អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដនៅ​ចិន៖ រដ្ឋាភិបាល​​​បញ្ជាឲ្យ​សហគ្រាស​​ឱសថ​ ទុក​ថ្នាំ​និង​សម្ភារៈពេទ្យ​សម្រាប់​តែ​​រដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានការណ៍ឆ្លងរាលដាលកូវីដ១៩នៅចិន បាន​ស្ទុះហក់ឡើងជាខ្លាំង នាប៉ុន្មាន​៣សប្តាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​​រដ្ឋាភិបាលចិន ​បានបោះបងចោល​គោលនយោបាយ​កូវីដសូន្យ​។ យោងតាមប្រភពព័ត៌មានជាច្រើនបាន​ឲ្យដឹងថា ចំនួន​អ្នកជំងឺឈឺធ្ងន់ បាន​កើនឡើងខ្លាំង ជាពិសេសក្នុងចំណោម​មនុស្ស​ចាស់ដែលបានឆ្លងកូវីដ​១៩។ ទន្ទឹមគ្នានេះ ប្រជាជនចិនទូទៅបាននាំគ្នាផ្អើលឈូរឆរ ទិញថ្នាំគ្រុនក្តៅ ថ្នាំផ្តាសាយជាដើម ដើម្បី​ទុកព្យាបាល​តាម​ផ្ទះរៀងៗខ្លួន ធ្វើ​ឲ្យ​ថ្នាំនៅតាម​ឱសថដ្ឋាន ត្រូវដាច់ស្តុក។ ប្រឈមនឹងស្ថានការណ៍ចលាចលនេះ រដ្ឋាភិបាលចិនទើប​តែបានចេញបញ្ជា នៅថ្ងៃសុក្រទី​២៣ធ្នូ ប្រាប់សហគ្រាសផលិត​ឱសថ ត្រូវតែរក្សា​​ទុកស្តុកឱសថ​សំខាន់​ៗ និងសម្ភារៈមួយចំនួន​ សម្រាប់រដ្ឋ មិនត្រូវលក់ចែកចាយ​ទៅឯកជនឡើយ​។

អ្នកជំងឺកូវីដ១៩ នៅ​មន្ទីពេទ្យមួយក្នុងក្រុង Zhuozhou ខេត្ត ហឺប៉ី ថ្ងៃទី ២១ ធ្នូ ២០២២
អ្នកជំងឺកូវីដ១៩ នៅ​មន្ទីពេទ្យមួយក្នុងក្រុង Zhuozhou ខេត្ត ហឺប៉ី ថ្ងៃទី ២១ ធ្នូ ២០២២ AP - Dake Kang
ផ្សាយពាណិជ្ជកម្ម

កាក់ស្តុកឱសថ និងឧបករណ៍ធ្វើតេស្តទុកសម្រាប់រដ្ឋ​

ប្រមាណ​៣សប្តាហ៍​មកហើយ ដែល​ប្រជាជនចិនបាន​ផ្អើលឈូរឆរ បន្ទាប់ពីរដ្ឋាភិបាលចិន បាន​លុបចោលនូវវិធានការរឹតបន្តឹងមួយចំនួនធំ ក្នុងការទប់ស្កាត់កូវីដ​១៩។ ដូចយើងដឹងហើយ​ ប្រមាណ​៣ឆ្នាំមកនេះ រដ្ឋចិនបានអនុវត្តវិធានការតឹងតែងខ្លាំង បិទខ្ទប់ទីក្រុង តំបនធំៗ ធ្វើតេស្តទ្រង់ទ្រាយធំសឹងរៀងរាល់ថ្ងៃ ដើម្បីបំបែកយកអ្នកវិជ្ជមានកូវីដ​ ទៅធ្វើចត្តាឡីស័ក​ដាច់ដោយឡែក។ វិធានការទាំងនេះ បានធ្វើ​ឲ្យ​ប្រជាជនចិនភាគច្រើនលើសលុប មិនសូវមានអ្នកឆ្លងកូវីដទេ កន្លងមក។

តែពេលនេះ ការផ្លាស់ប្តូរគោលនយោបាយ​សុខភាពសាធារណៈ លែងបិទខ្ទប់ លែងធ្វើតេស្តទ្រង់ទ្រាយ​ធំ គឺ​​វា បានធ្វើ​ឲ្យ​ប្រជាជនចិនភ័យបារម្ភ ខ្លាចឆ្លង ខ្លាចឈឺធ្ងន់ ព្រោះទន្ទឹមគ្នានេះ ប្រជាជនចិនប្រមាណ​តែ១០%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ​។ ម្លោះហើយ ប្រជាជនចិនបានផ្អើល នាំគ្នាទៅទិញថ្នាំផ្តាសាយ ថ្នាំគ្រុន ថ្នាំបំបាត់ការឈឺចាប់បន្ថយ​កំដៅ និង​ឧបករណ៍ធ្វើតេស្តរកកូវីដជាដើម។ មនុស្ស​ផ្អើលដណ្តើមគ្នាទិញខ្លាំងពេក ធ្វើ​ឲ្យ​តាម​ឱសថស្ថាន​​ត្រូវដាច់ស្តុក ហើយ​សហគ្រាសផលិត ក៏ផលិត​មិនទាន់ទៀត។

