អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌូណេស៊ី៖មានស្លាប់យ៉ាងតិច ១២៥នាក់នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នានៅក្នុងពហុកីឡាដ្ឋាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ព្រឹត្តិការណ៍​រត់ជាន់​គ្នា​នៅ​ក្នុង​ពហុកីឡាដ្ឋាន​មួយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១២៥នាក់ និង​របួស​ជិត ២០០នាក់។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​យប់​ថ្ងៃ​សៅរ៍ ទី១ តុលា ក្រោយ​ពី​មាន​ការ​ប្រកួត​របស់​កីឡាករ​ចំនួន ២ក្រុម។ ក្នុង​ថ្ងៃ​អាទិត្យ ទី២ តុលា​នេះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ចូកូ វីដូដូ​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​ជា​បន្ទាន់​ដើម្បី​ស្វែង​រក​ការ​ពិត។ ចំណែក​រដ្ឋាភិបាល​បាន​សម្តែង​ការ​សុំទោស​ចំពោះ​ហេតុការណ៍​មួយ​នេះ ពិសេស​សុំទោស​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ។

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ព្រឹត្តិការណ៍​រត់ជាន់​គ្នា​នៅ​ក្នុង​ពហុកីឡាដ្ឋាន​មួយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១២៥នាក់ និង​របួស​ជិត ២០០នាក់។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​យប់​ថ្ងៃ​សៅរ៍ ទី១ តុលា ក្រោយ​ពី​មាន​ការ​ប្រកួត​របស់​កីឡាករ​ចំនួន ២ក្រុម។
នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ព្រឹត្តិការណ៍​រត់ជាន់​គ្នា​នៅ​ក្នុង​ពហុកីឡាដ្ឋាន​មួយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១២៥នាក់ និង​របួស​ជិត ២០០នាក់។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​យប់​ថ្ងៃ​សៅរ៍ ទី១ តុលា ក្រោយ​ពី​មាន​ការ​ប្រកួត​របស់​កីឡាករ​ចំនួន ២ក្រុម។ AP - Yudha Prabowo
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រកួត​កីឡា​បាល់ទាត់​រវាង​ក្រុម​កីឡាករ អារ៉េម៉ា FC និង​ក្រុម​កីឡាករ​ពែរសឺបាយ៉ា ស៊ូរ៉ាបាយ៉ា​នៅ​ក្នុង​ពហុកីឡាដ្ឋាន​កន់យូរូហាន​ក្នុង​ទីក្រុង​ម៉ាឡង​ដែល​ស្ថិត​ប៉ែក​ខាង​កើត​កោះ​ហ្សាវ៉ា​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី១ តុលា។ រដ្ឋមន្រ្តី​សន្តិសុខ​បាន​ថ្លែង​នៅ​ក្នុង​សារ​ចុះ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​តេឡេក្រាម​ថា មាន​សំបុត្រ​ចំនួន ៤២ ០០០សំបុត្រ​ត្រូវ​បាន​លក់ ខណៈ​ដែល​ពហុកីឡាដ្ឋាន​កន់យូរូហាន​មិន​អាច​ដាក់​មនុស្ស​លើស​ពី ៣៨ ០០០នាក់​បាន​ឡើយ។ តែ​នេះ​មិនមែន​ជា​មូលហេតុ​នៃ​ការ​រត់ជាន់​គ្នា​រហូត​ដល់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១២៥នាក់ និង​របួស​ជិត ២០០នាក់​ទេ។

តាម​ពិត ហេតុការណ៍​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ចប់​ការ​ប្រកួត​ដែល​ក្រុម​កីឡាករ​ពែរសឺបាយ៉ា ស៊ូរ៉ាបាយ៉ា​បាន​ទាត់​ឈ្នះ​ក្រុម​កីឡាករ អារ៉េម៉ា FC ៣ ទល់​នឹង ២។ គួរ​បញ្ជាក់​ថា ក្រុម​កីឡាករ​បាល់ទាត់​ទាំង​ពីរ​ក្រុម​នេះ​ជា​គូប្រជែង​ស្លាប់រស់ ហើយ​នេះ​ជា​លើកទី១ គិត​តាំង​ជាង ២០ឆ្នាំ​កន្លង​ទៅ​ដែល​ក្រុម​កីឡាករ អារ៉េម៉ា FC បាន​ទាត់​ចាញ់​ក្រុម​កីឡាករ​ពែរសឺបាយ៉ា ស៊ូរ៉ាបាយ៉ា។ ការ​ចាញ់​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​កីឡាករ អារ៉េម៉ា FC ប្រមាណ​ជា ៣ ០០០នាក់​ខឹងសម្បារ និង​បាន​នាំ​គ្នា​ចូល​លើ​ទីលានប្រកួត។ នៅ​ពេល​នោះ កម្លាំង​សន្តិសុខ​ក៏​បាន​ចូល​អន្តរាគមន៍​ដោយ​បាន​បាញ់​គ្រាប់បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក​យ៉ាង​ច្រើន​សម្បើម​ដើម្បី​បំបែក​ហ្វូង​មនុស្ស។

