អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើអ្វីខ្លះជា​ហានិភ័យ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ជជែក​តាមទូរសព្ទ​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡិនស្គី កាលពីថ្ងៃចន្ទ។ បើ​យោងតាម​លោក​ម៉ាក្រុង ការជជែក​តាមទូរសព្ទ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​បន្ទាន់ ដើម្បី​ជជែក​ អំពី​​បញ្ហា​សុវត្ថិភាព​នៅ​ឯមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា ក្រោយ​ពី​រង​ការ​បាញ់ផ្លោង​ជាច្រើន​គ្រាប់ កាល​ពី​ថ្ងៃ​ចុងសប្តាហ៍កន្លងទៅ។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា មើល​ពីត្រើយម្ខាងទៀត​នៃ​ទន្លេ Dniepr
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា មើល​ពីត្រើយម្ខាងទៀត​នៃ​ទន្លេ Dniepr AFP - ED JONES
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា ក្រោយ​ការបាញ់ផ្លោង​កាលពីចុងសប្តាហ៍

អ្នកជំនាញ​របស់​ទីភ្នាក់ងារ AIEA បាន​វាយតម្លៃ​ស្ថានភាព​ទូទៅ ​កាល​ពីថ្ងៃ​ចន្ទ​​ម្សិលមិញ ទាំង​ស្ថានភាព​រ៉េអាក់ទ័រ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​នៅ​ជុំវិញ។ បើយោងតាម AIEA ក្នុងចំណោម​រ៉េអាក់ទ័រ​ទាំង ៦ នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​នេះ មិនមាន​រ៉េអាក់ទ័រណាមួយ​ត្រូវ​ខូចខាត​ដោយ​ការ​បាញ់ផ្លោង កាល​ពីចុងសប្តាហ៍​កន្លងទៅនេះទេ។ អគារ និង​សម្ភារៈ​មួយចំនួន​ត្រូវ​រងការខូចខាត ក៏ប៉ុន្តែ ការខូចខាត​នេះ​មិនមានលើ​​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ សម្រាប់​រក្សា​សុវត្ថិភាព​នុយក្លេអ៊ែរ​ទេ។ ទីតាំង​ស្តុក​សារធាតុ​វិទ្យុសកម្ម ប្រព័ន្ធ​គ្រប់គ្រង​រ៉េអាក់ទ័រ និង​ប្រព័ន្ធផ្គង់ផ្គង់​ចរន្តអគ្គិសនី ក៏​មិន​មាន​រងការខូចខាត​អ្វីធ្ងន់ធ្ងរ​ ចំណែក​កម្រិត​វិទ្យុសកម្ម​ គឺ​នៅ​ទាប​ក្នុង​កម្រិត​ធម្មតា។

ក៏ប៉ុន្តែ អគ្គនាយក​ទីភ្នាក់ងារ AIEA បាន​ទាញសញ្ញា​អាសន្ន​ ពីព្រោះ​ការបាញ់ផ្លោង​កាល​ពីចុងសប្តាហ៍​កន្លងទៅនេះ ត្រូវ​បាន​ធ្វើឡើង​ជាច្រើន​​គ្រាប់ ដែល​បង្ហាញ​ថា ជា​ការ​ធ្វើ​ឡើង​ដោយ​ចេតនា​សំដៅ​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​តែម្តង។ ​ម្យ៉ាងទៀត ការបាញ់ផ្លោង​នេះ​មិនមែន​ធ្លាក់​នៅ​ឆ្ងាយ​​រាប់រយម៉ែត្រ​​នោះទេ គឺ​​ធ្លាក់​ចំ​​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ ពី​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។

ប្រសិនបើ​មានគ្រាប់ផ្លោង​ធ្លាក់ត្រូវ​ចំតួ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ តើ​អាច​នឹង​នាំ​ឲ្យ​ទៅជាការ​ផ្ទុះ​នុយក្លេអ៊ែរ​ណាមួយដែរទេ?

