អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉េរូ៖ ប្រធានធិបតី​ប៉េដ្រូ កាស្ទីឡូ​ ប៉ុនប៉ង​​រំលាយ​សភា​តែត្រូវសភា​រំលាយ​​វិញ ហើយ​ត្រូវចាប់​ខ្លួន​​​ពី​បទ​ពុករលួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសប៉េរូ​ បានជួបនឹងភាព​រំជើបរំជួលនយោបាយ អស់ជាច្រើនខែមកហើយ ក្រោយការចូល​កាន់​តំណែង របស់​លោកប្រធានាធិបតី​ ប៉េដ្រូ កាស្ទីឡូ ។ ភាពរំជើបរំជួលវិបត្ត​នយោបាយ​​ បាន​​កក្រើកកាន់តែខ្លាំងកាលពី​ថ្ងៃពុធ ​ទី៧​ធ្នូ​ បន្ទាប់ពី​លោក​ប្រធានាធិបតីរូបនេះ បានប្រកាសរំលាយសភាចោល បង្កើតរដ្ឋាភិបាល​បន្ទាន់មួយ និង​ បង្កើត​សភាធម្មនុញ្ញ​​ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញថ្មី។ តែទីបំផុត គឺលោក​ប្រធានាធិបតីប៉េដ្រូខ្លួន​ឯង ដែលត្រូវបាន​សភាប៉េរូ បោះឆ្នោតទំលាក់​ពីតំណែង។ ភ្លាមៗនោះ លោកត្រូវបាន​សមត្ថកិច្ចចុះទៅចាប់ខ្លួន​ ដោយចោទពីបទពុករលួយ​ ស៊ីសំណូក។ លោកស្រី ឌីណា បូលូអាត អតីតប្រធានាធិបតី ត្រូវបានរដ្ឋសភាប្រកាសតែងតាំងឲ្យធ្វើជាប្រធានាធិបតី​ ជំនួសលោក​ប៉េដ្រូ កាស្ទីឡូ។

រូបភាព​ផ្តល់​ឲ្យ​ដោយ​នគរបាលប៉េរូ ៖ លោក​ប្រធានាធិបតី ប៉េដ្រូ កាស្ទីឡូ (អាវខៀវ) កំពុងអង្គុយស្តាប់ការអានបទចោទប្រកាន់ របស់​លោករដ្ឋអាជ្ញាប៉េរូ។ ស្នងការ​នគរបាលក្រុងលីម៉ា ថ្ងៃទី​៧ធ្នូ ២០២២
រូបភាព​ផ្តល់​ឲ្យ​ដោយ​នគរបាលប៉េរូ ៖ លោក​ប្រធានាធិបតី ប៉េដ្រូ កាស្ទីឡូ (អាវខៀវ) កំពុងអង្គុយស្តាប់ការអានបទចោទប្រកាន់ របស់​លោករដ្ឋអាជ្ញាប៉េរូ។ ស្នងការ​នគរបាលក្រុងលីម៉ា ថ្ងៃទី​៧ធ្នូ ២០២២ AP
ផ្សាយពាណិជ្ជកម្ម

គ្រូបង្រៀន​ជនបទ ដែលគ្មានបទពិសោធន៍​នយោបាយ​

វិបត្តិនយោបាយនៅប៉េរូ មានជាញឹកញាប់ ហើយ​បាន​ធ្លាក់ដុនដាបតាំងតែពីឆ្នាំ​២០១៨​ម្លេះ​។ វិបត្តិនយោបាយដែលកើតឡើងដោយការមិនចុះសម្រុងគ្នា រវាង​រដ្ឋសភា និង​ប្រធានាធិបតី។ រដ្ឋសភាបាន​បោះឆ្នោតទំលាក់ប្រធានាធិបតី​ប៉េរូ ២នាក់រួចមកហើយ ម្នាក់នៅឆ្នាំ​២០១៨ និ​ងម្នាក់ទៀតនៅឆ្នាំ​២០២០។ តែវិបត្តិនយោបាយ​នេះ មិនបានបិទបញ្ចប់ទេ គឺកាន់តែធ្ងន់ធ្ងរ នៅក្រោយ​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​២០២១ ដែលបាន​រុញលោក ប៉េដ្រូ កាស្ទីឡូ ឲ្យ​ឈាន​ក្លាយ​ជាប្រធានាធិបតី។ លោក​ម្នាក់​នេះ​មកពី​បក្សឆ្វេងសង្គមនិយម លទ្ធិម៉ាក្សឡេនីន ហើយ​ជាអតីតគ្រូបង្រៀនស្រុកស្រែជនបទ ដែលពុំមាន​បទពិសោធន៍នយោបាយ​ទាល់តែសោះ។

