អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន ដណ្តើម​តំបន់​គែរសុនមកវិញ​ ខណៈ​រុស្ស៊ី​នៅតែ​ចាត់ទុកថា​ជា​ដែនដី​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

តំបន់គែរសុន (Kherson) បានធ្លាក់ក្នុងដៃអ៊ុយក្រែនវិញ នាថ្ងៃសុក្រ ទី១១ វិច្ឆិកា ក្រោយពីរុស្ស៊ីបានដកទ័ពចេញ។ ក្រុមប្រទេសលោកខាងលិចបានសាទរចំពោះព្រឹត្តិការណ៍មួយនេះ តែរុស្ស៊ីនៅបន្តចាត់ទុកតំបន់ គែរសុន ជាដែនដីដែលខ្លួនបានផ្តាច់យកជាមួយនឹង ៣ តំបន់ទៀត។ យ៉ាងណាក៏ដោយ ការអំពាវនាវឲ្យបិទបញ្ចប់សង្រ្គាមទាំងស្រុងនៅអ៊ុយក្រែនកំពុងបន្តមាន​។

ពលរដ្ឋអ៊ុយក្រែននៅទូទាំងផ្ទៃប្រទេស ធ្វើបុណ្យអបអរស្រែកហ៊ោកញ្ជ្រៀវ។
ពលរដ្ឋអ៊ុយក្រែននៅទូទាំងផ្ទៃប្រទេស ធ្វើបុណ្យអបអរស្រែកហ៊ោកញ្ជ្រៀវ។ AP - Bernat Armangue
ផ្សាយពាណិជ្ជកម្ម

« ជ័យ​ជម្នះ​ជា​ប្រវត្តិសាស្ត្រ​ថ្មីបន្ថែម​ទៀត សម្រាប់​ អ៊ុយក្រែន​»

ពលរដ្ឋ​អ៊ុយក្រែន​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​ ​ធ្វើ​បុណ្យ​អបអរ​ស្រែក​ហ៊ោកញ្ជ្រៀវ។ ប្រមុខរដ្ឋ​អ៊ុយក្រែន​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ​ប្រកាស​«ជ័យ​ជម្នះ​ជាប្រវត្តិ​សាស្ត្រ​» ថា​កងទ័ព​អ៊ុយក្រែន​ យក​បានរដ្ឋបាល​​តំបន់ទីក្រុង​​គែរសុន​​មកវិញ​ហើយ​ ហើយ​ជាក់​ស្តែង គឺ​គេ​អាច​មើល​ឃើញ​រូប​ថត​និង​វីដេអូ​ជាច្រើន ដែល​បញ្ជាក់ថា ទ័ព​អ៊ុយក្រែន បាន​ដោត​ទង់​ជាតិ​នៅ​ក្នុង​ទឹកដីនេះ ហើយ​ទាហាន​ទាំងស្រី​ប្រុស​បាន​ថត​បង្ហាញ​កន្លែង​ដែល​ខ្លួន​ចូលទៅដល់។​

អ្នក​ឆ្លើយឆ្លង​វិទ្យុ​បារាំង​ RFI​ Stéphane Siohan ​រាយការណ៍​ពី​អ៊ុយក្រែន​ ថា​ឃើញ​ទាហាន​អ៊ុយក្រែន​បាន​ចូល​ទៅ​តំបន់​គែរសុនពិតមែន​ ហើយ​ប្រជាជន​បាន​រត់​មក​ឱបហ្វូង​​ទាហាន​យ៉ាង​ស្វិត​តែម្តង​។ ជាការ​ជួប​ជុំ​ដ៏កម្រ ផ្សំ​ដោយ​ក្តី​រំភើប ​និង ​ទឹក​ភ្នែកលាយឡំគ្នា​​ ដ្បិតថា​ តំបន់​នេះ បាន​ឋិត​ក្រោម​ដៃ​កងទ័ព​​រុស្ស៊ី ប្រមាណ​ជា ​៨ ខែមកហើយ។​

ទោះយ៉ាង​នេះក្តី ទាហាន​អ៊ុយក្រែន​បាន​បោះជំហាន​រុល​ទៅមុខ ដោយ​ក្តីប្រយ័ត្នប្រយែង​ជាទីបំផុត​។ ប្រយ័ត្ន ​ព្រោះ ខ្លាចក្រែង​រុស្ស៊ី​មាន​ដាក់​អន្ទាក់​និង​បង្កប់​គ្រាប់​មីន​និងគ្រឿងបំផ្ទុះ​ផ្តាច់​ជីវិត​​ ជាដើម​។​ ម្យ៉ាងទៀត គឺ​គេ​នៅតែ​ភ័យ​ខ្លាច​​ចំពោះការ​ទម្លាក់​គ្រាប់​បែកនិង​គ្រាប់​ផ្លោង​​ពី​សំណាក់​រុស្ស៊ី។ ទ័ព​រុស្ស៊ី ដែល​នៅ​មិនឆ្ងាយ​ប៉ុន្មានពីគ្នាឡើយ ពោលគឺគម្លាត​ត្រឹមតែ​មួយ​ត្រើយ​ទន្លេ​តែប៉ុណ្ណោះ។​ ពេល​រុស្ស៊ី​ដកទ័ព​ជាង​ ៣ ម៉ឺននាក់ និង​សម្ភារៈ​សឹក​នៅត្រើយម្ខាងរួចហើយនោះ គឺ​រុស្ស៊ី​បាន​បំផ្ទុះ​ផ្តាច់​ស្ពាន​ទៀតផង។​

«សង្គ្រាម​នៅបន្ត!»

