អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ជំនះធ្វើ​ទស្សនកិច្ច​ដ៏ចម្រូងចម្រាស​នៅ​ប្រទេស​ចិន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​ចិន លោកប្រធានាធិបតី ស៊ី ជីនពីង​បាន​ទទួល​រាក់ទាក់ អធិការបតី​អាល្លឺម៉ង់​លោក អូឡាហ្វ ស្ហុល៍ ដែល​ត្រូវធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល ១ថ្ងៃ នៅទីក្រុង​ប៉េកាំង នៅថ្ងៃ​សុក្រទី ៤​វិច្ឆិកានេះ។ អមដំណើរ​ដោយ​គណៈប្រតិភូអាល្លឺម៉ង់ ប្រមាណ ៦០នាក់ ដែលភាគច្រើន​ជា​អ្នកជំនួញ ប្រធានក្រុមហ៊ុន​ផលិតរថយន្ត​អាល្លឺម៉ង់ លោកនាយករដ្ឋមន្រ្តី អូឡាហ្វ ស្ហុល៍ ធ្វើដំណើរ​ទៅ​ជួប​ប្រមុខដឹកនាំ​ចិន ក្នុង​បំណង​ពង្រឹង​សហប្រតិបត្តិ​សេដ្ឋកិច្ចរវាងអាល្លឺម៉ង់ ដែលជាក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់អឺរ៉ុប និង​ចិនដែលជាមហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទី២។ យ៉ាងណាក៏ដោយ ទស្សនកិច្ច​រយៈពេល​ដ៏ខ្លី របស់​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ទីក្រុង​ប៉េកាំង មិនត្រូវ​បាន​គេ​មើលឃើញ​ក្នុង​ផ្លូវល្អ​ទេ ទាំង​នៅក្នុងចំណោម​មតិ​អាល្លឺម៉ង់ និង​អឺរ៉ុប។

លោក​អូឡាហ្វ ស្ហុល៍ជានាយករដ្ឋមន្រ្តីប្រទេស​លោកខាងលិច ​លើកដំបូងគេ​ដែល​ធ្វើ​ទស្សនកិច្ច​ ទៅជួប​លោក​ប្រធានាធិបតី​ស៊ី ជីនពីង នៅទីក្រុង​ប៉េកាំង។ ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​នៅប៉េកាំង នៅថ្ងៃទី ៤​វិច្ឆិកា ២០២២
លោក​អូឡាហ្វ ស្ហុល៍ជានាយករដ្ឋមន្រ្តីប្រទេស​លោកខាងលិច ​លើកដំបូងគេ​ដែល​ធ្វើ​ទស្សនកិច្ច​ ទៅជួប​លោក​ប្រធានាធិបតី​ស៊ី ជីនពីង នៅទីក្រុង​ប៉េកាំង។ ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​នៅប៉េកាំង នៅថ្ងៃទី ៤​វិច្ឆិកា ២០២២ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

អធិការបតី​អាល្លឺម៉ង់ លោក​អូឡាហ្វ ស្ហុល៍ បានធ្វើដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង នៅថ្ងៃ​សុក្រនេះ​ដើម្បីបំពេញ​ទស្សនកិច្ច​រយៈពេល​តែមួយថ្ងៃ​គត់ នៅប្រទេស​ចិន។ មុននឹង​បើកជំនួបទ្វេភាគី ជាមួយ​នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ ត្រូវ​បានលោកស៊ី ជីនពីង ទទួល​ស្វាគម នៅ​វិមាន​ប្រធានាធិបតី។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ដើម្បី​ព្យាយាម រឹតចំណង​ជាមួយ​ចិន ដែល​ជា​មហាអំណាច សេដ្ឋកិច្ច​ពិភពលោក។

នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​កំពុង​បំពេញ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​នៅទីក្រុង​ប៉េកាំង ព្រោះថា ទស្សនកិច្ច​របស់​លោក​ធ្វើឡើង​នៅក្នុង​បរិបទ​មួយ ដែល​ប្រទេស​លោកខាងលិច កំពុងតានតឹង​ រិះគន់​របបផ្តាច់ការ​ចិន នៅក្នុងរឿង​គំរាមកំហែង​កោះតៃវ៉ាន់ ការរំលោភ​សិទ្ធិមនុស្ស​នៅ ស៊ីនជាំង និង​ការនៅស្ងៀម មិនថ្កោលទោស​របស់​ប៉េកាំង ទៅលើ​រុស្ស៊ី ដែល​កំពុង​ធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

