អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង-អាល្លឺម៉ង់៖ហេតុអ្វីបានជាលោកម៉ាក្រុង និងលោកស្ហុលស៍ត្រូវព្យាយាមបន្ធយភាពតានតឹងរវាងគ្នា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បារាំង ប្រធានាធិបតី​លោក​អេម៉ានុយអែល ម៉ាក្រុង​ទទួល​ជួប​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍​នៅ​ក្នុង​វិមាន​អេលីហ្សេ​នា​ថ្ងៃ​ពុធ ទី២៦ តុលា។ កម្មវត្ថុ​នៃ​ជំនួប គឺ​ដើម្បី​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដែល​បាន​ស្គាល់​ភាព​រកាំរកូស​ខ្លាំង​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។ បន្ទាប់​មក ការ​ព្យាយាម​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​ម៉ាស៊ីនអឺរ៉ុប​ក៏​ជា​កម្មវត្ថុ​នៃ​ជំនួប​រវាង​លោក​ម៉ាក្រុង និង​លោក​ស្ហុលស៍​ដែរ ពិសេស​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

ប្រធានាធិបតី​លោក​អេម៉ានុយអែល ម៉ាក្រុង​ (រូបស្តាំ) ទទួល​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍​នៅ​​វិមាន​អេលីហ្សេ​នា​ថ្ងៃ​ពុធ ទី២៦ តុលា ២០២២។
ប្រធានាធិបតី​លោក​អេម៉ានុយអែល ម៉ាក្រុង​ (រូបស្តាំ) ទទួល​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍​នៅ​​វិមាន​អេលីហ្សេ​នា​ថ្ងៃ​ពុធ ទី២៦ តុលា ២០២២។ AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

តាម​កម្មវីធី​ផ្សព្វផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​នា​យប់​ថ្ងៃ​អង្គារ ទី២៥ តុលា នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍​មក​ដល់​ក្រុង​ប៉ារីស​នៅ​ម៉ោង ១២ថ្ងៃ​ត្រង់​ម៉ោង​នៅ​បារាំង​ក្នុង​ថ្ងៃ​ពុធ ទី២៦ តុលា និង​ចូលរួម​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​នៅ​ម៉ោង ១២ និង៣៥នាទី។ តាម​វិមាន​អេលីហ្សេ​ដដែល លោក​ម៉ាក្រុង និង​លោក​ស្ហុលស៍​គ្មាន​គម្រោង​ធ្វើ​សេចក្តីថ្លែងការណ៍​អ្វី​ទាំង​អស់ ទោះ​នៅ​មុន​ជំនួប និង​នៅ​ក្រោយ​ជំនួប។ តាម​ពិត វត្តមាន​លោក​ស្ហុលស៍​ក្នុង​ទឹកដី​បារាំង​ពេល​នេះ​មិន​បាន​គ្រោង​ទុក​ទេ។

អ្វី​ដែល​បាន​គ្រោង​ទុក​ក្នុង​ថ្ងៃ​ពុធ ទី២៦ តុលា គឺ​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​រួម​គ្នា​រវាង​បារាំង និង​អាល្លឺម៉ង់។ តែ​ដោយ​កិច្ចប្រជុំ​មួយ​នេះ​ត្រូវ​បាន​លុបចោល​វិញ​នៅ​ក្រោយ​មាន​ភាព​ចម្រូងចម្រាស់​លើ​សំណុំរឿង​មួយ​ចំនួន​រវាង​គ្នា កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​បារាំង អាល្លឺម៉ង់​ក៏​ត្រូវ​បាន​ជំនួស​ដោយ​ជំនួប​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រវាង​លោក​ម៉ាក្រុង និង​លោក​ស្ហុលស៍​វិញ។ ជំនួប​ម៉ាក្រុង ស្ហុលស៍​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ជំនួប​ដោយ​បង្ខំ​ចិត្ត​ដើម្បី​កុំ​ឲ្យ​មាន​ភាគី​ណា​មួយ​បាក់មុខ បាក់មាត់។ គ្រប់​គ្នា​សង្ឃឹម​ថា ជំនួប​ផ្ទាល់​ម៉ាក្រុង ស្ហុលស៍​ពេល​នេះ​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា។

