អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុ​អ្វី​រុស្ស៊ី ប្រកាស​ដកថយ​​ចេញ​ពី​ក្រុងយុទ្ធសាស្ត្រ​​Kherson ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទង់​ជាតិ​រុស្ស៊ីដែល​បក់​រវិចៗ​​នៅ​តំបន់​ឃែរសុន​តាំងពី៨ខែ​មក បាន​ទម្លាក់​ចុះ​ពី​ទង់​វិញ​ហើយ​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍​ទី ១០ វិច្ឆិកា​នេះ។ នេះ​បើ​តាម​រូបភាព​បង្ហោះ​ក្នុង​ប្លុក​រុស្ស៊ី​មួយ​ ​ដែល​មាន​សិទ្ធិ​ថតសកម្មភាព​របស់​រុស្ស៊ី​ នៅភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។ ការ​ដក​ទ័ព​ចេញ​នេះ​ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​មេដឹកនាំ​ជាន់​ខ្ពស់​យោធា​អាមេរិក​ប្រកាស​ថា​ចំនួន​ទាហាន​រុស្ស៊ី​និង​អ៊ុយក្រែន​បាត់​បង់​ជីវិតអស់​ប្រហាក់ប្រហែល​គ្នា​​នៅក្នុង​សង្គ្រាម និង​​បង្ហាញ​ក្តីសង្ឃឹម​ថា​នឹង​អាច​បិទ​បញ្ចប់​សង្គ្រាម​ដោយ​ការ​ចរចា។ ប៉ុន្តែ​លោក​ប្រធានាធិបតី​រុស្ស៊ី  វ្លាដេមៀ ពូទីន បន្ត​ស្ថិត​ក្នុង​ភាព​ឯកា​ដដែល។ លោក​បាន​ប្រកាស​​មិន​ធ្វើ​ដំណើរ​ទៅ​ចូល​ជំនួប​កំពូល​ហ្សេ​២០ តាម​ការ​អញ្ជើញ​របស់​ឥណ្ឌូណេស៊ីទេ។

រុស្ស៊ី​បន្ត​បាញ់​ផ្លោង​លើ​ទាហាន​អ៊ុយក្រែន លើ​សមរភូមិKheson ដដែល ថ្ងៃទី ៩ វិច្ឆិកា ២០២២
រុស្ស៊ី​បន្ត​បាញ់​ផ្លោង​លើ​ទាហាន​អ៊ុយក្រែន លើ​សមរភូមិKheson ដដែល ថ្ងៃទី ៩ វិច្ឆិកា ២០២២ © REUTERS/Viacheslav Ratynskyi
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​បានត្រៀម​លក្ខណៈ​ដក​ថយ​យូរ​ក្រែល​ដែរ​​ហើយ ដោយ​បាន​​ជម្លៀស​ជា​បឋម​សម្ភារៈ​បរិក្ខាយោធា និង​កម្ទេច​រចនា​សម្ព័ន្ធផ្សេងៗ ព្រមទាំង​បាន​ជម្លៀស​ប្រជាជន​ស៊ីវិល​ជា​ច្រើនទៀត កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​ឥលូវដល់​វេន ជម្លៀស​ទាហាន​​​ម្តង។

