អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឆ្នាំថ្មី រុស្ស៊ី មិនលក់ប្រេងឲ្យប្រទេសណាជាប់ពាក់ព័ន្ធនឹងវិធានការកំណត់តម្លៃប្រេង​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​រុស្ស៊ី ប្រធានាធិបតី​​ ពូទីន ​បានប្រតិកម្ម​​វាយបកនឹង​បស្ចិមលោកដែល​បាន​កំណត់​តម្លៃ​ប្រេង​រុស្ស៊ីត្រឹម ៦០ដុល្លារ​ក្នុង​មួយធុងបារីល។ នៅ​ក្នុង​ប្រតិកម្ម​វាយបកដែល​នឹង​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី១ កុម្ភៈដល់​ថ្ងៃទី១ កក្កដា ឆ្នាំ ២០២៣  ក្រឹត្យ​ប្រធានាធិបតី​រុស្ស៊ី ​ពូទីន នឹង​មិន​លក់ប្រេង​រុស្ស៊ី​ទៅ​ឲ្យ​ប្រទេស​ណា​ដែល​ជាប់ពាក់ព័ន្ធនឹង​វិធានការរបស់​បស្ចិមលោក​ទេ។

ប្រធានាធិបតី​​ ពូទីន ​បានប្រតិកម្ម​​វាយបកនឹង​បស្ចិមលោកដែល​បាន​កំណត់​តម្លៃ​ប្រេង​រុស្ស៊ីត្រឹម ៦០ដុល្លារ​ក្នុង​មួយធុងបារីល។
ប្រធានាធិបតី​​ ពូទីន ​បានប្រតិកម្ម​​វាយបកនឹង​បស្ចិមលោកដែល​បាន​កំណត់​តម្លៃ​ប្រេង​រុស្ស៊ីត្រឹម ៦០ដុល្លារ​ក្នុង​មួយធុងបារីល។ via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ជាធរមាន​នៅពេ​លឥលូវ​នេះ គឺ​ហាម​ឃាត់​ ចំនួន​ ៥ ខែ ជាដំបូង​សិន​។​​ ក៏ប៉ុន្តែ ក្រឹត្យ​ប្រធានាធិបតី​រុស្ស៊ី បាន​រក្សា​ទុក​ចន្លោះដែរ ថា ​ប្រសិន​បើ​ រុស្ស៊ី​ ចង់​លក់​ឲ្យ​បណ្តាប្រទេស​បច្ចិមលោក​នោះ គឺមានតែ​ប្រធានាធិបតី ពូទីន ប៉ុណ្ណោះ ជាអ្នក​សម្រេច។​

​ដើម​ខែ​ធ្នូ​នេះ​ ក្រុមប្រទេសបស្ចិមលោក ​ដូចជា សហភាពអឺរ៉ុប ក្រុមប្រទេសG7 អូស្រ្តាលី និងសហរដ្ឋអាមេរិក បានចរចាគ្នា និង​​កំណត់តម្លៃប្រេងរុស្ស៊ី ឲ្យត្រឹម ៦០ដុល្លារក្នុងមួយធុងបារីល ឬ ថោកជាងនេះ ព្រោះបស្ចិមប្រទេស ចង់ដាក់ទណ្ឌកម្មបន្ថែមលើសេដ្ឋកិច្ចរុស្ស៊ី ដែលយកប្រាក់ចំណេញទៅបង្កសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។

​ការ​នាំប្រេង​រុស្ស៊ី​តាម​ផ្លូវ​សមុទ្រ​ ចូល​កំពង់ផែ​អឺរ៉ុប​និង​បច្ចិមប្រទេស​ គឺត្រូវ​ឲ្យ​ថោក​ជាង​៦០ដុល្លារ​ក្នុង​មួយ​ធុង​បារីល។ តម្លៃ​ថោក​​បែបនេះ គឺ​ជា​ចំណោទបញ្ហា​​ខ្លាំងណាស់ សម្រាប់​ក្រុម​ហ៊ុន​ធានា​រ៉ាប់រងខាង​ដឹក​ជញ្ជូន​ប្រេង​​ ដែល​ ៩០%​ជា​ក្រុមហ៊ុន​របស់​សហភាព​អឺរ៉ុប និង​ប្រទេស​លោកខាងលិច​។ ក្នុង​ការ​ដឹកជញ្ជូន​ប្រេង​នេះ ប្រសិន​បើ​គ្មាន​ការ​ធានារ៉ាប់រ៉ង់​ទេ គឺ​លំបាក​នឹង​ដឹកជញ្ជូន​ចរាចរណ៍​ណាស់​តាម​ផ្លូវ​សមុទ្រ ហើយ​សូម្បី​តែ ប្រទេស​ តួកគី​ ក៏​មិន​ទទួល​ឲ្យ​ចុះ​ចត​នៅកំពង់​ផែ​របស់​ខ្លួន​ដែរ បើ​នាវាដឹងប្រេង​ណា គ្មាន​ការ​ធានារ៉ាប់រង​នោះ។​

