អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream៖ហេតុអ្វីបានជាមានការលើកឡើងពីវិច្ឆេទកម្មជាងគ្រោះថ្នាក់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាមពាក្យសម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​ជុំវិញ​ការ​បែកធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅ​ក្រោម​សមុទ្រ​បាល់ទិក​កាល​ពី​ថ្ងៃ​ចន្ទ ទី២៧ កញ្ញា។ បំពង់​បង្ហូរ​ឧស្ម័ន​ទាំង​ពីរ​នេះ​បាន ត ភ្ជាប់​ពី​ប្រទេស​រុស្ស៊ី​ទៅ​ប្រទេស​អាល្លឺម៉ង់។ ការ​បែក​ធ្លាយ​មាន ៣កន្លែង​ផ្សេង​គ្នា​ដោយ​មាន​ពីរ​កន្លែង​នៅ​លើ​បំពង់ Nord stream 1 ក្នុង​នោះ មាន​មួយ​កន្លែង​ស្ថិត​ក្នុង​ដែន​ទឹក​របស់​ដាណឺម៉ាក និង​មួយ​កន្លែង​ទៀត​ស្ថិត​ក្នុង​ដែន​ទឹក​របស់​ស៊ុយអែត។ ចំណែក​ការ​ធ្លាយ​មួយ​កន្លែង​លើ​បំពង់ Nord Stream 2 ស្ថិត​ក្នុង​ដែន​ទឹក​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ដាណឺម៉ាក។ ខណៈ​នេះ ការ​ស៊ើបអង្កេត​មួយ​បាន​បើក​ធ្វើ​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​បែក​ធ្លាយ​បំពង់ Nord Stream ទាំង​ពីរ។

ប្រមុខការទូតអឺរ៉ុបលោក Josep Borrell។
ប្រមុខការទូតអឺរ៉ុបលោក Josep Borrell។ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សម្មតិកម្ម​ពី​ដំបូង ពោល​នៅ​ក្រោយ​កើត​ហេតុ​ភ្លាមៗ គេ​បាន​ទុក​ការ​បែក​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream នៅ​ក្រោម​សមុទ្រ​បាល់ទិក​ដែល​ត ភ្ជាប់​ពី​រុស្ស៊ី​ទៅ​អាល្លឺម៉ង់​ជា​រឿង​គ្រោះថ្នាក់ មាន​ន័យ​ថា មិនមែន​ជា​ទង្វើ​របស់​អ្នក​ណា​ម្នាក់ ឬ​ប្រទេស​ណា​មួយ​ទេ។ តែ​ក្រោយ​មក សម្មតិកម្ម​គ្រោះថ្នាក់​នេះ​ហាក់​ត្រូវ​បាន​គេ​ផាត់​ចេញ​បន្តិច​ម្តងៗ​ដោយ​ងាក​ទៅ​ផ្តោត​លើ​សម្មតិកម្ម​វិច្ឆេទកម្ម​វិញ មាន​ន័យ​ថា ជា​ទង្វើ​បង្ក​ឡើង​ដោយ​អ្នក​ណា​ម្នាក់ ឬ​ប្រទេស​ណា​មួយ​វិញ។ ទង្វើ​វិច្ឆេទកម្ម​អាច​ជា​ទង្វើ​ដោយ​ចេតនា មិន​ចេតនា ឬ​ជា​ទង្វើ​ដែល​មាន​ការ​រៀបចំ​ទុក​មុន។ ហេតុផល​ដែល​គេ​ហ៊ាន​លើក​ឡើង​ថា​ជា​វិច្ឆេទកម្ម គឺ​ដោយសារ​មាន​សំឡេង​ផ្ទុះ​ចំនួន​ពីរ​ដង​នៅ​ក្រោម​សមុទ្រ មុន​មាន​ការ​ធ្លាយ​ឧស្ម័ន​អណ្តែត​លើ​ផ្ទៃសមុទ្រ​ដែល​គេ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក។

សំឡេង​ផ្ទុះ​ចំនួន​ពីរ​ដង​នេះ​ត្រូវ​បាន​ថត​ដោយ​មជ្ឈមណ្ឌលជាតិ​រញ្ជួយ​ដី​របស់​ប្រទេស​ស៊ុយអែត ក្នុង​នោះ កម្លាំង​ផ្ទុះ​ទី១ មាន​កម្រិត ១,៩រ៉ិចទ័រ ហើយ​កម្លាំង​ផ្ទុះ​ទី២ មាន​កម្រិត ២,៣រ៉ិចទ័រ។ សំឡេង​ផ្ទុះ​ទាំង​ពីរ​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ឯករាជ្យ​មួយ​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក​ដែរ។ យោង​តាម​ក្រុម​អ្នក​ជំនាញ​រញ្ជួយដី កម្លាំង​ផ្ទុះ​មាន​ឥទ្ធិពល​ស្មើ​នឹង​ការ​បំផ្ទុះ​ជាតិ TNT ដល់​ទៅ ១០០តោន។ សម្រាប់​អ្នក​ជំនាញ​ស៊ុយអែត​លោក Peter Schmidt ការ​ផ្ទុះ​ដោយ​កម្លាំង​ខ្លាំង​ដូច​កម្លាំង​រញ្ជួយ​ដី​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ដល់​ទៅ ៣កន្លែង​ក្នុង​ពេល​តែ​មួយ។