អន្តរាគមន៍​របស់​កម្លាំង​សន្តិសុខ​នា​ពេល​នោះ​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល ការ​រត់ជាន់គ្នា និង​ករណី​ថប់ដង្ហើម​ដោយ​គេ​ជាន់ ឬ​ដោយ​គ្រាប់បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក។ រូបភាព​ដែល​ទូរទស្សន៍​ក្នុង​ស្រុក​បាន​ចាក់​ផ្សាយ គឺ​ភាព​អនាធិបតេយ្យ​ពេញ​ទី​នៅ​ក្នុង​ពហុកីឡាដ្ឋាន​ដោយ​មាន​ការ​វាយ​ប្រតប់​គ្នា​រវាង​ក្រុម​អ្នក​គាំទ្រ​កីឡាករ​ម្ខាងៗ ការ​វាយ​លើ​កម្លាំង​ប៉ូលិស ដុត​ឡាន​ប៉ូលិស ការ​វាយ​លើ​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ពហុកីឡាដ្ឋាន ការ​រត់ប្រសេកប្រសាច ជាន់​លើ​គ្នា​របស់​អ្នក​ទស្សនា​ដើម្បី​រក​ច្រក​ចេញ​ពី​ពហុកីឡាដ្ឋាន ឬ​មួយ​ក៏​ការ​ព្យាយាម​ជួយ​សង្រ្គោះ​អ្នក​ថប់​ដង្ហើម សន្លប់។ តាម​មេប៉ូលិស​ក្នុង​ស្រុក មាន ៣៤នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ពហុកីឡាដ្ឋាន ហើយ​អ្នក​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រោយ​រងរបួស​ធ្ងន់។

ការ​ស៊ើបអង្កេត​បាន​ចាប់​ផ្តើម

ព្រឹត្តិការណ៍​សោកសៅ​មួយ​នេះ​មិន​អាច​ស្ថិត​នៅ​ដោយ​គ្មាន​ការ​ស្វែង​រក​ការ​ពិត​បាន​ឡើយ។ នៅ​ក្នុង​បទអន្តរាគមន៍​តាម​ទូរទស្សន៍​នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី២ តុលា ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ចូកូ វីដូដូ​បាន​បញ្ជា​ឲ្យ​បើក​ការ​ស៊ើបអង្កេត​មួយ​ជា​បន្ទាន់ និង​បញ្ជា​ឲ្យ​បញ្ឈប់​រាល់​ការ​ប្រកួត​កីឡាបាល់ទាត់​ផ្សេង​ទៀត​រហូត​ដល់​មាន​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត។ ទន្ទឹម​គ្នា​នេះ លោក​វីដូដូ​បាន​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​កីឡា មេប៉ូលិសជាតិ និង​ប្រធាន​សមាគម​កីឡាបាល់ទាត់ជាតិ​ដឹក​នាំ​ការ​វាយតម្លៃ​ទូទៅ​លើ​ការ​ប្រកួត​កីឡាបាល់ទាត់ និង​នីតិវិធី​សន្តិសុខ​នៅ​ក្នុង​ពហុកីឡាដ្ឋាន។ លោក​វីដូដូ​សង្ឃឹម​ថា សោកនាដកម្ម​នៅ​ពហុកីដ្ឋាន​ម៉ាឡង​ជា​សោកនាដកម្ម​ចុង​ក្រោយ​សម្រាប់​កីឡាបាល់ទាត់​នៅ​ក្នុង​ប្រទេស។