តាមការវាយតម្លៃរបស់​អ្នកជំនាញ​នយោបាយ​អាល្លឺម៉ង់ លោក​នាយករដ្ឋមន្រ្តី​អូឡាហ្វ ស្ហុល៍​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង ទៅជួបផ្ទាល់ លោក​ប្រធានាធិបតី​លោក​ស៊ី ជីនពីង ក្នុង​រយៈពេល​ខ្លី តែ​មួយថ្ងៃ​មែន ប៉ុន្តែ វាមាន​អត្ថន័យជ្រៅ ដែល​អាច​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត ដូចជា​សហភាពអឺរ៉ុប និង​អាមេរិក បាត់បង់​ជំនឿ​ទុកចិត្ត​លើ​អាល្លឺម៉ង់។

នៅ​ក្នុង​ប្រទេស​វិញ ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ទៅប៉េកាំង​លើកនេះ ក៏ស្ថិត​ក្នុង​ក្រសែភ្នែក​រិះគន់​ខ្លាំង​ផងដែរ មិនថា​ពីខាង​គណបក្ស​ប្រឆាំង ឬ​គណបក្សដែលចូលរួមក្នុង​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​អូឡាហ្វ ស្ហុល៍។ សូម្បី​រដ្ឋមន្រ្តីការបរទេស​អាល្លឺម៉ង់ផ្ទាល់ ដែល​ធ្វើការ​ក្នុង​ជួររដ្ឋាភិបាល​របស់​លោក​អូឡាហ្វ ស្ហុល៍ ក៏មិនគាំទ្រ ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្ហុល៍​នៅប្រទេស​ចិនដែរ។

នៅប៉ុន្មានថ្ងៃ​មុន​ការចេញដំណើរ​របស់​លោក​អូឡាហ្វ ស្ហុល៍ ទៅប៉េកាំង លោកស្រី​រដ្ឋមន្រ្តី ការបរទេស Annalena Baerbock បាន​ព្រមានកុំ​ឲ្យ​អាល្លឺម៉ង់​ដើរជាន់ដានចាស់ នៅពេល​សេដ្ឋកិច្ច​របស់អាល្លឺម៉ង់​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រភពថាមពល​រុស្ស៊ី។

គណបក្ស​នយោបាយ​អាល្លឺម៉ង់ បារម្ភខ្លាច​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកអូឡាហ្វ ស្ហុល៍​ទៅ​ជួប​ប្រធានាធិបតី​ចិន នៅ​ប៉េកាំង លើកនេះ នឹង​ធ្វើ​ឲ្យ​អាល្លឺម៉ង់​បាត់បង់​ឯករាជ្យភាព ផ្នែក​សេដ្ឋកិច្ច ធ្លាក់ចុះ​ក្នុង​អន្ទាក់ ដោយ​ត្រូវ​ពឹងផ្អែក​លើ​ចិន បន្ទាប់ពីព្យាយាម​ដកខ្លួន​ចេញពីរុស្ស៊ី។ ប្រជាជន​អាល្លឺម៉ង់មាន​ហេតុផលដែល​ត្រូវ​ភ័យបារម្ភ​ពីរឿងនេះ ព្រោះថា កាលពីមួយ​សប្តាហ៍មុននេះ លោក​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ទើបជំនះ​នឹង​មតិប្រឆាំង​របស់​រដ្ឋមន្រ្តី​របស់​លោក​៦រូប ដោយបើកភ្លើងខៀវ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​រដ្ឋចិន ឈ្មោះ Cosco ចូល​ទិញ កាន់កាប់​ភាគហ៊ុន​ចំនួន ២៥% (៣៥%ការចង់បាន​ដំបូង​របស់ក្រុមហ៊ុនចិន) ​របស់​កំពង់ផែដ៏សំខាន់​របស់​អាល្លឺម៉ង់ នៅ​Hambourg។ ទាំង​ប្រធាន​ចារកម្ម និង​រដ្ឋមន្រ្តី​អាល្លឺម៉ង់ បានព្រមាន​ពី​បញ្ហា​សន្តិសុខជាតិ និង​គ្រោះថ្នាក់ទៅលើ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​អាល្លឺម៉ង់ បើសិន​គេ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនបរទេស​មានសិទ្ធិ​ចូលកាន់កាប់​ភាគហ៊ុន កំពង់ផែអាល្លឺម៉ង់។ ប៉ុន្តែ លោកស្ហុល៍​មិនបាន​ស្តាប់លឺ ការទាមទារ ទទូចសុំ​របស់​រដ្ឋមន្រ្តី និង​ប្រញាប់បើកភ្លើងខៀវ ឲ្យ​ក្រុមហ៊ុន​ចិន ចូល​មានភាគហ៊ុន​នៅកំពង់ផែ​Hambourg ដើម្បីជា​អំណោយ កាដូ សម្រាប់​ប្រធានាធិបតី​ចិន នៅពេល​លោក​ធ្វើដំណើរ​ទៅប៉េកាំង​នៅសុក្រ។

ហេតុអ្វី លោក​អូឡាហ្វ ស្ហុល៍​នៅតែ​ជំនះ ធ្វើ​ទស្សនកិច្ច ទៅជួប​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង នៅទីក្រុង​ប៉េកាំង?