មាន​ប្រធានរឿង​ប្រទាំងប្រទើស​ច្រើន​រវាង​បារាំង និង​អាល្លឺម៉ង់

ភាព​ចម្រូងចម្រាស ឬ​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​បារាំង និង​អាល្លឺម៉ង់​មាន​នៅ​ក្នុង​ក្របខណ្ឌ​សហភាព​អឺរ៉ុប និង​នៅ​ក្នុង​ក្របខណ្ឌ​ទំនាក់ទំនង​ទ្វេភាគី។ គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា តាំង​ពី​លោក​អូឡាហ្វ ស្ហុលស៍​ឡើង​កាន់​តំណែង ពិសេស​ក្រោយ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក អាល្លឺមង់​ជំនាន់​លោក​ស្ហុលស៍​ហាក់​បាន​បែក​ផ្សេង និង​កំពុង​ជ្រើស​យក​ផ្លូវ​ផ្សេង​ដាច់​ដោយ​ឡែក​របស់​ខ្លួន ឬ​និយាយ​ឲ្យ​ស្រួល​យល់ លោក​ស្ហុលស៍​កំពុង​គិត​តែ​ប្រយោជន៍​របស់​អាល្លឺម៉ង់​មួយ​គត់។ ជាក់ស្តែង នៅ​ក្នុង​វិបត្តិ​ថាមពល​ដែល​កំពុង​គ្រប​ដណ្តប់​លើ​អឺរ៉ុប​ទាំង​មូល ពិសេស​ក្រោយ​ពី​រុស្ស៊ី​បិទ​ក្បាលរ៉ូប៊ីណេ​ឧស្ម័ន លោក​ស្ហុលស៍​បាន​អនុម័ត​នូវ​ផែនការ​មួយ​ក្នុង​ទឹកប្រាក់​ដល់​ទៅ ២០០ ០០០លានអឺរ៉ូ​ដើម្បី​ជួយ​ពលរដ្ឋ និង​រោងចក្រ​សហគ្រាស​អាល្លឺម៉ង់។

ផែនការ​របស់​លោក​ស្ហុលស៍​នេះ​បាន​ទទួល​រង​ការ​រិះគន់​ចាស់​ដៃ​ពី​បារាំង និង​ពី​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេង។ ក្នុង​រឿង​ថាមពល​ដដែល លោក​ស្ហុលស៍​បាន​ជំទាស់​នឹង​សំណើ​របស់​បារាំង​ដែល​ចង់​កំណត់​តម្លៃ​ឧស្ម័ន​នាំ​ចូល​នៅ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប។ ចំណែក​នៅ​ក្នុង​វិស័យ​ការពារជាតិ​ក៏​លោក​ស្ហុលស៍​បាន​ប្តូរ​ជំហរ ១៨០អង្សារ​ដោយ​ចង់​ឲ្យ​កម្លាំងទ័ព​អាល្លឺម៉ង់​ក្លាយ​ជា​កម្លាំងទ័ព​ដែល​មាន​បំពាក់​អាវុធ​ទំនើប​ជាង​គេ​នៅ​អឺរ៉ុប។ នៅ​ក្នុង​ន័យ​នេះ លោក​ស្ហុលស៏​ហាក់​បាន​ងាក​ទៅ​ទិញ​គ្រឿង​សព្វាវុធ​ពី​អ្នក​ផ្សេង ពិសេស​ពី​អាមេរិក​ដោយ​មើល​ស្រាល ឬ​មើល​រំលង​លើ​គ្រឿងសព្វាវុធ​របស់​អឺរ៉ុប ពិសេស​របស់​បារាំង។