បន្ទាប់ពី​ការ​សម្រេច​ចិត្តកម្រិត​វិធានការ​កំណត់​តម្លៃប្រេង​រុស្ស៊ី ​ពីសំណក់​បស្ចិមលោក​នេះ គឺធ្វើ​ឲ្យ​ ការ​នាំចេញប្រេង បាន​ធ្លាក់​ចុះ​ ជាង ៥០% ស្រេច​ទៅហើយ។ នេះបើតាម​ការ​បញ្ជាក់​របស់​ ​ទីភ្នាក់ងារ​ Bloomberg។​

អ្នកជំនាញ​ថា កំណត់តម្លៃថោកទៅលើប្រេងរុស្ស៊ី គឺ​មិន​ធ្វើ​ឲ្យ​ប្រែប្រួល​ទីផ្សារ​ប្រេង​និងឧស្ម័ន​ ធំដុំ​អ្វី​ទេ។

អ្នក​វិភាគ​ខ្លះ ​​យល់ថា គ្មាន​អ្វី​ប្លែក​ទេ ព្រោះថា រុស្ស៊ី​ ច្បាស់​ជា​មិន​សុខ​ចិត្ត​ខាត ហើយ​ខាង​ប្រទេស​លោក​ខាងលិច ក៏​លំបាកទិញ ក្នុងបរិបទ​ទណ្ឌកម្ម​សេដ្ឋកិច្ច​។​ ម្យ៉ាងទៀត  រុស្ស៊ី ក៏ធ្លាប់​បាន​បដិសេធ​មិន​លក់​ឧស្ម័ន​ឲ្យ ប្រទេស​ហុងគ្រី និង​ប៉ូឡូញ​ដែរ ដ្បិត​មិន​បង់​លុយ​ទូតទាត់​ជា​រូបិយវត្ថុ​រុស្ស៊ី​។

អ្នក​ជំនាញ​ លោក Math Smith នៃ ក្រុមហ៊ុន​វិភាគ​ទិដ្ឋន័យ​ស្តីពី​វត្ថុធនធានដើម​ បាន​ប្រមើល​មើលឃើញថា ការ​ហាមឃាត់និង​វាយ​បកគ្នាទៅវិញទៅមក រវាង រុស្ស៊ី និង​បច្ចិមលោក គឺ​ទំនង​ជា​មិន​ជះ​ឥទ្ធិពល​ច្រើន​ទេ ចំពោះ​រុស្ស៊ី ពីព្រោះថា រុស្ស៊ី សម្លឹង​ឃើញ​មហាយក្ស​ពីរ​នៅអាស៊ី គឺ ចិន និង ឥណ្ឌា ដែល​ទទួល​ទិញ​ប្រេង​ឆៅ​រុស្ស៊ី​ ដ៏​ច្រើន​សន្ធឹក​ជាងគេ។ ម្យ៉ាងទៀត ចិន និង ឥណ្ឌា គឺ​ច្បាស់​ជា​មិន​ទិញ​បន្ថោក​តម្លៃ តាម​ការ​កម្រិត​៦០ដុល្លារ​ក្នុង​មួយ​ធុង​បារីល ដូច​បច្ចិម​លោក​ទេ។ ​ឥណ្ឌា និង​ចិន ច្បាស់​ជា​ទិញ​ប្រេង​រុស្ស៊ី ក្នុង​តម្លៃ​​ថ្លៃ​ជាង​វិធានការ​បច្ចិមលោក​​ ជាមិន​ខាន​។ ប៉ុន្តែ ​​អ្នកជំនាញ​​ខ្លះ ក៏​អះអាង​ផ្ទុយ​ពីនេះដែរ។​ ទោះម្តេច​ក្តី អាស៊ី​ជាទីផ្សារ​ប្រេង​ថ្មី របស់​រុស្ស៊ី ជាការ​ជៀស​មិន​ផុត​។​

