អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាព​អឺរ៉ុប​​បន្ថែម​​ជំនួយ​កាន់តែ​ធំ​​ដល់​​អ៊ុយក្រែន តាម​​រយៈ​ការ​បណ្តុះបណ្តាល​ទាហាន និង​​​សម្ភារៈ​​​យោធា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងបរិបទសង្គ្រាម​នៅអ៊ុយក្រែន សហភាពអឺរ៉ុប កំពុងតែបោះជំហាន​ដ៏សំខាន់មួយ នៅក្នុង​ការជួយ​ទំនុងបម្រុង​ដល់កងទ័ពអ៊ុយក្រែន ដែលកំពុងតែប្រយុទ្ធ​មានប្រៀប លើ​កងទ័ពរុស្ស៊ី​។ ជាជំហានថ្មី ដែល​សហភាពអឺរ៉ុប នឹង​រៀបចំការ​​បណ្តុះបណ្តាល បង្វឹកទាហានអ៊ុយក្រែនជាច្រើនម៉ឺននាក់ នៅ​ក្នុងទឹកដីរបស់ខ្លួន រួមជាមួយ​នឹង​ទំនួយ​ថវិកា​ ចំណាយ​លើសម្ភារៈយោធា ជាច្រើនរយ​លានអឺរ៉ុប​ថែមទៀត។ វាគឺជាលើកទីមួយហើយ ដែលសហភាពអឺរ៉ុប ចេញមុខ​បណ្តុះបណ្តាល​ទាហានបរទេស នៅលើទឹកដីខ្លួន នៅ​ក្នុងទំហំដ៏ធំបែបនេះ​។

ក្រៅពីបង្វឹក បណ្តុះបណ្តាលទាហានអ៊ុយក្រែន សហភាពអឺរ៉ុបគ្រោង​បន្ថែមជំនួយ​ផ្នែកសម្ភារៈសព្វាវុធចំនួន​៥០០លានអឺរ៉ូទៀត។
ក្រៅពីបង្វឹក បណ្តុះបណ្តាលទាហានអ៊ុយក្រែន សហភាពអឺរ៉ុបគ្រោង​បន្ថែមជំនួយ​ផ្នែកសម្ភារៈសព្វាវុធចំនួន​៥០០លានអឺរ៉ូទៀត។ © Ukraine Ministry of Defence
ផ្សាយពាណិជ្ជកម្ម

បង្វឹកកងទ័ពអ៊ុយក្រែន​លើទឹកដីអឺរ៉ុប

ថ្នាក់ដឹកនាំអឺរ៉ុប បានទទួលស្គាល់ថា គម្រោងប្រតិបត្តិការ​បណ្ដុះបណ្ដាល បង្វឹក​កងទ័ពអ៊ុយក្រែននេះ គឺជាប្រតិបត្តិទ្រង់ទ្រាយធំ លើកដំបូងមិនធ្លាប់មានទេ​ ដែលអឺរ៉ុបធ្វើនៅលើទឹកដីខ្លួន។​ គម្រោងជួយ​កងទ័ពអ៊ុយក្រែននេះ ត្រូវបាន​ថ្នាក់ដឹកនៃប្រទេសសមាជិក​ទាំង​២៧ នៃសហភាពអឺរ៉ុប បាន​ស្រុះស្រួល​គ្នា កាលពី​ជំនួប​កំពូល​នៅ​ទីក្រុងប្រាហ្ក កាលពី​ថ្ងៃទី​៣០​កញ្ញា។ ហើយ​នៅថ្ងៃចន្ទ ទី​១៧តុលានេះ រដ្ឋមន្ត្រីក្រសួងការបរទេស​នៃប្រទេសសមាជិកទាំង​២៧ នឹង​ជួបប្រជុំគ្នានៅ លុចហ្សំបួរដើម្បី​និយាយលម្អិតពីផែនការ ហើយនឹងចាប់ផ្តើមគម្រោង​នេះ ភ្លាមៗតែម្តង។

