អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទុយនីស៊ី៖ហ្រ្វង់កូហ្វូនីបើកកិច្ចប្រជុំកំពូលលើកទី១៨ ក្រោយពីបានលើកពេលចំនួន ២ដងបន្តបន្ទាប់គា្ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​សៅរិ៍ ទី១៩ វិច្ឆិកានេះ អង្គការ​អន្តរជាតិ​នៃ​ក្រុមប្រទេស​និយាយភាសាបារាំង​ហៅហ្រ្វង់កូហ្វូនី​បើក​កិច្ចប្រជុំកំពូល​លើកទី១៨​រយៈពេល ២ថ្ងៃលើកោះ​ជែរបាស្ថិតប៉ែកខាងត្បូងក្នុងប្រទេស​ទុយនីស៊ី។ កិច្ចប្រជុំកំពូល​ដែល​រៀបចំ​នៅ​រៀងរាល់ ២ឆ្នាំ​ម្តង​មួយ​នេះចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​មក​ពី​ប្រទេស​សមាជិក រួម​ទាំងអង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិលជា​ច្រើន​ផ្សេង​ទៀត​។ កិច្ចប្រជុំកំពូល​លើកទី១៨របស់​អង្គការ​ហ្រ្វង់កូហ្វូនីពេល​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​ដែល​ពិភពលោក​បាន​ស្គាល់ និង​កំពុងឆ្លង​កាត់​នូវ​វិបត្តិ​ជា​បន្តបន្ទាប់ ពិសេស​វិបត្តិ​កូវីដ១៩ និងសង្រ្គាម​រុស្ស៊ី​ឈ្លានពានអ៊ុយក្រែន។ នេះ​ដោយ​មិនទាន់​និយាយ​ពីវិបត្តិ​ដែល​ហ្រ្វង់កូហ្វូនី​ខ្លួន​ឯង​កំពុង​ជួប​ប្រទះ។

នៅក្នុង​ប្រទេសទុយនីស៊ី ហ្រ្វង់កូហ្វូនីបើកកិច្ចប្រជុំកំពូលលើកទី១៨ ក្រោយពីបានលើកពេលចំនួន ២ដងបន្តបន្ទាប់គា្ន
នៅក្នុង​ប្រទេសទុយនីស៊ី ហ្រ្វង់កូហ្វូនីបើកកិច្ចប្រជុំកំពូលលើកទី១៨ ក្រោយពីបានលើកពេលចំនួន ២ដងបន្តបន្ទាប់គា្ន AP - Hassene Dridi
ផ្សាយពាណិជ្ជកម្ម

មាន​ការ​កត់សម្គាល់​ចំនួន ២ នៅ​ក្នុង​កិច្ចប្រជុំកំពូលលើកទី១៨​របស់អង្គការ​ហ្រ្វង់កូហ្វូនីក្នុង​ប្រទេស​ទុយនីស៊ី​ពេល​នេះ ទី១ និង​តាម​ធម្មតា ប្រទេស​ទុយនីស៊ីត្រូវ​រៀបចំកិច្ចប្រជុំ​​កំពូល​លើកទី១៨របស់​អង្គការអន្តរជាតិ​នៃ​ក្រុមប្រទេស​និយាយភាសាបារាំង​ហ្រ្វង់កូហ្វូនី​តាំង​ពី​ឆ្នាំ ២០២០។ តែ​ត្រូវ​បានលើកពេល​ចំនួន ២ដង​បន្តបន្ទាប់គ្នា​ក្រោម​ហេតុផល​ចំនួន ២ ទី១ គឺដោយសារ​ការ​ផ្ទុះ​វិបត្តិ​ឆ្លងកូវីដ១៩ក្នុងឆ្នាំ ២០២០ និងទី២ក្នុង​ឆ្នាំ ២០២១ គឺដោយសារ​វិបត្តិនយោបាយ​ផ្ទៃក្នុង​របស់​ទុយនីស៊ី​ដែល​ប្រជាជន​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ពង្រឹង​អំណាច​របស់​ប្រធានាធិបតី​ទុយនីស៊ី​លោក​កាអ៊ីស សៃអ៊ីដ។ វិបត្តិនយោបាយ​ផ្ទៃក្នុង​ទុយនីស៊ី​កាលណោះ​បាន​បង្ខំ​ឲ្យ​ក្រុមប្រទេស​ហ្រ្វង់កូហ្វូនី​លើក​ពេល​កិច្ចប្រជុំ។

