អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

COP27៖ ពិភពលោក​​​ជួបគ្នា​ រកវិធី​ទប់​ស្កាត់​​វិនាសកម្ម​អាកាសធាតុ ដែល​កាន់តែ​ធ្ងន់ធ្ងរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទអាកាសធាតុ COP27 ដែលធ្វើនៅ​ទីក្រុងមាត់សមុទ្រ Charm el-Cheikh ប្រទេសអេហ្ស៊ីប​ បាន​ចាប់ផ្តើម​បើកទ្វារ​ កាលពីថ្ងៃអាទិត្យ​ទី​៦វិច្ឆិកា​ ​។ ថ្ងៃចន្ទ​នេះ គឺជាថ្ងៃចាប់ផ្តើមនៃ​ការ​ថ្លែងសុន្ទរកថា​ របស់ថ្នាក់ដឹកនាំប្រទេសទាំងអស់ មុននឹង​ឈានទៅដល់​ការ​ប្រជុំជជែកពិភាក្សាគ្នា លើ​ចំណុចសំខាន់ៗជាច្រើន ក្នុងសំណុំរឿងអាកាសធាតុនេះ។ យោងតាម​របាយការណ៍​ជំនាញ សីតុណ្ហភាព​របស់​ផែនដីយើង​ បាន​កើនឡើងកំដៅយ៉ាងរហ័ស នាប្រមាណ​១០ឆ្នាំចុងក្រោយ​នេះ ខណៈដែល​ការប្រឹងប្រែងក្នុងការកាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ នៅ​មិន​ទាន់គ្រប់​គ្រាន់ទាល់តែសោះ​។ ផែនដីឡើងកំដៅ បាន​ធ្វើឲ្យ​ប្រែប្រួល​ក្រឡាប់ចាក់ទាំងស្រុង ​ដល់​ប្រព័ន្ធ​អាកាសធាតុ និង​បានបង្ក​ឲ្យ​មាន​វិនាសកម្ម​គ្រោះធម្មជាតិកាចសាហាវ កាន់តែខ្លាំងឡើង។

លោក​ប្រធានាធិបតី​អាហ្ស៊ីប Abdel Fattah El-Sisi និង​លោក​Antonio Guterres ឈរថតរូបជុំគ្នា ជាមួយថ្នាក់ដឹកនាំ ដែលមកចូលរូម​សន្និសីទអាកាសធាតុ COP27។ Sharm el-Sheikh ថ្ងៃទី​៧ វិច្ឆិកា ២០២២
លោក​ប្រធានាធិបតី​អាហ្ស៊ីប Abdel Fattah El-Sisi និង​លោក​Antonio Guterres ឈរថតរូបជុំគ្នា ជាមួយថ្នាក់ដឹកនាំ ដែលមកចូលរូម​សន្និសីទអាកាសធាតុ COP27។ Sharm el-Sheikh ថ្ងៃទី​៧ វិច្ឆិកា ២០២២ AP - Nariman El-Mofty
ផ្សាយពាណិជ្ជកម្ម

គ្មានវត្តមានលោក​ស៊ី ជីនពីង

វត្តមាន​របស់​ក្រុមប្រទេសធំៗ ដែលជាមហាអំណាចសេដ្ឋកិច្ច បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ច្រើនជាងគេនោះ គឺត្រូវគេរំពឹងរងចាំខ្លាំងណាស់ ព្រោះវាបញ្ជាក់ អំពី​ការយកចិត្តទុកដាក់ ក៏ដូចជាការចូលរួមរបស់​ប្រទេសទាំងនោះ នៅក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។ វិបត្តិអាកាសធាតុ ​គឺជាបញ្ហាសកលដែលបណ្តាល​មកពីការ​កើនឡើងកំដៅផែនដី​ កំដីផែនដីនេះ​​មួយផ្នែកធំ គឺប្រទេសឧស្សាហកម្ម​នាំមុខ ​ជាអ្នកបង្កឡើង រី​ឯ​​អ្នករងគ្រោះ គឺប្រជាជននៅតាមប្រទេសក្រីក្រ។