ស្ថិតក្នុងបរិបទខ្វះថ្នាំ ខ្វះសម្ភារៈពេទ្យនេះ ស្រាប់តែនៅថ្ងៃសុក្រនេះ រដ្ឋាភិបាលចិនបានចេញបញ្ជា ប្រាប់ទៅ​សហគ្រាស​ផលិតឱសថរាប់រយសហគ្រាសនៅចិន ត្រូវតែទុកស្តុកឱសថសំខាន់ៗ និងឧបករណ៍ធ្វើតេស្ត សម្រាប់តែរដ្ឋប៉ុណ្ណោះ មិនត្រូវលក់ចេញចែកចាយ​ទៅលើទីផ្សារឯកជនទេ។​ សហគ្រាស Wiz Biotech ដែលជាសហគ្រាសផលិតឧបករណ៍ធ្វើតេស្តរកកូវីដ នៅក្រុង​Xiamen បាន​អះអាងប្រាប់អ្នកយកព័ត៌មានបារាំងថា សហគ្រាសគេពិតជាបានទទួលបញ្ជាពី​អាជ្ញាធរតំបន់ ថាត្រូវតែទុកស្តុកដែល​មានសម្រាប់អាជ្ញាធរ​។ ចំណែក​នៅប៉េកាំងវិញ ផ្អែកតាម​លោក Zhou Zhicheng តំណាងសហព័ន្ធចែក​ចាយ​ផ្គត់ផ្គង់ទំនិញចិន គឺ​អាជ្ញាធរក្រុងប៉េកាំងបានសម្រេចបញ្ជូន​មនុស្ស ទៅជួយ​សហគ្រាស​ផលិតចំនួន​៦​ ដើម្បី​បង្កើនសង្វាក់ផលិតកម្ម បំពេញ​ស្តុក​ឲ្យ​បានឆាប់រហ័ស។

អាជ្ញាធរអំពាវនាវ ឲ្យ​ប្រជាជនទិញថ្នាំឲ្យសមហេតុផល​

​លោក Zhou Zhicheng បានលើកឡើងថា កន្លងមកប៉ុន្មានសប្តាហ៍នេះ បញ្ហា​គ្មានថ្នាំ គ្មានឧបករណ៍ធ្វើតេស្តនេះ បានចោទជាបញ្ហាខ្លាំងណាស់ ដោយ​សារតែមនុស្ស​ផ្អើលឈូរឆរ សំរុកទិញព្រមៗគ្នា​។ អ្នកខ្លះទិញក្នុងចំនួន​ច្រើនខ្លាំង ហួសហេតុ គ្មានហេតុផល ដោយ​សារតែភ័យ​គិតតែពី​ខ្លួនឯង មិន​ខ្វល់ពីអ្នកដ៏ទៃ។ ឥឡូវពេលនេះ នៅតាម​ឱសថដ្ឋាន គឺពិបាល​រកថ្នាំណាស់ ជាពិសេសថ្នាំគ្រុនក្តៅខ្លួន​ ថ្នាំក្អក និងថ្នាំបំបាត់ការឈឺចាប់ជាដើម។​ នេះបើផ្អែក​តាម​ប្រភពព័ត៌មាន ដែល​អ្នករាយ​ការណ៍​ទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រចាំនៅចិន​ បានប្រមូលបាន​ ពីតាម​ខេត្តនានា​របស់ចិន​។​

នៅតាមឱសថដ្ឋានខ្លះ គេបានកំណត់ មិន​ឲ្យទិញថ្នាំ​គ្រុនក្តៅខ្លួន លើសពី៦ប្រអប់ទេ ក្នុងមួយអាទិត្យ សម្រាប់មនុស្សម្នាក់។ អ្នកទៅទិញ ត្រូវបង្ហាញ​អត្តសញ្ញាណបណ្ណសំគាល់ខ្លួនថែមទៀត។ នៅក្រុងហាងចូវ វិញ អាជ្ញាធរក្រុងបានអំពាវនាវឲ្យ​ប្រជាជន ត្រូវតែទិញថ្នាំដោយសមហេតុសមផល មិនត្រូវទិញដោយ​ការភ័យជ្រួលច្របល់ ចេះតែទិញស្តុកទុកហួសប្រមាណ ទាំងខ្លួនឯងអត់ទាំងឈឺផង​ ធ្វើ​ឲ្យ​ថ្នាំដាច់ស្តុកនោះទេ។ គ្រប់គ្នាត្រូវតែគិតដល់​អ្នក​ផ្សេងៗទៀត ដែលឈឺ ហើយដែលត្រូវការថ្នាំជាចាំបាច់ផង​​។

