អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការភូមា​បើក​​សវនាការ​ចុង​ក្រោយ ផ្តន្ទាទោស​លោក​ស្រី​អ៊ុងសាន ស៊ូជី ឲ្យ​​ជាប់ពន្ធនាគារសរុប​​៣៣​ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសុក្រទី​៣០ធ្នូ តុលាការពិសេសភូមា​ នៅ​ក្រុងណៃពិដាវ បាន​បើក​សវនាការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ទោសពន្ធនាគារ​៧ឆ្នាំបន្ថែមទៀត ពីបទប្រព្រឹត្តិអំពើពុករលួយ។ នេះគឺជា​សវនាការចុងក្រោយ​ហើយ ដែលរបបសិកភូមា​ រួមជាមួយ​ប្រព័ន្ធតុលាការ បានរួមគ្នាដាក់បន្ទុក​ចោទ​ប្រកាន់​ទៅលើ​លោកស្រី អ៊ុងសាន ស៊ូជី ក្នុងបទចោទប្រកាន់ជាច្រើន​សន្ធឹក។ គិតជាសរុប លោកស្រីអ៊ុងសាន ស៊ូជី នឹងត្រូវមានទោសជាប់ពន្ធនាគារចំនួន​៣៣ឆ្នាំ​។

បាតុករភូមា លើកបដា ទាមទារឲ្យរបបសិក ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ។ ក្រុងម៉ាន់ដាឡេ ថ្ងៃទី ៥ មីនា ២០២១
បាតុករភូមា លើកបដា ទាមទារឲ្យរបបសិក ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ។ ក្រុងម៉ាន់ដាឡេ ថ្ងៃទី ៥ មីនា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

“បទល្មើសពុករលួយដ៏គួរឲ្យអស់សំណើច​”

តុលាការភូមាបាន​បើកសវនាការពិសេស នៅក្នុង​មន្ទីរឃុំឃាំង ដែល​គេបង្ឃាំងខ្លួនលោកស្រីអ៊ុងសាន ស៊ូជី តែម្តង ស្ថិតនៅក្នុងក្រុងណៃពិដាវ។ ជាសវនាការកាត់ទោសពាក់ព័ន្ធនឹងបទចោទប្រកាន់ ចំនួន​៥ ថាលោកស្រី អ៊ុងសាន ស៊ូជី បានប្រព្រឹត្តិអំពើពុករលួយ​។ អង្គហេតុ គឺតុលាការភូមាបាន​អះអាងថា លោកស្រីបាន​ចំណាយ​ប្រាក់រដ្ឋ ជួលឧត្ថម្ភាគចក្រ ឲ្យ​រដ្ឋមន្ត្រីរបស់ខ្លួនជិះ ដែលជាទង្វើខុសច្បាប់ ធ្វើ​ឲ្យ​រដ្ឋខាតបង់ប្រាក់។

យោងតាម​ប្រភពពីមន្ត្រីតុលាការភូមា គឺលោកស្រីអ៊ុងសាន ស៊ូជី ត្រូវគេបញ្ជូន​ខ្លួន​ ឲ្យ​ចូលមកស្តាប់អង្គសវនាការ ដែលគេអះអាងថា លោកស្រី មានសុខភាពមាំទាំធម្មតាទេ។​ ចៅក្រមបានប្រកាសទោស ឲ្យ​លោកស្រី​ជាប់ពន្ធនាគារ​ចំនួន​​៧ឆ្នាំ ក្នុងសំណុំរឿងចុងក្រោយនេះ។ ក្នុងសំណុំរឿងជាមួយគ្នានេះដែរ លោក Win Myint អតីតប្រធានាធិបតី ក៏ត្រូវតុលាការប្រកាសផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ​៧ឆ្នាំដែរ។

