អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅមហាសន្និបាត អ.ស.ប.សំឡេងប្រឆាំងការកាត់យកទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ីមានសន្ទុះកើនឡើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ៊ុយក្រែន​នឹងទទួលបាន​ប្រព័ន្ធការពារ​ដែនអាកាស​ពីប្រទេស​ក្នុងបក្សសម្ព័ន្ធអូតង់ ដើម្បី​ទប់ទល់​ការពារខ្លួន​ពីការបាញ់ស្រោចមីស៊ីល​របស់​រុស្ស៊ី។ ក្រៅពីត្រេកអរ​ទទួល​ជំនួយ​យោធា​ពីអូតង់ និង​ប្រទេស​លោកខាងលិច ប្រធានាធិបតី អ៊ុយក្រែន ​លោកហ្សេឡេនស្គី​បាននិយាយ​អរគុណផងដែរ ប្រទេស​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ដែលបាន​បោះឆ្នោត គាំទ្រ​សេចក្តីសម្រេច ថ្កោលទោស​ការកាត់យកទឹកដី​អ៊ុយក្រែន​ចំនួន​៤ ពីសំណាក់​ប្រទេស​រុស្ស៊ី។ នៅក្នុង​មហាសន្និបាតអង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ពុធម្សិលមិញ សេចក្តីសម្រេចថ្កោលទោស​ការកាត់យកទឹកដីអ៊ុយក្រែន​បាន​ទទួល​សំឡេងគាំទ្រ ចំនួន ១៤៣ ​សំឡេងប្រឆាំង ចំនួន ៥ និង​សំឡេង​អនុប្បវាទ​ចំនួន ៣៥។

នៅមហាសន្និបាតអង្គការ​សហប្រជាជាតិកាលពីថ្ងៃ​ទី ១៣​តុលា ២០២២ ប្រទេស​ចំនួន ១៤៣​​បោះឆ្នោតប្រឆាំង​នឹង​ការកាត់យកទឹកដីអ៊ុយក្រែន ចំនួន ៤ ពីសំណាក់រុស្ស៊ី
នៅមហាសន្និបាតអង្គការ​សហប្រជាជាតិកាលពីថ្ងៃ​ទី ១៣​តុលា ២០២២ ប្រទេស​ចំនួន ១៤៣​​បោះឆ្នោតប្រឆាំង​នឹង​ការកាត់យកទឹកដីអ៊ុយក្រែន ចំនួន ៤ ពីសំណាក់រុស្ស៊ី REUTERS - DAVID DEE DELGADO
ផ្សាយពាណិជ្ជកម្ម

នៅមហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃ​ពុធម្សិលមិញ ប្រទេស​ចំនួន ១៤៣ បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច ថ្កោលទោស ការកាត់យកទឹកដី អ៊ុយក្រែនពីសំណាក់​រុស្ស៊ី។ នៅអង្គការ​សហប្រជាជាតិ សំឡេង​ប្រឆាំង​នឹង​ការកាត់យកទឹកដីអ៊ុយក្រែន​ពីសំណាក់រុស្ស៊ី មានចំនួនកើនឡើង បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​នៅមហាសន្និបាត​កាលពី​ខែ មីនា នៅប៉ុន្មានថ្ងៃ​ក្រោយ រុស្ស៊ី​ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

នៅថ្ងៃពុធ ប្រទេស​ចំនួន ១៤៣ បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច ថ្កោលទោស ការកាត់យកទឹកដី​អ៊ុយក្រែន។ ប្រទេស​៥ បាន​បោះឆ្នោត ប្រឆាំង​នឹង​សេចក្តីសម្រេច ចំណែកប្រទេស ចំនួន ៣៥ បោះឆ្នោត​អនុប្បវាទ។ បើប្រៀបធៀប​នឹង​ការបោះឆ្នោត កាលពី​ខែ មីនា លើសេចក្តីសម្រេច​ថ្កោលទោស​ការឈ្លានពាន​អ៊ុយក្រែន ដែលមាន​ប្រទេសចំនួន​១៤១ បោះឆ្នោត គាំទ្រ​អធិបតេយ្យភាព និងបូរណភាព​របស់​អ៊ុយក្រែន គេ​ឃើញថា សំឡេង គាំទ្រ​សេចក្តីសម្រេច​របស់​មហាសន្និបាត​លើកនេះ បាន​កើនឡើង ពីរ​សំឡេង។ ចំណែក ចំនួន​ប្រទេស​ដែល​ប្រឆាំង ឬ ប្រទេស​ដែល​បោះឆ្នោត​អនុប្បវាទ គឺ​នៅ​ថេរ​ដដែល គឺ ៥សំឡេង និង​៣៥សំឡេង។