ក្រោយ​ក្លាយជាប្រធានាធិបតី ពីមួយថ្ងៃទៅមួយថ្ងៃ លោក​ប៉េដ្រូ កាស្ទីឡូ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូ​ចជាថ្នាក់ដឹកនាំ​នយោបាយ​ភាគច្រើន ខកចិត្តជាខ្លាំងដោយសារតែកង្វះសមត្ថភាពក្នុងការដឹកនាំប្រទេស ធ្វើ​ឲ្យ​មានវិបត្តិ​ ឈ្លោះប្រកែកគ្នានៅតាមក្រសួងស្ថាប័នរដ្ឋ។ ក្នុងរយៈពេល​ប្រមាណ៨ខែ លោកប្រធានាធិបតី​រូបនេះ ដូរនាយករដ្ឋមន្ត្រី​ដល់ទៅ​៤នាក់។ រដ្ឋមន្ត្រី​ក្រសួងការបរទេស ធ្វើការបានមិនដល់២០ថ្ងៃផង សុំលាឈប់វិញ។ ភាគច្រើននៃសមាជិករដ្ឋាភិបាល ដែលលោកប្រធានាធិបតី ប៉េដ្រូ កាស្ទីឡូ បានជ្រើសរើស​មកដាក់ គឺសុទ្ធតែជាមនុស្ស​គ្មានបទពិសោធន៍ គ្មាន​សមត្ថភាព​ធ្វើការ ដឹកនាំស្ថាប័នរដ្ឋ។

បន្ថែមពីនេះទៀត លោក​ប្រធានាធិបតីប៉េដ្រូ ត្រូវប្រឈមជាមួយ​ក្រុម​គណបក្សប្រឆាំងនៅក្នុងសភា ដែលជាបក្សស្តាំនិយម ហើយដែលបានព្យាយាមរកវិធីគ្រប់យ៉ាង ដើម្បី​រិះគន់ និងរំខាន​ការដឹកនាំ​។ លោក​ប៉េដ្រូ កាស្ទីឡូ ក៏ត្រូវជាប់ការសង្ស័យ ពី​បទពុករលួយស៊ីសំណូក ពាក់ព័ន្ធនិងខ្លួនលោក​ផ្ទាល់ ក្រុមគ្រួសារលោក ព្រមទាំងមនុស្ស​មួយចំនួន​ដែល​ស្និទ្ធនឹងលោកថែមទៀតផង។ រដ្ឋសភាប៉េរូ បាន​ប្រជុំដកហូតតំណែងលោក​ប៉េដ្រូ កាស្ទីឡូ ២ដងរួចមកហើយ តែមិនបានសម្រេច។

ចង់​រំលាយ​សភា តែត្រូវសភាបោះឆ្នោត​ដកហូតតំណែងវិញ​

ថ្ងៃពុធទី​៧ធ្នូ ដោយដឹងថារដ្ឋ​សភា នឹងបើកការប្រជុំដើម្បីដកហូតតំណែងខ្លួន​​ ជាលើកទី​៣ លោក​ប៉េដ្រូ កាស្ទីឡូ ស្រាប់តែបាន​ប្រកាសរំលាយ​សភាចោល ដើម្បី​បង្កើតរដ្ឋាភិបាល​បន្ទាន់​មួយ ហើយ​ឈានទៅបង្កើតសភាធម្មនុញ្ញ តាក់តែងរដ្ឋធម្មនុញ្ញថ្មី។ លោក​បានអំពាវនាវ ឲ្យ​អ្នកនយោបាយ ព្រមទាំងប្រជាពលរដ្ឋប៉េរូនៅពីក្រោយ​លោក ដើម្បីដឹកនាំរដ្ឋាភិបាលបន្ទាន់នេះ​។ តែទីបំផុត គ្មាននរណា​ស្តាប់ទេ។ ផ្ទុយទៅវិញ ការប្រកាសរំលាយ​សភានេះ ត្រូវបានអ្នកនយោបាយ​ប៉េរូ ពីគ្រប់បក្សទាំងអស់ ថ្កោលទោសលោក​ប៉េដ្រូ កាស្ទីឡូ ថាបានប៉ុនប៉ងធ្វើរដ្ឋប្រហារ​ ប្រឆាំងរដ្ឋធម្មនុញ្ញ។​