លោក Htwe Htwe Thien សាស្ត្រាចារ្យ​ម្នាក់​នៅសកលវិទ្យាល័យ Curtin ប្រទេសអូស្ត្រាលី បាន​លើកឡើងថា ការចោទ​លោកស្រីអ៊ុងសាន ស៊ូជី ថាបានប្រព្រឹត្តិអំពើ​ពុករលួយនេះ វាគឺជារឿងគួរ​ឲ្យអស់សំណើចខ្លាំងណាស់។ លោក​បន្ថែមថា សវនាការនេះ គឺជាឆាកល្ខោនរៀនចំដោយរបបសិកភូមា​ ព្រោះ​ធាតុពិតគ្មានឡើយ​​សូម្បីតែប៉ុនក្រចក នូវសញ្ញា​ថាលោក​ស្រីអ៊ុងសាន ស៊ូជី បាន​ប្រព្រឹត្តិអំពើ​ពុករលួយ មិនថាក្នុងការដឹកនាំប្រទេស ឬក៏ក្នុងជីវិតរស់នៅឯកជនប្រចាំថ្ងៃរបស់លោកស្រី​។

សវនាការចុងក្រោយ​ សរុបទោស៣៣ឆ្នាំ​

គិតចាប់ពីថ្ងៃទី​១កុម្ភៈ២០២១មក នៅពេលកងទ័ពភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យរបស់​លោកស្រី អ៊ុងសាន ស៊ូជី គឺរបបសិក បាន​​ចោទប្រកាន់​លោកស្រី ច្រើនសំណុំរឿងណាស់។ ចប់ពីសវនាការមួយ ចូលសវនាការមួយទៀត​ ដោយចោទពីបទពុករលួយ បទក្លែងបន្លំសន្លឹកឆ្នោត បទល្មើសបំពាននឹងកិច្ចការសម្ងាត់ជាតិ ឬក៏បំពាននឹងវិធានការ​បង្ការកូវីដ​១៩​ជាដើម។ល។

១៨ខែមកនេះ អង្គការសិទ្ធិមនុស្ស ក៏ដូចជាសហគមន៍អន្តរជាតិ បានត្រឹមតែមើលពីចម្ងាយ ចាត់ទុកសវនាការកាត់ទោសទាំងនេះ ថាជាឆាកល្ខោន ឆ្ពិនភ្នែក ដើម្បី​កំចាយ​លោកស្រី ឲ្យស្ថិតនៅឆ្ងាយពី​​ឆាកនយោបាយ​។​ ក្រុមប្រឹក្សា​សន្តិសុខនៃ​អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តដ៏កម្រមួយ កាលពីពេលថ្មីៗនេះ ទាមទារឲ្យរបបសិកភូមា ត្រូវតែដោះលែង​លោកស្រីអ៊ុងសាន ស៊ូជី។ ជាសេចក្តីសម្រេច​ដ៏កម្រ ក្នុងសំណុំរឿងភូមា ព្រោះថាកន្លងមក​ ក្រុមប្រឹក្សា​សន្តិសុខមិនអាចសម្រេចអ្វីបានទេ ដោយសារតែចិននិង​រុស្ស៊ី​ តែងតែបោះឆ្នោត​ប្រឆាំង ដើម្បី​​ការពាររបបសិកភូមាជានិច្ច។ តែលើកនេះ ចិន និងរុស្ស៊ីបានសុខចិត្តបោះឆ្នោតអនុបវាទ។

សវនាការនៅថ្ងៃសុក្រ​ទី​៣០ធ្នូ​ ជាសវនាការចុងក្រោយហើយ។ ប្រភពពី​មន្ត្រីតុលាការ​ភូមា ដោយ​សុំមិន​បញ្ចេញឈ្មោះ បានអះអាងថា រឿងក្តីក្តាំ​ដែលពាក់ព័ន្ធនឹងលោកស្រីអ៊ុងសាន ស៊ូជី ត្រូវចប់ត្រឹមនេះហើយ​។ ជាសរុប គឺលោកស្រី នឹងត្រូវជាប់ពន្ធនាគារចំនួន​៣៣ឆ្នាំ​។