ចំនួន​សំឡេង​គាំទ្រ​សេចក្តីសម្រេច​កើនឡើង​ ២សំឡេង ព្រោះថា ប្រទេស​ចំនួន​៣ ដូចជា​បង់ក្លាដែស អ៊ីរ៉ាក់ និង​សេណេហ្កាល់ ដែលធ្លាប់​បោះឆ្នោត​អនុប្បវាទ កាលពី​ខែ មីនា បាន​ត្រលប់​មក​បោះឆ្នោត ប្រឆាំង​រុស្ស៊ី ក្នុងរឿង​កាត់យក​ទឹកដី​អ៊ុយក្រែន។ ប្រទេស​អេរីត្រេ​ដែលធ្លាប់បោះឆ្នោត​គាំទ្រ រុស្ស៊ី បាន​ត្រលប់​មក​បោះឆ្នោត​អនុប្បវាទ ចំណែក​នីហ្ការ៉ាហ្គ័ ដែលធ្លាប់​នៅ​អព្យាក្រឹត្យ បាន​ចូល​មកក្រុមរុស្ស៊ី កូរ៉េខាងជើង ស៊ីរី បេឡារុស ដើម្បី​ប្រឆាំង មិន​ឲ្យ​គេ​ថ្កោលទោស​រុស្ស៊ីក្នុងរឿង​កាត់យក​ទឹកដី​អ៊ុយក្រែន​​ទៅវិញ។

នៅក្នុង​ចំណោម​ប្រទេស​បោះឆ្នោត​អនុប្បវាទ ចំនួន ៣៥ ដែលមាន​ចិន ឥណ្ឌា ប៉ាគីស្ថាន និងអាហ្វ្រិកខាងត្បូង គេសង្កេតឃើញផងដែរ មានប្រទេស​អាហ្វ្រិក​ដល់ទៅ ១៩​ដែលបោះឆ្នោតអនុប្បវាទ។ ហេតុផលគឺ​ប្រទេស​អាហ្វ្រិក​មិនត្រឹមចង់រក្សា​ជំហរអាព្យាក្រឹត្យរបស់ខ្លួន ប៉ុន្តែ ក៏ចង់ផងដែរ រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជម្លោះទាំងពីររុស្ស៊ី និងអ៊ុយក្រែន ដែលជា​ប្រភពនាំចូលស្រូវសាឡី​សំខាន់​ទៅ​របស់​អាហ្វ្រិក។

ប្រទេស​គាំទ្រ​សេចក្តីសម្រេច​ថ្កោលទោស​រុស្ស៊ី មានចំនួនកើនឡើងជាងមុន ក៏ដោយមកពី​យុទ្ធនាការទូត​បញ្ចុះបញ្ចូល​ខ្លាំងរបស់​អាមេរិក និង​អ៊ុយក្រែន​ផ្ទាល់។ ថ្លែងទៅកាន់​មហាអង្គសន្និបាត នៅ​មុនការបោះឆ្នោត ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ព្រមាន​ថា ថ្ងៃនេះ រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។ ប៉ុន្តែ នៅថ្ងៃស្អែក ដែនដី​របស់​ប្រទេសមួយ​ទៀត នឹង​អាច​រងការរំលោភឈ្លានពាន។ សម្រាប់​អ្នកតំណាងអាមេរិក សង្រ្គាមសព្វថ្ងៃ​កំពុងកើតនៅទឹកដីអឺរ៉ុប ប៉ុន្តែ វា​ក៏នឹង​អាចកើតឡើង នៅអាស៊ី អាហ្វ្រិក ឬ​នៅអាមេរិកឡាទីន។ ដូច្នេះ ការបោះឆ្នោត ថ្កោលទោស រុស្ស៊ី​លើកនេះ គឺ​ជាការព្រមាន បង្កា​កុំ​ឲ្យរឿងបែបនេះ អាចកើតឡើង​នៅ​កន្លែងផ្សេងបាន។

នៅក្រោយ​ការបោះឆ្នោត កាលពីថ្ងៃ​ពុធ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន បាន​និយាយ​ស្វាគម លទ្ធផល​ឆ្នោត ដែលលោក​ចាត់ទុក​ជា​សារ​របស់​សហគមន៍អន្តរជាតិ ទៅកាន់​ម៉ូស្គូថា គេ​មិនអាច​លុបបំបាត់​អធិបតេយ្យភាព​របស់​ប្រទេសមួយ ពីលើ​ផែនទីពិភពលោកបាននោះទេ។

អូតង់​ប្រកាស​ផ្តល់​ប្រព័ន្ធខែលមីស៊ីល ដើម្បី​ឲ្យ​អ៊ុយក្រែន​ប្រើបាញ់ទម្លាក់មីស៊ីលរុស្ស៊ី

