អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចប្រជុំ APEC ​គ្របដណ្តប់ដោយ​សំណុំរឿង​អ៊ុយក្រែន និង​កូរ៉េ​ខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​ជំនួប​កំពូល​ G20 នៅបាលី ត្រូវ​​​គ្រប​ដណ្តប់​ដោយ​ព្រឹត្តិការណ៍​សង្គ្រាម​អ៊ុយក្រែន តាមរយៈ​មីស៊ីល ​ធ្លាក់​នៅ​ប្រទេស​ប៉ូឡូញ។ នៅពេលនេះ​ ក្នុងជំនួបកំពូល APEC នៅ​ទីក្រុងបាងកក ​ថ្នាក់ដឹកនាំ​អន្តរជាតិ ក៏អាច​នឹង​លើកឡើង​រឿង ​អ៊ុយក្រែន នេះបន្តទៀត​។ ក្នុងប្រទេសថៃខ្លួនឯង​ ប្រជា​ពលរដ្ឋថៃ បានជួបប្រជុំនៅកណ្តាលរាជធានី ដើម្បី​សម្តែងមតិប្រឆាំង និងអំពាវនាវឲ្យគោរពសិទ្ធិមនុស្ស ហើយ​និងសុំ​ឲ្យ​លុបចោល​ច្បាប់ជេរប្រមាថព្រះមហាក្សត្រ។ អ្នកខ្លះក៏លើកបដា ប្រឆាំងនឹងចិន ដែលធ្វើទុក្ខបុកម្នេញនៅហុងកុង ជាដើម។ សំណុំ​រឿង​ក្តៅៗ​ផ្សេងទៀត គឺ​វិបត្តិ​ឧបទ្វីបកូរ៉េ ដែល​ជាព្រឹត្តិការណ៍​ធំ​ ពីព្រោះតែ ថ្ងៃព្រហស្បតិ៍ ទី​១៧វិច្ឆិកា  កូរ៉េ​ខាងជើង បាន​​បាញ់​មីស៊ីល​ ជាថ្មីបន្ថែមទៀត​។

ទិដ្ឋភាព​ក្នុងជំនួបកំពូល APEC នៅ​ទីក្រុងបាងកក
ទិដ្ឋភាព​ក្នុងជំនួបកំពូល APEC នៅ​ទីក្រុងបាងកក REUTERS - CHALINEE THIRASUPA
ផ្សាយពាណិជ្ជកម្ម

«ព្យុងយ៉ាង ឆ្លើយតបយ៉ាងចាស់ដៃ»

ការបាញ់​មីស៊ីល​ថ្មីនេះ ក៏ព្រោះ​តែ ​​ក្រុង​ព្យុងយ៉ាង ​សម្តែង​ក្តី​ខឹងក្រោធ​​ចំពោះ​ថ្នាក់ដឹកនាំ​អន្តរជាតិ ដែល​ចេះតែ​ជួបប្រជុំ​គ្នានិង​ថ្កោលទោស​ខ្លួន។​ ​ការ​ប្រជុំ​អាស៊ាន​សប្តាហ៍មុន ​​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង​ និង​ជប៉ុន ឆ្លៀតជួបគ្នា នៅភ្នំពេញ​ ហើយ​​​ថ្កោលទោស​ និងព្រមាន​ កូរ៉េខាងជើង​។ ​​ដើមសប្តាហ៍​នេះ ថ្នាក់ដឹកនាំ​អាមេរិក​និង​ចិន ជួបគ្នានៅបាលី​ ហើយ​និយាយ​ពីករណី​កូរ៉េ​ខាងជើង​ទៀត។ នេះ​បើ​មើលតាម​សេចក្តីថ្លែងការណ៍របស់​ក្រសួង​កិច្ចការ​បរទេស​កូរ៉េខាងជើង និងដែលរដ្ឋមន្ត្រី Choe Son Hui ​បញ្ជាក់ថា «ព្យុងយ៉ាង ​​ឆ្លើយតប​យ៉ាង​ចាស់ដៃ»។ ជាក់ស្តែង ប៉ុន្មាន​ម៉ោង​ក្រោយ​ចេញក្តីថ្លែងការណ៍​  ​នៅថ្ងៃព្រហស្បតិ៍​ ​ ​របបក្រុងព្យុងយ៉ាង ​បាញ់មីស៊ីលបាលីស្ទិក​ជាថ្មីពិតមែន។