ជាប់ឃុំរហូតដល់ថ្ងៃស្លាប់​

បើតាមការលើកឡើង របស់​លោក Phil Robertson តំណាងអង្គការ Human Rights Watch ប្រចាំអាស៊ី​ គឺលោកស្រី​អ៊ុងសាន ស៊ូជី នឹងប្រាកដជាត្រូវជាប់ឃុំអស់មួយជីវិត រហូតទាល់ដល់ថ្ងៃស្លាប់ហើយ។ គ្រាន់តែថា យើងមិនដឹងថាតើ​ របបសិកភូមា​ នឹងយកលោកស្រីទៅដាក់ឃុំ ឲ្យ​នៅក្នុងផ្ទះ យាមកាមយ៉ាងជាប់ស្អិត ឬក៏យកទៅដាក់ក្នុងមន្ទីរឃុំឃាំងប៉ុណ្ណោះ។

ដោយឡែក លោក Richard Horsey អ្នកជំនាញម្នាក់នៅ​ International Crisis Group បាន​លើកឡើងថា លោក​មិន​ជឿថា របបសិកនឹង​យក​លោកស្រីអ៊ុងសានស៊ូជី ទៅឃុំក្នុងផ្ទះ ហើយ​ដោយ​អនុញ្ញាត​ឲ្យ​មានតំណាងប្រេសិត​​ពីបរទេស ចូលទៅជួប​ម្តងម្កាលនោះឡើយ។

មានអាយុ៧៧ឆ្នាំ លោកស្រីអ៊ុងសាន ស៊ូជី មានវ័យកាន់តែចាស់ជរា។ កន្លងមកជិត​២ឆ្នាំមកនេះ គេកម្របានឃើញលោកស្រីណាស់ ព្រោះរបបសិកភូមា បានយកលោកស្រីទៅឃុំទុកនៅទីកន្លែងសម្ងាត់ ដោយ​មិនឲ្យ​មានអ្នកកាសែតណាចូលទៅកៀកបានទេ។ យូរៗមានរូបថតមួយឬពីរប៉ុណ្ណោះ ដែលគេឃើញលោកស្រីអង្គុយ​នៅក្នុងសវនាការ តែម្នាក់ឯង រងចាំស្តាប់ការកាត់ទោសរបស់ចៅក្រម។ នៅក្នុងដួងចិត្តបេះដូងរបស់​ប្រជាជនភូមា លោកស្រីអ៊ុងសាន ស៊ូជី គឺជាវីរៈជនកំពូលបំផុត ដែល​បាន​បូជា​ពេញមួយជីវិត ដើម្បី​លទ្ធិ​ប្រជាធិបេតេយ្យ និងសិទ្ធិសេរីភាពនៅ​ភូមា។

សវនការ​កាត់ទោសលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបិទបញ្ចប់សព្វគ្រប់ត្រឹមពេលនេះហើយ។ អ្វីដែល​គេកំពុងរងចាំតាមដានមើលបន្តទៅទៀតនោះ គឺថា​របបសិកនឹងគោរពការសន្យារបស់ខ្លួន​ដែរឬទេ ទាក់ទិននឹងការរៀបចំការបោះឆ្នោត​ថ្មីមួយ ក្នុងឆ្នាំ​២០២៣​ខាងមុខ។ គិតត្រឹមពេលេនេះ វិបត្តិនយោបាយភូមា ស្ថិតនៅលើចំណុចទ័លច្រកនៅឡើយទេ។ ប្រមាណ​ជិត​២ឆ្នាំ​មកនេះ របបសិកភូមា បានសម្លាប់​បាតុករតវ៉ា ជាង​២៦០០នាក់ ព្រមទាំងបានវាយ​ប្រហារ បាញ់ទំលាក់គ្រាប់ ដុតផ្ទះសំបែង ភូមិស្រុក​ប្រជាជនស្លូតត្រង់ ស្លាប់ប្រជាជនស៊ីវីល​​ជាច្រើនពាន់នាក់​ ដែលទាំងអស់នេះ អាចត្រូវបានចាត់ទុកថាជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ បង្កឡើងដោយកងទ័ពភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