ថ្ងៃសុក្រ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោន បា​នអបអរ​សាទរ​ និង​ចាត់ទុកថា «នេះ​ជា​ជ័យជម្នះ​ដ៏​អស្ចារ្យ​»។  នេះបើតាម​ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋអាមេរិក លោក ចេក សុលីវាន់ (Jake Sullivan ) ដែល​អម​ដំណើរ​លោក ចូ បៃដិន ទៅប្រជុំ​នៅភ្នំពេញ។

នៅថ្ងៃសៅរ៍ ប្រទេស​អង់គ្លេស រដ្ឋមន្ត្រី​ការពារជាតិ Ben Wallace ​​កត់សម្គាល់ថា ការ​ដកទ័ព​របស់រុស្ស៊ី​ចេញពី គែរសុន គឺ​ជាបរាជ័យ​យុទ្ធសាស្ត្រ​យោធា​ជាថ្មី​ទៀត​ ហើយ​សាធារណៈ​មតិ​រុស្ស៊ី​ នឹង​ច្បាស់ជា​ចោទ​សួរ​ពី​កម្សោយ​របស់​ទ័ព​រុស្ស៊ី ព្រមទាំង​ដណ្តឹងសួរ​ដែរថាតើ​ត្រូវ​បន្ត​សង្គ្រាមធ្វើ​ស្អីទៀត និងបាន​ការអ្វី​ ?​

បើទោះបីជា​​ ប្រមុខរដ្ឋ​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vladimir Poutine) ពុំ​​​បញ្ចេញ​យោបល់ជាសាធារណៈ​អ្វីឡើយ​​ចំពោះ​ករណី​នេះ ប៉ុន្តែ ​អ្នកនាំពាក្យ​របស់​​វិមាន​ក្រេមឡាំង បាន​ប្រាប់​អ្នក​កាសែត​នៅរដ្ឋធានី​ម៉ូស្កូ ថា​ ​តំបន់គែរសុន ជាដែនដីដែលខ្លួន រួម​​ជាមួយនឹង ៣តំបន់ទៀត។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន Dmytro Kouleba ក៏​បាន​ដាស់តឿន​ថា ទោះបី​ឈ្នះ​ទ័ពនៅ​លើ​សមរភូមិ​ប្រយុទ្ធ​​និងដណ្តើម​​យក​បាន​តំបន់​គែរសុន​មកវិញក៏ដោយ ប៉ុន្តែ​​សឹក​សង្គ្រាម​នៅតែបន្ត។​ ថ្លែង​នៅក្នុង​ដំណើរ​ទៅប្រជុំ​អាស៊ាន​នៅភ្នំពេញ ប្រមុខ​ការបរទេស​អ៊ុយក្រែន បានប្រាប់​ទៅ​សមភាគីនាយករដ្ឋមន្ត្រី​អូស្ត្រាលី ថា ​កាលណា​សង្គ្រាម​នៅបន្ត ហើយ​រុស្ស៊ី​នៅតែ​ពង្រឹង​កម្លាំងឈ្លានពាន​ នោះអ៊ុយក្រែន​គឺ​នៅតែត្រូវ​ការ​ពឹង​ពាក់​ជំនួយ​របស់​សម្ព័ន្ធមិត្តជានិច្ច​។​

នៅខែ​តុលា អូស្ត្រាលី បាន​ជូន​រថពាសដែក ៣០ គ្រឿង​ ឲ្យ​អ៊ុយក្រែន និង​បញ្ជូន​មន្ត្រី​យោធា​ជំនាញ​អូស្ត្រាលី​ ចំនួន​៧០ ដើម្បីជួយ​បង្វឹក​កងទ័ព​អ៊ុយក្រែន។ សហភាព​អឺរ៉ុបនិងបច្ចិមលោកវិញ ក្រៅពី​ជួយ​លុយកាក់​និងអាវុធ​ ក៏បាន​ជួយ​បង្រៀន​ទ័ព​អ៊ុយក្រែន​នេះដែរ។

