អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកពូទីន​​ប្រជុំជាមួយ​មេ​បញ្ជាការ​កងទ័ព មួយថ្ងៃក្រោយ​ការសំរុក​​បាញ់​មីស៊ីល​ផ្តាច់​​អគ្គិសនី​​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសុក្រទី​១៦ធ្នូ​ រុស្ស៊ីបានបាញ់សំរុក​គ្រាប់​មីស៊ីល ​ជាង​៧០គ្រាប់ មកលើអ៊ុយក្រែន។ ជាការវាយ​ប្រហារដែល​បានសំដៅ​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវីលរបស់អ៊ុយក្រែន មានចរន្តអគ្គិសនី និង​បណ្តាញផ្គត់ផ្គង់ទឹកជាដើ​ម​។ ប្រជាជនអ៊ុយក្រែន​ កំពុងរស់នៅ​ក្នុ​ងស្ថានភាពលំបាកជាខ្លាំង ជាមួយ​នឹងសីតុណ្ហភាពចុះត្រជាក់ក្រោម 0°C គ្មាន​ម៉ាស៊ីនកំដៅ គ្មានទឹកប្រើប្រាស់​។​ អាជ្ញាធរអ៊ុយក្រែន កំពុងតែ​​ប្រឹងប្រែងព្យាយាម​តភ្ជាប់បណ្តាញចរន្តអគ្គិសនី យ៉ាង​សស្រាក់សស្រាំ។

ពីរនាក់​ប្តីប្រពន្ធជនជាតិអ៊ុយក្រែន ដើរកាត់ទីលានឯករាជ្យ ក្នុងសីតុណ្ហភាព​ត្រជាក់ និ​ងស្បៃងងឹងព្រោះគ្មានចរន្តអគ្គិសនី​។ ទីក្រុងកៀវ ថ្ងៃទី ១៧ធ្នូ​ ២០២២
ពីរនាក់​ប្តីប្រពន្ធជនជាតិអ៊ុយក្រែន ដើរកាត់ទីលានឯករាជ្យ ក្នុងសីតុណ្ហភាព​ត្រជាក់ និ​ងស្បៃងងឹងព្រោះគ្មានចរន្តអគ្គិសនី​។ ទីក្រុងកៀវ ថ្ងៃទី ១៧ធ្នូ​ ២០២២ AP - Felipe Dana
ផ្សាយពាណិជ្ជកម្ម

“ឧក្រិដ្ឋកម្មសង្គ្រាម​”

ថ្ងៃសុក្រទី១៦ធ្នូ​ កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលចំនួន​៧៤គ្រាប់ ដែលភាគច្រើន សុទ្ធតែជា​ប្រភេទមីស៊ីលក្រ័រស្យែរ។ យ៉ាងហោច៦០គ្រាប់ ត្រូវបាន​ប្រព័ន្ធខែលមីស៊ីលរបស់អ៊ុយក្រែន ស្ទាក់កម្ទេចបាន។ ការសំរុកវាយ​ប្រហាររបស់​រុស្ស៊ីនេះ គឺជាប្រតិបត្តិការសំដៅ កំទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវីលរបស់អ៊ុយក្រែន ធ្វើឲ្យ​ប្រជាជនអ៊ុយក្រែន ស្លាប់ដោយស្ថានភាពវេទនាក្នុងសីតុណ្ហភាពដ៏ត្រជាក់ ក្រោម 0°c ដោយសារគ្មាន​ចរន្តអគ្គិសនី គ្មានម៉ាស៊ីន​កំដៅ គ្មានទឹកបរិភោគនិងប្រើប្រាស់។

លោក Josep Borrell ប្រមុខការទូតអឺរ៉ុប បាន​ថ្លែងថ្កោលទោសថា ប្រតិបត្តិការបាញ់គ្រាប់មីស៊ីលរបស់រុស្ស៊ី​មកលើ​អ៊ុយក្រែន កាលពី​ថ្ងៃសុក្រ វាគឺជាឧទាហរណ៍ជាក់ច្បាស់ បង្ហាញ​អំពីភាពឃោរឃៅព្រៃផ្សៃដ៏​ងងឹតងងុល នៃរបបដឹកនាំរុស្ស៊ី។ លោក​បន្ថែមថា ការវាយប្រហារដ៏​សាហាវ គ្មានធម៌មេត្តា មកលើ​អាយុជីវិតប្រជាជនស្លូតត្រង់អ៊ុយក្រែននេះ វាគឺជា “​ឧក្រិដ្ឋកម្មសង្គ្រាម​”។ ឆ្លើយតបទៅនឹងអំពើឃោរឃៅនេះ​ សហភាព​អឺរ៉ុប​ទើបតែបានសម្រេចបន្ថែមទណ្ឌកម្ម​មួយទៀត ទៅលើរុស្ស៊ី ដោយ​បានហាមឃាត់​ ការនាំចេញ​ម៉ាស៊ីន​បំពាក់យានដ្រូនទាំងអស់ ដែលអាចធ្លាក់ទៅដល់ដៃរុស្ស៊ី​។​