តើ​ជា​ស្នាដៃ​របស់​អ្នក​ណា?

នៅ​ពេល​នេះ គេ​ពិបាក​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អ្នក​ណា​ម្នាក់ ឬ​ប្រទេស​ណា​មួយ នោះ​បើ​ទោះ​បី​ជា​រុស្ស៊ី​កំពុង​ត្រូវ​បាន​គេ​ចង្អុល​មុខ​ក៏​ដោយ។ អ្វី​ដែល​ច្បាស់ សហភាពអឺរ៉ុប​បាន​លើក​ឡើង​ចំៗ​ថា​ជា​វិច្ឆេទកម្ម ពោល​មិនមែន​ជា​គ្រោះថ្នាក់​ទេ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​ពុធ ទី២៨ កញ្ញា ប្រមុខ​ការទូត​អឺរ៉ុប​លោក Josep Borrell បាន​ព្រមាន​ប្រឆាំង​នឹង​គ្រប់​ការ​វាយប្រហារ​សំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អឺរ៉ុប។ តាម​លោក Josep Borrell រាល់​ទង្វើ​ចេតនា​ដែល​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អឺរ៉ុប​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ត្រូវ​ទទួល​ការ​ឆ្លើយ​តប​វិញ​យ៉ាង​ម៉ឹងម៉ាត់​ជា​ទីបំផុត។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​បែក​ធ្លាយ​បំពង់បង្ហូរ​ឧស្ម័ន Nord Stream ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កំពុង​បន្ត​ក្តៅ​គគុក និង​ខណៈ​ដែល​បស្ចិមលោក​កំពុង​បន្ត​សង្កត់ ក​រុស្ស៊ី​ដោយ​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ជួយ​គាំទ្រ​អ៊ុយក្រែន​ជា​លុយកាក់ និង​ជា​គ្រឿងសព្វាវុធ។ ពី​ខាង​រុស្ស៊ី​វិញ ក្រុង​មូស្គូ​បាន​ប្រើ​ឧស្ម័ន​ដែល​អឺរ៉ុប​បាន​ពឹង​ខ្លាំង​លើ​ខ្លួន​ជា​អាវុធ​យុទ្ធសាស្រ្ត​ដើម្បី​សងសឹក​វិញ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ថា មាន​តួអង្គ​សំខាន់​ចំនួន ៤ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​វិច្ឆេទកម្ម​ទម្លាយ​បំពង់បង្ហូរ​ឧស្ម័ន Nord Stream គឺ​អឺរ៉ុប អាមេរិក រុស្ស៊ី និង​អ៊ុយក្រែន។

តើ​ជា​ស្នាដៃ​របស់​អឺរ៉ុប​ខ្លួន​ឯង?។ ចម្លើយ គឺ​ប្រហែល​មិន​អាច​ទេ ព្រោះ​អឺរ៉ុប​កំពុង​ត្រូវ​ការ​ឧស្ម័ន។ តើ​ជា​ស្នាដៃ​របស់​អាមេរិក?។ វា​អាច តែ​ប្រហែល​អាមេរិក​មិន​ធ្វើ​ទេ ព្រោះ​មាន​ផលវិបាក​ច្រើន​ជាង​ផល​ចំណេញ។ បើ​ជា​ស្នាដៃ​រៀបចំ​ដោយ​អាមេរិក​មែន អាមេរិក​នឹង​បាត់បង់​កិត្តិយស បែកបាក់​ជាមួយ​អឺរ៉ុប និង​ជាមួយ​អង្គការ​អូតង់។ តើ​ជា​ស្នាដៃ​របស់​អ៊ុយក្រែន?។ រឿង​អី​ថា​មិន​បាន ព្រោះ​អ៊ុយក្រែន​កំពុង​ចង់​ឲ្យ​អឺរ៉ុប​ឈប់​ទិញ​ឧស្ម័ន​ទាំង​ស្រុង​ពី​រុស្ស៊ី​ស្រាប់​ផង។ តែ​បញ្ហា​នៅ​ត្រង់​ថា អ៊ុយក្រែន​គ្មាន​សមត្ថភាព​ទៅ​កម្ទេច​បំពង់ Nord stream ដល់​បាត​សមុទ្រ​ទេ។ ដូច្នេះ​នៅ​សល់​តួអង្គ​រុស្ស៊ី​ដែល​មាន​ទាំង​សមត្ថភាព និង​លទ្ធភាព​ក្នុង​ការ​ធ្វើ​រឿង​នេះ។

