អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាព​​អឺរ៉ុប-​អូស្ត្រាលី​-G7 ចាប់​​ផ្តើម​អនុវត្ត​​ទណ្ឌកម្ម លើការ​នាំចេញ​ប្រេងឆៅ​របស់​​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃចន្ទទី​៥ធ្នូ​នេះ​តទៅ ការនាំចេញប្រេងឆៅរបស់រុស្ស៊ី នឹងត្រូវ​ជាប់ទណ្ឌកម្ម។ ជាទណ្ឌកម្ម​ ដែលត្រូវបាន​​អនុម័ត​​​​ដោយ​សហភាពអឺរ៉ុប ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 និង​អូស្ត្រាលី​។ ទណ្ឌកម្ម​នេះ នឹងហាមឃាត់ក្រុម​ហ៊ុនទាំងអស់​នៅតាម​បណ្តាប្រទេសទាំងនេះ មិន​ឲ្យ​ធានារ៉ាប់រង មិន​ឲ្យ​ដឹកជញ្ជូនតាមសមុទ្រ និ​ងមិន​ឲ្យ​ទិញលក់បន្ត ប្រសិន​បើប្រេងឆៅ របស់​រុស្ស៊ីនោះ មានតម្លៃលើសពី​៦០ដុល្លារ ក្នុងមួយធុងបារីល។

នាវាដឹកប្រេងឆៅរបស់រុស្ស៊ី នៅ Sheskharis complex ផ្នែកមួយរបស់ Chernomortransneft JSC និងជាសាខារបស់​ Transneft PJSC នៅកំពង់ផែរុស្ស៊ី Novorossiysk ថ្ងៃទី ១១ ខែតុលា ២០២២
នាវាដឹកប្រេងឆៅរបស់រុស្ស៊ី នៅ Sheskharis complex ផ្នែកមួយរបស់ Chernomortransneft JSC និងជាសាខារបស់​ Transneft PJSC នៅកំពង់ផែរុស្ស៊ី Novorossiysk ថ្ងៃទី ១១ ខែតុលា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

តម្លៃអតិបរមា ៦០ដុល្លារក្នុងមួយធុងបារីល

ទណ្ឌកម្ម​ទៅលើការនាំចេញប្រេងឆៅរុស្ស៊ីនេះ គឺជា​ការសម្រេចរួមគ្នា របស់​សហភាពអឺរ៉ុប រួមជាមួយ​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងអូស្ត្រាលីផងដែរ។ នៅក្នុងយន្តការទណ្ឌកម្មនេះ​វាមាន​២ចំណុចគោលដែលប្រទាក់គ្នា។​ ទីមួយ​​ គឺការកំណត់​តម្លៃអតិបរមានៃប្រេង​ឆៅរបស់រុស្ស៊ី មិន​ឲ្យ​លើស​ពី​៦០ដុល្លារ ក្នុងមួយធុងបារីស។ ទី២គឺ ក្រុមហ៊ុន​ទាំងអស់ដែល​ចុះបញ្ជីនៅតាម​ប្រទេសពាក់ព័ន្ធទាំងអម្បាលម៉ានខាងលើ​ មានទាំង​ក្រុមហ៊ុនរកស៊ី​គួក​ជេ ដេញថ្លៃ លក់បន្តចែកចាយ ក្រុមហ៊ុន​ដឹកជញ្ជូនតាមសមុទ្រ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ការដឹកជញ្ជូន​ជាដើម មិនអាច​ធ្វើ​ប្រតិបត្តិការជំនួញ​លើ​ប្រេងឆៅ​​រុស្ស៊ី​ ប្រសិន​បើ​ប្រេង​នោះ​ មានតម្លៃលើសពី​៦០ដុល្លារក្នុងមួយធុងបារីល។

