អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីក្រុងឡុងដ៍ ជូន​​ដំណើរ​​ព្រះមហាក្សត្រិយ៍​អេលីហ្សាបិត​ទី២​ជាលើក​ចុងក្រោយ​ ក្នុង​ព្រះរាជពិធី​បុណ្យសព​ដ៍​​​ធំ​មហិមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទទី​១៩កញ្ញានេះ ទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ត្រូវឈប់ទ្រឹងមួយកន្លែង ដើម្បីប្រារព្ធព្រះរាជពិធី​បុណ្យសព​ នៃព្រះមហាក្សត្រិយ៍អេលីហ្សាបិតទី២។ ក្រៅពី​ប្រជាជន​សាមញ្ញ​រាប់សែននាក់ ដែល​បានមក​រងចាំ​ជូន​ដំណើរ និងថ្វាយគារវកិច្ចចំពោះ​ការដង្ហែរ​ព្រះសពជាលើកចុងក្រោយ កម្មវិធី​នៅថ្ងៃនេះនឹងមានវត្តមានចូលរួម ដោយ​ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំអន្តរជាតិ ជាច្រើនពាន់នាក់។ ព្រះរាជពិធីបុណ្យសពនេះ គឺជាបន្ទុកទទួលខុសត្រូវផ្នែកសន្តិសុខ ដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលអង់គ្លេស។

ព្រះសពនៃព្រះមហាក្សត្រិយ៍អេលីហ្សាបិតទី២ កំពុងត្រូវសែងចូលមកដល់ ព្រះវិហារ Westminster ដោយមានវត្តមានចូលរួមពីឥស្សរជនជាតិនិងអន្តរជាតិ​ចំនួន​២ពាន់នាក់។ ទីក្រុងឡុងដ៍ ថ្ងៃទី ១៩ កញ្ញា ២០២២
ព្រះសពនៃព្រះមហាក្សត្រិយ៍អេលីហ្សាបិតទី២ កំពុងត្រូវសែងចូលមកដល់ ព្រះវិហារ Westminster ដោយមានវត្តមានចូលរួមពីឥស្សរជនជាតិនិងអន្តរជាតិ​ចំនួន​២ពាន់នាក់។ ទីក្រុងឡុងដ៍ ថ្ងៃទី ១៩ កញ្ញា ២០២២ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ពិធីបុណ្យសពប្រចាំសតវត្ស​

កម្មវិធីធំនៅថ្ងៃទី​១៩កញ្ញា​ គឺកម្មវិធី​នៅក្នុង​ព្រះវិហារ Westminster នៅវេលាម៉ោង១០ព្រឹក ដែលមានរយៈពេល​ប្រហែល​១ម៉ោង និងដោយ​មាន​មនុស្សចូលរួម សុទ្ធតែ​ជាព្រះមហាក្សត្រ ​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលត្រូវបាន​រដ្ឋាភិបាល​អង់គ្លេស​ផ្ញើលិខិតទៅ​អញ្ជើញ​។ កម្មវិធីក្នុងព្រះវិហារ Westminsterចប់រួចរាល់ ម្ឈូសនៃព្រះសព​របស់​ព្រះមហាក្សត្រិយ៍​អេលីហ្សាបិតទី២ នឹងត្រូវដឹកតាមក្បួនដង្ហែ ក្នុងទីក្រុងឡុងដ៍ ឆ្ពោះទៅកាន់វិមានជ័យជំនះ Arc de Wellington ដែលស្ថិតនៅក្នុងសួនឧទ្យាន Hyde Park។ ព្រះអង្គឆាលស៍ទី៣ ព្រម​ទាំងក្រុមគ្រួសារព្រះញាតិវង្ស នឹងយាងដើរតាមពីក្រោយ។

មនុស្ស​ម្នារាប់សែននាក់ បានមកឈររង់ចាំ ខ្លះបាន​បោះតង់ដេកចាំច្រើនថ្ងៃមកហើយ ដើម្បីបាននៅមុខគេ នឹងបានឃើញ​ក្បួនដង្ហែរនេះ​។​ នៅព្រឹកថ្ងៃចន្ទនេះដែរ ជើងយន្តហោះ​ជាច្រើនរយ ត្រូវ​ផ្អាក​មិនឲ្យ​ហោះហើរ ឆ្លងកាត់ ឬចុះឡើងនៅទីក្រុងឡុងដ៍ទេ ដើម្បី​កុំឲ្យ​មានសំឡេងរំខាន ដល់​ការ​ស្មឹងស្មាតស្មារតី បង្ហាញគារវកិច្ចគោរពព្រះវិញ្ញាណក្ខន្ធ ជាលើកចុងក្រោយ ថ្វាយចំពោះព្រះមហាក្សត្រីអេលីហ្សាបិតទី​២។