តែ​ក្នុង​ពេល​ជាមួយ​គ្នា ក្រុមប្រទេស​ហ្រ្វង់កូហ្វូនី​ក៏​មិន​​ចង់​លើក​យក​កិច្ចប្រជុំកំពូល​លើកទី១៨នេះ​ទៅ​រៀបចំ​នៅ​ក្នុង​ប្រទេស​សមាជិក​ណា​ផ្សេង​ មាន​ន័យ​ថា ចង់​បន្ត​ទុក​ឱកាស​ឲ្យ​ទុយនីស៊ី​ជា​អ្នក​រៀបចំ​ដដែល។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ការ​ដែល​ទុយនីស៊ី​រៀបចំ​បាននូវ​កិច្ចប្រជុំ​កំពូល​ពេល​នេះជាជ័យជំនះ​​ការទូត​មួយ​របស់ប្រមុខរដ្ឋទុយនីស៊ី​លោក​កាអ៊ីស សៃអ៊ី។ ​​ចំណែក​ការ​កត់សម្គាល់​ទី២ កិច្ចប្រជុំ​​កំពូល​លើកទី១៨របស់​អង្គការហ្រ្វង់កូហ្វូនីពេល​នេះ​បានធ្វើ​ឡើង​ចំ​ពេល​ដែលអង្គការអន្តរជាតិ​នៃ​ក្រុមប្រទេស​និយាយភាសាបារាំងមួយ​នេះ​ប្រារព្ធខួប​កំណើត​គម្រប់ ៥០ឆ្នាំ​របស់​ខ្លួន។

​ប្រវត្តិ​ និង​កម្មវត្ថុ​នៃ​ការ​ចាប់​កំណើតរបស់​អង្គការ​​ហ្រ្វង់កូហ្វូនី

នៅ​ពេល​ដែល​គេ​និយាយា​ពី​អង្គការ​នៃ​ក្រុមប្រទេស​និយាយ​ភាសា​បារាំង គេ​មិន​អាចនិយាយបាន​ឡើយ​ពី​បិតា​ស្ថាបនិក​ចំនួន ៤រូប មក​ពី​ ៤ប្រទេស ក្នុង​នោះ​មាន ៣ប្រទេស​អាហ្រ្វិក និង ១ប្រទេស​អាស៊ី។ ៣ប្រទេស​អាហ្រ្វិក មានសេណេហ្កាល់ ​ទុយនីស៊ី នីហ្សេ ហើយ​ ១ប្រទេស​អាស៊ី គឺ​កម្ពុជា។ ចំណែកបិតា​ស្ថាបនិក​ទាំង ៤រូប​ គឺប្រធានាធិប​តី​សេណេហ្កាល់លោក​ឡេអូប៉ូ សេដារ សេនហ្ក័រ, ប្រធានាធិប​តីទុយនីស៊ី​លោកហាប៊ីប បួរហ្គីបា, ប្រធានាធិបតី​នីហ្សេ​លោក​ហាម៉ានី ឌីយ៉ូរី និង​ព្រះបរមរតនកោដ្ឋ​ព្រះនរោត្តមសីហនុ។

នៅ​ថ្ងៃ​ទី២០ មីនា ឆ្នាំ ១៩៧០ សន្ធិសញ្ញា​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខានៅ​ក្នុង​ទីក្រុង​នីយ៉ាម៉េ ប្រទេស​នីហ្សេ​ដើម្បី​បង្កើតទីភ្នាក់ងារ​នៃ​កិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស ឬ​ហៅកាត់ ACCT។ កាលណោះ ACCT មាន​ប្រទេស​សមាជិកពេញសិទ្ធិ សមាជិកមិនពេញសិទ្ធិ និងសមាជិកសង្កេតការណ៍​ចំនួន ២១ប្រទេស។ កម្មវត្ថុនៃ​ការ​បង្កើត​ឲ្យ​មាន​ ACCT ​មួយពេល​នោះ គឺ​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅលើវិស័យវប្បធម៌ អប់រំ ទូរគមនាគមន៍ និងស្រាវជ្រាវ​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក។ បន្ទាប់​នៅ​ក្នុង​ឆ្នាំ ១៩៩៨ ទីភ្នាក់ងារ​នៃ​កិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេសបាន​ប្តូរ​ឈ្មោះ​ទៅ​ជា ទីភ្នាក់ងារ​អន្តររដ្ឋាភិបាល​នៃ​ក្រុមប្រទេស​និយាយ​ភាសា​បារាំង។