មូលហេតុ​នៃ​ការ​ដក​ទ័ព ត្រូវ​បាន​ភាគី​រុស្ស៊ី​បញ្ជាក់​ដោយ​ផ្ទាល់​រួច​ ថា​គ្មាន​ប្រយោជន៍​អ្វី​ត្រូវ​បន្ត​នៅ​ក្នុង​ក្រុង​ឃែរសុន ដែល​ស្ថិត​នៅត្រើយ​ខាង​លិច​នៃ​ទន្លេ Dniepr ទេ។ រុស្ស៊ី​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់ គឺ​ត្រូវ​ជម្លៀស​ទាហានចេញ​ពី​កន្លែង​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ខូច​ខាត និង​បាត់​បង់​ជីវិត​ច្រើន​។ សម្រាប់​យោធា​រុស្ស៊ី និង​បើ​យោល​ទៅ​ទីតាំង​ភូមិសាស្ត្រ​ បើ​ថយ​ទ័ព​ទៅ​ឈរ​ជើង​នៅ​ត្រើយ​ខាង​ទន្លេ​ Dniepr ស្រួល​តតាំង​និង​ការពារ​ខ្លួន​ជាង ប្រយុទ្ធ​ដោយ​ឈរ​បែរខ្នង​ដាក់​ទន្លេ ដែល​ថយ​​តែបន្តិច​ត្រូវ​ធ្លាក់​ទឹក។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ កង​កម្លាំង​អ៊ុយក្រែន ដោយ​មាន​ជំនួយ​អាវុធ​ទំនើបៗ​ពីសម្ព័ន្ធមិត្ត​​បស្ចិម​លោក បាន​​វាយ​យ៉ាង​សន្ធាប់​លើ​តំបន់​ឃែរសុន បែប​ចង់​ព័ទ្ធ​ខ្ទប់​រុស្ស៊ី​ទល់​នឹង​ទន្លេ​ផង និង​វាយ​ដៅ​ផ្តាច់​​បណ្តាញ​ផ្គត់ផ្គង់​ស្បៀង​អាវុធ​របស់​រុស្ស៊ីទៀត។ អ៊ុយក្រែន​បាន​បន្ត​ជំនួយ​ពី​ក្រុម​ប្រទេស​លោក​ខាងលិច​ដោយ​រដឹក។ ម្សិលមិញ​គណៈកម្មការ​អឺរ៉ុប​ស្នើ​ប្រទេស​ជា​សមាជិក​ទាំង​២៧​ឱ្យ​ព្រម​ផ្តល់​ជំនួយក្នុង​ទម្រង់​ជា​ប្រាក់​កម្ចី​​​១៨ពាន់​លាន​អឺរ៉ូ សម្រាប់​ឆ្នាំ​២០២៣។

​​​ទាហាន​​អ៊ុយក្រែនកាន់​តែមាន​ប្រៀប​ ?

ឃែរសុន គឺ​ជា​ក្រុង​របស់​តំបន់​ដែល​មាន​ឈ្មោះ​ថា​ឃែរសុន​ដូចគ្នា និង​ជា​ក្រុង​ធំ​តែ​មួយ​គត់​ដែល​រុស្ស៊ីប្រើ​កម្លាំង​​វាយ​ដណ្តើម​យក​បាន​ តាំងពី​ផ្តើម​បើក​ប្រតិបត្តិការ​យោធា​លើ​អ៊ុយក្រែន​ នៅថ្ងៃទី ២៤ កុម្ភៈ​២០២២មក។ រុស្ស៊ី​ចង់​បាន​តំបន់​នេះ ព្រោះ​ជា​ទីតាំង​ប្រកប​ទៅ​​ដោយយុទ្ធសាស្ត្រ ជា​ផ្លូវ​ត្រង់​ដ៏​សំខាន់​បំផុត​សម្រាប់​ភ្ជាប់​ទៅ​​តំបន់​​គ្រីមេ។ ​ឃែរសុន​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ផ្នែក​ទាំង​បួន ដែល​រុស្ស៊ី​បាន​ប្រកាស​ជា​ឯកតោភាគី​ភ្ជាប់​មក​ធ្វើ​ជា​ទឹក​ដី​របស់​ខ្លួន កាលពី​ថ្ងៃទី ៣០​កញ្ញា ដោយស​ន្យា​ថា​នឹងប្រើគ្រប់​មធ្យោបាយ និង​កម្លាំងការពារ​ដែនដីនេះ។