នៅមុន​ធ្វើដំណើរទស្សនកិច្ច នៅ​ប៉េកាំង លោក​អូឡាហ្វ ស្ហុល៍​ផ្ទាល់​ធ្លាប់​ទទួល​ស្គាល់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ចម្រូងចម្រាស រងការរិះគន់ ប៉ុន្តែ លោក​បាន​ព្យាយាម​ឲ្យ​គេយល់ថា លោក​ធ្វើដូច្នេះ គឺ​ដើម្បី​ការពារ​ម៉ូឌែល សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់ ដោយ​ពិភាក្សា​ដោយ​បើកចំហរ​ជាមួយ​សមភាគីចិន​ពី សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទាំងពីរ​ ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងប្រាក់បំណុលរបស់​ប្រទេស។  បើតាម​លោកនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ចិន​សព្វថ្ងៃ​មិនដូច​ចិន​កាលពី ៥ ឬ​១០​ឆ្នាំ​មុនទេ។ បើសិន​ចិន ផ្លាស់ប្តូរ ដូច្នេះ ទំនាក់ទំនង​អាល្លឺម៉ង់​ជាមួយ​ចិន ក៏ត្រូវផ្លាស់ប្តូរដែរ។ សម្រាប់​លោកនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ គេ​មិនអាច​កាត់ផ្តាច់ ដោះដៃ​ពីចិន​ទាំងស្រុង​នោះទេ ប៉ុន្តែ គេ​អាច​កាត់បន្ថយ ការពឹងផ្អែក​ទៅលើ​ចិន ដោយមើលទៅលើ​ស្ថានការណ៍​ជាក់ស្តែង និង​សមរម្យ។

តាម​ប្រព័ន្ធផ្សព្វផ្សាយ​ចិនCCTV នៅក្នុង​ជំនួបជាមួយ​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ប្រធានាធិបតីចិន​លោក ស៊ី ជីនពីង​បាន​និយាយ​ថា ក្នុងនាមជាប្រទេស​ដ៏ធំដែលមាន​ឥទ្ធិពលខ្លាំងដូចគ្នា ចិន និង​អាល្លឺម៉ង់​គួរចាប់ដៃធ្វើការជាមួយ​គ្នា នៅក្នុង​បរិបទដែលកំពុងមានការផ្លាស់ប្តូរ​នៅក្នុងពិភពលោកយ៉ាងដូច្នេះ ដើម្បីសន្តិភាពនៅក្នុងពិភពលោក។

ជំហរ​ងាកទៅរក​ចិន របស់​លោក​អូឡាហ្វ ស្ហុល៍ បានទទួលការគាំទ្រ​ពីក្រុមហ៊ុន អ្នកជំនួញអាល្លឺម៉ង់ ដែល​ពេលនេះកំពុងភ័យបារម្ភ​ពីសេដ្ឋកិច្ច​ដើរថយក្រោយរបស់​អាល្លឺម៉ង់ ដោយសារ​តែវិបត្តិថាមពលឡើងថ្លៃ បង្កឡើង​ដោយ​សង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។  ចាប់តាំងពី​ងាកចេញ ពីថាមពល​រុស្ស៊ី និង​ស្តារ​ប្រយោជន៍​សេដ្ឋកិច្ច រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​សម្រុកយុទ្ធនាការទូត ជាមួយ​ប្រទេស​ផ្គត់ផ្គង់​ថាមពល និង​នៅបណ្តាប្រទេស​អាស៊ី ដូចជា​ជប៉ុន និង​ចិន។ ចិន​ជា​ដៃ​គូពាណិជ្ជកម្ម​ធំជាងគេ​របស់​អាល្លឺម៉ង់ ព្រោះថា ចិន​មិនត្រឹមជា​ទីផ្សារ​របស់​គ្រឿងមេកានិក រថយន្ត​អាល្លឺម៉ង់ ប៉ុន្តែ ក្រុមហ៊ុន​អាល្លឺម៉ង់​ជា​ច្រើន​កំពុង​បោះទុនវិនិយោគរកផលចំណេញក្រាសក្រែល នៅ​ប្រទេស ចិន។