ថ្ងៃទី​៧ និង ទី​៨វិច្ឆិកានេះ គឺជារយៈពេល ដែល​ថ្នាក់ដឹកនាំប្រទេសទាំងអស់ ប្រមាណ​១២០ប្រទេស ត្រូវ​ផ្លាស់វេនគ្នា ឡើងថ្លែងសុន្ទរកថា បង្ហាញអំពី​ការសន្យាចូលរួមដោះស្រាយ​វិបត្តិអាកាសធាតុ។ បន្ទាប់​មកទៀត គឺជាវេទិកាប្រជុំជជែកគ្នា​រយៈពេល២សប្តាហ៍​ រវាង​ភាគីពាក់ព័ន្ធ អ្នកជំនាញគ្រប់វិស័យទាំងអស់ ដើម្បី​ដោះដូរគំនិតគ្នា រកដំណោះស្រាយ​ធ្វើយ៉ាងណា ឈានទៅស្រោចស្រង់ផែនដីយើង ពីមហន្តរាយ​អាកាសធាតុ​។

មនុស្សយ៉ាងហោចណាស់ ៤ម៉ឺននាក់ ដែលមានវត្តមានក្នុង​សន្និសីទCOP27នេះ។ តែផ្ទុយទៅវិញ លោក​ប្រធានាធិបតី​ចិន ស៊ីន ជីនពីង គ្មានវត្តមាន​ក្នុងកម្មវិធីនេះ។ ក្នុងនាមចិន ជា​ប្រទេសបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ធំជាងគេបង្អស់ប្រហាក់ប្រហែលនឹងសហករដ្ឋអាមេរិក គឺ​វាជារឿងគួរ​ឲ្យខកចិត្តខ្លាំងណាស់ ដែល​លោក​ប្រធានាធិបតី​ចិន មិន​មកចូលរួមបែបនេះ។​ វាសបញ្ជាក់ថា សម្រាប់ពេលនេះ ចិនមានគោលនយោបាយ​ដឹកនាំ ផ្តល់អាទិភាព​ទទៅ​បញ្ហាផ្សេងទៀត ជាក់ស្តែងបញ្ហាផ្ទៃក្នុង សេដ្ឋកិច្ចដែល​ចុះទន់ខ្សោយ​ជាដើម ចំណែក​រឿងអាកាសធាតុសកល ត្រូវគេធីបទុកមួយឡែកសិន​។

ដូចគ្នាដែរ លោក​ ប្រធានាធិបតី​អាមេរិក ចូ បៃដិន ក៏គ្មានវត្តមាននៅថ្ងៃនេះដែរ។ តាមការគ្រោងទុក លោក​នឹងអញ្ជើញមកទាល់តែថ្ងៃ​១១វិច្ឆិការឯណោះ ដោយសារតែជាប់រវល់​នឹងកិច្ចការបោះឆ្នោតពាក់កណ្តាល​អាណត្តិ នៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាល​អាមេរិក ក៏​ហាក់ដូចជា​បង្ហាញ​ការ​ដកឃ្លា ពីបញ្ហាអាកាសធាតុណាស់ដែរ ដោយសារតែត្រូវ​ដោះស្រាយ​វិបត្តិផ្ទៃក្នុងច្រើនជំពូក ដែលចោទឡើងខ្លាំង​ណាស់​ ទាំងសង្គម និ​ងសេដ្ឋកិច្ច។

ក្នុងចំណោម​ថ្នាក់​ដឹកនាំប្រទេសមហាអំណាចធំៗ គឺមានតែលោក​ម៉ាក្រុង ប្រធានាធិបតីបារាំង លោកអូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ និង​លោក​ រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស ដែលមានវត្តមានចូលរួម។ មេដឹកនាំ​​ប្រទេសសេដ្ឋកិច្ច​នាំមុខG20ផ្សេងទៀត ដូចជាកាណាដា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ប្រេស៊ីល មិចស៊ិក អាហ្សង់ទីន ជាដើម មិនមកចូលរួមទេ គឺបញ្ជូន​តែគណៈប្រតិភូ​តូចតាចមកចូលរួម​ប៉ុណ្ណោះ។

