អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាង​ជើង​បាញ់​មីស៊ីល​បី​បន្ថែម អាមេរិក​និងកូរ៉េខាង​ត្បូង​ប្រកាស​បន្ត​សមយុទ្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​តាន​តឹង​ក្នុង​តំបន់​ ឧបទ្វីប​កូរ៉េកំពុង​ស្គាល់​ភាព​តាន​តឹង​ដល់​កំពូល។ បន្ទាប់​ពី​បាន​បាញ់​មីស៊ីល​ដ៏​សន្ធឹក​សន្ធាប់​កាលពី​ម្សិលមិញ នៅថ្ងៃព្រហស្បតិ៍​ទី ៣​វិច្ឆិកា​នេះ ព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​បីគ្រាប់​ទៀត​ ក្នុង​នោះ​មួយគ្រាប់ទំនង​​ជា​មីស៊ីល​អន្តរទ្វីប​ផង ដែល​ជំរុញ​ឱ្យ​ជប៉ុនទាញ​សញ្ញា​អាសន្ន​​ទាំង​ព្រលឹម។ ប្រឈម​នឹង​ការ​ផ្គើន​មីស៊ីល​អត់​ឈប់​របស់​កូរ៉េខាង​ជើង សម្ព័ន្ធមិត្ត​អាមេរិក​ជប៉ុន​កូរ៉េខាង​ត្បូង បាន​ប្រកាស​បន្ត​សមយុទ្ធ​របស់​ខ្លួន​ជា​ច្រើន​ថ្ងៃ​ទៀត។

ទូរទស្សន៍​ជប៉ុន​ជូន​ព័ត៌មាន​ស្តីពី​ការបាញ់មីស៊ីល​ប៉ាលីស្ទិក​របស់​ព្យុងយ៉ាង
ទូរទស្សន៍​ជប៉ុន​ជូន​ព័ត៌មាន​ស្តីពី​ការបាញ់មីស៊ីល​ប៉ាលីស្ទិក​របស់​ព្យុងយ៉ាង AP - Shuji Kajiyama
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​ប្រកាសអាសន្នមីស៊ីល

ស្នូរស៊ីរ៉ែន ​បាន​រោទិ៍​ឡើង​ជា​លើក​ទីពីរ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅកោះ ​Ulleungdo​របស់កូរ៉េខាង​ត្បូងដែល​ស្ថិត​នៅ​ភាគ​ខាង​កើត ចម្ងាយ​១២០គីឡូម៉ែត្រ​ពី​ឧបទ្វីប​។ ចំណែកជប៉ុន​ក៏​បាន​ទាញ​សញ្ញា​អាសន្នដែរ។ ប្រព័ន្ធប្រកាស​​អាសន្ន​ J-Alert ​ដែល​ឱ្យ​សញ្ញា​នៅពេល​មាន​រញ្ជួយ​ដី រលកយក្សស៊ូណាមិ និង​នៅពេល​មាន​មីស៊ីល​គំរាម​ដែន​ដី​ជប៉ុន បាន​ដាស់​ពលរដ្ឋ​ជប៉ុន​នៅ នៅ​ដេប៉ាតឺម៉ង់  Miyagi, Yamagata et Niigata ភាគ​ឦសាន​ប្រទេស ព្រមទាំង​ក្រុង​តូក្យូ​ផង នៅវេលា​ម៉ោង​៨ព្រឹក ដោយ​ប្រកាសថា​ ទំនង​អាច​មាន​មីស៊ីលហោះ​កាត់​លើ​ប្រទេស​ជប៉ុន ឆ្ពោះ​ទៅ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក នៅ​វេលា​ ម៉ោង ៧​និង​៤៨​នាទី។ ប្រសិន​បើ​ពលរដ្ឋ​ឃើញ​អ្វី​គួរ​ឱ្យ​សង្ស័យ​ កុំ​ចូល​ជិត​ ហើយ​ត្រូវ​ទាក់​ទង​ទៅ​ប៉ូលិស​ឬ​ក្រុមសង្គ្រោះ​ភ្លាម។ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​រួសរាន់​អំពាវនាវ​ឱ្យ​ យន្តហោះ និង​នាវា ធានាការពារ​សុវត្ថិភាព  ត្រៀម​ប្រឈម​នឹងគ្រប់​ហេតុការណ៍​ដែល​កើត​ជា​យថាហេតុ​ណាមួយ​ ព្រម​ទាំង​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ជា​បន្ទាន់​ផង។

មីស៊ីល​អន្តរទ្វីប (ICBM)