បន្ទាប់ពីចប់​ក្បួន​ដង្ហែរនេះហើយ ព្រះសព និង​ត្រូវ​បញ្ជូន​ទៅកាន់ ប្រសាទ Windsor ចំងាយប្រមាណ​៣៥គីឡូម៉ែត្រ ជាយ​រាជធានីឡុងដ៍ ដើម្បីរៀបចំ​ពិធីបញ្ចុះនៅទីនោះ នៅល្ងាចថ្ងៃចន្ទនេះ។ កម្មវិធីបញ្ចុះព្រះសពនេះ គឺមានតែសមាជិក​​ក្រុមគ្រួសារព្រះញាតិវត្សចូលរួមតែប៉ុណ្ណោះ។

បន្ទុកការពារសន្តិសុខដ៏​សែនធ្ងន់បំផុត

បើគិតពី​កម្មវិធីបុណ្យសព របស់​លោក Winston Churchil អតីតនាយករដ្ឋមន្ត្រីអង់គ្លេស កាលពីឆ្នាំ១៩៦៥ គឺអង់គ្លេសមិនដែល​មាន​កម្មវិធី​បុណ្យសពដ៏ធំបែបនេះទេ។ កុំថាឡើយសម្រាប់អង់គ្លេស កម្មវិធីព្រះរាជពិធីបុណ្យសព របស់ព្រះ​មហាក្សត្រិយ៍អេលីហ្សាបិតទី២នៅថ្ងៃនេះ គឺជាកម្មវិធីធំបំផុត​មិនធ្លាប់មានទេ​ នៅក្នុងពិភពលោក​។

នៅក្នុងកម្មវិធីក្នុងព្រះវិហារ Westminster មានមនុស្សចូលរួម​ប្រមាណ​២ពាន់នាក់ គឺសុទ្ធតែជា​ព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងអង្គទូត ជិត​២០០ប្រទេសឯណោះ។ ព្រះចៅអធិរាជជប៉ុន ណារូហ៊ីតូ និងព្រះ​រាជាយា ក៏មានវត្តមាន រួមជាមួយ​ ព្រះមហាក្សត្រអេស្ប៉ាញ ព្រះមហាក្សត្រហូឡង់ ព្រះមហាក្សត្រន័រវេស ព្រះមហាក្សត្រប៊ែលហ្សិក ព្រះមហាក្សត្រិយ៍​ដាណឺម៉ាក និងព្រះអង្គម្ចាស់អាល់ប៊ែរ នៃម៉ូណាកូជាដើម។ ក្រៅពីនេះ មាន​ប្រមុខរដ្ឋបណ្តាប្រទេសធំៗ មានលោក​ចូ បៃដិន ប្រធានាធិបតីអាមេរិក លោកម៉ាក្រុង ប្រធានាធិបតីបារាំង លោកយូស្តាំងទ្រុយដូ នាយករដ្ឋមន្ត្រីកាណាដា លោកស្រីប្រធានាគណៈកម្មការអឺរ៉ុបជាដើម។ល។​ ដោយ​ឡែក លោក​ស៊ី ជិនពីង មិនបានអញ្ជើញមកទេ​ ដោយ​លោក​អនុប្រធានាធិបតីចិន Wang Qishan មកជំនួស។

