អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបត្រីភាគី អាមេរិក ជប៉ុន កូរ៉េខាងត្បូង ដើម្បីរិះរកវិធីទប់ទល់នឹងកូរ៉េខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអាទិត្យ ទី១៣វិច្ឆិកា ​​ក្នុង​បរិបទ​ប្រជុំ​កំពូល​​អាស៊ាន​ នៅ​​រាជធានីភ្នំពេញ​ ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង​ ឆ្លៀត​​ជួប​ប្រជុំ​គ្នាក្រៅផ្លូវ​ ដើម្បី​ពិភាក្សាគ្នា​សំណុំ​រឿង​កូរ៉េ​ខាង​ជើង​។ នេះ​ជា​សំណើ​របស់​ភាគី​ទីក្រុង​សេអ៊ូល​។ ជំនួប​ត្រីភាគីនេះ គឺ​ជាចលករ​ជំរុញ​បន្ថែម​ ជុំវិញ​បញ្ហា​ឧបទ្វីប​កូរ៉េ មុ​ននឹង​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក ត្រូវ​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​នឹង​ប្រមុខរដ្ឋ​ចិន ​នៅ​កោះបាលី។ ​លោក​ ចូ បៃដិន ​ប្តេជ្ញាចិត្ត​ថានឹង​ជជែក​ជាមួយ​លោក ស៊ី ជីនពីង ដើម្បី​ឲ្យ​ចិន​ដាស់តឿន​ កូរ៉េខាងជើង ឲ្យ​ឈប់​សកម្មភាព​បង្កគ្រោះថ្នាក់​ដល់​តំបន់​។

ពីភ្នំពេញ ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង​ ឆ្លៀត​​ជួប​ប្រជុំ​គ្នាក្រៅផ្លូវ​ ដើម្បី​ពិភាក្សាគ្នា​សំណុំ​រឿង​កូរ៉េ​ខាង​ជើង​។
ពីភ្នំពេញ ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង​ ឆ្លៀត​​ជួប​ប្រជុំ​គ្នាក្រៅផ្លូវ​ ដើម្បី​ពិភាក្សាគ្នា​សំណុំ​រឿង​កូរ៉េ​ខាង​ជើង​។ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

​​​ជំនួប​ត្រីភាគី​ មុន​នឹង​​ប្រមុខ​រដ្ឋ​អាមេរិក​ លោក ចូ បៃដិន ជួប​នឹង​លោក ស៊ី ជីនពីង​។​

ជំហរ​របស់​សម្ព័ន្ធ​មិត្តទាំង​បីនេះ គេបានដឹង​​សេ្រច​ជា​ហូរ​ហែមកហើយ។ នៅក្នុង​កិច្ចប្រជុំអាស៊ាន​បូក ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង  គឺ​​​សេចក្តីថ្លែង​ជំហរ​របស់នាយករដ្ឋមន្ត្រី​ ជប៉ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏បញ្ជាក់​​ស្រេចហើយដែរ​។ នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា ( Fumio Kishida) គឺ​លោក​អំពាវនាវ​ឲ្យ​សហគម​អន្តរជាតិ និងប្រទេស​ក្នុង​តំបន់ «រួម​គ្នា​ក្នុង​សំឡេង​តែមួយ» ជំរុញ​ឲ្យ​ កូរ៉េ​ខាង​ជើង​ បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ និងក្រុង​ព្យុងយ៉ាងត្រូវ​ឈប់​​​សាកល្បង​មីស៊ីល​​។

ជំហរ​របស់​កូរ៉េខាងត្បូង ក៏​​ច្បាស់ដែរ។​ ប្រធានាធិបតី យូន ស៊ុកយោល (Yoon Suk-yeol) ​​សង្កត់​ធ្ងន់ថា ប្រសិន​បើ​កូរ៉េ​ខាង​ជើង​នៅបន្ត​សកម្មភាពដ៏គ្រោះថ្នាក់​​​ គឺ​ការ​គំរាម​កំហែង​ ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​ទាំង​មូល។​

