អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន និង​លោកស៊ី ជីនពីង ជួប​និយាយ​គ្នា​ដើម្បី​គូស “បន្ទាត់ក្រហម” ចាត់ចែង​ការប្រកួតប្រជែងគ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទទី​១៤វិច្ឆិកា លោកចូ បៃដិន និង​លោកស៊ី ជីនពីង ជួបគ្នាជា​លក្ខណៈទ្វេភាគី នៅឯកោះបាលីប្រទេសឥណ្ឌូណេស៊ី មុន​ពេល​ដែលជំនួប​កំពូលG20 ត្រូវចាប់ផ្តើម។ បើតាមការឲ្យដឹង ពីសេតវិមានអាមេរិក គឺលោក​ប្រធានាធិបតី ចូ បៃដិន មានបំណងនិយាយដោយ​ផ្ទាល់ជាមួយ​លោកស៊ី ជីនពីង ដើម្បី​ស្វែងរកដំណោះស្រាយ មក​បន្ធូរបន្ថយ​ភាព​តានតឹងទាំងឡាយ​ ដោយសារតែការប្រជែង​គ្នា រវាង​មហាអំណាចទាំង២ មិនថាសេដ្ឋកិច្ច ឬក៏​យុទ្ធសាស្ត្រ​នយោបាយ​ការបរទេស។ យ៉ាងណាមិញ ​លោក​ចូ បៃដិនធ្លាប់​បាន​ប្រាប់អ្នកកាសែតថា លោកចង់​គូស “គំនូសក្រហម​” ជាមួយ​លោកស៊ី ជីនពីង។ គំនូសបន្ទាត់ដែលភាគីទាំងសងខាងត្រូវគោរព មិនត្រូវឈានជើងរំលង។

លោកចូ បៃដិន និង​លោក​ស៊ី ជីនពីង ចាប់រលាក់ដៃគ្នា បង្ហាញការរាក់ទាក់ក្នុងទឹកមុខញញឹម ក្នុងឱកាសជួបគ្នានៅ​កោះបាលី មុនបើកជំនួបកំពូល G20។ បាលី ថ្ងៃទី ១៤ វិច្ឆិកា ២០២២
លោកចូ បៃដិន និង​លោក​ស៊ី ជីនពីង ចាប់រលាក់ដៃគ្នា បង្ហាញការរាក់ទាក់ក្នុងទឹកមុខញញឹម ក្នុងឱកាសជួបគ្នានៅ​កោះបាលី មុនបើកជំនួបកំពូល G20។ បាលី ថ្ងៃទី ១៤ វិច្ឆិកា ២០២២ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

“ចិនជាគូប្រជែងតែមួយគត់របស់អាមេរិក”​

សហរដ្ឋអាមេរិក​និង​ចិន កំពុងតែប្រឈមមុខដាក់គ្នា ច្រើនសំណុំរឿងណាស់។ ជាការប្រឈមមុខ ​ដែលបង្កើត បន្ថែមឲ្យ​មានបរិយាកាសអាប់អួរកាន់តែ​ខ្លាំង សម្រាប់ពិភពលោកយើង ដែល​កំពុងតែឆ្លងកាត់​វិបត្តិសង្គ្រាមនៅអ៊ុយក្រែន​រួចទៅហើយ​។​ បើចិននិងអាមេរិក​ឈ្លោះគ្នាថែមទៀតនោះ ប្រាកដជាវិកវរមិនខាន​ទេ​។​

នៅក្នុង​ឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិក ដែលសេតវិមានបាន​ផ្សព្វផ្សាយ​​ កាលពីដើមខែតុលា គឺរដ្ឋាភិបាល​​​​លោកចូ បៃដិន បានទទួលស្គាល់ថា “ចិនគឺជាដៃគូប្រជែងតែមួយគត់របស់អាមេរិក ដែលមានចេតនា ធ្វើឲ្យ​ប្រែប្រួល​ដល់សណ្តាប់ធ្នាប់ពិភពលោក​”។​ ឃ្លានេះ គឺវាមានន័យថា អាមេរិក​គិតថា​​ ចិនមានចេតនាប្រជែង​ ដើម្បី​ដណ្តើ​ម​​យក​ភាព​ជាអ្នកដឹកនាំពិភពលោក ដែល​ធ្លាប់តែនៅក្នុងដៃរបស់អាមេរិកកន្លងមក។​ យ៉ាងណាមិញ លោក Jake Sullivan ទីប្រឹក្សាពិសេសផ្នែក​សន្តិសុខជាតិ របស់​លោកចូ បៃដិន បាន​និយាយកាលពីថ្ងៃទី​១០​វិច្ឆិកាថ្មីៗនេះ ថា​ អ្វីដែលលោកចូ បៃដិន ចង់ធ្វើនាពេលនេះ គឺចង់ “ចាត់ចែងដោះស្រាយ​ការប្រកួតប្រជែង”​ រវាងចិននិងអាមេរិក កុំឲ្យ​វាឈានក្លាយទៅជាជម្លោះ តទល់គ្នាដោយចំហរ។