ទីបំផុតទៅ សភាប៉េរូ បានរួមកម្លាំងគ្នា បោះឆ្នោតដកលោក​ប៉េដ្រូ កាស្ទីឡូ ចេញពីតំណែង ដោយចោទថា លោក​មានបញ្ហា “វិសមត្ថភាពធ្ងន់ធ្ងរ” ក្នុងការដឹកនាំប្រទេស​។ សម្លេងឆ្នោត​គាំទ្រឲ្យដកលោកចេញតំណែង មានចំនួន ១០១ ក្នុងចំណោមសមាជិកសភាទាំងអស់ ១៣០។ លោក Francisco Morales ប្រធានតុលាការធម្មនុញ្ញប៉េរូ បាន​លើកឡើងថា កាលពីថ្ងៃពុធករណី​រដ្ឋប្រហារមួយ ត្រូវបាន​ធ្វើឡើង​ដោយ​ប្រធានាធិបតី​ខ្លួនឯង​។ លោកបានអំពាវនាវ ឲ្យ​ប្រជាជាតិទាំងមូល ត្រូវប្រឆាំងដាច់ខាតចំពោះ​រដ្ឋាភិបាល​បោកប្រាស់ ​អសមត្ថភាព ដែលដឹកនាំដោយ​លោក ប៉េដ្រូ កាស្ទីឡូ។ យោងតាមអ្នកវិភាគនយោបាយ​​ឯករាជ្យឈ្មោះ Augusto Alvarez បាន​លើកឡើងថា លោក​ប៉េដ្រូ កាស្ទីឡូ បានបំពាន​នឹងមាត្រា ១១៧ នៃរដ្ឋធម្មនុញ្ញប៉េរូ តាមរយៈការប្រកាសរំលាយសភា ហើយធ្វើរដ្ឋប្រហារខ្លួនឯង។

សំណុំរឿងស៊ើបអង្កេតចំនួន​៦ករណី​

បន្ទាប់ពីត្រូវ​បាន​សភាដកតំណែងភ្លាម លោក​ប្រធានាធិបតី​អតី​តគ្រូបង្រៀនស្រុកស្រែ វ័យ៥៣ឆ្នាំ ប៉េដ្រូ កាស្ទីឡូ ក៏អស់អភ័យឯកសិទ្ធិដែរ​។ សមត្ថកិច្ចក៏បានចុះទៅចាប់ខ្លួន​លោក​ភ្លាមៗ ដោយ​ពាក់ព័ន្ធទៅនឹង​ការស៊ើបអង្កេតចំនួន​៦ករណី ទាក់ទិន​នឹងរឿងអាស្រូវពុករលួយ ស៊ីសំណូក បក្សពួកនិយម និងបទឧក្រិដ្ឋជាប្រព័ន្ធ។ យោងតាមនគរបាល​​ប៉េរូ លោកប៉េដ្រូ កាស្ទីឡូ បានគ្រោងទៅសុំសិទ្ធិជ្រកកោននៅស្ថានទូតប្រទេស​ម៉ិចសិក បន្ទាប់ពីដឹងថាខ្លួន​ត្រូវរដ្ឋសភាដកហូតតំណែង និងអស់អភ័យឯកសិទ្ធិ។

លោកស្រី marita Barreto រដ្ឋអាជ្ញាប៉េរូ ប្រកាសថា លោកប៉េដ្រូ កាស្ទីឡូ ត្រូវបានឃាត់ខ្លួនហើយ។ បណ្តាញ​ព័ត៌មាន​ប៉េរូវិញ បាន​ផ្សព្វផ្សាយថា លោក​ប៉េដ្រូ កាស្ទីឡូ ត្រូវគេបញ្ជូនតាមឧត្ថម្ភាគចក្រ យកទៅ​ទុកនៅមូលដ្ឋានកម្លាំងពិសេស នៃនគរបាល​ក្រុង​លីម៉ា ដើម្បី​ឃុំខ្លួន​​​ចំនួន​យ៉ាងហោច១៥ថ្ងៃ មុននឹងមានសាវនកា។ សមត្ថកិច្ចប៉េរូ ក៏​បាន​ធ្វើការ​រឹបអូស​ឯកសារ ​វត្ថុតាងនានាដែរ នៅវិមាន​ប្រធានាធិបតី។​