ក្រុង​សេអ៊ូ​មិនមែន​ត្រឹមតែ​ដាក់​សម្ពាធ​ឲ្យ​ឈប់​ប្រព្រឹត្ត​​ទេ តែ កូរ៉េ​ខាងត្បូង ដែលនៅ​ជិត​នឹង​គ្រោះថ្នាក់ជាងគេ បាន​ឲ្យ​ជា​ដំណោះ​ស្រាយ​ផង ថា​ប្រសិន​បើ​ របបក្រុង​ព្យុងយ៉ាង យល់​ព្រម​បញ្ឈប់​គម្រោង​​កម្មវិធី​នុយក្លេអ៊ែរ នោះ​គឺ​រដ្ឋបាល​ទីក្រុង​សេអ៊ូល ថាខ្លួន​​ស្ម័​គ្រ​ចិត្ត​ចេញមុខ ​ជួយស្វែង​រក​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច ឲ្យ​កូរ៉េ​ខាង​ជើង។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង និងផ្សាយ​តាមទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់​។​

ចំពោះ​​សហ​រដ្ឋអាមេរិក​វិញ លោក ចូ បៃដិន បញ្ជាក់ថាបញ្ហា​កូរ៉េគឺប៉ះពាល់​ដល់​អាមេរិក។​ បើតាម​ការ​ប្រកាសរបស់​លោក បៃដិន គឺ​គេ​អាច​យល់​ថា រឿងនេះ វាមិនត្រឹ​មតែ​ប៉ះពាល់​ដល់​កូរ៉េ​ខាងត្បូង ជប៉ុន និងតំបន់ ប៉ុណ្ណោះ​​ទេ តែសហរដ្ឋ​អាមេរិក ដែល​​នៅ​ទ្វីប​ដទៃ​សោះ ក៏​រង​ការ​គំរាម​កំហែង​ដែរ​។ ដូច្នេះ​ហើយ ទើប​លោក បៃដិន ប្រកាស់​ថា ភាគី​ចិន​ប៉េកាំង គឺ​ត្រូវ​ដើរ​តួ​សំខាន់​សម្រាប់​និយាយ​ជាមួយ​កូរ៉េខាងជើង និង​ដើម្បីបញ្ជៀស​ការ​ប្រឈម​មុខ​ដាក់គ្នា។

រីឯ​ថ្នាក់ដឹកនាំអាស៊ាន​ក៏​យល់​ឃើញ​ដូច្នេះ និង​ស្នើ​ឲ្យ​របបក្រុង​ព្យុងយ៉ាង​គោរព​​បទដ្ឋាននិយាម​អន្តរជាតិ​និង​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ។

បើ ​កូរ៉េ​ខាង​ជើង នៅតែ​បន្ត​សកម្មភាព​ដដែល​។ តើ​សហរដ្ឋអាមេរិក ​នឹង​ធ្វើ​បែបណា​ ?​

សហរដ្ឋអាមេរិក មាន​មូលដ្ឋាន​យោធា​នៅ​ជប៉ុន ​និង ​នៅ​កូរ៉េខាងត្បូង ជា​សម្ព័ន្ធមិត្ត​​ដ៏​ចាស់​ឆ្នាំ​នៅ​អាស៊ី។ ករណី​កូរ៉េ​ខាង​ជើង មិន​​ស្ងប់​ស្ងាត់​  មិន​ឈប់​​កម្មវិធីនុយក្លេអ៊ែរ និងមិន​ឈប់​​សាកល្បង​មីស៊ីល ​ទេនោះ សហរដ្ឋអាមេរិក ច្បាស់​ជា​នឹង​បង្កើន​វត្តមាន​កម្លាំង​យោធា​រឹងរឹត​តែច្រើន​ នៅជប៉ុន និង នៅកូរ៉េខាងត្បូង បន្ថែមទៀត។

កាន់តែជាក់ច្បាស់នោះ គឺទីប្រឹក្សា​សន្តិជាតិ​អាមេរិក ជេក ស៊ូលីវ៉ាន់ (Jack Sullivan) ដែល​បាន​អមដំណើរ​លោក បៃដិន ទៅភ្នំពេញ បាន​បញ្ជាក់ហើយថា ប្រសិន​បើ​រដ្ឋបាល​ក្រុង​ព្យុងយ៉ាង នៅតែបន្ត​​អភិវឌ្ឍកម្មវិធី​នុយក្លេអ៊ែរ និង​ប្រឹង​សាកល្បង​មីស៊ីល​បន្តទៀត គឺ​សហរដ្ឋអាមេរិក​នឹង​បង្កើន​វត្តមាន​កម្លាំងយោធាអាមេរិក​នៅ​ក្នុង​តំបន់ ដើម្បីធានាសុវត្ថិភាព​និងថែរក្សា​​ស្ថិរភាព​សន្តិភាព​។