នោះ​គឺជា​ប្រភេទ​មីស៊ីល​បាលីស្ទិក រយៈ​ចម្ងាយ​ខ្លី រត់​បានចម្ងាយ​ ២៤០ គីឡូម៉ែត្រ​ រយៈ​កម្ពស់មធ្យម ​៤៧គីឡូម៉ែត្រ​ ដែល​បាញ់​ចេញពីតំបន់ វុនសាន់ ​ប៉ែក​ខាង​កើត​​កូរ៉េខាងជើង បាញ់​ឆ្ពោះ​ទៅ​សមុទ្រ​ជប៉ុន។ នេះជាការបញ្ជាក់​របស់​ភាគី​ជប៉ុន។​ ជប៉ុន​ សម្តែងក្តីបារម្ភ​ជាថ្មី ហើយ​ការិយាល័យ​នាយករដ្ឋមន្ត្រីជប៉ុន បានគូស​បង្ហាញថា ​ការ​គឃ្លើន​បាញ់​បោះ​មីស៊ីល​ផ្ទួន​ៗ​​របស់​ព្យុងយ៉ាង គឺ​ គំរាម​ដល់​សន្តិភាព​ក្នុង​តំបន់ ​និងប៉ះពាល់​ដល់​សន្តិសុខ​សហគមន៍​​អន្តរជាតិ។ 

ហេតុដូច្នេះហើយ នាយករដ្ឋមន្ត្រី​ជប៉ុន នឹងត្រូវ​​ឆ្លៀតជួបពិគ្រោះ​គ្នាជាមួយ​ប្រធានាធិបតី​ចិន។ ចិន​ដែល​មាន​ទឹកមាត់ប្រៃ និយាយ​ជាមួយ កូរ៉េ​ខាងជើង។​

​​​ក្តី​​រំពឹង​​ពី​ជំនួប ចិន​-ជប៉ុន នៅបាងកក​​

ចំពោះរឿង​កូរ៉េ​ខាង​ជើង គឺ ថ្មីៗនេះ ​ប្រធានាធិបតី​អាមេរិក បាន​សុំ​ឲ្យ​ប្រមុខ​រដ្ឋ​ចិន​ ផ្លុំ​ត្រចៀក​ថ្នាក់ដឹកនាំ​របបក្រុង​ព្យុងយ៉ាង​ ហើយ​នៅ​បាងកក​នេះទៀត គឺ​ គេ​សង្ឃឹម​ជាថ្មីថា ​​នាយករដ្ឋមន្ត្រី​ជប៉ុន​ អាច​​បញ្ចុះ​បញ្ជូល​ប្រធានាធិបតី​ចិន ឲ្យ​ដាស់តឿន​មេដឹកនាំ​ គីម​ ជុ​ងអ៊ុន។ ដ្បិតថា រដ្ឋធានីប៉េកាំង​​ មា​ន​ទំនាក់​ទំនងការ​​ទូត​ល្អជាមួយ​ព្យុងយ៉ាង​ ហើយចិន​ជា​ប្រទេស​ផ្គត់ផ្គង់គាំទ្រ​​​សេដ្ឋកិច្ច​ដ៏សំខាន់​ដល់​កូរ៉េ​ខាង​ជើង​។

ឈរលើ​មូលដ្ឋាន​នេះហើយ ដែល​លោក ចូ បៃដិន ជួប​លោក​ ស៊ី​ ជីនពីង​ កាលពីដើម​សប្តាហ៍​ ហើយបាន​ជូន​យោបល់ផ្តាំ​​ឲ្យ​​កូរ៉េខាងជើង​បញ្ឈប់សកម្មភាព​។​ ប្រធានាធិបតី​អាមេរិក​​ មានប្រសាសន៍​បញ្ជាក់​​​ហើយថា ការ​ធ្វើ​តេស្ត​សាកល្បង​មីស៊ីល​ជាបន្តបន្ទាប់របស់​កូរ៉េ​ខាងជើង គឺនឹង​​នាំឲ្យសហរដ្ឋ​​អាមេរិក​បង្កើន​កង​ទ័ព​​នៅក្នុង​ប្រទេស​សម្ព័ន្ធមិត្ត​​កូរ៉េ​ខាងត្បូង​និង​ជប៉ុន ដែលអាមេរិ​ក​មាន​មូលដ្ឋាន​យោធាស្រាប់។ ប្រទេស​ ចិន ​ក៏​ច្បាស់​ជា​មិន​ចង់​ឃើញ​ដែរ​។ អាស្រ័យ​ហេតុ​នេះ​ ជំនួប​ចិន​-ជប៉ុន នៅ​បាងកក​ គឺជាឱកាស​ប្រសើរ​​ជំរុញ​បន្ថែម​ក្នុងការ​ដោះស្រាយ​វិបត្តិ​ឧបទ្វីបកូរ៉េ។