ប៉ុន្តែ​នយោបាយ​របស់​ក្រេមឡាំង​​ ត្រូវ​ប្រឈម​នឹង​ការ​ពិត​ជាក់​ស្តែង​លើ​សមរភូមិ ដែល​​ទាហាន​លែង​មានទឹក​ចិត្ត​នឹង​ប្រយុទ្ធ។ រុស្ស៊ីបាន​ដាក់​ទាហាន​នៅ​ឃែរសុន ចំនួន​​ប្រមាណ​ពី ២​ទៅ​បី​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់ បំពាក់​ដោយ​​អាវុធធុន​​ធ្ងន់ទៀត​។ តែ​ថ្មីៗ​នេះ​ មាន​ការ​ប្តូរ​ផ្លាស់​ដក​ចេញ​ដាក់​ចូល​ទាហាន​មួយ​ចំនួន យក​ទៅទប់​ទល់​នៅ​​សមរភូមិ​ផ្សេង។ អ៊ីចឹង​គេ​ពិត​អាច​សន្មត់​បាន​ថា​ ការ​ដក​ថយ​នៃ​ គឺ ដើម្បី​ការពារ​ខ្លួន។ ត្រូវ​តែ​ដក​ថយសិន ដើម្បី​កុំ​ឱ្យ​បរាជ័យ​ទាន់។ គ្រាន់​តែថា​​បើ​ដក​ថយ​ទៅ​ត្រើយ​ម្ខាង​​ទន្លេ​ហើយ​វា​ពិត​ជា​ពិបាក​ឆ្លង​មកយក​​ឈ្នះ​វិញណាស់ ព្រោះ​កាលពី​ផ្តើម​ប្រតិបត្តិការ​ រុស្ស៊ី​ធ្លាប់​ចង់​ដណ្តើម​ក្រុងផ្សេងៗ​ទៀតដែរ​ តែ​មិន​អាចសម្រេច​បំណង​ នៅ​ពេល​ត្រូវ​វាយ​ឆ្លង​ទន្លេ​។

ដូច្នេះ​ទន្ទឹម​គ្នា​ គេពិត​ជា​​អាច​និយាយ​បាន​ថា នេះ​ជា​ជោគជ័យ​របស់​អ៊ុយក្រែន ដែល​កងទ័ព​មាន​សមត្ថភាព​ខ្ពស់​ជាងហើយ​មាន​ចំនួន​ច្រើន​ទៀត ដណ្តើម​បាន​ក្រុង​ការកីវ ហើយ​កំពុង​ឈាន​ទៅ​ដណ្តើម​បាន​ក្រុង​ឃែរសុន​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ទៀត។

តែទាហាន​អ៊ុយក្រែន​ទំនង​ជា​ត្រូវ​ការពេល​​ពីរ​បីសប្តាហ៍​ទៀត​ ទើប​អាច​ដណ្តើម​គ្រប់គ្រង​តំបន់ និង​ចូល​ទៅ​ដល់​ក្រុង​​ឃែរសុន​នេះ​បាន​ ព្រោះ​រុស្ស៊ី​ច្បាស់​ជា​ត្រៀម​លក្ខណៈ ពង្រាយ​ជាតិ​ផ្ទុះ គ្រាប់​មីន ដើម្បី​ពន្យឺត​និង​សម្លាប់​កម្លាំង​របស់​សត្រូវ​ជាក់​ជា​មិន​ខាន។

ស្លាប់​និង​របួស​ម្ខាងៗ មួយសែន​នាក់​

ស្រប​ពេល​ជាមួយ​គ្នា​នេះ ឧត្តមសេនីយ៍​ Mark Milley អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​យោធា​អាមេរិក​បាន​ ព្រមាន​ថា រុស្ស៊ី​ក៏​ដូច​ជា​អ៊ុយក្រែន ទំនង​ជា​មិន​អាច​​ឈ្នះចាញ់​គ្នា​ដោយ​ប្រើ​កម្លាំង​យោធា​បាន​ទេ។ ថ្វីបើ​ខាង​រុស្ស៊ី មាន​ទាហាន ជាង​១សែន​នាក់​បាន​ស្លាប់​និង​របួស នៅ​ខាង​អ៊ុយក្រែន ក៏ទំនង​ជាមាន​ការ​​បាត់​បង់​ប្រហាក់ប្រហែល​គ្នាដែរ។ តួលេខ​ផ្តល់​ដោយ​ឧត្តមសេនីយ៍​Milley មិន​អាច​ផ្ទៀង​ផ្ទាល់​ដោយ​ឯករាជ្យ​បាន​ទេ ប៉ុន្តែ​ជា​តុល្យការ​ដែល​ប្រាកដ​ជាង​គេ​ផ្តល់​ដោយ​ក្រុង​វ៉ាស៊ីនតោន។

សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ គ្មាន​ទេ​​ជោគជ័យ​ដោយ​ប្រើ​កម្លាំង​យោធា មិនថា​សម្រាប់​រុស្ស៊ី ឬ​អ៊ុយក្រែនឡើយ គឺ​មាន​តែការ​​ចរចា​ទេ​ទើប​អាច​បញ្ចប់​សង្គ្រាម​បាន​។ លោក​ថា​មានពន្លឺ​នៃ​ការ​​ចាប់ផ្តើម​ចរចា។

លោកពូទីនមិន​ទៅ​ហ្សេ២០

ប៉ុន្តែ​សម្រាប់​ពេល​នេះ លោក​ប្រធានាធិបតី​ពូទីន នៅ​តែ​ឯកា​ខ្លាំង​ដដែល។ បន្ទាប់​ពី​​ស្រពិចស្រពិល​អស់​ជា​ច្រើនខែ នៅថ្ងៃ​នេះ រុស្ស៊ី​បាន​បញ្ជាក់​ថា​ លោកពូទីន ​មិន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ជំនួប​កំពូល​ហ្សេ​២០ នៅ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី ១៥-១៦​វិច្ឆិកាសប្តាហ៍​ក្រោយ​ទេ។ រុស្ស៊ី​សុំ​​បញ្ជូន​តំណាង​ត្រឹម​លោក​រដ្ឋមន្ត្រីការបរទេស​សែកហ្គៃ ឡាវ្រូស។ ​លោកឡាវ្រូស ធ្លាប់​ដើរ​ចេញ​កណ្តាល​ប្រជុំ​ម្តង​ហើយ​កាលពី​ខែកក្កដា ក្នុង​ឱកាស​ជំនួប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេសហ្សេ២០។ បើតាមប្រភព​ឥណ្ឌូណេស៊ី លោកពូទីន​អាចនឹងធ្វើ​អន្តរាគមន៍​​តាម​វីដេអូខុនហ្វេរិន ដូច​លោក​ប្រធានាធិបតី​ហ្សេឡេនស្គី ដែល​ទទួល​ការ​អញ្ជើញ​ក្នុង​នាម​ជា​ភ្ញៀវ។

ចំណែក​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ដែល​ធ្លាប់​បាន​ចាត់​ទុក​លោកពូទីន ជាច្រើន​ដង ថា​ជា​ឧក្រិដ្ឋជន ក៏​ធ្លាប់​បាន​បង្ហាញ​ឆន្ទៈ​មិន​ចង់​ជួប​សន្ទនាជាមួយ​ប្រធានាធិបតី​រុស្ស៊ី នៅក្នុង​ជំនួប​ហ្សេ​២០នេះ​ទេ។ លើក​លែង​តែ​ប្រធានាធិបតី​បារាំង​ម្នាក់​ប៉ុណ្ណោះ ដែល​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​លោក​ពូទីន និង​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ដាក់​លោក​ពូទីន​ឱ្យ​នៅឯកា។

ជំនួប​កំពូល​ហ្សេ​២០​នៅក្រុង​បាលី នឹង​មាន​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​១៧​ចូល​រួម ក្នុង​នោះ​មាន​​លោក​ស៊ីជីនពីង និងលោក​ចូបៃដិនផង។ ជា​ការ​ជួប​ជុំ​ដ៏​សំខាន់​បំផុត​ក្រោយ​សម័យ​កូវីដ ប៉ុន្តែ​វា​ប្រព្រឹត្ត​ក្នុង​បរិបទ​ពហុវិបត្តិ សង្គ្រាមអ៊ុយក្រែនផង វិបត្តិ​សេដ្ឋកិច្ច​បង្ក​ឡើង​អតិផរណាខ្លាំង​ផង និង​វិបត្តិ​បង្ក​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