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារ​ជាតិ កាលពីថ្ងៃ​ពុធទី ១២​តុលា អគ្គលេខាធិការអង្គការអូតង់ បាន​ធានា​ប្រាប់​ភាគីអ៊ុយក្រែនថា ការផ្តល់​ប្រព័ន្ធ​ការពារដែនអាកាស​ទៅ​ឲ្យអ៊ុយក្រែន គឺ​ជា​អាទិភាព​ចំបង​របស់​អូតង់។

ខណៈពេល​ដែល​អ៊ុយក្រែន​កំពុង​បន្តរងស្រោច​ដោយគ្រាប់មីស៊ីល​របស់​រុស្ស៊ី ដែល​បានចោទប្រកាន់​សងសឹក​អ៊ុយក្រែន ថា ជាអ្នកបំផ្ទុះបំផ្លាញ​ស្ពានគ្រីមេ ប្រទេស​សមាជិកអូតង់ នាំមុខ​ដោយ​អាមេរិក អាល្លឺម៉ង់ អង់គ្លេស​និង​បារាំង បាន​ចេញមុខ ប្រកាស​ផ្តល់​ប្រព័ន្ធខែលមីស៊ីល ទំនើបៗ​របស់ខ្លួន ដើម្បី​ជួយ​ឲ្យអ៊ុយក្រែន អាច​ការពារ​ខ្លួន​ពីការវាយប្រហារ​របស់​មីស៊ីល​រុស្ស៊ី។

អាមេរិក​បាន​សន្យា​បញ្ជូន​ប្រព័ន្ធខែល​មីស៊ីល ឈ្មោះ NASAMS។ អាល្លឺម៉ង់​បញ្ជូន ប្រព័ន្ធការពារ​ដែនអាកាស Iris-T។ ចំណែកអង់គ្លេស​សន្យា​បញ្ជូន​មីស៊ីល​AMRAAM​សម្រាប់​ប្រព័ន្ធខែលមីស៊ីល​របស់​អាមេរិក។ ចំណែកប្រធានាធិបតី​បារាំង​ឯណោះវិញ បាន​ប្រកាស​បញ្ជូន​រ៉ាដា ប្រព័ន្ធ និង​មីស៊ីល​ប្រឆាំង​ការវាយប្រហារ​តាមផ្លូវអាកាស ទៅ​ឲ្យអ៊ុយក្រែន។ ប្រធានាធិបតី​បារាំង​បាន​បញ្ជាក់ដែរថា ​នឹងសហការជាមួយ​ប្រទេស​ដាណឺម៉ាក ដើម្បី​បញ្ជូន​កាំភ្លើងផ្លោង​Ceasarរបស់​បារាំង ចំនួន​ ៦ដើមបន្ថែម ទៀត​ទៅ​ឲ្យ​អ៊ុយក្រែន បន្ថែមពីលើ​កាំភ្លើង​Ceasar ១៨ដើម​ដែល​បារាំង​បាន​បញ្ជូន​ទៅ​ឲ្យអ៊ុយក្រែនរួចហើយ។

លោកហ្សេឡេនស្គីថា អ៊ុយក្រែន តូ្រវការ​ជំនួយ ៥៥ពាន់​លាន​ដុល្លារ

ក្រៅពីសុំសព្វាវុធ ប្រព័ន្ធ​ខែលមីស៊ីល​ពី​បក្សសម្ព័ន្ធអូតង់ ប្រធានាធិបតី​អ៊ុយក្រែន នៅថ្ងៃ​ពុធម្សិលមិញ បាន​និយាយ​សុំ​ជំនួយ​ផងដែរ​ពី​ក្រុមប្រទេស G7 និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ​ដូចជា​IMF និង​ធនាគារ​ពិភពលោក។

អ៊ុយក្រែន​ត្រូវការ​ជំនួយ​សព្វគ្រប់ ព្រោះបើតាម​អ៊ុយក្រែន ការវាយប្រហារមីស៊ីល​របស់​រុស្ស៊ី នៅប៉ុន្មាន​ថ្ងៃ​មកនេះ បានដៅបំផ្លាញ​ទីតាំង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលច្រើនណាស់។ តាម​រដ្ឋមន្រ្តីការពារ​ជាតិ អ៊ុយក្រែន ៣០ភាគរយ​នៃទីតាំងផ្គង់ផ្គង់​ថាមពល​របស់​អ៊ុយក្រែន បាន​រងការបាញ់បំផ្លាញ​របស់​មីស៊ីល​រុស្ស៊ី តាំងពីថ្ងៃ​ចន្ទ។ ការណ៍​នេះធ្វើ​ឲ្យគេគិត​ថា រុស្ស៊ី​កំពុង​ចង់​ធ្វើ​បាប​ប្រជាជន​អ៊ុយក្រែន ជាពិសេស​នៅពេល​រដូវ​រងាកាន់តែ​ខិតចូលមកដល់។

