អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបតិ្ត​ជនភៀសខ្លួន​តាមទូក កំពុង​​ចោទ​ជាថ្មី​មក​លើ​អឺរ៉ុប និង​​​ទំនាក់ទំនង បារាំង-អ៊ីតាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិជនភៀសខ្លួនក្នុងសមុទ្រម៉េឌីទែរ៉ាណេ កំពុងតែធ្វើឲ្យ​មានសង្គ្រាម​ពាក្យសំដី ឈ្លោះប្រកែកគ្នា រវាងរដ្ឋាភិបាល​បារាំង និ​ងអ៊ីតាលី។ អស់រយៈពេល​ប្រមាណ​៣សប្តាហ៍ ដែល​នាវា Ocean Viking សង្គ្រោះ​ជនភៀសខ្លួន​ បាន​អណ្តែតតែលតោលក្នុងសមុទ្រ ជាមួយ​នឹង​ជនភៀសខ្លួន​ចំនួន​ជាង​២៣០នាក់។ អ៊ីតាលីបាន​បដិសេធមិន​ឲ្យ​នាវានេះចូលចត​។ ទីបំផុត​ រដ្ឋាភិបាល​បារាំងបាន​សុខចិត្ត​ឲ្យ​នាវានេះចូលចត ដាក់ជនភៀសខ្លួន​ឲ្យ​ឡើងគោក តែបារាំងបានចោទប្រកាន់ទៅអ៊ីតាលី ថាបានធ្វើរឿងអមនុស្សធម៌ ហើយ​ផ្ទុយនឹងវិធានច្បាប់សមុទ្រអន្តរជាតិ ព្រោះថា​នាវាស្ថិតនៅកៀកនឹងដែនដីអ៊ីតាលីជាងគេ​។

នាវា Ocean Viking របស់អង្គការ SOS Mediterranée ដែលដឹកជនអន្តោប្រវេសន៍​​២៣០នាក់ កំពុងចូលចតនៅកំពង់ផែទាហានបារាំង ក្រុងទូឡុង ថ្ងៃទី ១១ វិច្ឆិកា ២០២២
នាវា Ocean Viking របស់អង្គការ SOS Mediterranée ដែលដឹកជនអន្តោប្រវេសន៍​​២៣០នាក់ កំពុងចូលចតនៅកំពង់ផែទាហានបារាំង ក្រុងទូឡុង ថ្ងៃទី ១១ វិច្ឆិកា ២០២២ AP - Daniel Cole
ផ្សាយពាណិជ្ជកម្ម

សុំ​៤៣ដង តែអ៊ីតាលីប្រកែក

នាវា Ocean Viking របស់អង្គការមនុស្សធម៌ SOS Méditerranée បានចូលទៅដល់កំពង់ផែទាហានបារាំង នៅក្រុងទូឡុងហើយ នៅវេលាម៉ោង ៨និង៥០នាទីព្រឹកថ្ងៃសុក្រនេះ។ នាវាអង្គការមនុស្សធម៌នេះ បានស្រង់​ជនភៀសខ្លួន​ចំនួនសរុប ២៣៤នាក់ ក្នុងនោះមានកុមារ៥៧នាក់ ពីក្នុងសមុទ្រម៉េឌីទែរ៉ាណេ ហើយ​បានអណ្តែតតែល​តោលប្រមាណ​៣សប្តាហ៍ ដោយ​សារតែគ្មាន​ប្រទេសណាព្រមទទួលឲ្យចូលចត។

អង្គការ SOS Méditerranée បានបញ្ជាក់ថា ខ្លួន​បាន​សុំទៅអាជ្ញាធរអ៊ីតាលីចំនួន៤៣ដង ដើម្បីសុំចូលចត ទំលាក់ជនភៀសខ្លួន ដែលត្រូវការការសង្គ្រោះបន្ទាន់ ព្រោះកំពង់ផែអ៊ីតាលីនៅកៀកជាងគេ។ ដោយ​អ៊ីតាលី​បដិសេធម្តងហើយម្តងទៀត ទីបំផុតនាវានេះក៏បានបើកសំដៅ​មក​កាន់ដែនទឹកបារាំង។ ក្រោយ​អេះអុញស្ទាក់ស្ទើរជាច្រើនថ្ងៃ ទីបំផុតរដ្ឋាភិបាល​បារាំង បានសម្រេចកាលពីរសៀល​ម្សិលមិញ​ ឲ្យ​នាវានេះចូលចត។