បន្ទាប់​មក​ទៀត​ចាប់​ពី​ឆ្នាំ ២០០៧ ទីភ្នាក់ងារ​អន្តររដ្ឋាភិបាល​នៃ​ក្រុមប្រទេស​និយាយ​ភាសា​បារាំង​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា អង្គការ​អន្តរជាតិនៃ​ក្រុមប្រទេស​និយាយ​ភាសា​បារាំង ឬ​ហៅកាត់ OIF។ តែ​ទន្ទឹម​នឹង​ការ​ប្តូរ​ឈ្មោះ​ជា​បន្តបន្ទាប់ ចំនួន​ប្រទេស​សមាជិក​ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ ពី ២១ប្រទេស​នៅ​ពេល​ចាប់កំណើត​ដំបូង OIF មាន​សមាជិកដល់ទៅ ៨៨ប្រទេស​នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ មានសមាជិកពេញសិទ្ធិ​ចំនួន ៥៤ប្រទេស សមាជិកមិន​ពេញសិទ្ធិ​ចំនួន ៧ប្រទេស និង​សមាជិក​សង្កេតការណ៍​ចំនួន ២៧ប្រទេស។ ចំនួន​សមាជិក ៨៨ប្រទេស​បាន​ធ្វើឲ្យ​ OIF ក្លាយ​ជា​អង្គការ​អន្តរជាតិ​ធំ​លំដាប់ទី២ បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ។

កម្មវិធី​ និង​កម្មវត្ថុនៃ​​កិច្ចប្រជុំកំពូល​រយៈពេល ២ថ្ងៃ​

នៅ​ថ្ងៃ​ទី១ ថ្ងៃសៅរ៍ ទី១៩ វិច្ឆិកា កិច្ចប្រជុំកំពូល​ធ្វើ​ឡើង​ជា​សាធារណៈ​ដោយ​មាន​ការ​ថ្លែង​សុន្ទរកថា​បើក​របស់​ប្រធានាធិបតី​ទុយនីស៊ីលោក​កាអ៊ីស សៃអ៊ីដដែល​ជា​ម្ចាស់ផ្ទះ និង​បន្តដោយថ្នាក់ដឹកនាំ​ហ្រ្វង់កូហ្វូនី​មួយ​ចំនួន ពិសេសអគ្គលេខាធិការ​អង្គការហ្រ្វង់កូហ្វូនី​លោកស្រី​ល្វីស មូស្ហ៊ីគីវ៉ាបូ។ តែ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ដែល​បាន​មក​ដល់​ប្រទេស​ទុយនីស៊ី​ថ្ងៃ​ទី១៩ វិច្ឆិកា​នេះ ក្រោយ​ពី​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល APEC ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​មិន​បាន​ឡើង​ថ្លែង​សុន្ទកថា​ និង​​ក៏​មិន​ស្ថិត​​ដល់​ថ្ងៃ​បិទបញ្ចប់កិច្ចប្រជុំកំពូល​នៅ​ថ្ងៃ​អាទិត្យ ទី២០ វិច្ឆិកា​ដែល​ជា​កិច្ចប្រជុំកំពូលបិទទ្វារ​។

ដោយឡែក នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំកំពូល​រយៈ​ពេល ២ថ្ងៃ ក៏មាន​ការ​រៀបចំ​នូវ​ព្រឹត្តិការណ៍ និង​វេទិកា​មួយ​ចំនួន ដូច​ជា​វេទិកា​សេដ្ឋកិច្ច​ហ្រ្វង់កូហ្វូនី និង​ភូមិ​ហ្រ្វង់កូហ្វូនី។ កម្មវត្ថុ​នៃ​កិច្ចប្រជុំកំពូលលើកទី១៨របស់ OIF ពេល​នេះ គឺដើម្បីផ្តល់​សន្ទុះ​នូវ​គម្រោង​ហ្រ្វង់កូហ្វូនី​ឲ្យ​ស​ម្របខ្លួន​ទៅ​នឹង​ស្ថានការណ៍​សព្វថ្ងៃរបស់​ពិភពលោក។ នៅ​ក្នុង​ន័យ​នេះ ប្រធានបទដែល​កិច្ចប្រជុំកំពូល​លើកទី១៨ បាន​ជ្រើស​យក គឺការ​តភ្ជាប់ និង​ភាព​ចម្រុះ​ដោយ​ផ្តោត​លើបច្ចេកវិទ្យាថ្មី « ឌីជីថល » ​​ជា​វ៉ិចទ័រ​នៃ​ការ​អភិវឌ្ឍន៍ និង​សាមគ្គីភាព​នៅ​ក្នុង​លំហ​ហ្រ្វង់ដកូហ្វូនី។ តាម​រយៈប្រធានបទ​ « ឌីជីថល » ក្រុម​ប្រទេស​សមាជិកហ្រ្វង់​កូហ្វូនី​សង្ឃឹមស្តារ ​ពង្រឹងកិច្ចសហប្រតិបត្តិការ​ និង​ភាព​ជា​ដៃ​គូ​នៅលើគ្រប់​​វិស័យ​ មានយោបាយ សេដ្ឋកិច្ច វប្បធម៌ ទូរគមនាគមន៍ និង​អប់រំ។

