អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកពូទីន ប្រកាស​បញ្ចូល​តំបន់​ទាំង៤​របស់​អ៊ុយក្រែន​ មកក្នុង​ទឹកដី​​រុស្ស៊ី​ជាផ្លូវការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមនៅអ៊ុយក្រែន កំពុងតែឈានចូលដល់ដំណាក់កាលថ្មីមួយទៀត ដ៏គ្រោះថ្នាក់បំផុត។ ក្រោយ​ការបោះឆ្នោត​ប្រជាមតិ ដែលរុស្ស៊ីបានរៀបចំធ្វើ នៅតំបន់ទាំង៤របស់អ៊ុយក្រែន គឺតំបន់ ដូណេតស៍ តំបន់លូហ្កង់ស្ក៍ តំបន់ហ្សាប៉ូរីចា និងតំបន់ឃឺរសិន នៅថ្ងៃសុក្រទី៣០កញ្ញានេះ​ លោក​ពូទីន​ បាន​ប្រកាស​​បញ្ចូល​តំបន់ទាំងបួន​នេះ ជាទឹករបស់​រុស្ស៊ី​ជាផ្លូវការ​។ ក្រុម​ប្រទេសលោកខាងលិច សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានអះអាងថា គ្មានថ្ងៃដែលគេនឹងទទួលស្គាល់ការពង្រីកទឹក​ដីរបស់រុស្ស៊ី ដែលបានមកពី​អំពើប្លន់ស្រស់ៗបែបនេះនោះទេ។

លោក​ប្រធានាធិបតីពូទីន ក្នុងពេលថ្លែងសុន្ទរកថា នៅវិមានក្រឹមឡាំង ប្រកាស​បញ្ចូលតំបន់ទាំង៤របស់អ៊ុយក្រែន ជាដែនដីថ្មីរបស់​សហព័ន្ធរុស្ស៊ី ជាផ្លូវការ។ ម៉ូស្គូ ថ្ងៃទី ៣០កញ្ញា ២០២២
លោក​ប្រធានាធិបតីពូទីន ក្នុងពេលថ្លែងសុន្ទរកថា នៅវិមានក្រឹមឡាំង ប្រកាស​បញ្ចូលតំបន់ទាំង៤របស់អ៊ុយក្រែន ជាដែនដីថ្មីរបស់​សហព័ន្ធរុស្ស៊ី ជាផ្លូវការ។ ម៉ូស្គូ ថ្ងៃទី ៣០កញ្ញា ២០២២ AP - Gavriil Grigorov
ផ្សាយពាណិជ្ជកម្ម

ដូចយើងបាន​ដឹងហើយ ថាកាលពីពេលថ្មីៗនេះ លោកពូទីនបានចេញបញ្ជាឲ្យរៀបចំ ការធ្វើ​ប្រជាមតិយ៉ាងប្រញប់ប្រញាល់បំផុត នៅតំបន់ទាំង៤របស់អ៊ុយក្រែន គឺតំបន់ ដូណេតស៍ តំបន់លូហ្កង់ស្ក៍ តំបន់ឃឺសិន និងតំបន់ហ្សាប៉ូរីចា បន្ទាប់ពីបានសង្កេតឃើញកងទ័ពអ៊ុយក្រែនកំពុងមានប្រៀបខ្លាំង។ ជាការធ្វើប្រជាមតិ​ ដែលរដ្ឋអំណាចរុស្ស៊ី  បានអះអាងថា ដើម្បី​សួរទៅ​ប្រជាពលរដ្ឋនៅតំបន់ទាំង៤នោះ ថាយល់ព្រមឲ្យ​ទឹកដី​ខ្លួន ​ចូលមកក្នុង​ទឹកដីសហព័ន្ធរុស្ស៊ីដែរឬទេ។ ក៏ប៉ុន្តែ ការធ្វើប្រជាមតិនេះ គឺត្រូវបាន​អ៊ុយក្រែន និងក្រុមប្រទេសលោក​ខាងលិចបរិហារថ្កោលទោសខ្លាំងណាស់ ថាវាជាការរៀបចំឆាកល្ខោន ដើម្បីប្លន់យកទឹកដីអ៊ុយក្រែន យ៉ាងស្រស់​ៗ​តែម្តង​។