“គ្មានវិបត្តិណា ដែលមានផលវិបាកធ្ងន់ធ្ងរ​​ជាសកលដូចវិបត្តិអាកាសធាតុ”

នៅក្នុងសុន្ទរកថាស្វាគមន៍ របស់​លោក Simon Stiell ប្រេសិទពិសេសទទួលបន្ទុក​កិច្ចការអាកាសធាតុនៃអង្គការសហ​ប្រជាជាតិ លោកបាន​លើកឡើងថា វិបត្តិទាំងអស់សុទ្ធតែជារឿងចាំបាច់ត្រូវដោះស្រាយ តែគ្មានវិបត្តិណា ដែលមាន​ផល​វិបាកជា​សកល និងធ្ងន់ធ្ងរ ដូចវិបត្តិអាកាធាតុនេះទេ។ ឆ្នាំ​២០២២នេះ ជាឆ្នាំនៃការបំបែក​​​ឯកត្តកម្ម​ទាក់ទិននឹង​គ្រោះហន្តរាយធម្មជាតិ​។ គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ សីតុណ្ហភាពក្តៅ​ខ្លាំង​ ជាដើម។ល។ កាន់តែធ្ងន់ធ្ងរ ក្នុងរយៈពេល​យូរ និង​មាន​ភាព​ផ្លាស់ប្តូរ​កាន់តែរហ័ស ធ្វើ​ឲ្យ​មនុស្សយើងមិនអាចសម្របទាន់។ នៅក្នុងសារវីដេអូ ដែលត្រូវគេចាក់ផ្សាយ​ក្នុង​ឱកាសបើកទ្វារសន្និសីទCOP27  កាលពីថ្ងៃម្សិលមិញនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងរន្ធាន់ថា ផែនដីយើង​កំពុងតែ​ បញ្ចេញ​សញ្ញាអាសន្ន​ហើយ ចូរយើងជាមនុស្សដែលរស់នៅលើវានេះ ត្រូវប្រញ៉ាប់រួសរាន់រកដំណោះស្រាយ​ជាបន្ទាន់។

លោក Simon Stiell ក៏បានលើកឡើងដែរថា ប្រទេសទាំងអស់ ប្រឹងប្រែងមិនទាន់គ្រប់គ្រាន់ទេ នៅខ្វះឆ្ងាយ​ណាស់។ យោងតាម​ការសន្និដ្ឋានបណ្តោះអាសន្ន របស់អង្គការ​ឧតុនិយមពិភពលោក ចន្លោះពីឆ្នាំ​២០១៥ ដល់​២០២២ គឺសីតុណ្ហភាពផែនដីយើងក្តៅខ្លាំងជាងពេលមុនៗ។ កំណើនសីតុណ្ហភាពផែនដី បាន​ឡើងចំនួន​១,១៤°c ក្នុងរវាង៨ឆ្នាំចុងក្រោយនេះ បើប្រៀបធៀបទៅសីតុណ្ហភាពមធ្យម ក្នុងសម័យ​បុរេឧស្សាហកម្ម​។​

ដោយឡែកកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ ដែល​បានចុះហត្ថលេខានៅ​COP21 គឺពិភពលោក​យើងបានសន្យាគ្នាធ្វើយ៉ាងណាទប់ សីតុណ្ហភាពផែនដីកុំឲ្យ​ឡើងលើសពី​២°c នៅ​ដំណាច់សតវស្សទី​២១នេះ។ ក៏ប៉ុន្តែយោងតាមតួលេខវិទ្យាសាស្ត្រចុងក្រោយនេះ បានបញ្ជាក់ថា ពិភពលោក​យើង​មិនអាចសម្រេចគោលដៅនេះបានទេ។ ផ្ទុយទៅវិញក្រុមអ្នកជំនាញអះអាងថា បើធ្វើដូចតែរាល់ថ្ងៃនេះ គឺផែនដីយើង នឹងឡើងកំដៅ ដល់ទៅ​២,៨°c ឯណោះ​។​

