អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ ចំណែកក្រុង​ធំៗរបស់អ៊ុយក្រែន រង​ការ​ទម្លាក់​គ្រាប់បែក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីរថ្ងៃក្រោយ​ផ្ទុះស្ពានគ្រីមេ ក្រុងធំៗ​របស់​អ៊ុយក្រែន ក្នុងនោះរួមមានទាំង​រដ្ឋធានីកៀវផង រង​ការ​វាយប្រហារ​ដោយ​ទម្លាក់គ្រាប់បែក។  លោក ​ វ្ល៉ាឌីមៀរ ពូទីន បាន​លើកឡើងថា «ការឆ្លើយតបរបស់រុស្ស៊ី គឺឲ្យសក្តិសមនឹងទំហំនៃការគំរាមកំហែងចំពោះប្រទេសរុស្ស៊ី»។ ប្រសាសន៍​នេះ ទំនង​ជា​សំដៅដល់​ការវាយបក​ចំពោះ​ការ​បំផ្ទុះ​ស្ពាន​គ្រីមេ ដែល រុស្ស៊ី​ ចោទថា​ជាស្នាដៃ​របស់ ​អ៊ុយក្រែន​។ នៅ​ម៉ូស្គូ ថ្ងៃទី១០តុលា ក្រុមប្រឹក្សា​សន្តិសុខជាតិរុស្ស៊ី​ជួបប្រជុំគ្នា​ក្រោម​អធិបតីភាព​របស់​លោកប្រមុខ​រដ្ឋ​ វ្ល៉ាឌីមៀរ ​ពូទីន។

Un homme courant dans les rues de Kiev après des bombardements russes. Le 10 octobre 2022.
Un homme courant dans les rues de Kiev après des bombardements russes. Le 10 octobre 2022. REUTERS - GLEB GARANICH
ផ្សាយពាណិជ្ជកម្ម

​​រដ្ឋធានី​​កៀវ ​​រង​ការ​ទម្លាក់​គ្រាប់​បែក​និងមីស៊ីល ​ជាថ្មី បន្ទាប់ពី​អាក់ខាន​ ប្រមាណ​ជា ​៣ ខែ។​

នៅព្រឹកថ្ងៃ​ច័ន្ទ​ មាន​មីស៊ីល​ចំនួន ៧៥គ្រាប់ ដែល ​រុស្ស៊ី​ បាញ់​ទៅទឹក​ដីអ៊ុយក្រែន ​ ហើយ​ក្នុងមាន​ចំនួន​ ប្រមាណ​៤០គ្រាប់ ត្រូវ​ប្រព័ន្ធការពារផ្លូវ​អាកាស​របស់ អ៊ុយក្រែន បាន​បាញ់​កម្ទេច។ នេះបើតាម​ការ​អះអាង របស់ ទីបញ្ជាការ​កងទ័ព​អ៊ុយក្រែន​ ដែល​ប្រកាស​តាម​ប្រព័ន្ធ​តេលេក្រាម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ​មានប្រសាសន៍​បញ្ជាក់​ដែរថា ការ​វាយប្រហារ​នេះ មាន​ទាំង​មីស៊ីល និង​យន្តហោះ​ដ្រូន​ទម្លាក់​គ្រាប់​បែក ហើយ​ដែល​មាន​ចេតនា​កម្ទេច​បំផ្លាញ់​ទីតាំង​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ ដូចជា​កន្លែង​ផ្ទុះ​ថាមពល​ជាដើម។ លោក ហ្សេឡេនស្គី ឲ្យដឹងទៀត​​ថា ដ្រូនទម្លាក់គ្រប់បែក​ ដែល ​រុស្ស៊ី​ ប្រើនោះ ជាយន្តហោះដ្រូន​ទិញពី អ៊ីរ៉ង់ ហើយ​បាញ់​ចេញពី​ដែន​ដី ​បេឡារុស។​ ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​ច្រើន​នៅថ្ងៃច័ន្ទ​​​ ប្រធានាធិបតីអ៊ុយក្រែន ​សរសេរ​ក្នុងបណ្តាញ​សង្គម ​ថា «ពួក​គេ​ព្យាយាម​កម្ទេច​ពួក​យើង​ គឺចង់​លុប​បំបាត់​យើង​ចេញពី​ផែន​ដី​នេះតែម្តង។»