ប៉ុន្តែ​ការ​​ប្រកាស​អាសន្ន មាន​រយៈ​ពេល​តែ​ប្រមាណ​តែ​​ជាង​១០នាទី​ប៉ុណ្ណោះ និង​ជា​ការ​ប្រកាស​អាសន្ន​ខ្យល់ ព្រោះ​បើ​តាម​យោធា​កូរ៉េខាង​ត្បូង មីស៊ីល​កូរ៉េខាង​ជើង​បាន​ធ្លាក់​មុន​​ទៅ​ដល់​ជប៉ុន។ កូរ៉េខាង​ជើង​បាន​បាញ់​មីស៊ីល​ ចំនួន​បី​គ្រាប់​ ៖ មួយ​គ្រាប់​ទំនង​ជា​មីស៊ីលបាលីស្ទិក​អន្តរទ្វីប(ICBM)  ដែល​មាន​កម្លាំង​អាច​ហោះ​រំលង​​លើ​ប្រទេស​ជប៉ុន​ ដល់​កោះ​ របស់​អាមេរិក​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិកផង។ ​ទំនង​ជា​បាន​បាញ់​ចេញ​ពី​តំបន់​ស៊ូណាន ក្បែរ​ក្រុង​ព្យុងយ៉ាង នៅ​ម៉ោង ៧ និង​៤០នាទី ការ​បាញ់​មីស៊ីល​អន្តរទ្វីប បាន​ទទួល​បរាជ័យ​ នៅ​ពេល​កាំជ្រួច​ផ្តាច់​ចេញ​ពី​គ្នា។ នេះ​បើ​តាម​ការ​លម្អិត​របស់​យោធា​កូរ៉េខាង​ត្បូង។ ពីរគ្រាប់ទៀត ជា​មីស៊ីល​បាលីស្ទិក​​រយៈ​ចម្ងាយ​ខ្លី​ ​​ដែល​បាញ់​ចេញ​ពី​មណ្ឌល​ Kaechon នៃ​ខេត្ត Pyongang ​ភាគ​ខាង​ត្បូង​ប្រទេស​នៅវេលា​ម៉ោង ៨​និង​៣៩នាទី។

ជា​សរុប​មីស៊ីល​ទាំង​បី​គ្រាប់ បាន​ធ្លាក់​នៅ​ភាគ​ខាង​កើត​នៃ​ឧបទ្វីប ក្នុង​សមុទ្ទ​ជប៉ុន​ទាំង​អស់​គ្នា។ បើ​តាម​យោធា​ជប៉ុន គ្រាប់មីស៊ីល​អន្តរទ្វីប​កូរ៉េខាង​ជើង​ បើ​ ​ជោគជ័យ​អាចបាញ់​​​ឡើង​ដល់​កម្ពស់​២ពាន់​គីឡូម៉ែត្រ ​បាន​ចម្ងាយ​ដល់​ទៅ​៧៥០គីឡូម៉ែត្រ និង​លឿន​ជាង​សំឡេង​ដល់​ទៅ​១៥​ដង។

​ជប៉ុនត្រៀម​​បំពាក់​មីស៊ីលអ៊ីពែរសូនិក

កាលពី​ថ្ងៃទី ៤ តុលា កូរ៉េខាង​ជើង​បានបាញ់​មី​ស៊ីល​​​ហោះ​រំលង​ជប៉ុន ម្តង​ និង​ជា​លើក​ទី​មួយគិត​ចាប់​តាំងពី​ឆ្នាំ​២០១៧មក​។ នៅ​ថ្ងៃ​នេះ ជប៉ុន​ប្រហោង​ពោះ​ម្តង​ទៀត។ ប្រឈមនឹងស្ថានការណ៍​បែប​នេះ លោក គីស្ហ៊ីដា បាន​​ចាត់​ទុក​ការ​បាញ់​មីស៊ីល​បន្ត​ឥតឈប់​របស់​ព្យុងយ៉ាង​ថា​ជា​ទង្វើ​មិន​អាច​អនុគ្រោះ​បាន​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បើ​តាម​សារព័ត៌មាន​សេដ្ឋកិច្ច​ Nikkei  ក្រសួងការពារ​ជាតិ​ជប៉ុន​ គ្រោង​នឹង​ដាក់​ពង្រាយ​មីស៊ីល​អ៊ីពែរសូនិក ការពារ​ប្រទេស​ពីពេល​នេះ​ដល់​ឆ្នាំ​២០៣០ ដើម្បី​ពង្រឹង​សមត្ថភាព​កម្លា​។ មីស៊ីលអ៊ីពែរសូនិក មានល្បឿន​លឿន​ជាង​កាំជ្រួច​Mach៥ ហើយ​មាន​សមត្ថភាព​បំផ្លាញ​ប្រព័ន្ធ​ការពារខែលមីស៊ីល​បាន​ដោយ​សារ​គេ​មិនអាច​ព្យាករ​ផ្លូវ​ហោះ​ហើរ​វា​បាន។

ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​យល់ថា ប្រឈម​នឹង​ភាពក្រឡាប់ចាក់​នៃ​ស្ថានភាពយុទ្ធសាស្ត្រ​បច្ចុប្បន្ន  សង្គ្រាម​អ៊ុយក្រែន ការ​បាញ់​មីស៊ីល​ជា​រដឹករបស់​កូរ៉េខាង​ជើង និង​សន្ទុះ​អំណាច​យោធា​ចិន ជប៉ុន​ក៏​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​យោធា​របស់ខ្លួន ហើយ​នឹង​ធ្វើ​វិសោធនកម្ម​​ ដើម្បី​សម្រេច​ទិសដៅ​នេះ នៅក្នុង​សៀវភៅ​ស​ស្តីពី​យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​ខ្លួន​នៅ​ដំណាច់​ឆ្នាំ។

​​ព្យុងយ៉ាង​អាច​នឹងសាកល្បង​នុយក្លេអ៊ែរ​ ជា​លើក​ទី​៧

ភ្នាក់ងារ​ចារកិច្ច​កូរ៉េខាងត្បូង គិត​ថា​ព្យុងយ៉ាង​អាច​នឹងធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​​ជា​លើក​ទី​ ៧ នៅ​មុន​ថ្ងៃ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក ថ្ងៃទី ៨​វិច្ឆិកា។ ការ​បាញ់​មីស៊ីល​ជា​បន្ត​បន្ទាប់​ជា​សញ្ញា​មួយអាច​​បញ្ជាក់បាន​ដែរ​​អំពី​ការ​ត្រៀម​លក្ខណៈ​បាញ់​នុយក្លេអ៊ែរ​។

តែ​ម្យ៉ាង​វិញ​ទៀត​នោះ​ ទោះ​បី​មាន​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​គ្មាន ក៏​ភាព​តាន​តឹង ​ក្នុង​ឧបទ្វីប​កូរ៉េ ទំនង​ជា​មិន​ងាយ​នឹង​បាន​ស្រាក​ស្រាន​ដែរ។ ហេតុការណ៍​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អាច​ឆ្លុះ​ឱ្យ​ឃើញ​ជា​ថ្មី​ទៀត អំពី​ភាព​ប្រឈម​បង្ក​ឱ្យ​ភាគី​កូរ៉េទាំង​សង​ខាង។

កូរ៉េខាង​ជើង បានដំឡើង​ការ​គំរាម​មួយ​កំរិត​ទៀត ដោយ​​បាញ់​មីស៊ីលបាលីស្ទិក​​​​អន្តរទ្វីប។ ​បរាជ័យមែន ប៉ុន្តែ​បើបូក​នឹង​ការ​បាញ់​មីស៊ីល​ពី​ម្សិល​ទៅ ជា​សរុប​ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ដល់​ទៅ ២៦​គ្រាប់ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ។ ហើយកាលពី​សម័យ​កូរ៉េខាង​ជើង​ដឹកនាំ​ដោយ​លោក គីម ជុងអ៊ីល​ជា​ឪពុក ​ព្យុងយ៉ាងបាន​បាញ់​ តែ​១៣​គ្រាប់​ប៉ុណ្ណោះ ក្នុង​រយៈពេល​១៥​ឆ្នាំ។

ចំណែក​ខាង​សេអ៊ូល វ៉ាស៊ីនតោន និង​តូក្យូ​វិញ ក៏​មិនងាយ​​ថយ។ ដើម្បី​ឆ្លើយ​តប​នឹង​ការ​បាញ់​មីស៊ីល​ដ៏​ប្រសាច​ពី​សំណាក់​កូរ៉េខាង​ជើង កូរ៉េខាង​ត្បូង​ និង​អាមេរិក​នឹង​បន្ត​​បន្ថែមពេលវេលា​ធ្វើសម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់​ខ្លួន​ទៀត។ ​សមយុទ្ធ​ Vigilant Storm ដែលប្រមូល​ផ្តុំ​​យន្តហោះ​ចម្បាំង​និង​យន្តហោះ​ប្រយុទ្ធ​ដល់​ទៅ​២៤០គ្រឿង ត្រូវ​បាន​ព្យុងយ៉ាង​ចោទ​ជា​ការ​ហាត់​សម​របៀប​ចូលវាយលុក​លើ​កូរ៉េខា​ងជើង ទើប​កូរ៉េខាង​ជើង​សង​សឹក​វិញ​តាម​រយៈ​ការ​បាញ់​មីស៊ីល។

កូរ៉េ​ទាំងពីរ​​ធ្លាប់​ថ្លោះ​ថ្លោយ​ផ្ទុះ​​អាវុធ​ដាក់​គ្នា​ដែរ​ឬទេ ?