ចំណែកពីភាគីចិនវិញ គេមិនបានបញ្ជាក់អ្វីច្រើនទេ គ្រាន់តែ​និយាយក្នុងន័យថា ជំនួបនៅថ្ងៃនេះ គឺភាគីអាមេរិកជាអ្នកផ្តើមគំនិតស្នើមក។ កាសែត China Daily បានចុះផ្សាយ​ព្រឹកមិញនេះថា “ពិភពលោក ត្រូវការ​ចង់ដឹង​ណាស់ ថា​មហាអំណាចដ៏សំខាន់ជាងគេទាំង២នេះ អាចរួមរស់ជាមួយគ្នា សហការគ្នា ដើម្បី​ដោះស្រាយ​បញ្ហាសកលទាំងឡាយទាំងពួងដែរឬយ៉ាងណា”។​

បើគិត​ពីចាប់ពីពេលលោក​ចូ បៃដិនចូលកាន់អំណាច កាលពីដើមឆ្នាំ​២០២១មក គឺនេះជាលើកទី១ហើយ ដែលលោក ចូ បៃដិន ជួប​លោក​ស៊ី ជីនពីងដោយ​ផ្ទាល់បែបនេះ។ កន្លងមក មេដឹកនាំទាំង​២ បានជួប​និយាយគ្នាតែ​តាមទូរស័ព្ទទេ​ ចំនួន​​៥ដងមកហើយ។ ៥ដងវាច្រើនសមគួរដែរ ដែលបញ្ជាក់ថា ភាគីអាមេរិក​ចង់និយាយ​ ចង់ដោះស្រាយ​ដើម្បី​ បន្ធូរបន្ថយភាពតាមតែង​។ ភាពតានតឹង ប្រកាន់គ្នា មើល​មុខគ្នា​មិនត្រង់ ដែលពេលខ្លះវាកើតចេញពីការយល់ច្រឡំ គិតស្មានខុសតែរៀងៗខ្លួន មានចេតនាអាក្រក់អ្វី​ម្យ៉ាងមកលើខ្លួនជាដើម។ កាលពីសប្តាហ៍​កន្លងទៅនេះ លោក​ចូ បៃដិន បាន​លើកឡើងថា ក្នុងជំនួបនៅបាលី​ លោក​នឹងនិយាយជាមួយ​លោកស៊ី ជីនពីង ស្វែងយល់ពីគ្នាទៅវិញទៅមក និងដើម្បី​គូស “គំនូសក្រហម” ដែលភាគីទាំងសងខាងត្រូវគោរព មិនត្រូវឈានជើងរំលង។

ដោះស្រាយ​បញ្ហា​​កោះ​​តៃវ៉ាន់

ក្រៅពីបញ្ហាប្រកួតប្រជែង​ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណុំរឿងកោះតៃវ៉ាន់ គឺជាចំណុចមួយសំខាន់ ដែលសេតវិមានអាមេរិក បានអះអាងថា លោក​ចូ បៃដិន ចង់លើកទៅនិយាយជាមួយ​លោកស៊ី ជីន​ពីង​។ បញ្ហាកោះតៃវ៉ាន់ ដែល​យើងបានដឹងកន្លងមកហើយ ថាបានពុះកញ្ជ្រោល ក្តៅគគុកខ្លាំងឡើង បន្ទាប់ពី​លោកស្រីណាន់ស៊ី ប៉េឡូស៊ី ប្រធានាសភាអាមេរិក បានធ្វើដំណើរទៅតៃប៉ិ។ ភាគី​ចិនបានចាត់ទុកថា នេះគឺជាការរករឿងពីសំណាក់ភាគីអាមេរិក​ ហើយ​បាន​ឆ្លើយតបវិញ តាមរយៈការធ្វើសមយុទ្ធយោធា ហាត់សមគំរាម​ឡោមព័ទ្ធកោះតៃវ៉ាន់។

