អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី​​​ ​បស្ចិមប្រទេស ​កំណត់តម្លៃប្រេងរុស្ស៊ី​ ត្រឹម​៦០ដុល្លារ​មួយ​បារីល

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ប្រទេសមានសេដ្ឋកិច្ចជឿនលឿននាំមុខ G7 និង អូស្ត្រាលី យល់​ព្រម​ព្រៀង​លើ​ការ​កំណត់​តម្លៃ​ប្រេង​រុស្ស៊ី ​​គឺ​​តម្លៃ ៦០ដុល្លារ ក្នុងមួយធុងបារីល​​​។ នេះ​គឺជា​ទណ្ឌកម្មសេដ្ឋកិច្ច​លើរុស្ស៊ី ដែលបង្កសង្គ្រាម​​ឈ្លាន​ពាន​អ៊ុយក្រែន។​ វិធានការកំណត់​តម្លៃ​ប្រេង​នេះ គឺ​ស្រប​គ្នា​នឹង​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប ដែល​នឹងចូលជាធរមាន ចាប់ពីថ្ងៃច័ន្ទ ទី៥ធ្នូ។

កបាល​ដឹកប្រេងរុស្ស៊ី​។
កបាល​ដឹកប្រេងរុស្ស៊ី​។ AP
ផ្សាយពាណិជ្ជកម្ម

ប្រទេស​លោក​ខាង​លិច ពួត​ដៃ​គ្នា ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើរុស្ស៊ី​​?

ច្រើនខែ​​មកហើយ ដែល​បណ្តា​បច្ចិមប្រទេស ​ជជែក​គ្នានិង​រិះរក​គន្លឹះ​ ដើម្បី​បង្ក្រាប​រុស្ស៊ី ហើយ​ក៏​​បាន​ដាក់​ទណ្ឌកម្ម​ជាបន្តបន្ទាប់​។​ ថ្ងៃ​សុក្រទី២ធ្នូ​ ប្រទេស​​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន​នាំ​មុខ​ ទាំង​៧ G7 គឺ​​អាល្លឺម៉ង់ អ៊ីតាលី បារាំង​ ជប៉ុន កាណាដា សហរដ្ឋអាមេរិក អង់គ្លេស បួក​រួម​ទាំង​ អូស្ត្រាលី​ បាន​ឯកភាពកំណត់តម្លៃប្រេង​រុស្ស៊ី​ ត្រឹម​ ៦០ដុល្លារ ក្នុងមួយធុងបារីល ចំពោះប្រេង​ដឹក​តាមផ្លូវ​​សមុទ្រ​។

ក្នុង​ចំណោម​ G7 នេះ គឺ​បីប្រទេស អាល្លឺម៉ង់ អ៊ីតាលី បារាំង ជា​សមាជិក​សហភាព​អឺរ៉ុប ស្រេច​ហើយ​ ។ ​សហភាពអឺរ៉ុប​ ​បាន​សម្រេចជា​​កំហិត ​កំណត់តម្លៃប្រេងនេះ ថា​នឹងចូលជាធរមានចាប់ពីថ្ងៃច័ន្ទ ទី៥ធ្នូ ដើម​សប្តាហ៍​ថ្មី​ទៅ។ ដូច្នេះ​ ការ​សម្រេច​របស់ G7 និង អូស្រាលី ហើយ​និង​ សហភាព​អឺរ៉ុប គឺ​រលូន​ក្នុង​គោល​គំនិត​តែមួយ​។ ​

ភ្លាមៗ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក Janet Yallen បាន​ប្រកាស​សាទរ និង​ចាត់ទុកថា ការ​សម្រេច​នេះ​ ជាផ្លែផ្កា​នៃ​សាមគ្គីភាពរួម​គ្នា ដែលគ្រប់គ្នា​​បាន​ប្រឹង​ប្រែង​ធ្វើ​ច្រើន​ខែ​មកហើយ។

ចំពោះ​សហភាព​អឺរ៉ុប គឺ​នេះ​ជា​ការ​សម្តែង​សាមគ្គីភាព​​​រួម​គ្នា​ជួយ​អ៊ុយក្រែន។ ប្រធានគណៈកម្មការអឺរ៉ុប ថ្លែង​សាទរ​ចំពោះ​ការ​ព្រម​ព្រៀង​​​ក្នុង​សំឡេង​តែ​មួយ ពួត​ដៃ​គ្នា​ចាត់​ការបង្ក្រាប​ ​រុស្ស៊ី។ អ្ន​កស្រី​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន ក៏​អះអាងដែរថា ការ​កំណត់​តម្លៃ​ប្រេង​ ត្រឹម​៦០ដុល្លារ​មួយ​បារីល ឬ​ទិញ​ក្នុង​តម្លៃ​តិច​ជាង​នេះ គឺ​វា​នឹង​ជួយ​ដល់ផ្តល់​​ប្រយោជន៍​ដល់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ ទៀត​ផង​។

តើ​​​​ប៉ះពាល់​កម្រិត​ណា ចំពោះ​​រុស្ស៊ី​?

