អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រី​ថ្មី​​​អង់គ្លេស ក្នុង​បរិបទវិបត្តិ​ដ៏សែន​ធ្ងន់ ទាំង​សេដ្ឋកិច្ច​​និង​នយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

៤ថ្ងៃក្រោយ​លោកស្រី លីស ត្រាស្ស បានលាចុះពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស គណបក្ស​អភិរក្សនិយមអង់គ្លេស​បានសម្រេច​តែងតាំង លោក រីស៊ី ស៊ូណាក់ ជាប្រធានថ្មី​របស់គណបក្ស កាលពីថ្ងៃចន្ទម្សិលមិញ។ ហើយ​នៅ​ថ្ងៃ​អង្គារទី​២៥តុលា​​ លោក រីស៊ី ស៊ូណាក់ បាន​ចូលគាល់ ព្រះចៅហ្សាលទី៣ ដើម្បី​ទទួលការប្រទានតំណែង ​តែងតាំងជានាយករដ្ឋមន្ត្រីថ្មី​​។ អាណត្តិនាយករដ្ឋមន្រ្តី របស់​លោក រីស៊ី ស៊ូណាក់ គឺស្ថិតនៅ​​ក្នុង​បរិបទមួយលំបាក​លំបិនបំផុត​ ព្រោះ​ប្រទេសអង់គ្លេស កំពុងតែ​ជួបវិបត្តិ​យ៉ាងធ្ងន់ធ្ងរ មិនថាសេដ្ឋកិច្ច និងនយោបាយ​។

លោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រី​អង់គ្លេស នៅខាងមុខ​10 Downing Street ទីក្រុងឡុងដ៍ មុនចូលកាន់តែតំណែងជាផ្លូវការ​។ ថ្ងៃទី ២៥ តុលា ២០២២
លោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រី​អង់គ្លេស នៅខាងមុខ​10 Downing Street ទីក្រុងឡុងដ៍ មុនចូលកាន់តែតំណែងជាផ្លូវការ​។ ថ្ងៃទី ២៥ តុលា ២០២២ AP - Alastair Grant
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ក្មេងជាងគេ និងមានដើម​​កំណើតឥណ្ឌា​

ម៉ោង១០ព្រឹកថ្ងៃអង្គារទី​២៥តុលា​​ លោកស្រី លីស ត្រាស្ស បានថ្លែងសុន្ទរកថាជាចុងក្រោយ នៅខាងមុខផ្ទះលេខ១០ ផ្លូវ Downing Street។ បន្ទាប់មកទៀត លោកស្រី បាន​​ចូលទៅគាល់ព្រះអង្គ ហ្សាលទី​៣ ដើម្បី​ថ្វាយ​សារ​លាឈប់​ពីមុខងារ។ ហើយ​ជាបន្ទាប់មកទៀត គឺលោក រីស៊ី ស៊ូណាក់ បាន​​ចូលគាល់ព្រះអង្គហ្សាលទី​៣ ដើម្បី​ទទួលបាន​ការ​ប្រទាន តែងតាំងជាផ្លូវការ ជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។ មុននេះ​​បន្តិច ម៉ោង​១១ និង​៣៥នាទីព្រឹក លោក រីស៊ី ស៊ូណាក់ បាន​ថ្លែងសុន្ទរកថាជាលើកដំបូង នៅខាងមុខផ្ទះលេខ១០ ផ្លូវ Downing Street ដើម្បី​ចូលកាន់​មុខងារ​ជាផ្លូវ​ការ​ ចាប់ពីថ្ងៃនេះទៅ។

