អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ពូទីន​​ប្រកាស​ឈប់បាញ់​បណ្តោះអាសន្ន ខណៈ​សម្ព័ន្ធមិត្ត​​លោកខាងលិច​​​ប្រកាស​ផ្តល់​​សព្វាវុធ​បន្ថែម​​ឲ្យ​​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកពូទីន បានប្រកាសកាលពីល្ងាចថ្ងៃទី​៥មករា​ ថាកងទ័ព​រុស្ស៊ីនៅសមរភូមិអ៊ុយក្រែន នឹងត្រូវ​ឈប់បាញ់​បណ្តោះ​អាសន្ន​រយៈពេល​៣៦ម៉ោង ក្នុង​ឱកាសបុណ្យណូអែល តាម​ប្រពៃណីសាសនា​កាតូលីក​​​អកតូដុក្ស។ លោកពូទីន​បានអំពាវនាវ ឲ្យ​ភាគីអ៊ុយក្រែន​ត្រូវតែធ្វើតាមដែរ។​ តែយ៉ាងណា ទន្ទឹមគ្នានេះ ក្រុមប្រទេសសម្ព័ន្ធមិត្តលោក​ខាងលិច មិនត្រឹមតែមិនជឿចំពោះ​បទឈប់បាញ់​បណ្តោះអាសន្នរបស់រុស្ស៊ីនេះទេ តែថែមទាំងបាន​ប្រកាសផ្តល់ជំនួយគ្រឿងសព្វាវុធបន្ថែមទៀត ទៅឲ្យ​អ៊ុយក្រែន​ដើម្បីប្រយុទ្ធយកឈ្នះរុស្ស៊ី​។

លោកពូទីន ក្នុងពេលនិយាយទូរស័ព្ទ ថ្ងៃទី ៥ មករា ២០២៣
លោកពូទីន ក្នុងពេលនិយាយទូរស័ព្ទ ថ្ងៃទី ៥ មករា ២០២៣ AP - Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

បទឈប់បាញ់បណ្តោះអាសន្ន​ ដើម្បីប្រារព្ធបុណ្យណូអែលអកតូដុក្ស​

កន្លងមក គឺធ្លាប់​មានការ​ប្រកាស ផ្អាកឈប់បាញ់មួយរយៈ នៅតាមតំបន់ផ្សេងៗគ្នា ដើម្បី​បើកផ្លូវ​ឲ្យ​ប្រជាជនស៊ីវីល ធ្វើដំណើរចាកចេញ រកទីសុវត្ថិភាពអីជាដើម។ តែលើកនេះ វាជាលើកទីមួយហើយ ដែល​លោកពូទីន បានចេញបញ្ជា​ឲ្យ​កងទ័ពរុស្ស៊ីទាំងអស់ ដែលកំពុងតែឈរជើងនៅសមរភូមិអ៊ុយក្រែន ត្រូវតែផ្អាក ឈប់បាញ់បណ្តោះអាសន្ន។

គួរបញ្ជាក់ដែរថា ការប្រកាសឈប់បាញ់បណ្តោះអាសន្ននេះ គឺធ្វើឡើងបន្ទាប់ពី​កងទ័ពរុស្ស៊ី ​កំពុងតែត្រូវបានប្រជាជនរិះគន់ខ្លាំងណាស់ ដោយសារតែ​បានធ្វេសប្រហែល បណ្តាលឲ្យស្លាប់ទាហាន៨៩នាក់ ក្នុងពេលតែមួយយប់​ ដោយការ​​បាញ់ប្រហាររបស់កងទ័ពអ៊ុយក្រែន នៅយប់ថ្ងៃឆ្លងឆ្នាំ។ ហើយបើតាមការអះអាងរបស់អ៊ុយក្រែន គឺទាហានរុស្ស៊ីអាចមានស្លាប់ដល់ទី៤០០នាក់ឯណោះ។