ពីបារាំងវិញ ក្រសួងការបរទេសបារាំង បានចេញលិខិតប្រកាស ថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី ថាជាអំពើឧក្រិដ្ឋកម្មសង្គ្រាម និ​ងបានអះអាងថា ការវាយ​ប្រហារដ៏ព្រៃផ្សៃនេះ នឹងមិន​អាចមក​បង្អាក់ ការតាំងចិត្តរបស់​បារាំង ក្នុងការជួយ​ទំនុកបម្រុងគាំទ្រអ៊ុយក្រែនបានឡើយ។ ក្រសួងការបរទេសបារាំងអះអាងថា នឹងប្រឹងប្រែងជំរុញ ឲ្យ​មាន​ការផ្តន្ទាទោសឲ្យបាន​ ទៅលើអំពើ​ឧក្រិដ្ឋដែលរុស្ស៊ី​បាននិងកំពុងតែប្រព្រឹត្តិ។

ទឹកចិត្តរឹងមាំ ទោះស្ថានភាពលំបាក​ខ្លាំង​

រដូវរងារឆ្នាំនេះជារដូវរងារដ៏សែនលំបាក​បំផុត សម្រាប់ប្រជាជនអ៊ុយក្រែន។ លោកវ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងសារតាមវីដេអូ កាលពីយប់ថ្ងៃសុក្រ ថា តំបន់ទីក្រុងកៀវ និង​តំបន់ចំនួន​១៤ផ្សេងទៀត នៅទូទាំងប្រទេស គ្មានចរន្តអគ្គិសនី​ប្រើប្រាស់ទេ ហើយបណ្តាញ​ផ្គត់ផ្គង់ទឹកស្អាតក៏ត្រូវកាត់​ផ្តាច់ដែរ។ លោក​ហ្សេឡេនស្គី បាន​ថ្លែងថា គោលដៅនៃការវាយ​ប្រហាររបស់​កងទ័ពរុស្ស៊ីនាអំឡុវពេលនេះ គឺសំដៅ​មក​ហេដ្ឋារចនាសម្ព័ន្ធស៊ីវីល ដូចជារោងចក្រ​ផលិតចរន្តអគ្គិសនី បណ្តាញ​ខ្សែភ្លើង និង​រោងចក្របន្សុតទឹកស្អាតជាដើម។

ក្រៅពី​បាន​អំពាវនាវឲ្យ​សម្ព័ន្ធមិត្តលោកខាងលិច បន្តជួយផ្តល់​ប្រព័ន្ធខែលមីស៊ីល​មកឲ្យ​អ៊ុយក្រែន ដើម្បីតាមស្ទាក់មីស៊ីល របស់​រុស្ស៊ី លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​លើកឡើងផងដែរ ថាមន្ត្រីអាជ្ញាធរអ៊ុយក្រែន កំពុងតែប្រឹងប្រែងជួសជុល ដាក់​ឲ្យដំណើរការឡើងវិញ នូវ​ការផ្គត់ផ្គង់ចរន្តអគ្គិសនី ក៏ដូចជាទឹកស្អាត។