តាមពិតទៅ កន្លងមក តាំងតែពីសង្គ្រាម​អ៊ុយក្រែន បានចាប់​ផ្ទុះឡើង ប្រទេសមួយចំនួននៅអឺរ៉ុប និ​ងអង់គ្លេសជាដើម បានចាប់​ផ្តើមអនុវត្ត​គម្រោង បណ្តុះបណ្តាល បង្វឹក​កងទ័ពអ៊ុយក្រែន ខ្លះហើយ គ្រាន់តែថា វាមានលក្ខណៈរប៉ាត់រប៉ាយច្រើន។ ហេតុដូច្នេះហើយ បានជាសហភាពអឺរ៉ុប ចង់ធ្វើវាឲ្យ​មានលក្ខណៈរួម ជា​បណ្តុំ​ជាក្រុម ចាត់ចែងពី​ទីបញ្ជាការរួមតែមួយ ដើម្បី​ឲ្យ​វាមានប្រសិទ្ធភាពខ្ពស់។ ផែនការបណ្តុះបណ្តាល​រួម​ចាត់ចែងដោយ​សហភាពអឺរ៉ុប មានន័យ ថវិកាចំណាយ ក៏នឹងត្រូវស្រាក់គ្នាដែរ រវាងប្រទេសទាំងអស់ ដែលក្នុងនោះ អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ ជាអ្នកចូលរួម​វិភាគទានច្រើនជាងគេ។​ គម្រោងនេះ មានថវិកាចំណាយ សម្រាប់ឆ្នាំដំបូង ​ចំនួនខ្ទង់ ពី​៥០ ទៅ​៦០លានអឺរ៉ូ។

ជំហានដំបូង បង្វឹកទាហានអ៊ុយក្រែន​១៥០០០នាក់​

តាមអ្វីដែលគ្រោងទុក គឺជាជំហានដំបូង គេនឹងបណ្តុះបណ្តាល​ បង្វឹកទាហានអ៊ុយក្រែន ចំនួន ១៥០០០នាក់ ដែលក្នុងនោះ ១២០០០នាក់ នឹងទទួលបាន​ការ​បណ្តុះបណ្តាល​លើ​មូលដ្ឋានគ្រិះទូទៅ ចំណែក ២៨០០នាក់ទៀត គឺទទួលបាន​ការបណ្តុះបណ្តាលជំនាញ​។ ប្រភពពីមន្ត្រីទូតសហភាពអឺរ៉ុប អះអាងថានេះ ជាកម្មវត្ថុ​ដំបូង ដែលអាចនឹងប្រែប្រួល កើនទំហំ ជាបន្តបន្ទាប់ទៀត។

គេនឹងបង្កើត​ទីបញ្ជាការដ្ឋាន​រួមមួយ ទទួលបន្ទុក​កិច្ចការបណ្តុះបណ្តាលនេះ​។​ ចំពោះទីតាំងបណ្តុះបណ្តាលវិញ គឺ​មាន​២ធំៗ មួយស្ថិតនៅ​ប៉ូឡូញ ដែល​មានព្រំដែនជាប់អ៊ុយក្រែន ងាយ​ស្រួលឲ្យទាហានអ៊ុយក្រែន​​ចេញចូល ហើយ​មួយ​ទៀត នៅ​អាល្លឺម៉ង់។ អាល្លឺម៉ង់ បញ្ជាក់ថាខាងគេ គេមានគម្រោង​បណ្តុះបណ្ដាលកងល្បាតអ៊ុយក្រែន ប្រមាណជិ​ត​១ម៉ឺននាក់។​ ចំណែករដ្ឋមន្ត្រីការពារជាតិបារាំងវិញ បានបញ្ជាក់នៅព្រឹកមិញនេះថា បារាំងនឹងទទួល​បង្វឹក​ទាហានជំនាញ​​​អ៊ុយក្រែន ចំនួន​ប្រមាណ​២ពាន់នាក់។

ទាក់ទិននឹងកម្មវិធី​បណ្តុះបណ្តាល ដែលទាហានអ៊ុយក្រែនត្រូវការ គឺមាន​ច្រើន​ផ្នែក​ណាស់។ ខាងភាគីអ៊ុយក្រែន បានស្នើសុំកម្មវិធីបណ្តុះបណ្តាល​ជាច្រើន ដែលភាគច្រើនពាក់ព័ន្ធនឹងរបៀប​ប្រើប្រាស់ ថែរក្សា ជួលជុល​ សម្ភារៈសព្វាវុធ​ថ្មីៗ ដែល​ខ្លួនទើបតែទទួលបាន​។ កងទ័ពអ៊ុយក្រែន ត្រូវការចេះប្រើ​ប្រាស់ កាណុង​កាំភ្លើងធំទំនើបៗ ប្រព័ន្ធរ៉ាដាចាប់ដ្រូន ចាប់​មីស៊ីលរបស់សត្រូវ ជាដើម។ល។ ក្រៅពីនេះ នៅមានការបណ្តុះបណ្តាល ផ្នែកដោះមីន ប្រតិបត្តិការតាក់ទិក ការត្រៀមការពារផ្នែកផ្លូវអាកាស គ្រប់គ្រងបណ្តាញ​ទំនាក់ទំនងទូរគមនាគមន៍ និង​ផ្នែកពេទ្យ​សង្គ្រោះផងដែរ​​។​ ហើយ​បើតាមការបញ្ជាក់ពី​មន្ត្រីអឺរ៉ុប គឺប្រទេសនីមួយៗ ដែល​ផ្តល់​ជំនួយសព្វាវុធ ប្រភេទមួយណាទៅឲ្យអ៊ុយក្រែន គឺត្រូវតែបន្ត​ផ្តល់​ការបណ្តុះបណ្ដាល បង្វឹកលើការប្រើ​ប្រាស់គ្រឿងសព្វាវុធនោះ។