ដូច្នេះវិធានការការពារ​សន្តិសុខនៅទីក្រុងឡុងដ៍ គឺត្រូវរឹតបន្តឹងខ្លាំងសម្បើមណាស់។ ទាហានប្រមាណ​៦០០០នាក់ មានវត្តមាន។ លើដំបូលអាគារ តាមដងផ្លូវសំខាន់ៗ មានក្រុមសន្តិសុខតាមល្បាត និងតម្រង់កាំភ្លើងជាប់ជានិច្ច​ក្នុងករណី​មាន​បញ្ហាបន្ទាន់ណាមួយ​។​ មន្ត្រីទទួលបន្ទុកសន្តិសុខអង់គ្លេសម្នាក់ បាននិយាយតាមទូរទស្សន៍ BBC ថា ការការពារសន្តិសុខនៅថ្ងៃ​នេះ គឺប្រៀបបីដូចជាត្រូវរៀបចំ កម្មវិធី​ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់​ប្រមុខរដ្ឋចំនួន​១០០ប្រទេសក្នុងពេលតែមួយ​។

ក្រៅពី​វិធានការសន្តិសុខដ៏តឹងតែងបំផុតនោះ ការរៀបចំកម្មវិធី​ដែលមានឥស្សរជនធំៗច្រើនគ្នាចូលរួម​ ក្នុងពេលតែមួយ​បែបនេះ គឺគេត្រូវតែប្រុងប្រយ័ត្នណាស់ ដើម្បី​ចៀសវាងបញ្ហា ច្រណែន ឬថ្នាំងថ្នាក់ចិត្ត។ គេត្រូវគិត តាំងពីកៅអីអង្គុយ ថាអ្នកណាអង្គុយជិតអ្នកណា អ្នកណាអង្គុយ​មុខ អ្នកណាអង្គុយនៅក្រោយ អ្នកណាអង្គុយក្បែរជញ្ជាំង ឬអង្គុយបាំងក្រោយសសរជាដើម។​

យ៉ាងណាមិញ ទាក់ទិននឹងការធ្វើដំណើរទៅកាន់ព្រះវិហាវ Westminter នៅព្រឹកថ្ងៃចន្ទនេះ អាជ្ញាធរអង់គ្លេស បានសម្រេចរៀបចំឲ្យ​ឥស្សរជនទាំងអស់ ត្រូវធ្វើដំណើររួមគ្នា នៅក្នុងរថយន្តក្រុង ដែលគេរៀបចំជាពិសេស។ ក៏ប៉ុន្តែរហូតដល់នាទីចុងក្រោយ មានការតវ៉ា ពីក្រុមការងារការពារ​សន្តិសុខ របស់ឥស្សរជនមួយចំនួន បានតវ៉ាមិនចង់​ឲ្យ​ព្រះមហាក្សត្រគេ ប្រធានាធិបតីគេ ទៅជិះរថយន្តក្រុងរួមគ្នាជាមួយអ្នកផ្សេងទៀត។ ជាក់ស្តែងគឺខាងភាគីការពារសន្តិសុខរបស់​លោក​ចូ បៃដិន ដែលតវ៉ាខ្លាំងជាងគេ ហើយទីបំផុត គឺលោកចូ បៃដិន មិនជិះរថយន្តក្រុងជាមួយគេទេ តែ​លោកបាន​​ជិះរថយន្ត​លីមូស៊ីន​ពិសេសរបស់លោក ឆ្ពោះទៅកាន់ព្រះវិហារ Westminter។

ក្បួនដង្ហែរព្រះសពនៃព្រះមហាក្សត្រិយ៍អេលីហ្សាបិតទី២ ក្នុងទីក្រុងឡុងដ៍ ថ្ងៃទី១៩កញ្ញា ២០២២
ក្បួនដង្ហែរព្រះសពនៃព្រះមហាក្សត្រិយ៍អេលីហ្សាបិតទី២ ក្នុងទីក្រុងឡុងដ៍ ថ្ងៃទី១៩កញ្ញា ២០២២ REUTERS - ANDREW BOYERS

