អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វហ្កានីស្ថាន៖ បន្ទាប់ពី​ឈប់​ឲ្យ​រៀន​ខ្ពស់ ​​ស្ត្រី​ត្រូវ​ហាម​ឃាត់​មិនឲ្យធ្វើការ​ទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការសហប្រជាជាតិ និង អង្គការក្រៅរដ្ឋាភិបាលនៅអាហ្វហ្កានីស្ថាន ជួបប្រជុំគ្នានៅ​រសៀល​ថ្ងៃអាទិត្យ​ ទី២៥ធ្នូ​ ក្រោយពី ពួក​កាន់អំណា​ច​រដ្ឋ​តាលីបង់ បាន​បញ្ឈប់លែងឱ្យស្ត្រីធ្វើការ​នៅអង្គការសង្គមស៊ីវិលនិងអង្គការអន្តរជាតិ។ ការ​​ហាមឃាត់ស្ត្រី មិនឲ្យធ្វើការនៅអង្គការសង្គមស៊ីវិល គឺបន្ទាប់ពី ​៤ ថ្ងៃមុន ពួក​តាលីបង់ បាន​ហាម​ឃាត់​ឈប់ឲ្យ​នារី​និង​ក្មេងស្រី​ រៀន​សូត្រ​ថ្នាក់​ខ្ពស់​។ នៅ​អាហ្វហ្កានីស្ថាន ចាប់តាំង​ពី​ពួក​តាលីបង់​ ឡើង​ក្តាប់អំណាច​ជាថ្មី នៅ​តុលា​ឆ្នាំ​២០២១មក គឺ​ បញ្ហា​សិទ្ធិមនុស្ស​​ ពិសេស​សិទ្ធិ​កុមារី និង​ស្ត្រី​ បាន​ធ្លាក់​ចុះ​ដុប​ដាបខ្លាំង​។ នារី​ៗមួយ​ចំនួន ​ដែល​មាន​លទ្ធភាព​គ្រាន់បើ បានសម្រេច​ចិត្ត​​ចាកចេញ​ពី​ប្រទេស​ ជាបន្តបន្ទាប់។

Hasti, 22, an Afghan student, attends an interview with Reuters in Kabul, Afghanistan, December 21, 2022. REUTERS/Ali Khara
Hasti, 22, an Afghan student, attends an interview with Reuters in Kabul, Afghanistan, December 21, 2022. REUTERS/Ali Khara REUTERS - ALI KHARA
ផ្សាយពាណិជ្ជកម្ម

បណ្តា​អង្គការ​ ​​​​សម្រេច​ចិត្ត​យ៉ាងណា​?​

អ្នកទទួល​ខុសត្រូវ​ព័ត៌មាន​ នៃការិយាល័យ​សម្របសម្រួល​ជំនួយ​មនុស្ស​ធម៌ របស់​អង្គការ​សហប្រជាជាតិ ប្រចាំអាហ្វហ្គានីស្ថាន បាន​បញ្ជាក់​ប្រាប់​​អ្នក​សារព័ត៌មាន​ថា ​ក្រុម​អង្គការ​និង​ភ្នាក់​ងារ​ខាង​កិច្ចការ​សប្បុរ​ធម៌ ជួ​ប​ប្រជុំគ្នា​ជាបន្ទាន់ ដើម្បី​នឹង​ជជែក​ពិគ្រោះយោបល់​គ្នា ហើយ​និង រកផ្លូវ​ដោះស្រាយ​យ៉ាងដូចម្តេច​ទៀត​ ចំពោះបញ្ហាថ្មីនេះ។  នៅពេល​នេះ ពួក​អង្គការ​អន្តរជាតិ នៅមិនទាន់​ទទួល​ដំណឹង​ច្បាស់​លាស់​និង​ល្អិត​ល្អន់​នៅឡើយដែរ ថាតើ​ បម្រាម​ហាមឃាត់​ស្ត្រី​មិនឲ្យ​ធ្វើការ​នៅ​សង្គម​ស៊ីវិល​និង​នៅ​អង្គការ​អន្តរជាតិ​នេះ គឺហាម​សម្រាប់តែ​ស្ត្រី​ជនជាតិ​អាហ្វហ្កានីស្ថានទេ ឬ​ក៏​សម្រាប់​ចំពោះ​នារី​បរទេសនិងស្ត្រីជាទូទៅ ឲ្យតែ​នៅ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។​