មាន​វិនាសកម្ម​ច្រើន​កន្លែង! ​​ការវាយប្រហារ​នេះ ទម្រង់​លក្ខណៈ​ជា​ការ​បាញ់​ស្រោ​ច​ស្ទើរតែ​គ្រប់​ទិសតែម្តង​។ ទីក្រុង​ខ្លះ​ដែល​មិន​ត្រូវ​ជា​ទីកន្លែង​សមរភូមិ​ជួរ​មុខ​សោះ ក៏បែរ​ជា​ត្រូវ​រងការ​វាយ​ប្រហារ​ដែរ ជាក់ស្តែង តួយ៉ាង​ តំបន់​ Lviv (ល្វីវ) នៅ​ខាង​លិច​​ប្រទេស។ តំបន់​ផ្សេងទៀត នៃ រដ្ឋធានី​អ៊ុយក្រែន ក៏ត្រូវ​រង​គ្រាប់​មីស៊ីល​ដែរ ដូចជា ទែរនូពីល (Ternopil) នៅខាងលិច​រដ្ឋធានី​, ឌ្នីប្រូ (Dnipro) តំបន់​ប៉ែក​កណ្តាលរដ្ឋធានី​ ហើយនិង​តំបន់ ហ្សាប៉ូរីចា (Zaporijja) ​ប៉ែក​ខាង​ត្បូងនៃផ្ទៃប្រទេស ព្រម​ទាំង​តំបន់​និងក្រុង​ជាច្រើន​ផ្សេងទៀត ជាអាទិ៍ Khmelnytskiï, Vinnitsia, Soumi, Kharkiv, Jytomyr ​​​​​។ តុល្យការ បឋម ​ បើនិយាយតែ​ពីនៅ ហ្សាប៉ូរីចា គឺ​មានស្លាប់មនុស្ស ​១៣ នាក់ និងរបួស​ប្រមាណ​ ៩០ នាក់ ។ កាលពី ៣ ថ្ងៃមុន មាន​ស្លាប់ ​១៧ នាក់​រួច​មកហើយ​។​

បើនិយាយចំពោះតែ​រដ្ឋធានីកៀវ ! ស្នងការ​នគលបាល​រដ្ឋធានី បញ្ជាក់ថា មាន​យ៉ាងហោច​ពលរដ្ឋ​ ៥ នាក់​ស្លាប់ ហើយ​របួស ​១២ នាក់។ ការ​ទម្លាក់​គ្រាប់​បែកចុងក្រោយ​បំផុត ទៅលើ​​រដ្ឋធានីកៀវ គឺនៅ​​ថ្ងៃទី​ ២៦ មិថុនា ហើយ​តាំងពីនោះ​មក គឺ​មិនឃើញ​មាន​ទេ។ ​រីឯ​ ផ្លូវ​មេត្រូ រថភ្លើង​ក្រោម​ដីនៅក្រុង​កៀវ កន្លែង​ខ្លះ​ ត្រូវ​ខកខាន ហើយ​ប្រព័ន្ធអគ្គីសនី និង​ប្រព័ន្ធ​ទឹក​ស្អាត ​​នៅកន្លែង​ខ្លះ​ក្នុងទីក្រុង ត្រូវ​កាត់​ផ្តាច់ ព្រោះតែ​រងខូចខាត​ដោយការ​វាយប្រហារ​របស់ រុស្ស៊ី​។​

តើ​ លោកខាងលិច បញ្ចេញ​​ប្រតិកម្មយ៉ាង​ដូច​ម្តេច​ខ្លះ​?

ចំពោះការវាយប្រហាររបស់រុស្ស៊ី ទៅលើបណ្តាទីក្រុងអ៊ុយក្រែន និងបណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជន​ស៊ិវិល​ ប្រមុខ​ការ​ទូត​សហភាពអឺរ៉ុប Josep Borell បាន​ប្រកាស​ថ្លែង​ក្តី​រន្ធត់​ស្លុត​ចិត្ត​ជាខ្លាំង​ចំពោះ​អំពើ​សោកនាកដកម្ម​ ជាថ្មី​នេះ និង​ចាត់ទុកថា ជា​«ឧក្រិដ្ឋកិច្ច​សង្គ្រាម​»។​​ ប្រធានាធិបតី​បារាំង ម៉ាក្រុង ថ្លែង​ក្តីបារម្ភខ្លាំង។​ អង់គ្លេស ​បានថ្កោលទោសចាស់ដៃដែរ។​ តាមរយៈ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស, រដ្ឋបាលក្រុងឡុងឌ្រឺ ចាត់ទុកថា​ អំពើ​រុស្ស៊ី គឺមិនអាច​ទទួល​យក​បាន​ទាល់តែ​សោះ​ និង​បញ្ជាក់​ទៀតថា «ទង្វើ​របស់​រដ្ឋបាល​ម៉ូស្កូនេះ គឺ​ជាសញ្ញា​ស្តែងពី​ភាព​កម្សោយ​របស់​លោក ពូទីន និងគឺមិនមែន​ជាការ​សម្តែង​កម្លាំងទេ»។ នៅលើ​បណ្តាញ​សង្គម​ធ្វីតធ័រ ប្រមុខរាជ​​ទូត​ James Cleverly ធានា​បញ្ជាក់​ស្មារតី​សាមគ្គីភាពជាមួយ​អ៊ុយក្រែន​ថា អង់គ្លេស​គាំទ្រ​ស្មារតី​អ៊ុយក្រែន​យ៉ាង​ពេញទំហឹង។​ 