ទណ្ឌកម្ម​នេះ គឺក្រុមប្រទេសលោកខាងលិច បានយកពេល​ពិចារណា ច្រើនខែមកហើយ បន្ទាប់ពី​រុស្ស៊ីបានធ្វើសង្គ្រាម​​ឈ្លានពាន​អ៊ុយក្រែន។ វាជាយន្តការ​ទណ្ឌកម្ម ដើម្បីដាក់ពិន័យ និងវាយឲ្យចំ ទៅលើចំណូលថវិកា​ដ៏សំខាន់របស់រុស្ស៊ី។ រុស្ស៊ីគឺជាប្រទេសផលិត​ប្រេងឆៅ ដើម្បី​នាំចេញ ធំជាងគេលំដាប់ទី២នៃពិភពលោក។ ក៏ប៉ុន្តែ ការនាំចេញប្រេងឆៅ​របស់រុស្ស៊ី គឺរុស្ស៊ីត្រូវការ​ប្រើប្រាស់​ក្រុមហ៊ុនដឹកជញ្ជូន​តាមកាប៉ាល់ ដែលភាគច្រើន​លើសលប់ គឺជាក្រុមហ៊ុនចុះបញ្ជីនៅសហភាពអឺរ៉ុប។ ហើយការដឹកជញ្ជូនតាមសមុទ្រ​​នេះ ក៏ត្រូវតែមានកិច្ចសន្យា​ធានារ៉ាប់រង​ជា​​ចាំបាច់​។ ហើយ៩០%​នៃ​​ក្រុមហ៊ុនធានារ៉ាប់រង ដែល​​ធ្វើ​ប្រតិបត្តិការ​ក្នុងការដឹកជញ្ជូនប្រេងឆៅតាម​សមុទ្រនេះ គឺសុទ្ធសឹងតែជាក្រុមហ៊ុន​របស់​​ប្រទេស​សេដ្ឋកិច្ច​នាំមុខ G7។​ ដូច្នេះហើយបាន​ជា​ ក្រុមប្រទេសលោកខាងលិច សម្រេចយកយន្តការនេះ ដើម្បី​ដាក់សំពាធទៅលើការនាំចេញប្រេងឆៅរបស់រុស្ស៊ី។

ទណ្ឌកម្មដើម្បី​​​កុំឲ្យរុស្ស៊ីចំណេញខ្លាំងពេក ពីការលក់ប្រេងឆៅ​

រុស្ស៊ីអាចបន្តនាំចេញប្រេងឆៅបានធម្មតា​ តែតម្លៃមិន​ត្រូវឲ្យ​លើសពី​៦០ដុល្លារក្នុងមួយធុងបារីល​។ ក្រុមប្រទេសលោកខាងលិច ក៏បានទទួលស្គាល់ដែរថា ពិតមែន តម្លៃ​៦០ដុល្លារ​ក្នុង​មួយ​ធុងបារីលនេះ គឺវានៅ​ខ្ពស់ខ្លាំងណាស់ បើប្រៀបធៀបទៅតម្លៃចំណាយ​ផលិត​របស់រុស្ស៊ី​ ដែលមានន័យថា រុស្ស៊ីនៅតែចំណេញ​អញ្ចឹង។ ក៏ប៉ុន្តែ អ្វីដែលជាកម្មវត្ថុ​របស់​​ក្រុម​ប្រទេសលោកខាងលិច សម្រាប់ពេលនេះ គឺមិនចង់​ឲ្យរុស្ស៊ី​ខាតខ្លាំង ហើយឈប់ផលិត​ និងនាំចេញប្រេងឆៅនោះទេ។ គេចង់​ជំរុញឲ្យ​រុស្ស៊ីបន្តនាំចេញ តែក្នុងកម្រិតចំណេញ​​មួយ​​ មិន​ខ្លាំងជ្រុល បើប្រៀបធៀបទៅតម្លៃនៅលើទីផ្សារប្រេងជាទូទៅ ដែលបច្ចុប្បន្ន ខ្ទង់៨០​ទៅ៨៥ដុល្លារក្នុង​មួយធុងបារីល។