តំណាង​អង្គការសហប្រជាជាតិប្រចាំអាហ្វហ្កានីស្ថាន ​កំពុងតែ​រកផ្លូវ ជួប​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​ពួក​តាលីបង់​ផ្ទាល់​តែម្តងដែរ​​​​។​ ជំនួយអន្តរជាតិសម្រាប់​អាហ្វហ្គានីស្ថាន​ គឺមាន​​ច្រើនសន្ធឹករាប់រយលានដុល្លារ។ អង្គការសហប្រជាជាតិនិងភ្នាក់ងាររបស់ខ្លួន ក៏​បានឲ្យដឹងថា ប្រជា​ពលរដ្ឋអាហ្វហ្គានីស្ថាន ៣៨លាននាក់ ត្រូវការជំនួយមនុស្សធម៌ចាំបាច់ សម្រាប់ឆ្លងកាត់រដូវរងានេះ។

នៅថ្ងៃអាទិត្យ  អង្គការសង្គមស៊ីវិល​​ ជាច្រើន ព្រោះតែសេចក្តីភ័យ​ខ្លាច ​ បាន​សម្រេច​ចិត្ត​ផ្អាក​សកម្មភាព​ ទម្រាំ​រង់ចាំ​ការ​សម្រេចថ្មី ក៏ប៉ុន្តែ ​ស្ត្រី​ប្រធាន​អង្គការ មួយ​ចំនួន​​ខ្លះទៀត​ បាន​បន្ត​ប្តេជ្ញា​ចិត្ត​ ថា​នឹង​មិន​បិទ​អង្គការ​ទេ ទោះបី​ជាត្រូវ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ប៉ះពាល់​ដល់​សុវត្ថិភាព​អាយុជីវិត​ផ្ទាល់​ខ្លួនក្តី ហើយនិងអំពាវនាវ​​ប្រាប់​បុគ្គលិក​របស់ខ្លួន​ឲ្យ​រួម​គ្នា​តស៊ូ​ដល់​ទីបំផុត​។​

«​បញ្ហា​មិន​ទទូរ​ក្រណាត់​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់កាតព្វកិច្ច​សាសនា​អ៊ីស្លាម​»

អ្នក​នាំពាក្យ​ក្រសួងសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន បញ្ជាក់​ថា​​ ក្រសួង​សេដ្ឋកិច្ច បាន​ទទួល​ពាក្យ​បណ្តឹង​​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន ថា​ស្ត្រីៗ​ទៅធ្វើការ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​និងអង្គការ​អន្តរជាតិ គឺ​មិន​បាន​ពាក់​ស្បៃ​ទទូរ​ក្បាល​ឲ្យ​ខ្ជាប់​ខ្ជួន​ទេ។

សហគម​អន្តរជាតិ​ បានថ្កោលទោស​​អាហ្វហ្កានីស្ថាន។ តាមរយៈ​អ្នក​នាំពាក្យ​របស់​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប គឺ ​​សហភាព​អឺរ៉ុប ​ថ្កោលទោស​យ៉ាង​ដាច់​ខាត​ចំពោះ​ការ​ហាម​ឃាត​ស្ត្រី​មិន​ឲ្យ​ធ្វើការ​នៅ​អង្គការ​សង្គម​ស៊ីវិល​និងអង្គការ​អន្តរជាតិ នៅ​អាហ្វហ្កានីស្ថាន។ សហភាព​អឺរ៉ុប កំពុង​វាយ​តម្លៃ​ពីផលវិបាក​ប៉ះពាល់​ទៅលើ​កម្មវិធី​ជំនួយរបស់​ខ្លួន​។​ ទន្ទឹមនឹងគ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​បរទេស​អាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​សម្តែង​ព្រួយ​បារម្ភ​ជាខ្លាំង និងថា​ «ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន គឺបំផ្លិចបំផ្លាញ់​អាយុជីវិត​ពលរដ្ឋ​»។