នៅទីក្រុង​កៀវ បើផ្អែកតាម​លោកអភិបាល​ក្រុង គឺ​១ភាគ៣នៃប្រជាជនតែប៉ុណ្ណោះ ដែល​មានទឹក​និង​ម៉ាស៊ីនកំដៅប្រើប្រាស់ ហើយ​៤០% មានចរន្តអគ្គិសនី​ប្រើ។ នៅ​ក្រុង Kryvyi Rig ភាគខាងត្បូងអ៊ុយក្រែន មានមនុស្សស្លាប់យ៉ាងហោច​៣នាក់ ដោយ​សារមីស៊ីលរបស់​រុស្ស៊ីកាលពីថ្ងៃម្សិលមិញ។ យោងតាម​ Ukrainergo ក្រុមហ៊ុន​រដ្ឋផ្គត់ផ្គង់ចរន្តអគ្គិសនី គឺការវាយ​ប្រហាររបស់រុស្ស៊ី​កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើ​ឲ្យខូចខាតខ្លាំងសម្បើ​មណាស់ ដល់ទីតាំងផលិតចរន្តអគ្គិសនី​។ ក្រុមហ៊ុននេះអះអាងថា គេអាចនឹងត្រូវការពេលយូរថ្ងៃ ដើម្បីតភ្ជាប់ចរន្តឡើងវិញ ហើយ​សម្រាប់រយៈពេលដែលខ្វះចរន្តអគ្គិសនី គឺគេនឹងផ្គត់ផ្គង់ជាអាទិភាព តែទីតាំងសំខាន់ចាំបាច់តែប៉ុណ្ណោះ ដែលមានដូចជាមន្ទីរពេទ្យ ស្ថានីយ​ផលិតនិងចែកចាយ​ទឹកស្អាត បណ្តាញ​ម៉ាស៊ីនកំដៅ និង​ស្ថានីយ៍បន្សុតទឹកក្រខ្វក់ជាដើម​។

យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា ប្រជាជនអ៊ុយក្រែន ទោះលំបាកវេទនាយ៉ាងណា តែម្នាក់ៗមានការតាំងចិត្ត តស៊ូខ្ពស់ណាស់។ នៅតាមទីក្រុងភាគច្រើន ប្រជាជន​រៀបចំជួយគ្នា ចែកទឹក ចែក​ម៉ាស៊ីនកំដៅគ្នា និងចែកចរន្តអគ្គីសនី​គ្នាប្រើ។ តំបន់ខ្លះ អាជ្ញាធរបាន​ចែក​ចង្ក្រានឡ​ដុតអុសទៅប្រជាជន​ ដើម្បី​បានចម្អិន​ម្ហូប ដាំទឹកក្តៅនិង​កំដៅ​ខ្លួន​ជាដើម។ សមាគមន៍អង្គការជាច្រើនពីបណ្តាប្រទេសអឺរ៉ុប​ផ្សេងទៀត បានអំពាវនាវ ទិញ​ម៉ាស៊ីនភ្លើង ទៅជួយ​ប្រជាជន​អ៊ុយក្រែនផងដែរ​។

លោកពូទីន ក្នុងពេលប្រជុំជាមួយ​មេបញ្ជាការកងទ័ពរុស្ស៊ីទាំងអស់។ រូបភាពផ្តល់​ឲ្យ​ដោយ​វិមានក្រេមឡាំង តាមរយៈបណ្តាញ​ព័ត៌មាន Sputnik ថ្ងៃទី ១៧ ធ្នូ ២០២២
លោកពូទីន ក្នុងពេលប្រជុំជាមួយ​មេបញ្ជាការកងទ័ពរុស្ស៊ីទាំងអស់។ រូបភាពផ្តល់​ឲ្យ​ដោយ​វិមានក្រេមឡាំង តាមរយៈបណ្តាញ​ព័ត៌មាន Sputnik ថ្ងៃទី ១៧ ធ្នូ ២០២២ AP - Gavriil Grigorov

ពូទីន​ប្រជុំជាមួយមេបញ្ជាការកងទ័ព​

ងាកទៅកាន់សមរភូមិប្រយុទ្ធវិញ យើងឃើញថា​ប្រមាណ​២ខែមកហើយ ដែលកងទ័ពរុស្ស៊ី សឹងតែលែងប្រយុទ្ធជាមួយកងទ័ព​អ៊ុយក្រែន ហើយ​បែរមក​សំរុក​បាញ់​ប្លោងគ្រាប់មីស៊ីល កំទេច​​​ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលអ៊ុយក្រែនទៅវិញ​​។ ក៏ប៉ុន្តែនៅថ្ងៃសៅរ៍នេះ គេឃើញ​លោក​ពូទីន មានវត្តមានចូលរួមប្រជុំ​ធំមួយ ជាមួយ​មេបញ្ជាការកងទ័ពរុស្ស៊ីទាំងអស់ ដែលធ្វើប្រតិបត្តិការនៅអ៊ុយក្រែន។