បើតាមការបញ្ជាក់ពី​លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ជនអន្តោប្រវេសន៍​​ទាំង​២៣០នាក់ នឹង​ត្រូវយកឡើងគោក ដាក់ឲ្យ​សម្រាកក្នុងមណ្ឌល​រងចាំមួយ​​។ បន្ទាប់មកគេនឹងចាប់​ផ្តើម​ពិនិត្យ​សុខភាព ហើយ​និងពិនិត្យ​ឯកសារ​ករណី​ម្នាក់ម្តងៗ។ លោករដ្ឋមន្ត្រីបារាំងអះអាងថា បារាំងនឹងទទួល​យកជនអន្តោប្រវេសន៍​ចំនួន​១ភាគ៣ ដែលបំពេញគ្រប់លក្ខខណ្ឌទទួលបានសិទ្ធិជ្រកកោន ឧទាហរណ៍​ដូចជាអ្នកភៀសខ្លួន​មកពី​ប្រទេស​មាន​​សង្គ្រាមជាដើម​។​ ២ភាគ៣ទៀត នឹងត្រូវបែងចែកទៅតាមប្រទេស​អឺរ៉ុប៩ប្រទេសផ្សេងទៀត ដែលគេបាន​សុខចិត្តទទួល​យក ក្នុងនោះមានអាល្លឺម៉ង់ ដែលនឹងទទួលយកចំនួន​៨០នាក់។ ចំណែក​ជនអន្តោប្រវេសន៍ ដែលមិនបំពេញគ្រប់លក្ខខណ្ឌទទួលបានសិទ្ធិជ្រកកោន គឺអាជ្ញាធរបារាំង និង​រៀបចំនីតិវិធី បញ្ជូន​ទៅប្រទេសដើមវិញភ្លាម​។

អ៊ីតាលីចិត្តខ្មៅ​?

តំណាងរដ្ឋាភិបាល​អ៊ីតាលី និងបារាំង បាន​បន្តផ្លោង​ពាក្យសំដីចោទប្រកាន់គ្នាខ្លាំងណាស់ ប្រមាណ​២ថ្ងៃមកនេះ។ ខាងបារាំង ទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាំង​អ្នកនាំពាក្យរដ្ឋាភិបាល បាន​​ចោទ​រដ្ឋាភិបាល​ថ្មីអ៊ីតាលី ដែលដឹកនាំដោយលោកស្រី ចរចា ម៉េឡូនី ថាគ្មានធម៌មេត្តា ចិត្តខ្មៅណាស់​ បដិសេធមិនឲ្យនាវាដឹកជនភៀសខ្លួនចូលចត។ រដ្ឋាភិបាល​បារាំងអះអាងថា ធម្មតា​គឺអ៊ីតាលីទេ​ ដែលឆ្នេរស្ថិតនៅកៀកនឹងនាវានោះ ដែលត្រូវមានកាតព្វកិច្ច​ឲ្យនាវា​ចូលចត​។ តែអ៊ីតាលីបានធ្វើរឿងអមនុស្សធម៌ និងគ្មានការទទួលខុសត្រូវ រុញនាវានេះឲ្យ​គ្មានជម្រើស មកសុំចូលចតនៅបារាំង​វិញ។ ជាវិធាន​ការឆ្លើយតប នឹងទង្វើអមនុស្សធម៌របស់រដ្ឋាភិបាលអ៊ីតាលីនេះ ភាគីបារាំង បានចេញបញ្ជា ពង្រាយកម្លាំងនគរបាល បង្កើនការត្រូតពិនិត្យ​នៅ​តាមច្រកព្រំដែន​ជាមួយអ៊ីតាលី​។

ដោយឡែកពីអ៊ីតាលីវិញ គេបាន​ឆ្លើយតបថា ប្រតិកម្មរបស់ភាគីបារាំងនេះ ដូចជាជ្រុលហួសហេតុពេកហើយ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃអ៊ីតាលី បាន​បរិហាតបមកវិញថា បារាំងចោទអ៊ីតាលីថាចិត្តខ្មៅ អមនុស្សធម៌ តែបារាំងប្រហែលភ្លេចហើយ ថាគិតពីដើមឆ្នាំនេះមក អ៊ីតាលីបានទទួលជនអន្តោប្រវេសន៍ចំនួន ៩ម៉ឺននាក់ហើយ។ ជាច្រើនឆ្នាំមកហើយ ដែលអ៊ីតាលី ទទួលរ៉ាប់រងបញ្ហានេះតែម្នាក់ឯង។