ហេតុដូច្នេះហើយ បានជាគេបានដាក់ក្តីសង្ឃឹមខ្លាំងណាស់ លើសន្និសីទCOP27 នាពេលនេះ ថាពិភពលោក ជាពិសេសប្រទេសធំៗ នឹងប្រកាសសន្យាប្រឹងប្រែងឲ្យ​បាន​ខ្លាំងបន្ថែមទៀត ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលជាប្រភព​នៃការកើនឡើងកំដៅផែនដី​។

ក្មេងស្រីអាហ្វហ្កានីស្ថានឈរផ្លុំដៃដែលចុកស្រពន់ ដោយសារសីតុណ្ហភាពត្រជាក់ខ្លាំង​ និង​ដោយ​ការយួរប៊ីដុងទឹកធ្ងន់ៗ មកពីទីឆ្ងាយ​។ តំបន់ Balucha អាហ្វហ្កានីស្ថាន ថ្ងៃទី ១៤ ធ្នូ ២០២១
ក្មេងស្រីអាហ្វហ្កានីស្ថានឈរផ្លុំដៃដែលចុកស្រពន់ ដោយសារសីតុណ្ហភាពត្រជាក់ខ្លាំង​ និង​ដោយ​ការយួរប៊ីដុងទឹកធ្ងន់ៗ មកពីទីឆ្ងាយ​។ តំបន់ Balucha អាហ្វហ្កានីស្ថាន ថ្ងៃទី ១៤ ធ្នូ ២០២១ AP - Mstyslav Chernov

ថវិកាប៉ះប៉ូវការខូចខាត ពុះចែកក្រុមប្រទេសអ្នកមាន និង​ក្រុមប្រទេសក្រីក្រ​

បញ្ហា​ប្រមូលថវិកា ជួយ​ប្រទេសក្រីក្រ ដែលប្រឈម និង​រងគ្រោះខ្លាំងដោយ​វិបត្តិអាកាសធាតុនោះ ក៏ជាសំណុំរឿងមួយចំាំបាច់ណាស់ដែរ។ ជាមួយនឹងវិបត្តិសេដ្ឋកិច្ច ដែលកំពុងតែធ្វើបាបពិភពលោកនាពេលបច្ចុប្បន្ននេះ គេប្រហែលជាគ្មានសង្ឃឹមទេ ថាប្រទេសអ្នកមាន នឹងសន្យាជួយឧបត្ថម្ភដល់ប្រទេសក្រីក្រ ដើម្បីដោះស្រាយ​វិបត្តិអាកាសធាតុនោះ។ ក្នុង​អំឡុងពេលវិបត្តិសេដ្ឋកិច្ច ម្នាក់ៗត្រូវគិតពីឆ្នាំងបាយរៀងៗខ្លួនសិនហើយ។ តែយ៉ាងណា លោក​ម៉ាក្រុង​ប្រធានាធិបតី​បារាំង បានបញ្ជាក់នៅព្រឹកនេះថា លោក​នឹងព្យាយាម ធ្វើយ៉ាងណា និយាយដាក់សម្ពាធ​ ឲ្យ​ក្រុមប្រទេសអ្នកមាន ប្រទេសឧស្សាហកម្ម ដែលបញ្ចេញ​ឧស្ម័នពុលច្រើនជាងគេនោះ ត្រូវចូលរួមចំណាយ ជួយ​ប្រទេសក្រីក្រ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ បានកំណត់ខ្លឹមសារគ្រិះ ដោយ​ផ្អែក​លើគោលការណ៍ធំ២ គឺទីមួយ ការកាត់បន្ថយការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ ហើយទី២ គឺការជួយ​ប្រទេសដែលប្រឈម ឲ្យ​អាចសម្របខ្លួនទល់នឹង​ផលវិបាកទាំងឡាយ ​ដែលបង្កឡើងដោយ​វិបត្តិអាកាសធាតុ ព្រមទាំងកំណត់ទិសដៅថ្មី​ក្នុងអភិវឌ្ឍន៍ ដោយមិនបញ្ចេញឧស្មន័​កាបូនិក។​ ចំណុចទី២នេះ គឺគេបានផ្អែកទៅលើ​ការចាត់វិធានការធ្វើយ៉ាងណា បញ្ចៀសកុំឲ្យ​មាន​ការខាតបង់ និងការហិនហោចទាំងឡាយ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច​ ដែលបណ្តាលមកពី​បម្រែបម្រួលអាកាសធាតុ។