តែយ៉ាងណា គ្មានអ្វីអាចបង្អាក់ដំណើរដ៏មានៈ របស់លោកពូទីនបានទេ។ តំបន់លូហ្កង់ស្ក៍ និងតំបន់ដូណេតស៍ ត្រូវបាន​លោក​ពូទីន ចេញក្រិត្យ​ទទួលស្គាល់ឯករាជ្យ​រួចហើយ កាលពី​ចុងខែ​កុម្ភៈ មុនពេល​លើកទ័ពចូលធ្វើសង្គ្រាមនៅអ៊ុយក្រែន​។ ហើយ​កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកពូទីន បានចេញក្រិត្យ​មួយទៀត ទទួលស្គាល់ ឯករាជ្យ តំបន់ហ្សាប៉ូរីចា និង​តំបន់​ឃឺសិន។ ជំហានបន្ទាប់ចុងក្រោយនាពេលនេះ គឺការប្រកាស បញ្ចូល​តំបន់ឯករាជ្យ​ទាំង៤នេះ មកក្នុងទឹកដីរបស់សហព័ន្ធរុស្ស៊ី។

ផ្អែកតាមការឲ្យដឹងពី លោក Dmitri Peskov អ្នកនាំពាក្យ​វិមានក្រឹមឡាំង គឺនៅ​ម៉ោង៣រសៀល​ ម៉ោងនៅម៉ូស្គូ ដែលត្រូវជាម៉ោង១២ថ្ងៃត្រង់ ម៉ោងសកល កម្មវិធីផ្លូវការ​​ត្រូវចាប់ផ្តើម ជាមួយនឹង “សុន្ទរថាដ៏វែង និងដ៏​សំខាន់” របស់​​លោក​​ប្រធានាធិបតីពូទីន។ មេដឹកនាំតំបន់ទាំង៤ ដែលរុស្ស៊ីបានលើក​បន្តុបនោះ ក៏មានវត្តមាន នៅក្នុងកម្មវិធីដ៏មហាឱឡាឫកនេះដែរ។ ចប់សុន្ទរកថា លោកពូទីន នឹងចុះហត្ថលេខា លើ “សន្ធិសញ្ញាបញ្ចូល​ដែនដីថ្មី មកក្នុង​ទឹកដីរបស់សហព័ន្ធរុស្ស៊ី”​។ ល្ងាចថ្ងៃសុក្រ​ នៅខាងក្រៅវិមានក្រឹមឡាំង គេនឹង​មានរៀបចំកម្មវិធីប្រគុំតន្ត្រីអបអរសាទរ ស្វាគមន៍​សមាជិកថ្មី នៃដែនដីរបស់រុស្ស៊ី ដែលតាមការប៉ាន់ស្មាន​ លោកពូទីន អាចនឹងមានវត្តមានចូលរួមដែរ​​។

កាត់បញ្ជូល​ដែនដីទាំងស្រុងនៃតំបន់ទាំង៤ ឬក៏​ផ្នែកដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី?