អ្នកជំនាញ​ គឺជឿថា តាមរយៈយន្តការនេះ រុស្ស៊ីនឹងបាត់បង់ប្រាក់ចំណេញមួយចំនួនធំពិតមែន តែនៅតែចំណេញ ហើយនឹងនៅតែបន្តនាំចេញ។ ដរាបរុស្ស៊ីបន្តនាំចេញប្រេងឆៅ មានន័យថា ទីផ្សារប្រេង ចំនួន​ស្តុកប្រេងពិភពលោក នឹងមិន​ជួប​បញ្ហារំជើបរំជួល ហើយធ្វើឲ្យតម្លៃ​ឡើងស្រឺតៗនោះទេ។ ហើយមួយវិញទៀត ខាងសហភាពអឺរ៉ុប បានអះអាងថា ការកំណត់តម្លៃអតិបរមាលើប្រេងឆៅរបស់រុស្ស៊ី មិន​ឲ្យ​លើសពី​៦០ដុល្លារនេះ គឺវានឹងជួយ​ក្រុមប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ ឲ្យអាចបន្តទិញប្រេងរុស្ស៊ីបាន ក្នុងតម្លៃមួយថោកសមរម្យ។

បន្ថែមពីនេះ ក្រុមប្រទេសG7 សហភាពអឺរ៉ុប និងអូស្ត្រាលី បាន​អះអាងថា នៅពាក់កណ្តាលខែ​មករា ដើមឆ្នាំក្រោយ គេនឹង​ប្រជុំ​ស្រុះស្រួលគ្នា​ ​សើរើកម្រិតអតិបរមានៃតម្លៃប្រេងឆៅរបស់រុស្ស៊ីនេះជាថ្មី។ ហើយគេអាច​ សើរើទាញទម្លាក់តម្លៃ ចំនួន​៥% នៃតម្លៃមធ្យមនៅលើទីផ្សារប្រេង នៅរៀងរាល់២ខែម្តង ដោយអាស្រ័យលើស្ថានភាពជាក់ស្តែង។

ទោះចំណេញតិច រុស្ស៊ី​នៅតែបន្តផលិត​នាំចេញ​

កាលពីថ្ងៃអាទិត្យទី​៤ធ្នូ​ រុស្ស៊ីបានប្រកាសថា គេត្រៀមខ្លួននឹងឈប់នាំចេញប្រេងឆៅរបស់គេ ប្រសិន​បើ​លក់​​បានតម្លៃថោកពេក។ ហេតុដូច្នេះហើយ បាន​ជា​ក្រុមប្រទេសលោកខាងលិច មិនចង់​រុញឲ្យរុស្ស៊ីទាល់ច្រកខ្លាំងទេ ដោយទុក​ផ្លូវឲ្យចំណេញ​បង្គួរ។ ក្រៅពី​នាំចេញប្រេងមកលក់នៅអឺរ៉ុប រុស្ស៊ីនាំចេញប្រមាណ​៥លានធុងបារីលក្នុងមួយថ្ងៃ ទៅកាន់​បណ្តាប្រទេសផ្សេងៗទៀតទូទាំងពិភពលោក។ ក្រុមប្រទេសលោកខាងលិច មិនចង់ឃើញប្រេង​ឆៅ​៥លានធុងបារីលនេះ បាត់បង់លែងមាននៅលើទីផ្សារ ធ្វើឲ្យ​ជ្រួលច្របល់ តម្លៃឡើងថ្លៃថែមទៀតនោះទេ។​

