូទីន។ តាម​លោក​បៃដិន បើ​លោក​ពូទីន​ហ៊ាន​ប្រើ​អាវុធ​គីមី ឬ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន រូបភាព និង​មុខមាត់​នៃ​សង្រ្គាម​មួយ​នេះ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដែល​ពិភពលោក​មិន​ធ្លាប់​បាន​ជួប​ប្រទះ​ទេ​គិត​តាំង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២។

បើ​តាម​មើល​ទៅ លោក​បៃដិន​ប្រហែល​ចង់​មាន​ន័យ​ថា ពិភពលោក​នឹង​ធ្លាក់​ទៅ​ក្នុង​សង្រ្គាមលោក​ជា​ថ្មី បើ​លោក​ពូទីន​ហ៊ាន​ឆ្លង​ខ្សែបន្ទាត់​ក្រហម​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។ តើ​ការ​លើក​ឡើង​របស់​លោក​បៃដិន​នេះ​មាន​ន័យ​ថា អាមេរិក​នឹង​ចូល​ខ្លួន​អន្តរាគមន៍​ផ្លូវ​យោធា​ដោយ​ផ្ទាល់​ទល់​នឹង​រុស្ស៊ី​នៅ​លើ​សមរភូមិ​អ៊ុយក្រែន​ឬ?។ លោក​បៃដិន​បាន​ត្រឹម​ផ្តល់​ចម្លើយ​ក្នុង​ន័យ​ព្រមាន​ថា រុស្ស៊ី​នឹង​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ និង​ថា ចម្លើយ​របស់​អាមេរិក​នឹង​អាស្រ័យ​ទាំង​ស្រុង​លើ​ទំហំ​នៃ​ទង្វើ​របស់​រុស្ស៊ី។ ឃើញ​ថា​ពេល​នេះ គេ​ហាក់​កំពុង​ឃើញ​មាន​ច្រើន​នូវ​សង្រ្គាម​ពាក្យ​សម្តី​ជាង​ការ​អនុវត្តន៍​ជាក់​ស្តែង​ពី​ខាង​រុស្ស៊ី​ក៏​ដូច​ពី​ខាង​អាមេរិក។

សំណួរ​ដែល​កំពុង​ចោទ តើ​លោក​ពូទីន​ហ៊ាន​ប្រើ​អាវុធ​គីមី ឬ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​សមរភូមិ​សង្រ្គាម​អ៊ុយក្រែន ឬ​អត់ និង​ថា ចុះ​បើ​លោក​ពូទីន​ប្រើ​មែន តើ​លោក​បៃដិន​ហ៊ាន​វាយប្រហារ​ផ្លូវ​យោធា​លើ​រុស្ស៊ី​ដែរ ឬ​ទេ?។ ទាំង​នេះ​ជា​សំណួរ​ដែល​គេ​ពិបាក​ផ្តល់​ចម្លើយ​ច្បាស់​នៅ​ពេល​នេះ។

លោក​ពូទីន​មិន​ប្រញាប់​បិទ​សង្រ្គាម​នៅ​អ៊ុយក្រែន

លោក​ពូទីន​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​យ៉ាង​ម៉េច ឬ​មួយ​ក៏​មិន​ឆ្លើយ​តប​នឹង​ការ​ព្រមាន​របស់​លោក​បៃដិន​ទេ​នៅ​ពេល​នេះ។ តែ​នៅ​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​នា​ឱកាស​កិច្ចប្រជុំកំពូល​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ​ដែល​រៀបចំ​ធ្វើ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន លោក​ពូទីន​បាន​និយាយ​ប្រាប់​លោក​ម៉ូឌី​ថា លោក​យល់​ពី​ក្តី​បារម្ភ​របស់​លោក​ម៉ូឌី​ទាក់ទង​នឹង​សង្រ្គាម​អ៊ុយក្រែន។ លោក​ម៉ូឌី​បាន​និយាយ​ប្រាប់​លោក​ពូទីន​ថា មិនមែន​ជា​ពេល​វេលា​សម្រាប់​សង្រ្គាម​ទេ។ តែ​លោក​ពូទីន​បាន​ឆ្លើយ​ប្រាប់​លោក​ម៉ូឌី​វិញ​ថា លោក​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បិទបញ្ចប់​សង្រ្គាម​អ៊ុយក្រែន​ឲ្យ​បាន​ឆាប់​បំផុត។

តែ​ស្រាប់​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​រុស្ស៊ី លោក​ពូទីន​បែរ​ជា​បាន​អះអាង​ផ្ទុយ​ទៅ​វិញ​ដោយ​បញ្ជាក់​ថា រុស្ស៊ី​មិន​ប្រញាប់​ដើម្បី​បិទបញ្ចប់​កម្មវត្ថុ​គន្លឹះ​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ទេ និង​ថា ផែនការ​គោល​របស់​រុស្ស៊ី​ក៏​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដែរ ព្រោះ​រុស្ស៊ី​គ្មាន​ប្រញាប់​ទៅ​ណា​ទេ។ តាម​រយៈ​សម្តី​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ហាក់​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​បិទបញ្ចប់​នៅ​ឡើយ​ទេ នោះ​បើ​ទោះ​បី​ជា​លោក​ពូទីន​ដឹង​ថា រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​លើ​ផ្នែក​ការទូត និង​ការ​លំបាក​ក្នុង​ផ្លូវយោធា​នៅ​ក្នុង​សង្រ្គាម​ជិត ៧ខែ​មួយ​នេះ​ក៏​ដោយ។

គេ​មិន​ដឹង​ថា តើ​សង្រ្គាម​មួយ​នេះ​នឹង​អូសបន្លាយ​ពេល​ប៉ុន្មាន​ខែ​ថែម​ទៀត​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន សង្រ្គាម​មួយ​នេះ​កំពុង​ជះ​ផលវិបាក​កាន់​តែ​ខ្លាំង​ដល់​ពិភពលោក​ទាំង​មូល ពិសេស​វិបត្តិ​ខ្វះ​ស្បៀង និង​វិបត្តិ​ថាមពល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