ចំពោះការ​ហាម​ឃាត់​ថ្មីនេះ គឺក្រោយ​ពី​ ៤ ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ហាម​ឃាត់​ឈប់​ឲ្យ​រៀន​​មហាវិទ្យាល័យ​ ឬ​ហាម​ឃាត់​ឈប់​ឲ្យរៀន​សូត្រខ្ពង់​​ខ្ពស់។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ Amnesty International បញ្ជាក់ថា ការ​សម្រេច​បែបនេះ គឺ​​​លុប​បំបាត់​ស្ត្រី​ ពី ​រង្វង់​នយោបាយ សង្គម និងសេដ្ឋកិច្ច​ស្រុកទេស​។ ​រដ្ឋមន្ត្រី​សិក្សាធិការ​ជាតិ​ អាហ្វហ្កានីស្ថាន លោក Neda Mohammad Nadeem បាន​ពន្យល់​នៅក្នុង​បទសម្ភាសវីដេអូមួយ ថា «និស្សិតស្រី​ៗ ដែល​ទៅ​រៀនសកលវិទ្យាល័យ គឺ​មិនបាន​គោរព​កាតព្វកិច្ច​ពាក់​កំណាត់​ទទូរ​ក្បាល​ឲ្យ​ត្រឹមត្រូវ​។ ការ​វ័នកំណាត់ជូត​ក្បាល​នេះ ជា​កាតព្វកិច្ច​ក្នុង​សាសនាអ៊ីស្លាម។» នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​អប់រំ ដោយ​សង្កត់​ធ្ងន់​ទៀតថា ស្ត្រី​អាហ្វហ្កានីស្ថាន​ត្រូវ​គ្រប​ដណ្តប់​ស្បៃ​ពេញ​ដង​ខ្លួន​និង​បិទមុខ​ផង។​

ប្រុសៗធ្វើបាតុកកម្ម​សម្តែង​ស្មារតីសាមគ្គីភាពជាមួយនារីៗ។​

ស្ត្រីអាហ្វហ្កានីស្ថាន បានធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋអំណាចតាលីបង់។ នៅប៉ាគីស្ថាន ក្បែរខាង ក៏មានបាតុកម្មគាំទ្រស្រីអាហ្វហ្កានីស្ថានដែរ។ ប្រុសៗ​អាហ្វហ្កានីស្ថាន វិញ ក៏​ចូលរួម​បាតុកម្ម​ដែរ​។ ​ថ្ងៃសៅរ៍ទី២៤ធ្នូ ពួកប្រុសៗ និស្សិត នៅទីក្រុងកាន់ដាហារ ប្រមាណ ៤០០នាក់ បានសម្រេចចិត្តមិនចូលរួមប្រលងទេ​ ដើម្បីសម្តែងមតិ និង ស្មារតីសាមគ្គីភាពជាមួយនារីៗ។ គេកម្រនឹងឃើញប្រុសៗបញ្ចេញសកម្មភាព​ដើម្បីបុព្វហេតុស្ត្រីភេទណាស់។ នេះជាកាយវិការក្លាហ៊ានមួយនៃពួកប្រុសៗអាហ្វាហ្កានីស្ថាន ដើម្បីសិទ្ធិស្ត្រីនិងក្មេងស្រី។ ទោះយ៉ាងណាក្តី ការជួបជុំសម្តែង​មតិ ត្រូវកម្លាំង​សមត្ថកិច្ចបំបែកដោយបាញ់កាំភ្លើងឡើងលើ ជាការគំរាម។ នេះបើតាមលោកគ្រូសាស្ត្រាចារ្យម្នាក់ ដែលប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