តាមពិតទៅ បញ្ហារុញទំលាក់ការទទួលខុសត្រូវឲ្យគ្នាទៅវិញទៅមក រវាងបារាំងនិងអ៊ីតាលី មិនមែនទើបតែកើតឡើងលើកនេះទេ។ កាលពីឆ្នាំ​២០១៨ នាវា Aquarius របស់អង្គការមនុស្សធម៌មួយទៀត ដឹកជនភៀសខ្លួន​ប្រមាណ​​៦០០នាក់ ក៏ជួបបញ្ហស្រដៀងគ្នាហ្នឹងដែរ។ អ៊ីតាលីបដិសេធមិនទទួល បារាំងក៏មិនទទួល។ ទីបំផុត អេស្ប៉ាញ​បានយល់ព្រមទទួល។ យើងឃើញថា បញ្ហានេះ​វាកើតឡើងច្រំដែល ច្រើនដងហើយ ដោយ​ប្រទេសនីមួយព្យាយាមរកវិធីការពារខ្លួន មិនចង់ទទួលយកជនអន្តោប្រវេសន៍​មកបន្ថែមទៀត។

ក្រុមអ្នកនយោបាយស្តាំនិយមជ្រុល​បារាំង​ បាន​លើកឡើងថា បើ​ចេះតែទទួលយក​ គឺនាវាទាំងនោះនឹងនាំជនអន្តោប្រវេសន៍​មករហូត ទប់មិនឈ្នះទេ។ ហើយអ្នកខ្លះទៀតបានចោទអង្គការមនុស្សធម៌ ដែលស្រង់មនុស្សពីក្នុងសមុទ្រនោះ ថាជាអ្នកចូលរួមជួយជំរុញឲ្យ​ជនអន្តោប្រវេសន៍ឆ្លងទូកមកកាន់តែច្រើនថែមទៀត ព្រោះអាងថាមានគេចាំជួយស្រង់​ឡើងនាវាធំៗ ដឹកទៅដល់ផែ​ប្រទេសអឺរ៉ុបតែម្តង។​

ចំណុចចំហ​ផ្នែកគតិយុទ្ធ​

យោងតាម​អង្គការសមុទ្រអន្តរជាតិជាតិ ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិ គឺ​តាមពិតទៅច្បាប់អន្តរជាតិមិនបានកំណត់ថា ប្រទេសណាស្ថិតនៅកៀកជាងគេ ត្រូវតែមានកាតព្វកិច្ចទទួលនាវាសង្គ្រោះមនុស្សនោះទេ។ គេគ្រាន់តែកំណត់ថា នាវាសង្គ្រោះអាចចូលចតនៅទីកន្លែងមួយ ដែល “មានសុវត្ថិភាព” ផុតគ្រោះថ្នាក់​។

ទាក់ទិននឹងការសង្គ្រោះមនុស្ស​ក្នុងសមុទ្រនេះ មានអត្ថបទច្បាប់ និងសន្ធិសញ្ញាច្រើន ដែល​គេអាចបកស្រាយ​ បន្ថែមលើគ្នា ហើយពេលខ្លះក៏អាចមានខ្លឹមសារផ្ទុយគ្នាខ្លះដែរ។ យើងត្រូវដឹងថា អត្ថបទច្បាប់ទាំងនេះ ត្រូវបាន​តាក់តែងឡើង តាំងពីទសវត្សឆ្នាំ ៧០ - ៨០ ដូច្នេះ មិនមែនក្នុងបរិបទដើម្បី​ចាត់ចែងដោះស្រាយ​ បញ្ហាអន្តោប្រវេសន៍​រាប់ពាន់រាប់ម៉ឺននាក់ ដូចករណីបច្ចុប្បន្ននេះទេ។ ហើយដូច្នេះហើយ បានជាបញ្ហានេះ វាបង្កើតឲ្យ​មាន​ ចំណុចចំហផ្នែកគតិយុទ្ធ ដែលម្នាក់ៗអាចបកស្រាយ ដើម្បី​ការពារខ្លួន​។