ថ្ងៃ​ពុធ​ទី ២​វិច្ឆិកា ជា​លើក​ទី​មួយ គិត​ចាប់​តាំងពី​សង្គ្រាម​កូរ៉េ ១៩៥០-៥៣មក ដែល​មានមីស៊ីលកូរ៉េខាង​ជើង​ បាន​ធ្លាក់​នៅ​ចម្ងាយ​តែ​៦០គីឡូម៉ែត្រ​ពី​ឆ្នេរ​កូរ៉េខាង​ត្បូង ក្នុង​ដែន​ទឹក​អន្តរជាតិ ជាប់​ព្រំដែន​ទឹក​រវាង​ប្រទេស​ទាំងពីរ។

ព្រំប្រទល់​ដែន​ទឹក​អន្តរកូរ៉េ ធ្លាប់​ជា​សមរភូមិ​ប្រឈម​អាវុធ​ដាក់​គ្នា​យ៉ាង​សាហាវ​ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​មក​នេះ។ នៅ​ឆ្នាំ​១៩៩៩ ទ័ព​ល្បាត​កូរ៉េខាង​ជើង បាន​បើកឆ្លង ​គំនូស​ព្រំដែន​ទឹក ​ប្រមាណ​១០គីឡូម៉ែត្រ​ពី​ ហើយ​ព្រមចេញ​ទៅ​វិញ បន្ទាប់​ពី​ការ​បាញ់​តប​ត​គ្នា​ជាមួយ​កូរ៉េខាង​ត្បូង បណ្តាល​ឱ្យ​ស្លាប់​ជីវិត​ជន​កូរ៉េខាង​ជើង​ជា​ច្រើន​នាក់។ នៅ​ឆ្នាំ​២០១០ ខែ​វិច្ឆិកា ព្យុងយ៉ាង​បាន​ទម្លាក់​គ្រាប់​លើ​កោះ យ៉ុងព្យុន ក្បែរ​បន្ទាត់​ព្រំដែន  បណ្តាល​ឱ្យ​ស្លាប់​កូរ៉េខាង​ត្បូង​បួន​នាក់ និង​បំផុសការ​ព្រួយ​បារម្ភ​មិន​តិច​ទេ ខ្លាច​រាល​ដាល​ទៅ​ជា​ជម្លោះ​ធំ។ ​

សង្គ្រាម​កូរ៉េ​​ឆ្នាំ​១៩៥០-១៩៥៣ ​បាន​បិទ​បញ្ចប់​សង្គ្រាម​ទៅ​ដោយ​ការ​​​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ មិនមែន​ដោយ​ចុះ កិច្ចព្រមព្រៀង​សន្តិភាព​ទេ។ ដូច្នេះ ជា​ផ្លូវការ កូរ៉េទាំងពីរ​នៅមាន​សង្គ្រាម​នឹង​គ្នា​នៅឡើយ។ ហើយ​ដើម្បី​បញ្ចៀស​ភាពប្រឈម​ដោយ​ចៃដន្យ អង្គការ​សហប្រជាជាតិ ដឹកនាំដោយ​សហរដ្ឋ​អាមេរិក​បាន​កំណត់​គូស​ព្រំដែន ​ទឹក​ និង​ដីគោក។ ប៉ុន្តែ​ព្យុងយ៉ាង​មិន​ទទួលស្គាល់​បន្ទាត់​ព្រំដែន​នេះ​ទេ ព្រោះ យល់​ជា​ការ​រៀប​ចំ​ឡើង​ជា​ឯកតោភាគី ដោយ​កម្លាំង​អង្គការ​សហប្រជាជាតិ។ កូរ៉េខាង​ជើង ទទួល​ស្គាល់តែ​ ​បន្ទាត់​ព្រំដែន ចាប់​ពី​តំបន់​​គ្មាន​កង​ទ័ព​ (តំបន់​ស) ដែល​នៅ​ខា​ងត្បូង​​គំនូស​ព្រំដែន​។ ជាមួយ​នឹង​សមត្ថភាព​នុយក្លេអ៊ែរ កូរ៉េខាង​ជើងអាច​នឹង​លែង​ទទួល​ស្គាល់ បន្ទាត់​​ព្រំដែន​និង​តំបន់​គ្មាន​កងទ័ព​ផង។ នេះ​បើ​តាម​អ្នក​ជំនាញ​មួយ​ចំនួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