ចំណែក​រដ្ឋាភិបាល​បាន​សម្តែង​ការ​សុំទោស​ចំពោះ​សោកនាដកម្ម​មួយ​នេះ និង​សុំទោស​ជា​ពិសេស​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ។ ការ​ចូលរួម​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ជីវិត​មនុស្ស​ដ៏​ច្រើន​ក៏​មាន​ពី​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ី​លោក​សាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ ខាលីហ្វា​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ គួរ​បញ្ជាក់​ថា​នៅ​ឥណ្ឌូណេស៊ី អំពើហិង្សា​រវាង​ក្រុម​អ្នកគាំទ្រ​កីឡាករ​រៀងៗ​ខ្លួន​ឧស្សាហ៍​កើត​មាន​ឡើង និង​ដែល​ពេល​ខ្លះ ការ​ប្រទូស្រា្តយ​គ្នា​បាន​ឈាន​ដល់​ការ​កាប់​សម្លាប់​គ្នា​យ៉ាង​សាហាវ​ទៀត​ផង។

សោកនាដកម្ម​ពេល​នេះ​ជា​មេរៀន​សម្រាប់​ឥណ្ឌូណេស៊ី

ពហុកីឡាដ្ឋាន​ឥណ្ឌូណេស៊ី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពហុកីឡាដ្ឋាន​មួយ​ក្នុង​ចំណោម​ពហុកីឡាដ្ឋាន​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​ជាង​គេ​ក្នុង​លោក។ គ្រោះថ្នាក់​ដែល​គេ​ចង់​និយាយ​នេះ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​កីឡាករ​រៀងៗ​ខ្លួន។ ជា​ទូទៅ អំពើហិង្សា​នៅ​ក្នុង​ពហុកីឡាដ្ឋាន​ច្រើន​ផ្ទុះ​ឡើង​នៅ​ក្រោយ​ចប់​ការ​ប្រកួត និង​ពេល​ខ្លះ​អាច​នៅ​មុន​ការ​ប្រកួត។ ព្រឹត្តិការណ៍​ដែល​ទើប​កើត​មាន​នៅ​ឥណ្ឌូណេស៊ី​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​សោកនាដកម្ម​ស្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់ ក្រោយ​ពី​ព្រឹត្តិការណ៍​ឆ្នាំ ១៩៦៤ នៅ​ក្នុង​ពហុកីឡាដ្ឋានជាតិ Estado ក្រុង​លីម៉ា ប្រទេស​ប៉េរូ។

កាលណោះ ព្រឹត្តិការណ៍​ជ្រួលច្របល់ រត់ជាន់​គ្នា​នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុមកីឡាករ​ប៉េរូ និង​អាហ្សង់ទីន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣២៨នាក់ និង​របួស ១ ០០០នាក់។ ដូច្នេះ​សម្រាប់​ឥណ្ឌូណេស៊ី សោកនាដកម្ម​ក្នុង​យប់​ថ្ងៃ​សៅរ៍ ទី១ តុលា​ជា​មេរៀន​មួយ​ដែល​រដ្ឋអំណាច​ត្រូវ​គិតគូរ និង​សើរើ​មើល​ឡើង​វិញ​ពី​សន្តិសុខ​នៅ​ក្នុង​ពហុកីឡាដ្ឋាន។ ចូរ​កុំ​ភ្លេច​ថា ឥណ្ឌូណេស៊ី​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​សម្រាប់​កីឡាករ​ក្រោម​អាយុ ២០ឆ្នាំ​នៅ​ខែ​ឧសភា និង​មិថុនា ឆ្នាំ ២០២៣ និង​ចំ​ពេល​ដែល​ឥណ្ឌូណេស៊ី​កំពុង​ដាក់​បេក្ខភាព​ជា​អ្នក​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​អាស៊ី​ក្នុង​ឆ្នាំ ២០២៣។

ឥណ្ឌូណេស៊ី​ក៏​ដូច​ជា​ប្រទេស​អាស៊ី​ខ្លះ រួម​ទាំង​ប្រទេស​ក្រៅ​តំបន់​អាស៊ី​ផង បាល់ទាត់​ដែល​ជា​កីឡា​មួយ​ពេញ​និយម​មិន​គួរ​ណាស់​ប្រែ​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​សោកនាដកម្ម​ដូច​ពេល​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