លោកស្រី​ Dina Boluarte ត្រូវបាន​រដ្ឋសភាបោះឆ្នោត តែងតាំង​ជាប្រធានាធិបតីប៉េរូ។ លីម៉ា ថ្ងៃទី​ ៧ធ្នូ ២០២២
លោកស្រី​ Dina Boluarte ត្រូវបាន​រដ្ឋសភាបោះឆ្នោត តែងតាំង​ជាប្រធានាធិបតីប៉េរូ។ លីម៉ា ថ្ងៃទី​ ៧ធ្នូ ២០២២ AP - Guadalupe Pardo

ស្ត្រី​ប្រធានាធិបតីប៉េរូដំបូងគេ​

លោកស្រី ឌីណា បូលូអាត មេធាវី អាយុ៦០ឆ្នាំ គឺជាស្ត្រីទីមួយហើយ ដែលនឹងមកកាន់​មុខតំណែងប្រធានាធិបតី​ប៉េរូ។ តែយើងមិនដឹងថា លោកស្រី​នឹង​កាន់ការងារបានរយៈពេល​ប៉ុន្មានទេ ព្រោះថាវិបត្តិអាចនឹងកម្រើកឡើងវិញក៏ថាបាន​។ លោកស្រី ជាប់ឆ្នោតជាមួយ​លោក​ប៉េដ្រូ កាស្ទីឡូ កាលពី​ពេលបោះឆ្នោត​ខែកក្កដាឆ្នាំ​២០២១ដែរ ដោយ​មកពីបក្សជាមួយគ្នា។ លោកស្រីគឺជាអ្នកនយោបាយ​ម្នាក់ ដែលមាន​ឥទ្ធិពល ព្រមទាំងប្រជាប្រិយភាពខ្លាំង ដែលធ្វើឲ្យ​គេសង្ឃឹម។ ជាអតីតអនុប្រធានាធិបតី លោកស្រីក៏​ធ្លាប់ធ្វើជារដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍និង​សមាហរណ្ណកម្មសង្គមផងដែរ។​

នៅ​មុខអង្គសភា លោកស្រី ឌីណា បូលូអាត បាន​ប្រកាស​ទទួលស្គាល់ថា ពិតជាមាន​ផែន​ការធ្វើរដ្ឋប្រហារ បង្កឡើងដោយ​លោក​ប៉េដ្រូ កាស្ទីឡូពិតមែន។ ដូច្នេះហើយ លោកស្រីសូម​ប្រកាស​ទទួលការងារ ជាប្រធានាធិបតីជំនួសលោក​ប៉េដ្រូ កាស្ទីឡូ ដោយ​គោរពទៅតាមការសម្រេចរបស់រដ្ឋសភា ក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ។ លោកស្រីនឹងកាន់មុខតំណែងនេះ ដល់ឆ្នាំ​២០២៦ ដូចអ្វីដែលបាន​កំណត់។ ជាអាណត្តិ​៥ឆ្នាំ ដែលប្រជាពលរដ្ឋប៉េរ៉ូ បាន​បោះឆ្នោតកាលពីខែ​កក្កដាឆ្នាំ​២០២១។

គួរកត់សំគាល់ថា ដំណោះស្រាយ​វិបត្តិនយោបាយ ដោយ​គ្មាន​ឆ្លងកាត់អំពើហិង្សានៅប៉េរូនេះ បានទទួលការអបអរសាទរផងដែរ ពីបណ្តាប្រទេសក្បែរខាងក្នុងតំបន់។ វ៉ាស៊ីនតោន ប្រកាសឈប់ទទួលស្គាល់​លោក​ប៉េដ្រូ កាស្ទីឡូជាប្រធានាធិបតី និងច្រានចោលរាល់ការធ្វើប៉ុនប៉ងរដ្ឋប្រហារបំបានរដ្ឋធម្មនុញ្ញ។​ លោក​ប្រធានាធិបតីប្រេស៊ីលវិញ លើកឡើងថាគួរឲ្យសោកស្តាយដែរ ដែល​ប្រធានាធិបតីត្រូវគេបោះឆ្នោត​ត្រឹមត្រូវបែជាត្រូវសភាដកហូតតំណែងទៅវិញ តែយ៉ាងណាលោកស្វាគមន៍ចំពោះដំណោះស្រាយ ដែលត្រូវបានធ្វើឡើងក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ ដោយសន្តិវិធី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