តែ​សំណួរ​ដែល​ចោទ បើ​រុស្ស៊ី​ចង់​ឈប់​បញ្ជូន​ឧស្ម័ន​ទៅ​អឺរ៉ុប​ទាំង​ស្រុង រុស្ស៊ី​អាច​បិទ​រ៉ូប៊ីណេ​បាន​ទេ​តើ ចាំ​បាច់​អី​ទៅ​ទម្លាយ​បំពង់ Nord stream ដែល​ខ្លួន​កំពុង​មាន​ភាគហ៊ុន​ច្រើន​នោះ?។ ទាំង​នេះ​គ្រាន់​ជា​សម្មតិកម្ម ហើយ​អ្វី​ដែល​កំពុង​កើត​មាន​ពេល​នេះ គឺ​ការ​មាន​មន្ទិលសង្ស័យ និង​ការ​ចោទ​គ្នា​ទៅ​វិញ ទៅ​មក។

ដាណឺម៉ាក និង​ន័រវែស​ប្រកាស​ដាក់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ក្នុង​ភាព​​អាសន្ន

ក្រោយ​ការ​ផ្ទុះ​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ប្រទេស​ដាណឺម៉ាក និង​ន័រវែស​បាន​ប្រកាស​ដាក់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ខ្លួន​ក្នុង​ភាព​​អាសន្ន។ ការ​ធ្វើ​ចរាចរណ៍​សមុទ្រ​នៅ​ក្បែរ​តំបន់​ធ្លាយ​ឧស្ម័ន​ត្រូវ​បាន​ហាម​ឃាត់។ រដ្ឋមន្រ្តី​ក្រសួង​ថាមពល​បាន​ប្រកាស​ពង្រឹង​វិធានការ​សន្តិសុខ​នៅ​តាម​ស្ថានីយ៍ប្រេង និង​ឧស្ម័ន​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់។ នេះ​ជា​វិធានការ​បង្ការ​ដើម្បី​ទប់ស្កាត់​នឹង​ការ​វាយប្រហារ​ជា​យថាហេតុ​ណា​មួយ​ដូច​ករណី​បំពង់បង្ហូរ​ឧស្ម័ន Nord Stream។ ចូរ​កុំ​ភ្លេច​ថា​ក្រៅ​ពី​រុស្ស៊ី ន័រវែស និង​ដាណឺម៉ាក​ក៏​ជា​ប្រទេស​ផ្គត់ផ្គង់​ឧស្ម័ន​ឲ្យ​អឺរ៉ុប​ដែរ ពិសេស​ន័រវែស។

ក្នុង​ថ្ងៃ​ទទួល​ព័ត៌មាន​ពី​ការ​បែក​ធ្លាយ​បំពង់ Nord stream ប្រទេស​ន័រវែស​បាន​បើក​សម្ពោធ​បំពង់​បង្ហូរ​ឧស្ម័ន​ទៅ​កាន់​ប្រទេស​ប៉ូឡូញ។ ខណៈ​នេះ និង​អត់​ពី​រុស្ស៊ី ន័រវែស​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​ឧស្ម័ន​ច្រើន​ជាង​គេ​ឲ្យ​អឺរ៉ុប។ ប្រឈម​នឹង​ការ​បែក​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន Nord stream ពេល​នេះ អឺរ៉ុប​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ឧស្ម័ន​ជាង​ពេល​ណាៗ​ទាំង​អស់ ពិសេស​ខណៈ​ដែល​រដូវ​ត្រជាក់​កំពុង​ឈាន​មក​ដល់។ ទន្ទឹម​នឹង​ខ្វះ​ឧស្ម័ន​ប្រើប្រាស់ តម្លៃ​ឧស្ម័ន​បាន​ហក់​ឡើង​មួយ​កម្រិត​ទៀត។ អាល្លឺម៉ង់​ជា​ប្រទេស​ដែល​កំពុង​ប្រឈម​ខ្លាំង​ជាង​គេ ព្រោះ​ពេល​នេះ អាល្លឺម៉ង់​ដែល​ធ្លាប់​ពឹង​លើ​ឧស្ម័ន​រុស្ស៊ី​ដល់​ទៅ ៥៥% លែង​មាន​ឧស្ម័ន​រុស្ស៊ី​ប្រើ​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