បើទោះជា​គ្រាប់ផ្លោង​ធ្លាក់​ត្រូវ​ចំ​តួរ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់​ក៏ដោយ គឺ​មិន​អាច​នាំ​ឲ្យ​ផ្ទុះ ដូចជា​ការ​ផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរបានទេ ពីព្រោះ នៅ​ក្នុង​រ៉េអាក់ទ័រ​មិនមាន​សារធាតុ​នុយក្លេអ៊ែរ ដែល​អាច​ផ្ទុះ​ដូច​អាវុធ​នុយក្លេអ៊ែរ​បាន។

នៅក្នុង​អាវុធ​នុយក្លេអ៊ែរ គេ​​ត្រូវ​ការ​សារធាតុ​អ៊ុយរ៉ាញ៉ូម ដែល​បន្សុទ្ធ​រហូតដល់​ទៅ​យ៉ាងតិច ៩០% ឯណោះ ដើម្បី​អាច​បង្កើត​ជា​ប្រតិកម្ម​នុយក្លេអ៊ែរ​គ្រប់គ្រាន់ អាច​ផ្ទុះ​ជាគ្រាប់នុយក្លេអ៊ែរ។ ចំណែក​នៅ​ក្នុង​រ៉េអាក់ទ័រនុយក្លេអ៊ែរផលិត​ថាមពល​អគ្គិសនីវិញ មិនថា​​នៅ​ហ្សាប៉ូរីចា ឬ​ក៏​នៅ​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​ណាផ្សេងទៀត​ក៏ដោយ គេ​ប្រើ​អ៊ុយរ៉ាញ៉ូម​បន្សុទ្ធ​​ត្រឹមក្រោម ២០% ប៉ុណ្ណោះ។ ដូច្នេះ វាមិនអាច​ផ្ទុះ​ជា​គ្រាប់បែក​នុយក្លេអ៊ែរ​បានទេ។

តើ​អ្វីទៅជា​ហានិភ័យ​ចម្បង​ ដែល​អាច​កើតឡើង​នៅ​ហ្សាប៉ូរីចា?

ហានិភ័យចម្បងបំផុត គឺ​ការ​លេចធ្លាយ​វិទ្យុសកម្ម។ បើ​សិន​ជាមាន​ការ​បាញ់ផ្លោង​ត្រូវ​ចំតួរ៉េអាក់ទ័រ ទោះជា​វា​មិន​ត្រូវ​ផ្ទុះ​ដូចជា​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ ក៏ប៉ុន្តែ វា​អាច​ធ្វើ​ឲ្យ​លេចធ្លាយ​សារធាតុ​វិទ្យុសកម្ម​ចេញមក​ក្រៅ។

ហានិភ័យ​នៃ​ការ​លេចធ្លាយ​វិទ្យុសកម្ម​នេះ មិនមែន​កើតឡើង​តែ​ក្នុងករណី​បាញ់ផ្លោង​ត្រូវ​ចំ​តួរ៉េអាក់ទ័រ​ដោយ​ផ្ទាល់​ទេ។ នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ មាន​ទីតាំង​ផ្សេងទៀត ដែល​សុទ្ធតែ​មាន​ហានិភ័យខ្ពស់ អាច​នាំ​ឲ្យ​មាន​លេចធ្លាយ​វិទ្យុសកម្ម ជាអាទិ៍ ​ទីតាំង​ស្តុក​សារធាតុវិទ្យុសកម្ម ដែល​គេ​ប្រើ​រួច បណ្តាញ​គ្រប់គ្រង​រ៉េអាក់ទ័រ និង​​ជាពិសេស ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ ដែល​ជា​កត្តា​ចាំបាច់​បំផុត​មិន​អាចខ្វះបាន នៅក្នុងការ​រក្សា​សុវត្ថិភាព​នុយក្លេអ៊ែរ។

គួរបញ្ជាក់ថា នៅ​ក្នុង​យន្តការ​ផលិត​​អគ្គិសនី ដោយ​ថាមពល​​នុយក្លេអ៊ែរ មិនមែន​ប្រតិកម្ម​នុយក្លេអ៊ែរ​បង្កើត​ទៅជា​ថាមពល​អគ្គិសនី​ដោយ​ផ្ទាល់នោះទេ។ ប្រតិកម្ម​នុយក្លេអ៊ែរ​នៅក្នុង​ស្នូល​រ៉េអាក់ទ័រ​បង្កើត​បាន​ជា​ថាមពល​ទែរមិច ពោលគឺ ​កម្តៅ។ កម្តៅ​បង្កើតជា​ចំហាយទឹក។ កម្លាំងចំហាយទឹក​បង្វិល​តួរប៊ីន ទើបផលិត​ជា​ថាមពល​អគ្គិសនី។

ដូច្នេះ គេ​ចាំបាច់​ត្រូវការ​ប្រព័ន្ធ​ទឹកត្រជាក់ ដើម្បី​រក្សា​សីតុណ្ហភាព​ស្នូល​រ៉េអាក់ទ័រ​កុំ​ឲ្យ​កើនឡើង​ហួស​កំណត់ ហើយ​​ប្រព័ន្ធទឹកត្រជាក់នេះ អាច​ដំណើរការ​ទៅបាន គឺ​ចាំបាច់​ត្រូវការ​ចរន្តអគ្គិសនី។