មាន​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម​យោធា​មួយ​ចំនួន​រវាង​បារាំង និង​អាល្លឺម៉ង់​កំពុង​បន្ត​ជាប់​គាំង ដូច​ជា​កម្មវិធី​យុទ្ធសាស្រ្ត​ក្នុង​ការ​ផលិត​អនាគត​យន្តហោះ​ចម្បាំង ការ​ផលិត​អនាគត​រថក្រោះ ឬ​កាំភ្លើង​ធំ​ជា​ដើម។ តែ​មាន​ចំណុច​មួយ​ដែល​ប៉ារីស និង​ប៊ែរឡាំង​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​រឿង​ថាមពល គឺ​អាល្លឺម៉ង់​ដែល​សម្បូរ​ភ្លើងអគ្គិសនី និង​ខ្វះ​ឧស្ម័ន​សុខចិត្ត​លក់​ភ្លើងអគ្គិសនី​ឲ្យ​បារាំង​ជា​ថ្នូរ​នឹង​បារាំង​លក់​ឧស្ម័ន​ឲ្យ​វិញ។

បារាំង និង​អាល្លឺម៉ង់​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រយោជន៍​អឺរ៉ុប​

ក្រៅ​តែ​ពី​ជា​ប្រទេស​សមាជិក​សហភាពអឺរ៉ុប​ដូច​គ្នា បារាំង និង​អាល្លឺម៉ង់​ក៏​ជា​ប្រទេស​ស្ថាបនិក និង​ក៏​ជា​មហាអំណាច​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប។ អាល្លឺម៉ង់ និង​បារាំង​ជា​ក្បាលម៉ាស៊ីន​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ទឹកមាត់​ប្រៃ​ជាង​គេ​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​តែង​ពុះពារ ខ្នះខ្នែង​គ្រប់​យ៉ាង​ដើម្បី​ប្រយោជន៍​រួម។ បារាំង និង​អាល្លឺម៉ង់​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ពី​ការ​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក និង​ការ​មាន​សាមគ្គី​គ្នា​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​សហភាព​អឺរ៉ុប​ទាំង​មូល។

ក្នុង​ថ្ងៃទី២០ តុលា​ថ្មីៗ​នេះ ពោល​ក្រោយ​ការ​លុប​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​រួម​រវាង​បារាំង និង​អាល្លឺម៉ង់ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​បញ្ជាក់ៗ​ថា ការ​ដាក់​អាល្លឺម៉ង់​ឲ្យ​នៅ​ឯកោ​មិនមែន​ជា​រឿង​ល្អ​សម្រាប់​អឺរ៉ុប និង​សម្រាប់​អាល្លឺម៉ង់​ខ្លួន​ឯង។ សុប​មក​វិញ បញ្ហា​មិនមែន​ផ្តោត​តែ​លើ​ទំនាក់ទំនង​ទ្វេភាគី​រវាង​បារាំង និង​អាល្លឺម៉ង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តោត​ផង​ដែរ​ពី​តួនាទី​របស់​ប្រទេស​ទាំង​ពីរ​នៅ​ផ្ទៃក្នុង​អឺរ៉ុប។ ប៉ារីស និង​ប៊ែរឡាំង​បាន​យល់​ឃើញ​ដូច​គ្នា​ថា ការ​បែកបាក់​គ្នា និង​ការ​បែកបាក់​នៅ​ផ្ទៃ​ក្នុង​អឺរ៉ុប​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ​ជា​ការ​ហុច​ដង​ដាវ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន។

ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​នៅ​ក្នុង​ជំនួប​ពេល​នេះ លោក​ម៉ាក្រុង និង​លោក​ស្ហុលស៍​ត្រូវ​លើក​យក​រឿង​ខ្វែង​គ្នា​ទាំង​អស់​ដាក់​លើ​តុ​ដើម្បី​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រង់​ទៅ ត្រង់​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