ដោយឡែក បញ្ហាទ្វេភាគីវិញ គឺក្នុងរយៈ​ជិត​៣ឆ្នាំមកនេះ ​ នេះជា​លើកទី១ហើយ ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីស៊ីដា បាន​ជួប​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង។  ​ចិន​និងជប៉ុន សុទ្ធសឹងតែជាមហាប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​លំដាប់​លេខ​២និងលេខ​៣ លើពិភពលោក​។

​​ហេតុអ្វី បារាំង ​​ចូលរួម​ប្រជុំ​នឹងគ្នាដែរ​​?​

បន្ទាប់ពី​ចេញពីកិច្ច​ប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ចជឿនលឿន​ទាំង​២០ នៅ​បាលី ឥណ្ឌូណេស៊ីរួចមក ប្រមុខរដ្ឋបារាំង លោក ម៉ាក្រុង តម្រង់​មកបាងកក នៅល្ងាច​ថ្ងៃពុធ និង​បាន​មើល​កីឡាប្រដាល់វាយបុក​នៅបាកកក​​។ ​ បារាំង​ពុំ​មែន​ជារដ្ឋ​សមាជិក​របស់​APECទេ តែប្រទេស​នេះ ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ជាភ្ញៀវ​​កិត្តិយស គឺ​ជាប្រទេសទី១​ក្នុងរង្វង់​សហភាព​អឺរ៉ុប​ ដែលត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ជា​ភ្ញៀវ​ក្នុង​ជំនួប​ APEC នៅថៃ​។

បើ​គិត​ឲ្យ​ស៊ី​ជម្រៅ​​ នេះ​ក៏​​​ជា​ឋិត​ក្នុង​យុទ្ធសាស្ត្រ​របស់បារាំង​។ បារាំង​ក៏​ដូច​សហរដ្ឋអាមេរិក​ដែរ បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​យុទ្ធសាស្ត្រ​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុង​ខណៈ​​ពេល​ដែល​ចិន​បង្កើន​ឥទ្ធិពល​យោធា​ក្នុងតំបន់​  បារាំងដែល​​ឲ្យ​តម្លៃ​ជាយុទ្ធសាស្ត្រ​សេរីភាព​នាវាចរណ៍ គឺ​​បាន​ដាក់​ពង្រាយ​ទាហានប្រចាំ​ការ​ក្នុង​តំបន់ ​៧ ពាន់នាក់​ រង់​ចាំ​ឈ្លប​ឃ្លាំ​មើល​សភាព​ការណ៍។​ បារាំង​ ក៏​បង្កើន​សមយុទ្ធ​​ជាច្រើន​ជាមួយ​ ឥណ្ឌា​ និង ​ជប៉ុន។ បារាំង​បាន​លក់​យន្តហោះ​ចម្បាំងនិងយន្តហោះប្រដេញ​ឲ្យ​ ឥណ្ឌូណេស៊ី ហើយ​រដ្ឋបាល​ក្រុង​ហ្សាការតា ក៏​ចាប់ចិត្ត​ចង់​ទិញ​នាវាមុជទឹក​និង​គ្រឿង​ចម្បាំង​ផលិតផល​​របស់បារាំង​ដែរ។​

ទោះជាយ៉ាងនេះក្តី វត្តមាន​របស់​ថ្នាក់ដឹកនាំបារាំង​នៅពេល​នេះ ហាក់ត្រូវ​ប្រឈម​មុខ​នឹង​ ​ អូស្ត្រាលី ។ អូស្ត្រាលី ដែល​បាន​ផ្តាច់​កិច្ចសន្យា​ឈប់ទិញ​នាវាមុជទឹក​បារាំង កាលពី​ឆ្នាំ​២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