តាម​ការវាយតម្លៃ​របស់​ប្រធានាធិបតី​អ៊ុយក្រែន គេត្រូវការចាំបាច់ថវិកា ប្រមាណ ៥៥ពាន់​លាន​ដុល្លារ សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រងការបាញ់បំផ្លាញ​របស់​មីស៊ីល​រុស្ស៊ី។ នៅក្នុងកិច្ចប្រជុំជាមួយ​មូលនិធិរូបិយវត្ថុអន្តរជាតិ និង​ក្រុមប្រទេស​G7 កាលពីថ្ងៃ​ពុធ ប្រធានាធិបតី​អ៊ុយក្រែន អះអាងថា ការផ្តល់ជំនួយ​សម្រាប់​សាងសង់អ៊ុយក្រែន ឡើងវិញ និង​ឲ្យបានឆាប់បំផុត ជាមធ្យោបាយ​តែមួយ ដើម្បីយកឈ្នះលើសង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី នៅអ៊ុយក្រែន។

រុស្ស៊ី​ពន្លយពី​ការចរចា​ការទូត​ដែលមានតួកគីជាអន្តរការី

គិត​មកដល់​ថ្ងៃ​ព្រហស្បតិ៍ទី ១៣​តុលានេះ សង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ដែល​មានរយៈពេល ២៣២​ថ្ងៃ មកហើយ បាន​សម្លាប់​ប្រជាជន​ស៊ីវិល​អ៊ុយក្រែន និង​កងទ័ព​របស់​ប្រទេស​ទាំងពីរ រាប់ម៉ឺននាក់។ ក្រៅពី​បង្កការបំផ្លាញ​ជីវិតមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ទឹកដី អ៊ុយក្រែន សង្រ្គាមរុស្ស៊ី អ៊ុយក្រែន​កំពុងបង្ក​ឲ្យមាន​វិបត្តិ​ថាមពល​ឡើងថ្លៃ និង​វិបត្តិស្បៀង នៅក្នុង​ពិភពលោក។

នៅថ្ងៃ​ពុធ​ទី ១២​តុលា ទីប្រឹក្សា​របស់​វិមានក្រេមឡាំង​លោក​Iouri Ouchakov  បាននិយាយ​ថា គេ​កំពុង​រង់ចាំ មើលសំណើរបស់​តួកគី ដែល​ចង់​ដើរតួជា​អន្តរការីសម្រាប់​ជម្លោះនៅអ៊ុយក្រែន។ តាមទីប្រឹក្សា​ខាងលើ នៅក្នុង​ជំនួបជាមួយ លោកប្រធានាធិបតី​ពូទីន នៅក្រៅក្របខ័ណ្ឌ នៃ​សន្និសីទ​សម្រាប់វិធានការ​ទំនុកចិត្ត​នៅអាស៊ី នៅទីក្រុង​Astana ប្រទេសកាហ្សាក់ស្ថាន ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន​នឹង​អាច​មាន​សំណើគួរ​ឲ្យ​ចាប់អារម្មណ៍ខ្លះ សម្រាប់​លោក​ពូទីន ទាក់ទង​នឹង​សង្រ្គាមអ៊ុយក្រែន។

នៅថ្ងៃអង្គារ រដ្ឋមន្រ្តីការពារ​ជាតិ​តួកគីបានអំពាវនាវ​សាជាថ្មី ពីសារៈសំខាន់នៃ​បទឈប់បាញ់ រវាង​រុស្ស៊ី អ៊ុយក្រែន។ តួកគីសមាជិក​របស់អូតង់​ដែលបដិសេធ​មិន​ថ្កោលទោស​សេដ្ឋកិច្ច​លើរុស្ស៊ី តាម​អាមេរិក ធ្លាប់​ដើរតួជាអាជ្ញាកណ្តាល​សម្រាប់​ការចរចាការទូត​រវាង​ភាគីអ៊ុយក្រែន និង​រុស្ស៊ី កន្លងមក។ នៅពេល​ការចរចា​ស្តីពី​ការបញ្ចប់​ការប្រយុទ្ធគ្នា​នៅសមរភូមិ​ត្រូវ​បរាជ័យ តួកគី​ធ្លាប់​បាន​ជោគជ័យ ជំរុញ ឲ្យ​រុស្ស៊ី និង​អ៊ុយក្រែន ចុះកិច្ចព្រមព្រៀង ដើម្បី​បើកផ្លូវ​ឲ្យ​អ៊ុយក្រែនអាច​នាំចេញ​ស្រូវសាឡី​ចេញពីកំពង់ផែ អូដេសា កាលពីខែ កក្កដា​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