រីឯប្រទេស​ម៉ូដាវី ដែលនៅកៀកក្បែរ​ប្រទេស​ជម្លោះ ក៏​ថ្លែង​ក្តី​មិន​សប្បាយ​ចិត្តដែរ។ ប្រមុខ​ការទូត​ម៉ូដាវី បាន​ឲ្យដឹង​ថា មីស៊ីល​រុស្ស៊ី​ចំនួន​បីគ្រាប់​ បាន​ហោះ​រំលង​ដែន​អាកាស​របស់ខ្លួន។​

​ផ្ទុយ​ទៅវិញ បេឡារុស ជា​សម្ព័ន្ធ​រុស្ស៊ី គឺប្រធានាធិបតី លោក អាឡិចសង់​ លូកាស្ហេនកូ ​បាន​ប្រកាស​ចោទប្រកាន់​ថា អ៊ុយក្រែន​ត្រៀម​វាយ​ប្រហារ​ប្រទេស​របស់​ខ្លួន​ ដូច្នេះអាស្រ័យ​តែ​សភាព​ធ្ងន់ធ្ងរ​​ បេឡារុស ក៏​ត្រៀមដាក់​ពង្រាយកងទ័ព​រួម​គ្នា បេឡារុស និង រុស្ស៊ី នៅ​ព្រំដែន​អ៊ុយក្រែន ដែរ​។

លោក ពូទីន កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ពិភាក្សា​ជុំវិញ​ការ​វាយ​ប្រហារ​នៅលើស្ពាន​គ្រីមេ​។

នៅវិមាន​ក្រិមឡាំង ​​ប្រមុខរដ្ឋរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​បាន​កោះប្រជុំ​​អ្នកនយោបាយ​ជាន់​ខ្ពស់ រដ្ឋមន្ត្រី​ធំៗ​សំខាន់ៗ ថ្នាក់ដឹកនាំ​ផ្នែក​សន្តិសុខ​ជាតិ និង​មេបញ្ជាយោធា​។ ជាការ​ប្រជុំ​តាម​ទម្លាប់ តែ​វា​ជួន​ចំ​ពេល​សភាពការណ៍​​ក្តៅ ដ្បិត​កិច្ចប្រជុំ​ពិសេស​នេះ គឺ​រំលងតែ​៤៨ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​ស្ពាន​គ្រីមេ ត្រូវ​បំផ្ទុះ។​ គណៈ​កម្មាការ​ស៊ើប​អង្កេត​រុស្ស៊ី ត្រូវ​ផ្តល់​សេចក្តីរាយការណ៍​ដល់ប្រមុខរដ្ឋ។

ចំពោះរុស្ស៊ី, ហេតុការណ៍​នេះ បង្កឡើង​ដោយ​ភ្នាក់ងារ​សម្ងាត់​អ៊ុយក្រែន ដោយ​មាន​ជំនួយ​ពី​ពលរដ្ឋ​រុស្ស៊ី​និង​ជន​បរទេស​ទៀត​ផង​។​​ តាមរយៈ​វីដេអូមួយ​ ដែល​វិមាន​ក្រិមឡាង​បង្ហោះ គឺ​លោក វ្ល៉ាឌីមៀរ ពូទីន បា​នចោទប្រកាន់​ថា «គ្មាន​អ្វីត្រូវ​សង្ស័យ​ទេ នេះជា​សកម្មភាព​ភេរវកម្ម ហើយ​អ៊ុយក្រែន គឺជា​អ្នក​ប្រព្រឹត្ត ជាអ្ន​កបញ្ជា និងជាអ្ន​កនៅ​ពីក្រោយ​ខ្នង​ផង»។

​រុស្ស៊ី​បាន​ភ្ជាប់ដែន​ដីគ្រីមេ​ចូល​ជា​ឧបសម្ពន្ធ​ដែនដីរបស់ខ្លួន​កាលពីឆ្នាំ​២០១៤។ ​ជុំវិញ​ការ​ឆ្លើយ​តប​របស់​រុស្ស៊ីវិញ ចំពោះការ​វាយ​ប្រហារ​លើ​ស្ពាន​គ្រីមេនេះ លោក វ្ល៉ាឌីមៀរ ពូទីន មាន​ប្រសាន៍ថា​ «ការឆ្លើយតបរបស់រុស្ស៊ី គឺឲ្យសក្តិសមនឹងទំហំនៃការគំរាមកំហែងចំពោះប្រទេសរុស្ស៊ី»។ ទោះ​យ៉ាង​នេះក្តី ការ​វាយ​ប្រហារ​លើស្ពាន​ប៉ុណ្ណេះ គឺ​មិនទាន់​ដល់​ថ្នាក់​ជំរុញ​ឲ្យ​រុស្ស៊ី​ប្រើ​ប្រាស់គ្រាប់បែក​នុយក្លេអ៊ែរ​នោះឡើយ។ នេះបើតាម​លោក ពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