អ្នកជំងឺឈឺធ្ងន់ភាគច្រើនជាមនុស្សចាស់ កកកុញតាមមន្ទីរពេទ្យ​

ជាការពិត​ ប្រជាជនចិនពិតជាភ័យបារម្ភខ្លាំងពិតមែន ព្រោះថាកូវីដ​១៩កំពុងតែឆ្លងរាលដាលខ្លាំងសម្បើមណាស់។ សន្ទុះឆ្លងរាលដាល ដែលអាជ្ញាធរចិនខ្លួនឯង បានសារភាពទទួលស្គាល់ថា ច្រើន​រហូតដល់លែងរាប់ចំនួនករណីឆ្លងថ្មីទៅហើយ ប្រមាណ៣សប្តាហ៍​មកនេះ​។ មន្ទីរពេទ្យនៅចិនកាន់តែច្រើន ​កកកុញដោយ​អ្នកជំងឺ​ ដែល​ឈឺធ្ងន់ ​មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ក្រោយ​ឆ្លងកូវីដ​១៩។

ចំនួន​អ្នកជំងឺកូវីដ​ដែលឈឺធ្ងន់ ត្រូវការការសង្គ្រោះបន្ទាន់ បាន​កើនឡើងខ្លាំងណាស់ ប្រមាណ​១សប្តាហ៍​មកនេះ នៅចិន។ ជាក់ស្តែង គ្រូពេទ្យ​ម្នាក់ធ្វើការនៅ​មន្ទីរពេទ្យ​មួយ​ ក្នុងក្រុងចុងឈីង បាន​ប្រាប់ថា ក្នុងមួយថ្ងៃយ៉ាងហោចណាស់ មានអ្នកជំងឺថ្មីចូលសង្រ្គោះបន្ទាន់ ខ្ទង់១០នាក់ ដែល​ប្រមាណ ៨០ ទៅ៩០% គឺសុទ្ធតែជាមនុស្សវ័យចំណាស់។ លោក​ក៏បាន​បន្ថែមដែរថា ក្នុងចំណោម​អ្នកធ្វើការក្នុងមន្ទីរពេទ្យ ក៏ឆ្លងកូវីដ​ច្រើនសន្ធឹកដែរ មួយរយៈចុងក្រោយ​នេះ តែនៅតែបន្តមកធ្វើការអញ្ចឹង ព្រោះមាន​អ្នកជំងឺច្រើនខ្លាំងពេក។

នៅសៀងហៃ វិញអ្នកកាសែត AFP ដែលបានចូលទៅដល់​មន្ទីរពេទ្យ​មួយ បានអះអាងថា ឃើញអ្នកជំងឺចាស់ៗ ដេកលើគ្រែកកកុញនតាម​ផ្លូវដើរក្នុងអាគារពេទ្យ ជាមួយនឹងឧបករណ៍​ជំនួយការដកដង្ហើម។ ប្រភព័ត៌មានផ្សេងៗទៀតរបស់ AFP បាន​ឲ្យដឹងថា នៅកន្លែងបញ្ចុះ និង​បូជាសព គឺកំពុងតែរវល់មមារញឹកសម្បើមណាស់។ តែមិនមាន​ប្រភពបញ្ជាក់ច្បាស់ថា សាកសពដែលស្លាប់នោះ គឺសុទ្ធតែស្លាប់ដោយ​កូវីដ​១៩នោះទេ។

អាជ្ញាធរផ្លាស់​ប្តូរនីតិវិធីរាប់ចំនួន​អ្នកស្លាប់​ដោយសារកូវីដ

ប្រជាជនវ័យចំណាស់ ចំនួន​តិចខ្លាំងណាស់ ដែល​បាន​ចាក់វ៉ាក់សាំងបង្ការកូវីដ​ទេ​ ហើយ​ក៏មិនធ្លាប់ឆ្លងកូវីដទៀត។ ម្លោះហើយ​ពេលឆ្លងលើកទី១ ប្រាកដជាប្រឈមនឹងគ្រោះថ្នាក់ស្លាប់ច្រើនណាស់។ តាមការសន្និដ្ឋាន របស់​វិទ្យាស្ថានជំនាញ​ជាច្រើននៅឯបរទេស គេលើកឡើងថា អាចមានអ្នកស្លាប់នៅចិន ដល់២លាននាក់ឯណោះ ក្នុងរវាងប៉ុន្មានខែទៅមុខទៀតនេះ។