ក្រោយ​បញ្ហានេះផ្ទុះឡើង យើងឃើញថាភាគីរដ្ឋាភិបាល​លោកចូ បៃដិន បានព្យាយាមរកផ្លូវចរចាជាមួយ​ចិន។ ចុងខែ​កញ្ញាលោកអង់តូនី ប្លីងកិន និ​ងលោក​វ៉ាង យី បានជួបនិយាយគ្នា​តទល់ នៅមហា​សន្និបាត​អង្គការ​សហប្រជាជាតិឯក្រុងញូយ៉ក។ ហើយ​មួយអាទិត្យ​ក្រោយ​មក​ ទូរស័ព្ទនិយាយគ្នាទៀត។ ក៏ប៉ុន្តែ​ក្រោយ​ពេល​ដែល​គណបក្សកុម្មុយនីស្តចិន បាន​បើកមហាសន្និបាតកាលពី​ពេលថ្មីៗនេះ ដើម្បីតែងតាំងលោកស៊ី ជីនពីងមួយអាណត្តិ​ទៀត យើងឃើញថាគេមានការបារម្ភច្រើន អំពីវិវាទជុំវិញកោះតៃវ៉ាន់នេះ។ លោកស៊ី ជីនពីង ពង្រឹងអំណាចកាន់តែខ្លាំងឡើង ហើយ​បញ្ហា​បូរណភាពទឹកដី យកកោះតៃវ៉ាន់មកគ្រប់គ្រងវិញ​ វា​គឺជាផ្នែកមួយ​នៃអំណាច​ឃោសនា​នយោបាយ​​​របស់​​គាត់​។

អាមេរិកជាអ្នកបំផ្លាញ​គោលការណ៍គ្រិះ “ចិនតែមួយ”

ជាការពិត អាមេរិកទទួលស្គាល់ចិន​តែមួយមែន តែអាមេរិកអះអាង​បន្តរក្សាជំហយុទ្ធសាស្ត្រ​ជួយតៃវ៉ាន់ ឲ្យ​មានលទ្ធភាព​ការពារខ្លួន តាមរយៈការលក់អាវុធឲ្យ។ ក៏ប៉ុន្តែ​លោកចូ បៃដិន បាន​និយា​យធ្លោយ​មាត់ច្រើនដង ជាក់ស្តែងនៅពេល​ឆ្លើយក្នុងបទសម្ភាសន៍តាមទូរទស្សន៍ CBS នៅពាក់កណ្តាលខែកញ្ញា ដែល​លោកបានឆ្លើយថា អាមេរិកអាចនឹង​ធ្វើអន្តរាគមន៍​យោធាដោយ​ផ្ទាល់ ដើម្បីជួយការពារតៃវ៉ាន់ ពីការឈ្លានពានរបស់ចិន​។​

ថ្ងៃទី​៨វិច្ឆិកា ចំថ្ងៃបោះឆ្នោត​ពាក់កណ្តាលអាណ្តតិ​នៅអាមេរិក លោក​ ស៊ី ជីនពីនបាន​ចុះទៅ​ត្រួតពល និងបាន​ប្រកាសប្រាប់ឲ្យកងទ័ពចិន ត្រៀម​កម្លាំងដើម្បី​ប្រយុទ្ធយកឈ្នះ។ ក្រោយមកថ្ងៃទី​១០​វិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បាន​បរិហារទៀតថា គឺអាមេរិក ដែលជាអ្នកធ្វើខូចខ្ទេចខ្ទី ដល់គោលការណ៍គ្រិះ ”ប្រទេស​ចិនតែមួយ​”។

គឺចំណុចទាំងអស់នេះហើយ ដែលគួបផ្សំគ្នា ធ្វើឲ្យ​មានការបារម្ភថា ចិនកំពុងតែប្តេជ្ញាចិត្តហើយ ក្នុងការ​ក្តោបក្តាប់យក​តៃវ៉ាន់មកវិញឲ្យ​បាន​។ អ្វីដែលយើងសង្កេតឃើញ គឺភាគីអាមេរិកខំព្យាយាមបន្ធូរបន្ថយ​ស្ថានការណ៍ ដើម្បីបញ្ចៀសសង្គ្រាម​មួយទៀត មកបន្ថែមពីលើសង្គ្រាមនៅអ៊ុយក្រែន។ លោក Jake Sullivan បានទទួលស្គាល់ថា ត្រូវតែរក្សាបណ្តាញទំនាក់ទំនងគ្នា ជាប្រចាំ​រវាងភាគីកងទ័ពទាំង២ ដើម្បី​ចៀសវាង​​គ្រោះថ្នាក់ផ្ទុះអាវុធ ដោយសារ​តែការបះទង្គិចគ្នាដោយ​អចេតនាណាមួយ​។​