ឱកាសកសាងកេរ្តិ៍ឈ្មោះ របស់​រដ្ឋាភិបាល​លោកស្រី​ លីហ្ស ត្រាស្ស

លោកស្រី លីហ្ស ត្រាស្ស នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ទើបតែចូលកាន់តំណែងបាន​២សប្តាហ៍ប៉ុណ្ណោះ ហើយពីមុនមក គេមិនសូវស្គាល់គាត់ទេ។ ដូច្នេះហើយ ឱកាសនេះ គឺជាឱកាសសំខាន់ណាស់ ព្រោះថារដ្ឋាភិបាល​លោកស្រី ជាអ្នកទទួលបន្ទុករៀបចំ​ព្រះរាជពិធីបុណ្យសពដ៏ធំមហិមានេះ ហើយ​មាន​ថ្នាក់ដឹកនាំ ប្រមុខរដ្ឋ មហាក្សត្រ ឥស្សរជន​ធំៗទូទាំងពិភពលោកតែម្តង មកចូលរួម។ ជាឱកាសល្អ តែក៏ជាការលំបាកណាស់ដែរ ព្រោះត្រូវរៀបចំឲ្យ​បានជោគជ័យ កុំឲ្យ​មានបញ្ហា​អ្វី កើតឡើង មិនថាផ្នែក​ប្រូតូកូល និងផ្នែកសន្តិសុខ។​

កន្លងប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលអង់គ្លេស បានចុះថយ​ប្រជាប្រិយភាពមិនតិចទេ នៅលើឆាកអន្តរជាតិ ជាពិសេសនៅក្រោយ​ពេល​អង់គ្លេសសម្រេច​ចាកចេញពី​សហភាពអឺរ៉ុប និង​នៅក្នុងសំណុំរឿងអៀរឡង់ជាដើម។ អង់គ្លេសត្រូវគេមើលឃើញថា ចង់នៅតែឯង លែងចង់សហការ ក្នុងសម្ព័ន្ធភាពជាមួយប្រទេសផ្សេងទៀតនៅអឺរ៉ុប។ ដូច្នេះឱកាសនេះ គឺជាពេលា ដើម្បី​ឲ្យរដ្ឋាភិបាលអង់គ្លេសស្តារមុខមាត់ឡើងវិញ ក្នុងនាមជាមហាអំណាចលោកខាងលិចមួយដែរ។

មិនមែនតែរដ្ឋាភិបាលអង់គ្លេសទេ ដែលកំពុងតែបានទទួលផលពីការរៀបចំព្រះរាជពិធីបុណ្យសពដ៏ធំមហិមានេះ។ ព្រះអង្គឆាលស៍ទី៣ ព្រះមាហាក្សត្រថ្មី និងក្រុមគ្រួសារព្រះញាតិវង្ស ក៏កំពុងតែទទួលបាននូវប្រជាប្រិយភាពច្រើនដែរ​។ ព្រះអង្គឆាលស៍ទី៣ ដែលពីមុនមកប្រជាជនអង់គ្លេសមិនសូវស្រលាញ់ ពេលនេះ យោងតាមការធ្វើ​ប្រជាមតិដោយ Yougov គឺព្រះអង្គបានទទួលមតិគាំទ្រសុទិដ្ឋិនិយម ចំនួន៧០% ចំណែកឯព្រះអង្គម្ចាស់ William បានទទួលចំនួន​៨០%។

យ៉ាងណាក៏ដោយ អំឡុងពេលនេះ អង់គ្លេសទាំងមូលកំពុងតែ​កាន់ទុក្ខ សោកសង្រេងជាមួយនឹងការបាត់បង់ព្រះមហាក្សត្រិយ៍អេលីហ្សាបិតទី២។ ពេលចប់កម្មវិធីទាំងនេះ ត​ថៈភាពពិតជាក់ស្តែងនៃជីវភាពប្រចាំថ្ងៃនឹងត្រលប់មកវិញហើយ ជាមួយនឹងវិបត្តិសេដ្ឋកិច្ច​ អតិផរណា ទំនិញឡើងថ្លៃកប់​ពពក។ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍ Commonwealth ដែល​​មាន​​ប្រទេស​សមាជិក​៥៦ប្រទេស ដឹកនាំ​ដោយ​អង់គ្លេសនោះ ក៏​អាច​នឹងរង្គោះរង្គើរដែរ ព្រោះ​លែងមាន​ព្រះមហាក្សត្រិយ៍អាលីហ្សាបិតទី២ ជាបង្គោលទប់ទៀតហើយ។ ចំណែកព្រះរាជាណាចក្រអង់គ្លេសខ្លួនឯង ក៏អាច​នឹងមាន​បញ្ហាបាក់​បែកដែរ ព្រោះតំបន់អេកូស ឬស្កុតលែនដ៍ ព្រមទាំងតំបន់អៀរឡង់ខាងជើង អាចនឹងបន្តរករឿងផ្តាច់ខ្លួន ប្រកាសឯករាជ្យ​ជាក់ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