រុស្ស៊ី​ បាន​ចំណូល​ច្រើនពាន់​លាន​អឺរ៉ូ​​ពីការ​លក់​ប្រេង​និង​ឧស្ម័ន​ ហើយ​និង​ រដ្ឋបាល​ក្រុង​ម៉ូស្កូ​យក​ប្រាក់​ចំណូល​នោះ សម្រាប់​​​បំប៉ន​ម៉ាស៊ីន​​ធ្វើ​សឹក​សង្គ្រាម​។ ដូច្នេះ​ហើយ ទើប​ប្រទេស​លោក​ខាង​លិច​រក​ផ្លូវ​ទប់​ទល់​ តាមរយៈ​បន្ថយ​កម្លាំង​សេដ្ឋកិច្ច​រុស្ស៊ី​។​

បើ​គិត​ក្នុងរង្វង់​ប្រទេស​សហភាពអឺរ៉ុប ​រយៈ​ពេល​ចាប់​តាំង​ពី​​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន​មក​ គឺ រុស្ស៊ី​បាន​ផល​ចំណេញទឹកប្រាក់​ចំនួន​ ៦៧ ពាន់​លាន​អឺរ៉ូ ពីការ​លក់​ប្រេង​ក្នុង​សហភាព​អឺរ៉ុប ខណៈ​ពេល​ដែល​គម្រោង​ថវិកា​យោធា​រុស្ស៊ី​ប្រចាំ​ឆ្នាំ ដំឡើង​ប្រហែល​ជា ៦០ពាន់​លាន​អឺរ៉ូ​។ នេះបើតាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​ផ្នែក​ថាមពល​ នៃ​វិទ្យាស្ថាន​ Jacques-Delors។  

បន្ថែម​លើទណ្ឌកម្ម​ផ្សេងទៀត ​វិធានការរបស់លោកខាងលិចជុំវិញការកំណត់ថ្លៃប្រេងរុស្ស៊ី គឺច្បាស់​ជា​ប៉ះពាល់​ចំពោះសេដ្ឋកិច្ច រុស្ស៊ី។ ម្យ៉ាង​ទៀត​​ បើក្រុម​​ហ៊ុន​ណា​ចង់​នាំ​ប្រេង​រុស្ស៊ី​មក​លក់​នៅ​អឺរ៉ុប ឬ​ក្នុង​ប្រទេស​ដែល​យល់​ព្រម​កំណត់​តម្លៃ​ថោក​បែបនេះ គឺ​ជួប​ការលំបាក ហើយចំណែក​វិស័យ​សេវា​កម្ម​ផ្លូវ​សមុទ្រ​ និង​វិស័យ​ធានារ៉ាប់រង​ផ្សេងទៀត គឺ​មិន​សូវ​ជា​លើក​ទឹកចិត្ត​ឲ្យ​គេ​ចង់​វិនិយោគ​ជាមួយ​ឡើយ។​

​​នៅថ្ងៃ​សៅរ៍​ ទី​៣ធ្នូ​ ប្រធានាធិបតី​អ៊ុយក្រែន បាន​ថ្លែង​អបអរ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ប្រទេស​ជាមិត្ត​នៅ​បស្ចិម​ប្រទេស​ ហើយ​លោក​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី សង្ឃឹមថា សេដ្ឋកិច្ច​រុស្ស៊ី​នឹងត្រូវបំផ្លាញ​​ខូច​ខាត​។ ប្រធាន​ខុទ្ទកាល័យ​វិមាន​ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់​តាម​ប្រព័ន្ធ​តេលេក្រាម​ដែរថា បើ​ចង់​ឲ្យ​រុស្ស៊ី​ទន់​ខ្សោយ​រឹតតែ​ឆាប់​នោះ គឺ​កំណត់​តម្លៃ​ប្រេង​រុស្ស៊ី​ ឲ្យ​ចុះ​ខ្លាំង​ថែមទៀត​ ត្រឹមតែ​៣០ដុល្លារ​តែម្តង ទើប​សេដ្ឋកិច្ច​​រុស្ស៊ី​នឹង​ដួល​បាស់ជើងឆាប់​។

ចំណែកភាគីរុស្ស៊ី​ ​ចៅហ្វាយ​វិមាន​ក្រេមឡាំង បាន​ព្រមានពី​ផល​វិបាក​ធ្ងន់​ធ្ងរ​ចំពោះ​វិធានការ​របស់​លោក​ខាង​លិច​នៅពេល​នេះ ព្រោះ​វា​នឹង​នាំ​ឲ្យ​អស្ថិរភាព​ទីផ្សារ​ថាមពល។ ​លោក​​ វ្ល៉ាឌីមៀរ ពូទីន ក៏​ព្រមាន​ដែរថា នឹងឈប់​លក់​ប្រេង​ឲ្យ​ប្រទេស​ដែល​យល់ព្រម​អនុវត្ត​វិធានការ​កំណត់​ថ្លៃប្រេង​រុស្ស៊ី​បែបនេះ​។​