យោងតាមការ​​បញ្ជាក់ពី​​វិមានក្រេមឡាំង គឺលោក​ ពូទីន បានចូលរួម​ប្រជុំពេញមួយថ្ងៃសុក្រម្សិលមិញ​ ជាមួយ​មេបញ្ជាការកងទ័ពចម្រុះទាំងអស់ ដែល​កំពុង​ធ្វើបេសកកម្ម​នៅអ៊ុយក្រែន។ កម្មវិធីប្រជុំនេះ មានវត្តមានចូលរួមដែរ ដូចជា លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Serguei Cho¨gou និង​អគ្គមេបញ្ជាការ​កងទ័ពជាតិ​រុស្ស៊ី Valérie Guérassimov​។

នៅក្នុងវីដេអូផ្សាយដោយ​បណ្តាញទូរទស្សន៍រដ្ឋរុស្ស៊ី នៅព្រឹកថ្ងៃសៅរ៍នេះ គឺបានឃើញលោក​ពូទីន ដែលបាននិយាយថា “ខ្ញុំចង់​ស្តាប់​ឮ នូវសំណើររបស់​មេបញ្ជាការកងទ័ពទាំងអស់​ ស្តីអំពី​ប្រតិបត្តិការ​ដែលកងទ័ពយើង​ត្រូវធ្វើ ក្នុងរយៈពេលខ្លី និងមធ្យម”។ ប្រមាណ​២ខែមកហើយ ដែលកងទ័ពរុស្ស៊ីបានដកថយ សឹងតែលែងប្រយុទ្ធសោះតែម្តង នៅសមរភូមិ ដោយសំរុកគិតតែពីបាញ់​ប្លោងគ្រាប់មីស៊ីល​ពីចម្ងាយតែប៉ុណ្ណោះ។ វត្តមានរបស់​លោកពូទីន ប្រជុំ​ជាមួយ​មេបញ្ជាការកងទ័ពរុស្ស៊ីនេះ គឺទំនងប្រហែលជារុស្ស៊ីកំពុងត្រៀម​បើក​ប្រតិបត្តិការ​ប្រយុទ្ធឡើងវិញនៅសមរភូមិ​។

រុស្ស៊ីត្រៀម​បើកសមរភូមិ ចូលមកក្រុងកៀវម្តងទៀត?

នៅថ្ងៃចន្ទសប្តាហ៍​ក្រោយ​នេះ លោកពូទីន នឹងទៅជួប​លោក ប្រធានាធិបតី​បេឡារុស លូកាឆិនកូ នៅ​ទីក្រុងមីនស្គ៍។ កាល​ពី​សង្គ្រាមបានចាប់ផ្តើមដំបូង ប្រធានាធិបតី​បេឡារុស បានបើកដៃឲ្យកងទ័ព​​រុស្ស៊ី យកទឹកដីខ្លួន​​​បើ​កការវាយ​ប្រហារ​មកលើអ៊ុយក្រែន ដោយចូលពីភាគខាងជើងសំដៅមកទីក្រុងកៀវ។

​បើផ្អែកតាម​ការវិភាគរបស់​លោក Valéry Zaloujny អគ្គមេបញ្ជាកងទ័ពអ៊ុយក្រែន គឺ​ជំនួបរវាង​លោក​លូកាឆិនកូ និងលោកពូទីន​នៅថ្ងៃចន្ទក្រោយនេះ គឺប្រាកដណាស់ថា រុស្ស៊ីប្រាកដជា​មានគម្រោង​បើក​ប្រតិបត្តិការប្រយុទ្ធសំដៅចូលមក​ទីក្រុងកៀវសាជាថ្មី នៅដើមឆ្នាំ​២០២៣។ ដោយឡែក លោក Jens Stoltenberg អគ្គលេខាធិការអូតង់ បានប្រាប់អ្នកកាសែតថា​ មិនត្រូវមើលស្រាលរុស្ស៊ីជាដាច់ខាត។ លោក​បន្ថែមថា ជាមួយ​នឹង​ “ប្រតិបត្តិការ​សង្គ្រាមរយៈពេលវែង” ដែលរុស្ស៊ីកំពុងតែធ្វើនេះ គឺសម្ព័ន្ធមិត្ត​​លោកខាងលិច ត្រូវតែបន្តជួយ​អ៊ុយក្រែន ទាំងយុទ្ធសាស្ត្រ​ទាំង​គ្រឿង​សព្វាវុធ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