នៅ​ក្នុង​ដំណើរការ​ធម្មតា ​គេ​អាច​យក​ថាមពលអគ្គិសនី ដែល​ផលិត​បាន​ដោយ​រ៉េអាក់ទ័រ​​មកប្រើ ដើម្បី​ដំណើរការ​ប្រព័ន្ធទឹកត្រជាក់។ ក៏ប៉ុន្តែ បញ្ហា​ចោទ​នៅត្រង់​ថា បើទោះជា​ក្រោយ​ពេល​ដែល​គេ​បិទ​រ៉េអាក់ទ័រ​លែង​ឲ្យ​ដំណើរការ​ហើយ​ក៏ដោយ ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​ក្នុង​ស្នូល​រ៉េអាក់ទ័រ​មិន ​ឈប់​ភ្លាមៗនោះទេ។ ដូច្នេះ គេនៅតែ​ត្រូវការ​ចរន្តអគ្គិសនី ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធទឹកត្រជាក់ ដើម្បី​គ្រប់គ្រង​សីតុណ្ហភាព​ស្នូល​រ៉េអាក់ទ័រ ហើយ​ដោយសារ​តែ​រ៉េអាក់ទ័រ​លែង​ដំណើរការ លែង​អាច​ផលិត​អគ្គិសនី​បាន ដូច្នេះ ចរន្តអគ្គិសនី ដើម្បី​ដំណើរការ​ប្រព័ន្ធទឹកត្រជាក់នេះ គឺ​​​ចាំបាច់ត្រូវមក​ពី​ប្រភពផ្សេង។

ប្រសិនបើ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ពីក្រៅនេះ​ត្រូវ​អាក់ខាន​ដោយ​ប្រការណាមួយ ប្រព័ន្ធទឹកត្រជាក់​នៅ​ក្នុង​រ៉េអាក់ទ័រ​នឹង​មិន​អាច​ដំណើរការ​បាន សីតុណ្ហភាព​ក្នុង​ស្នូល​រ៉េអាក់ទ័រ​ក៏​ត្រូវ​កើនឡើង​គ្រប់គ្រង​លែង​បាន វា​អាច​នឹង​ធ្វើ​ឲ្យ​ស្នូល​រ៉េអាក់ទ័រ​ត្រូវ​ក្តៅខ្លាំង​រហូត​ត្រូវរលាយ ហើយ​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​មកខាងក្រៅ។

យើងធ្លាប់​ឃើញ​ករណី​បែបនេះ​រួចមកហើយ កាល​ពី​នៅ​ហ្វូគូស្ហ៊ីម៉ា កាល​ពី​ឆ្នាំ២០១១​កន្លងទៅ។ នៅពេលនោះ រលកយក្សស៊ូណាមិ មិនបាន​ធ្វើ​ឲ្យ​ខូចខាត​ទៅដល់​តួរ៉េអាក់ទ័រ នៅ​ហ្វូគូស្ហ៊ីម៉ា​ដោយ​ផ្ទាល់នោះទេ ក៏ប៉ុន្តែ វាធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធផ្គត់ផ្គង់​អគ្គិសនី​ ប្រព័ន្ធទឹកត្រជាក់​លែងដំណើរការ ទើប​ធ្វើ​ឲ្យ​រលាយស្នូល​រ៉េអាក់ទ័រ ហើយ​លេចធ្លាយ​វិទ្យុសកម្ម​មក​ក្រៅ។

នៅហ្សាប៉ូរីចា រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ទាំង ៦ ត្រូវ​បិទលែង​ដំណើរការ តាំង​ពី​ខែ​កញ្ញាមកម៉្លេះ ដូច្នេះ គេ​ត្រូវការ​ចរន្ត​អគ្គិសនី​ពី​ប្រភព​ខាងក្រៅរ៉េអាក់ទ័រទាំងស្រុង ដើម្បី​ដំណើរការ​ប្រព័ន្ធទឹកត្រជាក់ គ្រប់គ្រងសីតុណ្ហភាព​នៅ​ក្នុង​ស្នូល​រ៉េអាក់ទ័រ។ ដូច្នេះ ហានិភ័យ​ធំបំផុត​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​នេះ គឺ​ការ​ខូចខាត​​បណ្តាញផ្គត់ផ្គង់អគ្គិសនី​ពី​ខាងក្រៅ​ទៅរ៉េអាក់ទ័រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