ត្រង់នេះហើយ ដែលជាសញ្ញាណនៃ​ការ​សងថ្លៃខូចខាត ពីសំណាក់ក្រុមប្រទេស​អ្នកមាន ​ដែល​បញ្ចេញឧស្ម័នកាបូនិកច្រើន​ ទៅឲ្យប្រទេសអ្នកក្រ។​ ប្រទេសដែលប្រឈមនឹង​វិបត្តិទាំងនេះ គេបានចងក្រងគ្នាជាក្រុម ដែលមាន​៥៨ប្រទេស។ យោងតាមការសន្និដ្ឋាន ក្នុងរយៈពេល​២០ឆ្នាំមកនេះ សេដ្ឋកិច្ចរបស់​ប្រទេសទាំងនេះបានខាតបង់​ ដល់ទៅ​៥២៥ពាន់លានដុល្លារ ក្នុង​មួយឆ្នាំ ដោយសារតែវិបត្តិ​អាកាសធាតុ។ ហើយយោងតាមតួលេខសន្និដ្ឋានថ្មីមួយទៀត របស់​ Grantham Institute នៃ London School of Economics គឺនៅរវាង​ឆ្នាំ​២០៣០ កម្រិតខាតបង់សេដ្ឋកិ​ច្ចដោយ​សារតែវិបត្តិអាកាធាតុ ​នឹងមានចន្លោះពី ២៩០ពាន់លាន ទៅ ៥៨០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ហើយនៅឆ្នាំ​២០៥០ កម្រិតនេះនឹងកើន ខ្ទង់ ១០០០ពាន់លាន ទៅ១៨០០ពាន់លានក្នុងមួយឆ្នាំ។

សួរថាតើបានថវិកាឯណាមកចំណាយ​ប៉ះប៉ូវ ? សម្រាប់ពេលនេះ ត្រឹមតែ​​ថវិកា១០០ពាន់លានដុល្លារ ដែល​ក្រុមប្រទេសអ្នកមានបានសន្យានោះ គឺគេប្រមូលបានត្រឹមតែ៨៣ពាន់លានទេ។ ក្រុមប្រទេសក្រីក្រ ដែលប្រឈមនឹងការខាតបង់ទាំងនេះ បានទាមទារ​ឲ្យ​បង្កើតយន្តការហិរញ្ញវត្ថុថ្មីមួយ ដើម្បី​បញ្ចេញថវិកាមកជួយប្រទេសពួកគេ។ តែ ក្រុម​ប្រទេសអ្នកមានបានអះអាងថា ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ​​ វាស្មុគស្មាញខ្លាំងណាស់ទៅហើយ ដូច្នេះមិនចាំបាច់បង្កើតយន្តការពិសេសមួយ​ថ្មីណាមកទៀតទេ។ ការបង្កើតយន្តការហិរញ្ញវត្ថុពិសេស សំដៅ​ប៉ះប៉ូវសំណងខូចខាតនេះ គឺវាហាក់មានន័យ ដូចជាបង្កើតយន្តការកាតព្វកិច្ចទទួលខុសត្រូវ របស់​ប្រទេសអ្នកមាន ដែលត្រូវតែសងការខូចខាតទៅប្រទេសអ្នកក្រ។ រហូតមកទល់ពេលនេះ ការជជែកគ្នា មិនទាន់មានលទ្ធផល ឬកំណត់ចេញជាយន្តការជាក់ច្បាស់ទេ។ បើទោះបីក្រុមប្រទេសប្រឈមខ្លាំង នាំគ្នាស្រែកតវ៉ា ថាត្រូវតែដោះស្រាយ​ឲ្យ​បានឆាប់ តែក្រុមប្រទេសអ្នកមានវិញ​បានអះអាងថា ត្រូវតែបន្តការជជែកគ្នាដល់ឆ្នាំ​​២០២៤​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