ម្យ៉ាង ដោយ​ធ្វើដំណើរ​ទៅ​ជួបប្រធានាធិបតី​ចិនដោយផ្ទាល់​នៅពេលនេះ លោក​អូឡាហ្វ ស្ហុល៍ និយាយ​ថា លោក​ចង់​ស្វែងយល់​ថា តើ​នៅមានផ្លូវ សហការស្មើភាពគ្នា​​ជាមួយចិន​ឬទេ ព្រោះថា រហូតមក អាល្លឺម៉ង់ នៅតែមិន​សប្បាយចិត្ត​នឹង​ចិន ក្នុង​រឿងគោរព​កម្មសិទ្ធិបញ្ញា ការធ្វើជំនួញចាញ់ប្រៀប​ក្រុមហ៊ុន​ចិន ដែលទទួល​ការឧបត្ថម្ភពីរដ្ឋ។

ចិន​ទទួល​បាន​ប្រយោជន៍​ពី​ទស្សនកិច្ច​និមិត្តរូប​របស់​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់

ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ នៅ ទីក្រុងប៉េកាំង​នឹង​មិនផ្តល់​លទ្ធផល​សេដ្ឋកិច្ច​ជាក់ស្តែង សម្រាប់​ចិន​នោះទេ។ ប៉ុន្តែ ទស្សនកិច្ច​របស់​លោក​ស្ហុល៍ ដែលជា​មេដឹកនាំ​បរទេស និង​ជា​ប្រទេស​សមាជិក​របស់​G7លើកនេះ ជា​ទស្សនកិច្ច​និមិត្តរូប ដែល​បាន​បញ្ជាក់​ពី​ការទទួលស្គាល់ ជា​អន្តរជាតិ និង ផ្តល់​ភាពស្របច្បាប់​ដល់​អំណាចដឹកនាំរបស់​លោក​ស៊ី ជីនពីង ដែល​ទើប​ត្រូវ​បាន​បក្សកុម្មុយនិស្តបោះឆ្នោត ផ្តល់សិទ្ធិ​ឲ្យ​ដឹកនាំ​ប្រទេស​អាណត្តិទី​៣។

ដោយ​ទទួល​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់  នៅ​១២​ថ្ងៃ​ក្រោយ​ ត្រូវ​បាន​សមាជបក្ស​កុម្មុយនិស្តបោះឆ្នោត​គាំទ្រ​ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​ចិន លោកស៊ី ជីនពីង​ចង់បញ្ជាក់ដែរថា ចិន​ក្រោម​ការដឹកនាំ​របស់​លោក មិន​ឯកោ ដូច ការដាក់សម្ពាធ​របស់​អាមេរិក។

ដោយមិន​ចង់​ឲ្យគេ​ចោទប្រកាន់​លោក​ថា ចាញ់ប្រៀប​ចរចា​ជាមួយមេដឹកនាំ​ចិន លោកនាយករដ្ឋមន្រ្តី អាល្លឺម៉ង់​បាននិយាយ​ថា លោកនឹង​លើកយក​ចំណុច​ខ្វែងគំនិតគ្នា រវាង​ចិន និង​អាល្លឺម៉ង់ ដូចជា​រឿងសិទ្ធិមនុស្ស និង​បញ្ហាសង្រ្គាមអ៊ុយក្រែន ទៅ​និយាយ ជាមួយមេដឹកនាំចិន។

នៅក្នុងសន្និសីទកាសែត នៅក្រោយជំនួបជាមួយ​នាយករដ្ឋមន្រ្តី​ចិន លោក​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អូឡាហ្វ ស្ហុល៍​បាន​និយាយថា លោក​បាន​ទាមទារ​ឲ្យ​ចិន ដាក់សម្ពាធ​លើ​រុស្ស៊ី ដែលកំពុង​ធ្វើ​សង្រ្គាម សម្លាប់​មនុស្ស​នៅ​ប្រទេស​អ៊ុយក្រែន។

ប៉ុន្តែ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន បាននិយាយកាត់ខ្លី​នៅថ្ងៃ​នេះថា ដោយសារតែ​ពេលវេលា​ខ្លី មេដឹកនាំ​ទាំងពីរ​មិន​បាន​និយាយច្រើន​ពី​សំណុំរឿង​អ៊ុយក្រែន។ ម្យ៉ាង ប៉េកាំង​ប្រឆាំង​ដាច់ខាត ការលូកដៃ​របស់​បរទេស​ក្នុងកិច្ចការផ្ទៃក្នុង​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