នេះគឺជាលើកទី​មួយហើយ ក្នុងប្រវត្តិសាស្ត្រអង់គ្លេស ដែល​មាននាយករដ្ឋមន្ត្រី មាន​ដើម​កំណើត​​មក​ពី​ឥណ្ឌា ហើយ​​មានវ័យ​ក្មេង​ជាងគេថែមទៀត។ ឪពុកម្តាយលោក មាន​​ដើមកំណើតឥណ្ឌាទាំង២នាក់ ស្រុកកំណើតនៅ​​តំបន់​ពុនចាប់ ហើយ​បានភៀសខ្លួនទៅ​រស់នៅកេនយ៉ា​ កាលជំនាន់ឆ្នាំ​១៩៦០ មុននឹងមក​រស់នៅ​លើទឹកដីអង់គ្លេស​​។ ឪពុក​លោកធ្វើពេទ្យ ម្តាយ​លោកជាឱសថការី។ លោក រីស៊ី ស៊ូណាក់ កើតនៅ​​តំបន់ Southamton ប្រទេស​​អង់គ្លេស នៅ​ឆ្នាំ​១៩៨០ ជាកូនច្បងគេ។ លោក​​បានចូលរៀននៅ​សកលវិទ្យាល័យ​Oxford ជំនាញទស្សនវិទ្យា សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រនយោបាយ។ លោកក៏មានសញ្ញាប័ត្រអនុបណ្ឌិត ផ្នែក​គ្រប់គ្រងជំនួញ នៅ​សកលវិទ្យាល័យ Standford សហរដ្ឋអាមេរិកដែរ។​

លោករីស៊ី ស៊ូណាក់ បាន​ចូលប្រឡូកក្នុងនយោបាយ​ ដោយ​បានជាប់ឆ្នោតជាសមាជិក​សភា តំបន់Yorkshire នៅឆ្នាំ​២០១៥។ លោកក៏ជាអ្នកនយោបាយ​ម្នាក់ ដែល​បានប្រកាសគាំទ្រ​ Brexit ដែរ។ ក្នុង​អាណត្តិលោក​បូរីស ចនសុន លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ហិរញ្ញវត្ថុ រហូតទាល់តែមាន​ការ​ខ្វែងគំនិតគ្នា កាលពីខែកក្កដា ឆ្នាំ​២០២១ ទើបលោកបាន​ចាកចេញពីរដ្ឋាភិបាល។ កាលពីដើម​ខែ​កញ្ញា លោក​បាន​បរាជ័យ​ មិនត្រូវបាន​សមាជិក​បក្សអភិរក្សនិយម​ជ្រើសតាំងជានាយករដ្ឋមន្ត្រី។ តែទីបំផុត លោក​ស្រី​លីស ត្រាស្ស បាន​លាឈប់វិញ ដោយសារតែ​គ្មានសមត្ថភាព ​កំណត់​​គោលនយោបាយ​រួម ដើម្បី​ដោះស្រាយវិបត្តិសេដ្ឋកិច្ច​នៅ​អង់គ្លេស។

វិបត្តិ​ធ្ងន់២ផ្ទួនគ្នា​

សេដ្ឋកិច្ច​អង់គ្លេសចុះខ្សោយ​ ជីវភាព​ប្រជាជនជួបការ​លំបាក ដោយ​សារតែបញ្ហាBrexit ៣-៤ឆ្នាំមកហើយ ហើយ​វា​កាន់តែលំបាក​មួយជាន់ទៀត ដោយសារតែសង្គ្រាម​នៅអ៊ុយក្រែន​។​ តម្លៃទំនិញចំណីអាហារ តម្លៃប្រេងឥន្ធនៈ តម្លៃហ្កាស ជាពិសេស​​តម្លៃចរន្តអគ្គិសនី គឺ​បាន​ឡើងថ្ងៃ​​មួយ​គុណជា២។ ប្រជាជនកាន់តែច្រើនទៅៗ ដែលមិនអាចមាន​ប្រាក់ បង់ថ្លៃចំណាយទាំងនេះបានទេ​​។ អត្រា​អតិផរណានៅអង់គ្លេស​ មានចំនួន​១០,១% ពោលគឺខ្ពស់ជាងគេ​ក្នុងចំណោម​ប្រទេសសេដ្ឋកិច្ច​នាំមុខ G7។