សង្គ្រាមរុស្ស៊ី​អ៊ុនក្រែន​​នៅ​បន្ត​​! ​ម៉ោង ​៣ ទៀបភ្លឺ​ ថ្ងៃសៅរ៍​  នៅប៉ែក​នីរតី ចម្ងាយ​ប្រមាណជា ​៦០ គីឡូម៉ែត្រ​ពី​ទីប្រជុំជន​តំបន់​គែរសុន គឺ ​ រុស្ស៊ី​បាន​បាញ់​មីស៊ីល​ S-300 ទៅ​លើ​អគារមួយ​កម្អស់​ ៥ ជាន់ ដែល​បណ្តាល​ឲ្យ​​រំលំ​បាក់​​មួយ​ជំហៀង និង​ស្លាប់​មនុស្ស​ ៧នាក់​ទៀត។

ថ្នាក់ដឹកនាំ​​អន្តរជាតិ​​ជំរុញឲ្យភាគី​ជម្លោះ​​ចរចា​​រក​ពន្លឺសន្តិភាព។

អគ្គមេបញ្ជាការ​យោធាសហរដ្ឋ​អាមេរិក  ឧត្តម​សេនីយ Mark Milley បានថ្លែង​ក្តីសង្ឃឹម​កាលពី​ពេលថ្មីៗនេះ ថា ជ័យជម្នះ​ដោយ​ចុង​អាវុធ​សឹកសង្គ្រាម គឺ​មិនអាច​ទៅរួច​ ទាំង​រុស្ស៊ី និងទាំង​អ៊ុយក្រែន។ ដូច្នេះ គឺ​មានតែ​ការ​បោះដៃ​ចរចាពិភាក្សា​គ្នាទេ ទើប​អាច​បញ្ចប់​សង្គ្រាម​នេះបាន ។

ស្រដៀង​គ្នា​នេះដែរ ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង នៅក្នុង​សន្និសីទ​ស្តីពី​សន្តិភាព​នៅ​ក្រុង​ប៉ារីស​ ពីថ្ងៃសុក្រ បាន​លើកឡើង​ពីពន្លឺ​​សន្តិភាព​នៅអ៊ុយក្រែន គឺអាច​កើត​មាន​ទៅបាន តែតាម​​ផ្លូវ​ចរចា​សម្រុះសម្រួល​គ្នា។ ទីប្រឹក្សាម្នាក់​របស់​វិមាន​ប្រធានាធិបតីបារាំង លើកឡើង​ទៀត​ថា​ កិច្ចប្រជុំ​កំពូល​នៃប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ G20 ដែល​ត្រូវ​បើក​កិច្ច​ប្រជុំ​នៅដើម​សប្តាហ៍​ខាងមុខ​ គឺ​នឹង​មាន​ទីតាំង​សក្តិសម​សម្រាប់ឲ្យ​រុស្ស៊ី​និងអ៊ុយក្រែន​ចរ​ចាគ្នា ហើយនិង​ថា ​ភាគច្រើន​នៃសមាជិក​​​ G20 សុទ្ធតែ​មិនពេញចិត្ត​សង្គ្រាម​ឈ្លាន​ពាន​​ទេ។

ក្នុង​ជំនួប​G20 ខាងមុខនេះ  ប្រធានាធិបតី ចូ បៃដិន អាច​នឹង​ជជែក​ជាមួយ​​ប្រធានាធិបតី​ចិន​ ស៊ី ​ជិនពីង ហើយ​ ប្រធាន​បទសង្គ្រាមនៅ​អ៊ុយក្រែន ទំនងច្បាស់​ជា​លោក បៃដិន ស្នើឲ្យ​លោក ស៊ី ជួយ​នឹង​រុស្ស៊ី ផង ក៏​អាច​ថា​បាន។​ ​គេ​មិន​ច្បាស់​​ពេក​ទេចំណុច​នេះ តែ​អ្វីដែល​ច្បាស់​ គឺ​ ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ថា​​​នឹងមិន​ចូលរួម​កិច្ចប្រជុំ​G20ឡើយ​ ​​ខណៈ​ដែល​​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី ថា​នឹង​ចូលរួម​តាម​រយៈ​វីដេអូ​ពីចម្ងាយ។

រីឯ ប្រទេស​ ​តួកគី សុំ​ចេញមុខ​សម្រុះសម្រួល។ រដ្ឋបាល​ទីក្រុង​អង់ការ៉ា​ (Ankara ) ដែលស្និទ្ធ​នឹង​រដ្ឋធានីម៉ូស្កូ ​មួយរយៈ​មកនេះ បាន​ដើរ​តួជា​អន្តរការីដ៏សំខាន់​​ តាំងពីការ​ជួយ​បញ្ចុះ​បញ្ចូល​ឲ្យ​អាច​ដឹកស្បៀង​គ្រាប់​ធញ្ញជាតិ​ចេញពីតំបន់​ជម្លោះដែល​ជាប់​គាំង​យូរ​ខែមកហើយ​ នៅថ្ងៃសៅរ៍​​​ ​​ប្រធានាធិបតី​ រេសេប តាយីប អ៊ែរដូហ្កាន ( Tayyip Erdogan)  ក៏​បាន​ស្នើ​ចូលខ្លួន​មកសុំធ្វើ​ជា​ស្ពាន​​ភ្ជាប់​សម្តី​ រវាង ​អ៊ុយក្រែន​ និង រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