តើរុស្ស៊ីនឹងចាត់ទុកផ្ទៃដីទាំងស្រុង​ នៃតំបន់ទាំង៤នោះ ជារបស់ខ្លួន ឬក៏តែផ្នែកដែល​កងទ័ពរុស្ស៊ីគ្រប់គ្រង? ត្រង់នេះហើយ ដែលជាបញ្ហា ហើយ​ដែលធ្វើ​ឲ្យគេឃើញថា លោកពូទីន ហាក់កំពុងតែទ័លច្រកខ្លាំងណាស់ បានជាប្រឹងប្រកាសកាត់ដីតំបន់ទាំងនោះជារបស់រុស្ស៊ីជាផ្លូវការ ទាំងដែលការពិតជាក់ស្តែង កងទ័ពខ្លួនគ្រប់គ្រងតែមួយផ្នែកតែប៉ុណ្ណោះ។ សួរថា តើលោកពូទីន នឹងប្រកាសកាត់យកត្រឹមណា នៃដែនដីតំបន់ទាំង៤នោះ? យកត្រឹមតែអ្វី ដែល​កងទ័ពរុស្ស៊ីកំពុងតែកាន់កាប់ ក្នុងអំឡុងពេលនេះ ? ឬក៏យកទាំងស្រុង?

មុនកម្មវិធីប្រកាសជាផ្លូវការបានចាប់ផ្តើម តែ២ម៉ោង  លោក Dmitri Peskov អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង បានបញ្ជាក់ថា រុស្ស៊ីនឹងកាត់យកដែនដីទាំងស្រុងតែម្តង​ នៃតំបន់​លូហ្កង់ស៍ និងតំបន់​ដូណេតស៍ បញ្ចូល​មកក្នុងទឹកដីរុស្ស៊ី។ ដោយឡែក សម្រាប់តំបន់ ហ្សាប៉ូរីចា​ និងតំបន់ ឃឺសិន គឺរដ្ឋាភិបាលរុស្ស៊ី​ មិនទាន់សម្រេចចិត្តច្បាស់ទេ ពោលគឺកំពុងតែពិចារណា គូសវាសព្រំដែឲ្យច្បាស់ ថាកាត់ចូលមកខាងរុស្ស៊ី​ទំហំប៉ុណ្ណា។

បើ​យោងតាម Institute for the Study of War គឺរុស្ស៊ីគ្រប់គ្រងផ្ទៃដីប្រមាណ ៧២% នៃតំបន់ហ្សាប៉ូរីចា ហើយតំបន់ ឃឺសិនវិញ គឺកងទ័ពរុស្ស៊ីកាន់កាប់ចំនួន ៨៨%។ ចំណែក​នៅ​លូហ្កងស៍ និងដូណេតស៍ ក៏មិនមែនកងទ័ពរុស្ស៊ីគ្រប់គ្រងទាំងស្រុងដែរ។​ នៅសមរភូមិ ការប្រយុទ្ធកំពុងក្តៅគគុក​ខ្លាំង​ កងទ័ពអ៊ុយក្រែនកំពុងតែ​សំរុក រំកិលទៅមុខខ្លាំងណាស់ ដើម្បីដណ្ដើមយកទឹករបស់ខ្លួនមកវិញ។ ដូច្នេះព្រំដែន​នេះ វាគ្មានអ្វី​ច្បាស់លាស់ទាល់តែសោះ។ តែយ៉ាងណា​អ្វីដែលគេព្រួយបារម្ភ គឺថាអំណេះតទៅ លោក​ពូទីននឹងយក​លេស ថាអ៊ុយក្រែនព្រមទាំងសម្ព័ន្ធមិត្តលោកខាងលិច វាយ​ប្រហារចូលទឹកដីរបស់រុស្ស៊ី។ មានន័យថា រុស្ស៊ីអាចឆ្លើយតបវិញបាន គ្រប់វិធីទាំងអស់ ដោយរួមទាំងការប្រើអាវុធនុយក្លេអ៊ែរ។ ត្រង់នេះហើយដែលជាស្ថានការណ៍ថ្មី គួរឲ្យ​បារម្ភបំផុត។​

លោកចូ បៃដិន ៖ Never never and never ! 