វិបត្តិកាន់តែផុងជ្រៅ បន្ទាប់ពី​លោកស្រី លីស ត្រាស្ស បាន​ប្រកាសគោលនយោបាយ ​កាត់បន្ថយ​ពន្ធ ហើយ​បានធ្វើ​ឲ្យ​ទីផ្សារហិរញ្ញវត្ថុរំជើបរំជួលខ្លាំង។ ស្ថាប័នទីផ្សារ​​ហិរញ្ញ​វត្ថុ​ ដែល​មិន​យល់ស្របជាមួយ​ផែនការសេដ្ឋកិច្ចរបស់លោកស្រី លីស ត្រាស្ស បាន​បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនចង់​ចំណាយ​ប្រាក់វិនិយោគ និង​ផ្តល់កម្ចី​ផ្សេងៗទេ។ ប្រការនេះ បានធ្វើ​ឲ្យ​អត្រាការប្រាក់ ជាពិសេសសម្រាប់កម្ចីអចលនៈទ្រព្យ ដែលការប្រាក់​​​បាន​ឡើង ពី​៣% រហូតដល់ជាង ៦%។ ការិយាល័យ​ប្រឹក្សា​ Capital Economics បាន​ព្យាករណ៍ថាឆ្នាំនេះ ចំណូលដុលក្នុងស្រុករបស់អង់គ្លេស អាចនឹងដើរថយក្រោយ ចំនួន​២%។

យោងតាម​លោក Paul Johnson អគ្គនាយក​ Institute for Fiscal Studies គឺលោករីស៊ី ​ស៊ូណាក់ នាយករដ្ឋមន្ត្រីថ្មី ត្រូវប្រឈមនឹងជម្រើសដ៏លំបាកខ្លាំងណាស់។ ទីមួយត្រូវតែធានា ឲ្យ​ទីផ្សារ​ហិញ្ញវត្ថុមានទំនុកចិត្តឡើងវិញ ក្នុង​ការវិនិយោគ ផ្តល់កម្ចីជម្រុញសន្ទុះសេដ្ឋកិច្ច។ ទី២ត្រូវតែទប់​កុំឲ្យ​​​បំណុលសាធារណៈឡើងកាន់តែខ្ពស់ ដែល​មានន័យថា លោកត្រូវតែ​តម្លើងពន្ធក្នុង​កម្រិត​មួយ​សមល្មម ដើម្បី​កុំ​ឲ្យ​ជីវភាពប្រជាជនកាន់តែលំបាក​។​ យោងតាមការគុណគូរ គឺលោក រីស៊ី ស៊ូណាក់ ត្រូវតែ​រកប្រាក់​មកបំពេញចន្លោះប្រហោង ចំនួន​យ៉ាងហោច ៣ម៉ឺនលាន​លីវ្រស្ទែរលីង​ ក្នុងមួយឆ្នាំ ទើបអាចទប់បំណុលសាធារណៈបាន​។ ដូច្នេះ តើត្រូវទៅរកប្រាក់នេះពីណាមក?

ក្នុងសន្ទរកថាខ្លីរបស់​លោក​កាលពីថ្ងៃចន្ទ បន្ទាប់ពី​សមាជិកសភាបក្ស​អភិរក្សនិយម បានតែងតាំងលោក​ជាប្រធានបក្ស លោក​រីស៊ី ស៊ូណាក់ បាន​លើកឡើងថា “អង់គ្លេសគឺជាប្រទេស​​មួយដ៏ធំអស្ចារ្យ ក៏ប៉ុន្តែ​វាច្បាស់ណាស់ ដែលយើងត្រូវទទួលស្គាល់ការពិត ថាយើងកំពុងតែឆ្លងកាត់វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់”។ លោក​បាន​អះអាងទៀតថា អាទិភាព​របស់​លោក គឺប្រឹងប្រែងដឹកនាំប្រទេស បង្រួបបង្រួម​កុំ​ឲ្យ​មានការ​បែកបាក់គ្នា ដើម្បីស្តារស្ថិរភាពសេដ្ឋកិ​ច្ច និង​​នយោបាយ​ឡើងវិញ​។​

បោះឆ្នោតសភាមុនអាណត្តិ?