ចំណុច​នេះ គឺ​អ្វី​ដែល​ ចិន ច្បាស់​ជា​មិន​ចង់​ឃើញ​នោះទេ  ហើយរឿងនេះ​​ក៏​ធ្វើ​​ឲ្យ​ភាគីរុស្ស៊ីមិនសប្បាយ​ចិត្ត​ដែរ។​ បុរសខ្លាំង​ទី២របស់​វិមាន​ក្រេមឡាំង បាន​ចោទប្រកាន់​ថា​ សហរដ្ឋអាមេរិកនិង​សម្ព័ន្ធ​មិត្ត​លោកខាងលិច ចង់​ធ្វើ​ជាម្ចាស់​នៅ​តំបន់​នេះ គឺតាម​រយៈ​ការ​បង្កើន​កម្លាំង​យោធា​នៅ​អាស៊ី​​។ នេះបើតាម​ប្រសាសន៍​របស់ ប្រមុខការទូត​រុស្ស៊ី Sergeuï Lavrov ក្នុង​សន្និ​សីទ​កាសែត​ ពីភ្នំពេញ។​

«បៃដិន និង ស៊ី ជួបគ្នាផ្ទាល់លើកដំបូង»

តាមគម្រោង​ គឺ​លោក​ ចូ បៃដិន នឹង​ត្រូវ​ជួប​លោក ស៊ី ជីនពីង នៅ​​​ជំនួប​កំពូល​ប្រទេស​​សេដ្ឋកិច្ចជឿន​​លឿន ទាំង​២០ នៅកោះបាលី នាថ្ងៃចន្ទ ទី​១៤វិច្ឆិកា។ នោះ​ជាការ​ជួបគ្នា​លើកទី១ ដោយ​ផ្ទាល់ រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ គិត​ចាប់តាំង​ពី​លោក បៃដិន ចូល​កាន់អំណាច​ពីរ​ឆ្នាំមកនេះ។​ ជាផ្លូវ​ការ​​ គឺ​លោក​ ចូ បៃដិន បាន​ជួ​បប្រាស្រ័យ​តាម​ទូរសព្ទ​និង​វីដេអូ ពី​ចម្ងាយ ជាមួយ​នឹង​ប្រធានាធិបតីចិន ចំនួន​យ៉ាងហោច​ ៥ ដង មកហើយ ចាប់តាំងពី​​លោក បៃដិន​ ​ចូល​កាន់​អំណាច​នៅ​សេតវិមាន នៅដើម​ឆ្នាំ២០២១​មកនេះ។ ​លោក បៃដិន បាន​ជួបលោក ស៊ី ​រួមមកហើយ​ នៅក្រោម​អាណត្តិ​ដឹក​នាំ​របស់អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

ថ្ងៃអាទិត្យទី១៣វិច្ឆិកា ថ្លែងទៅកាន់​អ្ន​កកាសែត​នៅ​ភ្នំពេញ ប្រធានាធិបតីអាមេរិក ចូ បៃដិន មាន​ប្រសាសន៍ថា ខ្លួន​លោក«​បាន​ស្គាល់លោក ស៊ី ជីន​ពីង ច្បាស់ ហើយ​និង​បាន​ចំណាយ​ពេលវេលា​ជាមួយ​លោក ស៊ី ច្រើន​ គឺ​ច្រើន​ជាងជាមួយ​ថ្នាក់ដឹកនាំ​ផ្សេងទៀត នៅលើ​ពិភពលោក។ លោក បៃដិន ថែមទាំង​ថាលោក​តែងតែពិភាក្សា​គ្នាដោយស្មោះនិងនិយាយ​ជាមួយ​គ្នា​​ត្រង់ទៅ​ត្រង់​មក​ ​។ បើ​តាម​លោក បៃដិន,  លោក ស៊ី ជីនពីង មិន​ដែល​វិភាគ​ច្រឡំ​សោះឡើយ ហើយ​និង​ បាន​ដឹង​ច្បាស់​ពី​ជំហរ​របស់​ភាគីនីមួយៗ។​

អ្នក​ជំនាញកិច្ចការ​អាស៊ី និង​អាមេរិក យល់ឃើញថា ជំនួប​ដោយ​ផ្ទាល់ នៅ​បាលី ស្អែកនេះ រវាង​ថ្នាក់​ដឹកនាំចិន​និងអាមេរិក គឺ​ច្បាស់​ជា​នឹង​បន្ធូរបន្ថយ​ភាព​តាន់​តឹង​ច្រើន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