ការសម្រេច​ឈប់បាញ់​បណ្តោះអាសន្ននេះ​ ត្រូវបានធ្វើឡើង បន្ទាប់​ពីលោកពូទីន បាន​និយាយទូរស័ព្ទជាមួយលោក​អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី កាលពីរសៀលថ្ងៃព្រហស្បតិ៍​ម្សិលមិញ។ លោកអ៊ែរដូហ្កាន់ បានស្នើគំនិតនេះ ដើម្បី​ជួយជំរុញដល់​ការទំលាក់អាវុធជាស្ថាពរ ឈានទៅរកការចរចាសន្តិភាព​។ បទឈប់បាញ់បណ្តោះអាសន្ន ដែលភាគីរុស្ស៊ីធ្វើតែម្នាក់ឯងនេះ គឺមានរយៈពេល៣៦ម៉ោង ចូលជាធរមានពីម៉ោង១២ថ្ងៃត្រង់ថ្ងៃសុក្រទី​៦មករា រហូតដល់យប់ថ្ងៃសៅរ៍ម៉ោង១២រំលងអាធ្រាត្រ ម៉ោងនៅរុស្ស៊ី។ លោក​ពូទីន អះអាងថា បទឈប់បាញ់បណ្តោះអាសន្ននេះ គឺដើម្បី​អនុញ្ញាតឲ្យ​ប្រជាជនរុស្ស៊ី ក៏ដូចជាប្រជាជនអ៊ុយក្រែន ប្រារព្ធពិធីបុណ្យ​ណូអែល តាមប្រពៃណីសាសនាកាតូលិកនិកាយអកតូដុក្ស។ ហើយ​លោកពូទីន ក៏បានហៅឲ្យ​កងទ័ពអ៊ុយក្រែន ឈប់បាញ់ដែរ។

“ពុតត្បុត​”

លោក Mykhaïlo Podoliak អ្នកនាំពាក្យ​ប្រធានាធិបតី​អ៊ុយក្រែន បានសរសេរលើTwitter ថា សូមរុស្ស៊ី​ទុកទង្វើបោកប្រាស់ដ៏មានពុតត្បុតនេះវិញទៅ គ្រប់គ្នា​គេស្គាល់ក្រយ៉ៅហើយ ​​មិនបាច់មកបោកគេទេ។ ចំណែក លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី​ បានចាត់ទុកការប្រកាសឈប់បាញ់បណ្តោះអាសន្ន ដែលលោកពូទីនទើបតែប្រកាសនេះ ថាគឺជាចេតនាចង់ចំណេញពេលវេលាតែប៉ុណ្ណោះ។ លោកហ្សេឡេនស្គីបន្ថែមថា កម្មវត្ថុរបស់ពូទីន គឺចង់រារាំងកុំឲ្យ​កងទ័ពអ៊ុយក្រែនរុលទៅមុខថែមទៀត ហើយយកពេលនេះ​ ដើម្បីឲ្យកងទ័ពរុស្ស៊ី​ ដឹកជញ្ជូន​ស្បៀង ជញ្ជូនគ្រាប់គ្រឿងសព្វាវុធ និងកម្លាំង​ទាហានយកទៅបន្ថែមតែប៉ុណ្ណោះ។ ដូច្នេះសួរថាតើលទ្ធផលចុងក្រោយ​គឺជាអ្វី ? គឺមានតែការស្លាប់មនុស្សកាន់តែច្រើន។

ដូចគ្នាដែរ លោក​ចូ បៃដិន បាន​លើកឡើងថា លោកពូទីន កំពុងតែរកផ្លូវ ឲ្យ​កងទ័ពរុស្ស៊ីអាចដកដង្ហើមបានបន្តិចបន្ទាប់ពីបរាជ័យនៅសមរភូមិជាបន្តបន្ទាប់។ លោក ចូ បៃដិនបានចំអកថា លោកពូទីននិយាយដូចខ្លួនមានចិត្តបុណ្យចង់ឲ្យប្រជាជនស៊ីវីលប្រារព្ធពិធីបុណ្យណូអែលអកតូដុក្ស តែធាតុពិត​កាលពីថ្ងៃទី​២៥ធ្នូ ដែលជាបុណ្យណូអែលកាតូលិកទូទៅ​ និងនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល​ លោកពូទីនមិនបាន​​ញញើតសូម្បីបន្តិច ក្នុងការបាញ់​ប្លោងគ្រាប់មីស៊ីល ទៅលើមន្ទីរពេទ្យ ទៅលើសាលារៀន និង​វិហារកាតូលិកជាដើម​នៅអ៊ុយក្រែន។

លោក James  Cleverly រដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏បានអះអាងដែរថា បទឈប់បាញ់បណ្តោះអាសន្នពីខាងរុស្ស៊ីនេះ នឹងគ្មានលទ្ធផលអ្វីជាក់ស្តែង ចំពោះដំណើរការស្វែងរកសន្តិភាពនោះទេ។ លោក​បាន​ហៅឲ្យភាគីរុស្ស៊ី ត្រូវតែដកទ័ពចេញពីដែនដីអ៊ុយក្រែនទាំងស្រុង ប្រសិន​បើចង់ឈប់បាញ់ឈប់ប្រយុទ្ធមែន។​ ពីខាងរដ្ឋាភិបាល​អាល្លឺម៉ង់វិញ រដ្ឋមន្រ្តីការបរទេសក៏បាន​លើកឡើងដែរថា បទឈប់បាញ់ក្លែងក្លាយនេះ នឹងមិនអាចធ្វើឲ្យ​មានសេរីភាព និងសន្តិសុខឡើងវិញ សម្រាប់ប្រជាជនអ៊ុយក្រែននោះទេ។