ប្រហែលជាដោយសារតែបារម្ភ ពីចំនួនតួលេខ​មនុស្សស្លាប់ច្រើននេះហើយ ទើបបានជា​ អាជ្ញាធរសុខាភិបាលចិន បាន​ប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ អំពី​នីតិវិធី​ថ្មី ក្នុងការចាត់ទុកនិងរាប់ថាអ្នកជំងឺណាម្នាក់ ស្លាប់ដោយ​សារកូវីដ។ អាជ្ញាធរចិនបានចេញបញ្ជាថា អំណេះតទៅ ទាល់តែអ្នកឆ្លងកូវីដ ស្លាប់ដោយ​ខូចប្រព័ន្ធដកដង្ហើមដោយផ្ទាល់តែម្តង ទើបអាចចាត់ទុកបាន ថាអ្នកនោះស្លាប់ដោយ​កូវីដ។​ ចំពោះអ្នកជំងឺផ្សេងៗទៀត ជាពិសេសចាស់ៗជាដើម អាចស្លាប់ដោយ​សុខភាព​ទន់ខ្សោយ ​មានជំងឺប្រចាំកាយ​ផ្សេងទៀត ទោះបី​ជាឆ្លងកូវីដមែនក៏ដោយ​ តែមិនអាចចាត់ទុក​ថាស្លាប់ដោយ​កូវីដ​នោះទេ។​

អាមេរិក៖ ចិនត្រូវតែមានតម្លាភាព បែងចែកទិន្នន័យ ក្រែងមានកូវីដបំប្លែងខ្លួនថ្មី​

ប្រឈមនឹងបញ្ហាឆ្លងរាលដាលកូវីដ​ខ្លាំងនៅចិននេះ សហរដ្ឋអាមេរិក ក៏បានប្រតិកម្មដែរ ដោយ​បានអំពាវនាវ ឲ្យ​រដ្ឋាភិបាល​ចិន​ត្រូវតែ​បង្ហាញតម្លាភាព ស្តីពី​ស្ថានការណ៍ឆ្លងរាលដាល ក៏ដូចជា​ចំនួន​មនុស្សស្លាប់។ នៅចំពោះមុខអ្នកកាសែត កាលពីថ្ងៃពុធកន្លងទៅ លោកអង់តូនី ប្លីងកិន បាន​លើកឡើងថា អាជ្ញាធរសុខាភិបាលចិន ត្រូវតែមានតម្លាភាព ផ្តល់ទិន្នន័យ​ព័ត៌មាននានា ស្តីពី​ស្ថានការណ៍ឆ្លងរាលដាលកូវីដនៅចិននេះ ប្រាប់​មកពិភពលោក​ទាំងមូលដោយ​ភាពស្មោះត្រង់ មិនត្រូវលាក់លាមទេ។ ទិន្នន័យ​ព័ត៌មាននេះ វាសំខាន់ណាស់ សម្រាប់ទាំងអស់គ្នា ព្រោះគេត្រូវតែតាមដាន​ឲ្យ​ម៉ដ្ឋចត់បំផុត​ ក្រែងវាមាន​កូវីដបំប្លែងខ្លួនថ្មីណាមួយផ្សេងទៀត ផុសខ្លួនឡើង។

ទាំងការធ្វើតេស្តរកមេរោគ ទាំងថ្នាំព្យាបាល និងតួលេខនៃ​​ការចាក់វ៉ាក់សាំងជាដើម គឺចិនត្រូវ​តែមានភាពស្មោះត្រង់ ព្រោះអ្វីៗវាអាចជះឥទ្ធិពល​មកលើពិភពលោកទាំងមូល។​ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាន​ស្នើសាជាថ្មីដែរ ថារដ្ឋាភិបាល​​អាមេរិក ត្រៀមខ្លួនជាស្រេច ក្នុង​ការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ១៩ ទៅ​ឲ្យ​ចិន ឲ្យ​តែចិនដាច់ចិត្តហារមាត់ប្រាប់ថាចង់បាន​។​

ប្រជាជនចិន​តិចណាស់ដែលបានចាក់វ៉ាក់សាំង ហើយជាវ៉ាក់សាំងផលិតដោយ​មន្ទីរពិសោធន៍ចិន ដែល​មាន​ប្រសិទ្ធភាព​ខ្សោយ​។ រហូតមកទល់ពេលនេះ រដ្ឋាភិបាល​ចិន​មិនព្រមទិញវ៉ាក់សាំងពី​ប្រទេសផ្សេងទេ ដោយ​សារតែមានគំនិតជាតិនិយម មោទនភាព ចង់ប្រើតែវ៉ាក់សាំងរបស់ចិនខ្លួនឯង។ មិនដឹងថា ចំនួន​មនុស្សស្លាប់​ឡើងដល់ប៉ុន្មាននាក់ ទើបអាចធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន ​បោះបង់ចោល​គំនិតនេះចោលទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