ត្រឹម​តែ​៦ខែចុងក្រោយនេះ អង់គ្លេសត្រូវដូរ​នាយករដ្ឋមន្ត្រី​៣នាក់ទៅហើយ ដែលនេះវាបង្ហាញអំពីអស្ថិរភាពនយោបាយ​ខ្លាំងណាស់។ គណបក្ស​អភិរក្សនិយម បាន​តែងតាំងមនុស្ស​​ម្នាក់ហើយ​ម្នាក់ទៀត ដើម្បី​មក​ដឹកនាំរដ្ឋាភិបាល​នេះ។ នាយ​ករដ្ឋមន្ត្រីបក្ស​អភិរក្សនិយមដូរចុះឡើង ធ្វើឲ្យ​វិបត្តិសេដ្ឋកិច្ច និង​នយោបាយ​កាន់តែផុងជ្រៅ​។ បញ្ហានេះ បានធ្វើឲ្យ​មាន​មតិ​ចោទសួរ អំពី​ភាព​ស្របច្បាប់របស់រដ្ឋាភិបាល​អង់គ្លេស ដែលដឹកនាំដោយ​ក្រុម​បក្ស​អភិរក្សនិយម​។ ហើយ​ក្នុង​គណបក្សអភិរក្សនិយមនេះទៀតសោត ក៏ឈ្លោះប្រកែកគ្នាដែរ។ ការឈ្លោះប្រកែកគ្នាក្នុងបក្សនេះ អាចជាឧបសគ្គធំមួយ ដល់លោក​រីស៊ី ស៊ូណាក់ ក្នុងការដឹកនាំប្រទេស អនុម័តច្បាប់ផ្សេងៗនៅសភា។ យ៉ាងណាមិញ លោក រីស៊ី ស៊ូណាក់ បាន​និយាយព្រមាន​រួចហើយ ថាគណបក្ស​អភិរក្សនិយម ត្រូវតែពិចារណាឲ្យ​ច្បាស់នៅពេលនេះថា “រើសទៅ រវាង​ ការរួបរួមឯកភាពគ្នា និងមរណៈភាព​នយោបាយ​”។

គណបក្ស​ពលករ ដែលជាបក្សប្រឆាំង បាន​ទាមទារថា ត្រូវតែរៀបចំបោះឆ្នោតសភាឡើងវិញ ទុកឲ្យ​ប្រជាពលរដ្ឋអង់គ្លេស ជាអ្នកសម្រេចចិត្ត ថាបក្សណានឹងបាន​សំឡេងភាគច្រើន​នៅសភា ដើម្បី​ដឹកនាំរដ្ឋាភិបាល។ ហើយ​យោងតាម​លទ្ធផល​ស្ទាបស្ទង់មតិមួយ របស់វិទ្យាស្ថាន Ipsos ចេញផ្សាយ​កាលពីថ្ងៃចន្ទ គឺ ៦២%នៃប្រជាជនអង់គ្លេស ចង់បាន​ការបោះឆ្នោតសភា​សាជាថ្មី ឲ្យ​បានឆាប់បំផុតមុនដាច់ឆ្នាំ​២០២២នេះ​ ព្រោះពួកគេ ទ្រាំលែងបានទៀតហើយ ចំពោះ​ការដឹកនាំប្រទេស​​បែបលេងសើច របស់​គណបក្ស​អភិរក្សនិយម។

តែយ៉ាងណា លោក រីស៊ី ស៊ូណាក់ ធ្លាប់​បានបញ្ជាក់ថា លោកមិនគាំទ្រឲ្យ​បោះឆ្នោត​មុនអាណត្តិទេ។ ជាមួយគ្នានេះ យោង​តាម​​ការស្ទាបស្ទង់មតិ ធ្វើដោយវិទ្យស្ថាន​ ​YouGov គឺមានប្រជាជនអង់គ្លេសតែ ៣៨%ទេ ដែលពេញចិត្តចំពោះការដែល​លោក រីស៊ី ស៊ូណាក់ ឡើងមកធ្វើជានាយករដ្ឋមន្ត្រី។ ដូច្នេះ បើបោះឆ្នោតសភាមុនអាណត្តិ មិន​ប្រាកដថាបក្សអភិរក្សនិយមនឹងឈ្នះ ហើយ​ក៏មិនប្រាកដថា លោករីស៊ី ស៊ូណាក់ខ្លួនឯង នឹងបានជាប់ ធ្វើជានាយករដ្ឋមន្ត្រីដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