ទន្ទឹម​គ្នា​នេះ កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនីក៏ជា​​ឱកាសអនុញ្ញាត​ឲ្យ​មាន​ការ​ផ្តោះប្តូរ​រវាង​ថ្នាក់ដឹកនាំ​បស្ចិមលោក និង​អាហ្រ្វិកនៅ​លើ​ប្រធានបទ​ក្តៅ​មួយ​ចំនួន ពិសេស​ទាក់ទង​នឹង​សង្រ្គាមអ៊ុយក្រែន។ នៅ​ក្នុង​បញ្ហា​នេះ មាន​ប្រទេស​អាហ្រ្វិកជា​ច្រើន​បាន​សម្តែង​ការ​សោយស្តាយ​ពី​កង្វះ​សាមគ្គីភាពរបស់​អង្គការ​ហ្រ្វង់កូហ្វូនី​ចំពោះ​ពួក​គេ ខណៈ​ដែល​ជំនួយ​ទៅ​ឲ្យ​អ៊ុយក្រែន​មាន​យ៉ាង​ច្រើន និង​រហ័ស។

ស្ថានភាព​នៃ​ការ​សិក្សា និង​ការ​និយាយ​ភាសា​បារាំង​នៅ​ក្នុង​លោក

បើ​និយាយ​នៅ​ទូទាំង​ពិភពលោកនា​ពេល​បច្ចុប្បន្ន សហគមន៍ហ្រ្វង់កូហ្វូនី​មាន​អ្នក​និយាយ​ភាសា​បារាំង​ចំនួន ៣២១លាននាក់​នៅ​ក្នុង ១១២ប្រទេស​ស្ថិត​នៅ​លើ​ ៥ទ្វីប។ នៅ​ក្នុង​ចំណោម​នេះ មាន​ភាគ​ច្រើន​បាន​ប្រើភាសាបារាំង​ប្រចាំ​ថ្ងៃ ក្នុង​នោះ​មាន ៦២% នៅ​ក្នុងទ្វីប​អាហ្រ្វិក ពោល​មាន​ការ​កើន​ឡើង​ចំនួន ២,៥ពីន្ទុ បើ​ធៀប​នឹង​ឆ្នាំ ២០១៨។

តាម​តួលេខ​របស់ OIF ឆ្នាំ ២០២២ ភាសាបារាំង​ជា​ភាសាទី២ ដែល​មាន​អ្នករៀន​ច្រើន​ជាង​គេ​ និង​ជា​ភាសា​ទី៥ ដែល​មាន​អ្នក​និយាយច្រើន​ជាង​ក្នុង​លោក បន្ទាប់​ពី​ភាសា​អង់គ្លេស ចិន ឬ​អេស្ប៉ាញ។ ក្នុង​ឆ្នាំ ២០២២ ដដែល ភាសា​បារាំង​ជា​ភាសា​ចៀស​មិន​រួច​នៅ​ក្នុង​ពិភព​ឌីជីថល និង​​បាន​រក្សា​កន្លែង​ទី៤ ជា​ភាសា​ប្រើ​នៅ​ក្នុងប្រព័ន្ធ​អ៊ីនធ័រនែត។ ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច ផលិតផលសរុបក្នុង​ស្រុក​របស់​អង្គការ​ហ្រ្វង់កូហ្វូនី​តំណាង​ឲ្យ ១៦,៦% នៃ​សេដ្ឋកិច្ច​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