បន្ថែមកញ្ចប់ថវិកាគ្រឿងសព្វាវុធជួយអ៊ុយក្រែន ៥០០លានអឺរ៉ូ

បើគ្មានអ្វីប្រែប្រួលទេ កិច្ចប្រជុំនៅលុចហ្សំបួរ ថ្ងៃនេះ គឺក្រុម​ប្រទេសអឺរ៉ុប នឹងសម្រេចបញ្ចេញ​កញ្ចប់​ថវិកា ចំនួន​៥០០លាន​អឺរ៉ុប​មួយកញ្ចប់ទៀត ដើម្បីជួយ​ផ្នែកសម្ភារៈ គ្រឿងសព្វាវុធឲ្យ​អ៊ុយក្រែន។ មានន័យថា គិតជាសរុប គឺអឺរ៉ុប ជួយ​អ៊ុយក្រែនផ្នែកនេះ ចំនួន​៣ពាន់លានអឺរ៉ូហើយ​។​ នេះនៅមិនទាន់រាប់ ជំនួយយោធា ដែលប្រទេសសមាជិកនីមួយ​បានជួយ​អ៊ុយក្រែន ជាលក្ខណៈទ្វេភាគីទេ។

លោករដ្ឋមន្ត្រី​ការបរទេសអ៊ុយក្រែន នឹងមានវត្តមាន​ តាមប្រព័ន្ធវីដេអូខុសហ្វឺរិនស៍ នៅក្នុងកិច្ចប្រជុំថ្ងៃនេះ។ បារាំង មានគម្រោង ផ្តល់​ឲ្យ​អ៊ុយក្រែន នូវកាណុងCaesar ចំនួន​៦កាណុងទៀត បន្ថែមពីលើ​១៨កាណុង ដែល​បាន​ប្រគល់រួចរាល់​​ហើយ ហើយ​ដែលកងទ័ពអ៊ុយក្រែន យកទៅប្រើ​យ៉ាងមានប្រសិទ្ធភាព​បំផុត។ បន្ថែមពីនេះ បារាំងនឹងផ្តល់ប្រព័ន្ធបាញ់​គ្រាប់​កាំភ្លើងត្បាល់ ១៥៥មីលីម៉ែត្រ កាណុងបាញ់គ្រាប់​រ៉ូកែត LRU ព្រមទាំង​ប្រព័ន្ធការពារ​ ពីដីទៅអាកាស ដើម្បីប្រឆាំង​នឹង​នឹង​យានដ្រូន​របស់រុស្ស៊ី។ ចំណែក​អាល្លឺម៉ង់ និង អេស្ប៉ាញវិញ បាន​ប្រកាសថា នឹងជួយ​ផ្ដល់​ឲ្យ​អ៊ុយក្រែន នូវប្រព័ន្ធការពារផ្លូវ​អាកាស​។

យើងឃើញថាក្រុមប្រទេសអឺរ៉ុប បានសម្លឹងឃើញគ្រោះថ្នាក់ធំណាស់ ទាក់ទិននឹងការគំរាមរបស់រុស្ស៊ីមកលើសន្តិសុខរបស់គេ។ ថ្ងៃនេះរុស្ស៊ីវាយឈ្លានពានអ៊ុយក្រែន ថ្ងៃក្រោយ​រុស្ស៊ីនឹងបន្តវាយលុក​ឈ្លានពានមកលើ​ប្រទេសផ្សេងទៀត ដែលជាសមាជិកសហភាពអឺរ៉ុប។ ដូ​ច្នេះហើយ វាជារឿងចាំបាច់បំផុតដែលពេលនេះ អឺរ៉ុបត្រូវតែជួយអ៊ុយក្រែន យកឈ្នះលើរុស្ស៊ីឲ្យ​បាន​។​ លោក Josep Borrell ប្រមុខការទូតអឺរ៉ុប បានអះអាងហើយថា អឺរ៉ុបនឹងមកទុកចោល ឲ្យអ៊ុយក្រែន ខ្វះមុខខ្វះក្រោយ​ក្នុងការ​ការពារខ្លួន ប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់រុស្ស៊ីជាដាច់ខាត។ មិនថា សហភាពអឺរ៉ុប អង់គ្លេស ឬសហរដ្ឋ​អាមេរិកទេ គឺគេនឹងរួមគ្នាជួយអ៊ុយក្រែន ទោះត្រូវចំណាយ​ប៉ុន្មានក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