ជំហានដំបូងដ៏ចាំបាច់

តាមការវិភាគមើលទៅ គឺ​គេមិនរំពឹងសង្ឃឹមច្រើនប៉ុន្មានទេ ថាភាគីទាំង២ នឹងនិយាយចុះគ្នា។ តែយ៉ាងណា វាគឺជាជំហានដំបូង ដែលសំខាន់ ហើយដែលអាចនាំឲ្យ​មានជំហានបន្ទាប់ទៀត​ទៅថ្ងៃមុខ។​ ការប្រឈមមុខ បញ្ចេញកម្លាំងចង់ឈ្នះរៀងៗខ្លួន គឺគ្មាននរណាម្នាក់ចំណេញទេ។ ដូច្នេះយុទ្ធសាស្ត្រការទូតទាំងសងខាង ត្រូវតែរកវិធី ដើម្បី​និយាយគ្នា ស្វែងរកការយោគយល់ និងគោរពគ្នាទៅវិញទៅមក។

ត្រង់នេះហើយ​ ដែលពាក្យថា “បន្ទាត់ក្រហម” ដែលលោកចូ បៃដិន បាន​លើកឡើងនោះ វាមានសារៈសំខាន់​ណាស់។ តើអ្វីទៅដែល​ជា​ផលប្រយោជន៍យុទ្ធសាស្ត្រ ដែលអាមេរិកត្រូវតែការពារឲ្យខាងតែបាន ហើយ​ដែលជាបន្ទាត់ក្រហមរបស់អាមេរិកនោះ។ ដូចគ្នាដែរ តើអ្វីទៅដែលចិនចង់ការពារ​ថាជាបន្ទាត់​ក្រហមរបស់ខ្លួន។ ក៏ប៉ុន្តែការយល់ព្រមដកថយ ទុកផ្លូវដើរឲ្យ​ភាគីម្ខាងទៀតនេះ គឺវាអាស្រ័យលើ​ ទំងន់​កម្លាំងខ្លាំងខ្សោយ នរណាមានប្រៀបជាងនរណា​។ ដំណាក់កាលកន្លងមក ម្នាក់ៗហាក់បានប្រឹង​បង្ហាញ​កម្លាំង ថាខ្លួន​មានប្រៀបជាងដើម្បី​ឲ្យ​​ម្ខាងទៀតដកថយ​។

ដោយឡែក នៅ​ក្នុង​សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែវិញ លោក Jake Sullivan បានអះអាងថា ភាគីអាមេរិក​មិនបានសង្កេតឃើញថា ចិនបានជួយផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី ឬក៏ជួយរុស្ស៊ីដោយ​ប្រការណា​មួយ​ ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចនោះទេ។ ហើយកាលពីថ្ងៃទី៩ វិច្ឆិកា លោក ចូ បៃដិន បាននិយាយថាលោកសប្បាយ​ចិត្តដែរ ដែលឃើញថាចិន​មកយកខ្លួនទៅប្រឡាក់ប្រឡូសជាមួយរុស្ស៊ី នៅក្នុងសំណុំរឿងសង្គ្រាមអ៊ុយក្រែន​។​ ចំណុចបន្តិច​ៗ​ទាំងអស់នេះ​ ធ្វើឲ្យ​យើងសង្កេតឃើញថា ភាគី​អាមេរិកហាក់ដូចជាខំនិយាយថ្នម លួងចិត្ត សរសើរអង្អែលខ្នង​ចិន​។ ពាក្យ​សរសើរដោយ​ប្រយោលទាំងនេះ វាមាន​ន័យ​ថា​អាមេរិកចង់ប្រាប់ទៅចិនថា មិនមែនអាមេរិកស្អប់ចិន ចង់រករឿងចិនគ្រប់តែរឿងនោះទេ។ វាមានរឿងខ្លះ ដែលអាមេរិក​​ទទួលស្គាល់ចំណុចល្អ និង​​គុណសម្បត្តិរបស់​​ចិនដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