នៅក្នុងសារវីដេអូថ្មីចុងក្រោយ របស់​លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី លោក​បាន​លើកឡើងថា ចាប់ពីពេលនេះទៅ សង្គមរុស្ស៊ី នឹងត្រូវរស់នៅដោយ​ឯកោ ដោយ​ក្តីលំបាក និង​ដោយ​ភាពគ្មាន​ការគោរពតម្លៃមនុស្ស ដោយសារតែ​ការសម្រេចចិត្តរបស់​មនុស្សតែម្នាក់គត់ ឈ្មោះ ពូទីន។ លោកហ្សេឡេនស្គី បានអំពាវនាវថា អ្វីៗនៅមិនទាន់ហួសពេលទេ សម្រាប់ប្រជាជនរុស្ស៊ី ដែលចង់បញ្ឈប់ស្ថានភាពដ៏អាម៉ាសមួយនេះ។ គឺប្រជាជនរុស្ស៊ីត្រូវតែក្រោកឈរឡើង ចាប់ខ្លួន​ជនម្នាក់នោះ​ ដែលវង្វេង​​ឆ្កួតនឹង​សង្គ្រាម ដោយ​មិនគិតខ្វល់​ដល់ជីវិត​របស់​​ប្រជាជន​រុស្ស៊ី។​

លោក​វ្លូឌីមៀរ ហ្សេឡេនស្គី ក៏បានប្តេជ្ញាផងដែរ ថាអ៊ុយក្រែន នឹងបន្តប្រយុទ្ធ យកឈ្នះ​សង្គ្រាម​នេះឲ្យ​បាន ដើម្បី​ប្រមូលទឹកដីរបស់ខ្លួនមកវិញ។ លោកបាន​ថ្លែងរំពឹងថាសហគមន៍អន្តរជាតិ ជាពិសេសសម្ព័ន្ធមិត្តលោកខាងលិច​ នឹងជួយ​ប្រជាជនអ៊ុយក្រែន ដើម្បីយកឈ្នះសង្គ្រាម​នេះ។

ឆ្លើយតបទៅនឹងសំដី​ស្នើសុំជំនួយបន្ថែមរបស់លោក​ហ្សេឡេនស្គីនេះ​ សភាខុសហ្ក្រេសរបស់​អាមេរិក បានសម្រេច ភ្លាម កាលពីថ្ងៃម្សិលមិញ នូវ​​កញ្ចប់ថវិកា​ថ្មីមួយទៀត ដើម្បីជួយអ៊ុយក្រែន ដែលមានទឹក​ប្រាក់សរុប ចំនួន ១ម៉ឺន២ពាន់លានដុល្លារ។ ក្នុងកញ្ចប់នេះ​ គឺ​មាន ៣ពាន់លានដុល្លារ នឹងយក​ជួយផ្នែកកងទ័ព តាមរយៈការហ្វឹកហាត់ ផ្គត់​ផ្គង់សម្ភារៈ ព្រមទាំងប្រាក់ខែទាហានអ៊ុយក្រែនជាដើម។

ចំណែកលោក​ លោក​ប្រធានាធិបតី​ ចូ បៃដិន វិញ​ បានគូសបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀត​ កាលពីថ្ងៃព្រហស្បតិ៍​​ម្សិលមិញ​​ថា គ្មានថ្ងៃជាដាច់ខាត ដែល​អាមេរិកនឹងទទួលស្គាល់ ​នូវការទាមទារឬកា​រប្រកាសរបស់រុស្ស៊ី  ដែលថាតំបន់ទាំង៤នោះ គឺជាទឹកដីរបស់​​រុស្ស៊ី​។ ដូចគ្នាដែរ លោកស្រី លីហ្ស ត្រាស្ស នាយករដ្ឋមន្ត្រីអង់គ្លេសវិញ បាន​លើកឡើងថា អង់គ្លេសនឹងមិនទទួលស្គាល់ជាដាច់ខាត ចំពោះការកាត់យកទឹកដីអ៊ុយក្រែន ពីសំណាក់រុស្ស៊ី។ លោកស្រីបន្ថែមថា ពិភពលោកយើង មិនអាចបណ្តោយ​ឲ្យពូទីន ដើរប្លន់ទឹកដី ផ្លាស់ប្តូរបង្ខឹតព្រំដែន បានតាមតែចិត្ត ដោយ​គ្មានគោរពច្បាប់អន្តរជាតិ បែបនេះបានទេ។​ ចំណែកលោក​អគ្គលេខាធិការអង្គការសហប្រជាជាតិវិញ បានចាត់ទុកសកម្មភាពប្លន់ទឹកដី​អ៊ុយក្រែន ពីសំណាក់រុស្ស៊ី​​នេះ ថាជា​ទង្វើដែល​មិនត្រូវឲ្យ​កើតមានទាល់តែសោះ ក្នុងយុគសម័យ​​ទំនើប​បច្ចុប្បន្ននេះ។​