មួយវិញទៀត អ្នកជំនាញនៅអឺរ៉ុបជឿថា រុស្ស៊ីនឹងមិនឈប់ផលិត​ប្រេងឆៅនោះទេ ព្រោះថាបើឈប់ វានឹងធ្វើឲ្យខូ​ច ដល់​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផលិត​ នៅតាម​អណ្តូងប្រេងឆៅ ដែលមិនអាចទុកចោលយូរខែបាន។ ទោះចំណេញតិចឬច្រើន គឺរុស្ស៊ីនឹងនៅតែបន្តផលិតនាំចេញ ព្រោះថាវាជាប្រភពចំណូលសំខាន់ខ្លាំងណាស់ សម្រាប់រដ្ឋរុស្ស៊ី។ ចំណូលសេដ្ឋកិច្ច ដែលចុះថយខ្លាំងរួចទៅហើយ ដោយសារតែអឺរ៉ុបឈប់ទិញឧស្ម័ន ហើយវិស័យធនាគារក៏ជាប់គាំងថែមទៀត ដោយសារតែទណ្ឌកម្ម។

រុស្ស៊ីអាចជ្រើសយក​ផ្លូវងងឹត ដើម្បីគេចចេញពីទណ្ឌកម្ម?

គ្មានទណ្ឌកម្មណា អាចបិទផ្លូវជិតទាំងស្រុងនោះទេ។ វារមែងតែងមាន​ច្រកផ្លូវកាត់ បង្វៀងបង្វែងដាន ដើម្បីគេចវេសពីទណ្ឌកម្ម​ទាល់តែបាន​។ ជាក់ស្តែង ទណ្ឌកម្ម​ដែលគេបានដាក់ទៅលើការនាំចេញប្រេង របស់អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡាជាដើម។ របបផ្តាច់ការទាំង​២នេះ នៅតែអាចបន្ត​នាំចេញប្រឹង តាមផ្លូវងងឹង ក្នុងកម្រិតចំនួន​ណាមួយដដែល។

មានការលើកឡើងថា រុស្ស៊ី​អាចនឹងប្រើប្រាស់ នាវាដឹកជញ្ជូនផ្ទាល់ខ្លួន ដើម្បីនាំប្រេងឆៅចេញ ហើយ​ប្រើប្រាស់​ក្រុមហ៊ុនធានារ៉ាប់រងតូចតាច ចុះបញ្ជីនៅតាមប្រទេសផ្សេងៗទៀត ក្រៅពីនៅតាម​បណ្តាប្រទេស ដែលត្រូវអនុវត្តទណ្ឌកម្ម​​។ តែយ៉ាងណា វាមិនមែនជារឿងងាយ​ស្រួលធ្វើ ក្នុងរយៈពេលមួយភ្លាមៗនោះទេ។ វិស័យដឹកជញ្ជូនផ្លូវ​សមុទ្រ មានភាពចាក់ស្រែស មានបណ្តាញរឹងមាំរាប់សិបឆ្នាំ ដែលមិនអាចធ្វើបាន​ដោយងាយ​នោះឡើយ។ ចំនួន​នាវាដឹកប្រេងរបស់រុស្ស៊ី មានមិនច្រើនទេ ហើយ​ក្រុមប្រទេស​ពាក់ព័ន្ធទាំងអស់ គេនឹងបង្កើនការត្រួតពិនិត្យ ទៅលើ​នាវាដឹកជញ្ជូនប្រេងតាមសមុទ្រ ដែលអាចក្លែងបន្លំដឹកប្រេងរុស្ស៊ី។

មួយវិញទៀត ដំណោះស្រាយផ្លូវកាត់ បែបផ្លូវងងឹតបែបនេះ វានឹងធ្វើឲ្យអតិថិជនរុស្ស៊ី ដែលមានជាអាថិ៍ ចិន និងឥណ្ឌា បារម្ភ លែងសូវទុកចិត្ត ប្រសិនបើត្រូវគេចាប់បាន​។ ចិន និងឥណ្ឌា គឺជាអតិថិជនធំណាស់ ដែលរុស្ស៊ីមិនអាចបណ្តោយឲ្យរបូតបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