ជាការពិត ប្រទេសស្ថិតនៅជួរមុខគេ ក្នុងសមុទ្រម៉េឌីទែរ៉ាណេ ដែលមានដូចជា អ៊ីតាលី ក្រិក ម៉ាល់ត៍ ជាដើម គឺជាអ្នកទទួលរ៉ាប់រងបញ្ហាច្រើនណាស់ កន្លងមកនេះ ទាក់ទិននឹងបញ្ហាអន្តោប្រវេសន៍ឆ្លងទូកមកតាមសមុទ្រនេះ។ ចង់មិនចង់ ប្រទេសទាំងនេះស្ថិតនៅកៀកជាងគេ ដែល​ជនអន្តោប្រវេសន៍ឆ្លងទូកមកដល់។ សង្គ្រាម ជីវភាពក្រីក្រ ជាដើម​បានរុញច្រានមនុស្សឲ្យ​ភៀសខ្លួនមកអឺរ៉ុបកាន់តែច្រើន។ ពីមួយឆ្នាំទៅមួយឆ្នាំ ជនអន្តោប្រវេសន៍ មកពីអាហ្វ្រិក មកពីដំបន់ដើម​បូព៌ា និងអាស៊ីខាងត្បូងផង បាន​ផ្សងគ្រោះថ្នាក់ ជិះទូកឆ្លងសមុទ្រទៅកាន់អឺរ៉ុបកាន់តែច្រើន​។​ វាជា​បញ្ហាវិបត្តិ ដែលអឺរ៉ុប​នៅតែមិនទាន់មានយន្តការជាក់ច្បាស់ ដើម្បីដោះស្រាយ​។ យោងតាម​អង្គការជនភៀសខ្លួនអន្តរជាតិ គិតពីដើមឆ្នាំមក មានជនអន្តោប្រវេសន៍ស្លាប់ដោយលិចទូកក្នុងសមុទ្រម៉េឌីទែរ៉ាណេ ចំនួន​​ប្រមាណ​១៩០០​នាក់​ហើយ​។​

យន្តការសាមគ្គីអឺរ៉ុប ដែលគ្មានប្រសិទ្ធភាព

សហភាព​អឺរ៉ុបបានព្យាយាមចរចា បង្កើតយន្តការសាមគ្គីទាំងអស់គ្នា​២៧ប្រទេស ដើម្បីចែករំលែក​យកជនភៀសខ្លួន កុំឲ្យ​ប្រទេសស្ថិតនៅជួរមុខ ដែលមានអ៊ីតាលី ក្រិក និងកោះម៉ាល់តិ៍ជាដើមនេះ ទទួលលំបាកតែម្នាក់ឯងពេក។ ក៏ប៉ុន្តែ​ប្រទេសសមាជិកអឺរ៉ុបនៅតំបន់អឺរ៉ុបកណ្តាលនិង​ខាងកើត មានដូចជាប៉ូឡូញ ហុងគ្រី ឆេក ជាដើម បានបដិសេធដាច់ខាតតែម្តងមិនព្រមទេ។

ក្រោយ​មក កាលពីខែ​មិថុនាកន្លងទៅនេះ​ សហភាពអឺរ៉ុប ក៏បានអនុម័តយន្តការបណ្តោះ​អាសន្ន​មួយ ដោយឈរលើគោលការណ៍​ស្ម័គ្រចិត្ត ដើម្បី​ជួយសម្រួល​ប្រទេសស្ថិតនៅជួរមុខ។ យន្តការនេះ អនុញ្ញាតឲ្យ​ប្រទេសដែលស្ម័គ្រចិត្ត ដែល​មានចំនួន​១២ប្រទេស ទទួលយកជនភៀសខ្លួនពីប្រទេសជួរមុខ ចំនួន​សរុប ៨០០០នាក់ក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ បារាំង និងអាល្លឺម៉ង់ ត្រូវទទួលម្នាក់ ៣០០០នាក់។ ក៏ប៉ុន្តែតួលេខនេះ មានតែលើក្រដាសទេ ការពិតជាក់ស្តែង គិតមកត្រឹមពេលនេះ ជិតដាច់ឆ្នាំហើយ មានជនភៀសខ្លួនសរុប តែ១១៧នាក់ទេ ដែលត្រូវបានបញ្ជូន​យកទៅប្រទេសដែល​ព្រមទទួល។ ត្រង់នេះហើយ បានជាអ៊ីតាលី​ខឹង​ទ្រាំលែងបាន​។

លោកស្រី Sophie Beau នាយិកាអង្គការ SOS Mediterranée បានលើកឡើងថា រដ្ឋាភិបាលស្តាំនិយមជ្រុលអ៊ីតាលី បង្ហាញជំហរកាន់តែរឹងរូសប្រឆាំងជនអន្តោប្រវេសន៍ណាស់។ ដូច្នេះវាជារឿងបន្ទាន់បំផុត ដែលសហភាពអឺរ៉ុបពត្រូវតែបង្កើតយន្តការថ្មី ឲ្យ​មានប្រសិទ្ធភាពដើម្បីបែកចែកគ្នា សាមគ្គីគ្នាក្នុងរឿងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