រុស្ស៊ីកាន់តែឯកោលើឆាកអន្តរជាតិ?

តាមការគ្រោងទុក នៅល្ងាចថ្ងៃសុក្រនេះ ក្រុមប្រឹក្សាសន្តិសុខនឹងប្រជុំបន្ទាន់ ដើម្បីអនុម័តលើគម្រោងសេចក្តីសម្រេចចិត្តមួយ ស្នើដោយ​អាមេរិក និង​អាល់បានី។ អត្ថបទនេះ មាន​ខ្លឹមសារអំពាវនាវឲ្យ​ប្រទេសទាំងអស់ ត្រូវកុំទទួលស្គាល់ការ​កាត់យកទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ី។ អត្ថបទនេះ ក៏បាន​ទាមទារឲ្យ​រុស្ស៊ីត្រូវ​តែ​បញ្ឈប់ជាបន្ទាន់ នូវការធ្វើការសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយត្រូវដកទ័ពចេញជាបន្ទាន់ និងទាំងស្រុង ដោយ​គ្មានលក្ខខណ្ឌ ចេញពីទឹកដីអ៊ុយក្រែន​។

ជាការពិតមែន គ្មាននរណាភ្ញាក់ផ្អើលទេ ថា​រុស្ស៊ីប្រាកដជានឹងប្រើសិទ្ធិវ៉េតូ មិនឲ្យគេអនុម័តសេចក្តីសម្រេចចិត្តនេះ។ តែអ្វីដែលគេកំពុងរងចាំមើល គឺគោលជំហររបស់​ចិន និងរបស់ឥណ្ឌា។ កន្លងមក មហាអំណាចអាស៊ីទាំង២នេះ បានបោះឆ្នោត​អនុបវាទ។ តែថ្មីៗនេះ យើងបានឃើញហើយ​ថា ចិននិងឥណ្ឌា ហាក់បង្ហាញជំហរដកខ្លួនឆ្ងាយ​ពីរុស្ស៊ី បន្តិច។

បើផ្អែកតាមការវិភាគ របស់​លោក Richard Gowan អ្នកវិភាគនៅអង្គការ International Crisis Group គឺថាក្រុមប្រទេសលោកខាងលិច សង្ឃឹមថានឹងអាចប្រកាសថ្កោលទោសរុស្ស៊ី ក្នុងក្របខណ្ឌអង្គសន្និបាទនៃអង្គការសហប្រជាជាតិវិញ ព្រោះគ្មានប្រទេសណាមានសិទ្ធិវ៉េតូទេ។ តាមការវិភាគ ប្រទេសកាន់តែច្រើនជាពិសេស​នៅអាហ្វ្រិក គឺបាននាំគ្នាដកខ្លួនឆ្ងាយ លែងចាញ់សំពាធរបស់រុស្ស៊ីទៀតហើយ។ មានន័យថា រុស្ស៊ីនឹងកាន់តែឯកោម្នាក់ឯង បន្ទាប់ពី​ប្រទេស​សឹងតែ​ទាំងអស់ប្រកាសថ្កោលទោស លើកលែងតែ៤ប្រទេសទេ ដែលនៅតែស្មោះនឹងរុស្ស៊ី គឺ បេឡារុស ស៊ីរី កូរ៉េខាងជើង និង​អេរីត្រេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