ចិន ​ប្រកាស​បើក​ប្រទេស ឈប់​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ ចាប់ពីថ្ងៃទី​៨មករា​ខាងមុខ​ និងអនុញ្ញាត​ឲ្យ​ពលរដ្ឋខ្លួន​ចេញ​ក្រៅ​បរទេស​ថែមទៀត។ ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ចិន ក៏នឹង​ត្រូវ​ដំណើរ​ច្រើន​ឡើងៗ។ ​ចិន​ក៏ត្រូវ​ការ​ប្រេង​រុស្ស៊ី​ច្រើន​ដែរ ដើម្បី​បំប៉ន​​ម៉ាស៊ីន​សេដ្ឋកិច្ច​​។​

ថ្ងៃសុក្រ​សប្តាហ៍​មុន លោក Alexandre Novak អនុនាយករដ្ឋមន្ត្រី​រុស្ស៊ី និងជា​អតីត​រដ្ឋមន្ត្រី​ថាមពល​ផង បាន​ឲ្យដឹង​ថា ​​ដើម​ឆ្នាំ​២០២៣​ រុស្ស៊ី​អាច​នឹង​កាត់​បន្ថយ​ការ​ផលិត​ប្រេង ចន្លោះពី ៥ សែន ទៅ​ ៧ សែន​ ធុង​បារី​ល ក្នុង​មួយ​ថ្ងៃៗ​ ដើម្បីជាការ​ឆ្លើយ​តប​នឹង​ក្រុមប្រទេស​លោកខាងលិច​។ ការ​បន្ថយ​ផលិត​ប្រេង គឺរុស្ស៊ី​សង្ឃឹម​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ។​

«ក្នុង​បញ្ហា​តែងតែមាន​ឱកាស»​

ការហាមឃាត់និងវាយបកគ្នាទៅវិញទៅមក រវាង រុស្ស៊ី និងបច្ចិមលោក គឺ​នាំឲ្យ​ប្លក់ទាំងពីរ​ចែកផ្លូវ​គ្នា​រក​ទីផ្សា​រ​ថ្មីរៀង​ខ្លួន។​​ ​ ​រុស្ស៊ី ក៏ងាកទៅ​ទីផ្សា​រអាស៊ី។ ​ចំណែក ប្រទេស​បច្ចិមលោក ​សហភាព​អឺរ៉ុប អូស្ត្រាលី និងកាណាដា គឺងាក​ទៅរក​ អ្នក​ផ្គត់​ផ្គង់​ថ្មី នៅ​ទ្វីប​អាហ្វ្រិក សហរដ្ឋ​អាមេរិក និង​ដើម​បូព៌ា ។​

អ្នក​តំណាង​ខាងក្រុម​ហ៊ុន​​ផ្គត់ផ្គង់​ប្រេង​មួយ បា​ននិយាយ​ក្នុង​ក្រប​ខណ្ឌ​សុំ​លាក់​អត្តសញ្ញាណ​ ប្រាប់​កាសែត​បារាំង​ថា ក្នុងរឿង​កំណត់​តម្លៃប្រេង​រុស្ស៊ី​នេះ​ មាន​ប្រទេស​ខ្លះ​លេងល្បែង​«ដើរខ្សែលើ»​ ដើម្បី​កេង​ចំណេញ​ផង និង​គេច​ចេញពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប​ច្ចិមលោក​ផង។ ឧទាហរណ៍ ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​ ដែល​បន្ត​ទិញ​ប្រេង​រុស្ស៊ី​ ក្នុង​តម្លៃ​ អាច​ថោក​ជាង​ធម្មតា និង​សម្រាប់​យក​ទៅប្រើប្រាស់​ក្នុងស្រុក​របស់ខ្លួន។ ​ទន្ទឹម​នឹង​គ្នា​នេះ រាជាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត​ នៅតែបន្ត​លក់ប្រេង​របស់​ខ្លួន​ ក្នុង​តម្លៃ​ថ្លៃ​ដដែល។​

ប្រទេស​ខ្លះទៀត អាច​នឹង​ទិញប្រេង​រុស្ស៊ី និង​​យកទៅលាយ​នឹង​ប្រេង​ប្រភព​ផ្សេងទៀត ហើយ​បន្ត​យកទៅលក់​ឲ្យ​ប្រទេស​អឺរ៉ុបវិញ​​។ ​ទីបំផុត តិច​ឬ​ច្រើន អឺរ៉ុប​ នៅតែ​ប្រើប្រេងរុស្ស៊ី​ ​ដដែល គ្រាន់តែក្នុង​ទម្រង់​ផ្សេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