​​រុស្ស៊ី ព្រមាន​ពី​អស្ថិរភាពទីផ្សារថាមពល។ ​

អ្នក​ជំនាញ​ខាងវិស័យ​​ថាមពល បាន​ថ្លែង​ក្តីព្រួយ​បារម្ភ​ចំពោះ​ចំណាត់​ការ​របស់ប្រទេស​​លោក​ខាង​លិច ​នៅពេល​នេះ គឺ​ខ្លាច​ក្រែង​ធ្វើ​ឲ្យ​អស្ថិរភាព​ខាង​ថាមពល​ប្រេង​ឥន្ធនៈ។ មុនការកំណត់តម្លៃ​៦០ដុល្លារ​នេះ គឺប្រេងឆៅរុស្ស៊ី ថ្លៃជាង ៦៥ដុល្លារ ក្នុងមួយធុងបារីល។ តម្លៃប្រេង​ឆៅពិភពលោក​ ក៏​បាន​ធ្លាក់​ចុះ​ជាបន្តបន្ទាប់ ព្រោះតែ​ កូវីដ​១៩​។ មុន​នៅ​ខែ​មីនា ប្រេង​មាន​តម្លៃ​ ១៣០ដុល្លារ​ ក្នុង​មួយ​ធុង​បារីល ហើយ​ធ្លាក់​មកត្រឹម​ ៨០-៨៥ដុល្លារ នៅពេ​លក្រោយ​មក។​ ពេល​នេះ បើ​ចង់​លក់-ទិញប្រេង​ឆៅ ថ្លៃ​ត្រឹម​៦០ដុល្លារ​ គឺ​ច្បាស់​ជា​ ប្រទេស​ផលិត​ប្រេង​មិន​សប្បាយ​ចិត្ត​ ហើយ​និងចង់​ឬមិន​ចង់ ច្បាស់​ត្រូវ​​កាត់​បន្ថយ​ការ​ផលិត ​ជាក់​ជា​មិនខាន។​

នៅ​ពេល​នេះ អ្នក​ជំនាញ​ព្យាករ​ស្រេច​ហើយថា គេ​អាច​នឹង​បន្ថយ​ការផលិត​ ប្រមាណ​ជា ២លាន​បារីល​ក្នុង​មួយ​ថ្ងៃ​។ កាលណា​តម្លៃ​ប្រេង​ចុះ​ថោក ប្រទេស​ផលិត​ប្រេង​ ​ផ្អាក​​ឈប់​ផលិត​ ឬ​បន្ថយ​ចំនួន​ផលិត​ ដែល​វា​នាំឲ្យ​ជ្រួល​ច្របល់​ដល់​ទីផ្សារ​ប្រេង ដូច​ដែល​លោក ពូទីន បាន​លើកឡើង​ដូច្នោះមែន។​

នៅពេល​នេះ គេ​រំពឹងរង់ចាំ​មើល​ការ​សម្រេច និង​​ប្រតិកម្ម​ឆ្លើយ​តប​​ពីបណ្តា​ក្រុម​​ប្រទេស​ផលិត​ប្រេង OPEP ។ OPEP នឹង​ប្រជុំ​គ្នា ថ្ងៃអាទិត្យ​ ទី​៤ធ្នូ នៅ​ក្រុង​វីយែន។

ក្រៅពីនេះ ​​គេ​ក៏​កំពុង​សម្លឹង​មើល​ប្រតិកម្ម​របស់​ ឥណ្ឌា និង​ ចិន​​ ​ជា​ប្រទេស​ធំ​២នៅអាស៊ី ដែល​ទិញ​ប្រេង​យ៉ាង​ច្រើន​សន្ធឹក។ បើថ្លែង​​ចំពោះ​តែ​រដ្ឋបាល​ប៉េកាំង គឺ​​​ ចិនជាប្រទេស​នាំចូល​ប្រេង​ច្រើន​ជាង​ទី២លើកពិភពលោក។ ចិន​​ ដែលសេដ្ឋកិច្ច​រង​ផលប៉ះពាល់​ដោយសារ​កូវីដ​ផង គឺ​ត្រូវ​ការ​ប្រេង​សម្រាប់​បញ្ឆេះ​ក្បាល​ម៉ាស៊ីន ស្តារ​​សេដ្ឋកិច្ច​ឡើងវិញ​។ បើ​សេដ្ឋកិច្ច​ចិន មាន​បញ្ហា​ ប្រទេស​ផ្សេងៗ ប្រហែល​ជា​ជៀស​មិន​ផុត​ ពីរង​ឥទ្ធិពល​។​

ហេតុដូច្នេះ​ ការ​សម្រេច​របស់​លោក​ខាងលិច​នៅពេល​នេះ វា​មិន​ប៉ះពាល់ត្រឹមតែ​រុស្ស៊ីទេ តែវា​អាច​រាល​ដល់​ធំ​ដល់​ប្រទេស​ច្រើន​ផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