រុស្ស៊ី​ព្រម​ចរចា ​តែអ៊ុយក្រែនត្រូវព្រមសុខចិត្ត​ទទួលស្គាល់ថាបានបង់ទឹកដី​

នៅក្នុង​ការសន្ទនាតាមទូរស័ព្ទជាមួយ​លោក​អ៊ែរដូហ្កាន់ កាលពីថ្ងៃទី​៥មករា​ លោកពូទីន បានអះអាងថារុស្ស៊ីត្រៀម​ខ្លួនរួចហើយ ក្នុងការបើក​ផ្លូវចរចាជាមួយអ៊ុយក្រែន​ ក៏ប៉ុន្តែល្គឹកណា ទាល់តែអ៊ុយក្រែន សុខចិត្តទទួលស្គាល់តថៈភាព​ជាក់ស្តែងនាពេលបច្ចុប្បន្ន ទាក់ទិននឹងទំហំ​ទឹកដី​របស់ខ្លួន​។ មានន័យថា គឺទាល់តែអ៊ុយក្រែន សុខចិត្ត​ទទួលស្គាល់ថា ដែនដីទាំងអស់​ដែលកងទ័ពរុស្ស៊ីបានចូលកាន់កាប់ ទាំងអម្បាលម៉ាន គឺជារបស់រុស្ស៊ីហើយចាប់ពីពេលនេះទៅ មិនមែនជារបស់អ៊ុយក្រែនទៀតទេ។

លក្ខខណ្ឌដែល​​អ៊ុយក្រែន​ មិនទទួលស្គាល់ជាដាច់ខាត។ អ៊ុយក្រែន​​មិនព្រមបាត់បង់ទឹកដីសូម្បីតែមួយចង្អាម មិនថាដែនដីដែល​កងទ័ពរុស្ស៊ីបានចូលមកឈ្លានពាន​ ក្រោយ​ថ្ងៃទី​២៤កុម្ភៈ ឬក៏តំបន់គ្រីម៉េនោះទេ។ លោក​ប្រធានាធិបតី​អ៊ុយក្រែន បានអះអាងជាច្រើនលើកច្រើនសារហើយ ថា​អ៊ុយក្រែនព្រមចរចា គឺទាល់តែរុស្ស៊ី ព្រម​ដកទ័ពចេញទាំងស្រុង ហើយអ៊ុយក្រែនបានបូរណភាពដែនដីមកវិញទាំងស្រុង ដោយរាប់ទាំងតំបន់គ្រីម៉េផង​។ ពុំនោះទេ អ៊ុយក្រែននឹងតស៊ូប្រយុទ្ធ ប្រើកម្លាំង​ ដើម្បី​យកទឹកដីខ្លួនមកវិញឲ្យ​បានទាំងអស់។

សព្វាវុធទំនើប​ផលិត​ដោយបច្ចេកវិទ្យាលោកខាងលិច​

កាលពីល្ងាចថ្ងៃពុធ ទី​៤មករា លោក​ប្រធានាធិបតីបារាំង បាន​ប្រកាសផ្តល់រថពាសដែកធុនស្រាល AMX-10 RC បំពាក់ដោយ​កាណុង១០៥មីលីម៉ែត្រ ទៅឲ្យ​អ៊ុយក្រែន។ នេះជាលើកទីមួយហើយ ដែលគេផ្តល់គ្រឿងយន្តសព្វាវុធ ផលិត​ដោយ​បច្ចេកវិទ្យាប្រទេសលោកខាងលិចទៅឲ្យអ៊ុយក្រែន។ ហើយកាយវិការរបស់បារាំងនេះ គឺចង់ជំរុញ​ឲ្យ​ប្រទេសសម្ព័ន្ធមិត្តឯទៀតធ្វើតាមដែរ ដើម្បីសំរុកជួយកងទ័ពអ៊ុយក្រែនឲ្យ​យកឈ្នះឲ្យ​បានឆាប់​។

រថក្រោះអាល្លឺម៉ង់​ Marder (ឆ្វេង) និងរថក្រោះអាមេរិក Bradley (ស្តាំ)
រថក្រោះអាល្លឺម៉ង់​ Marder (ឆ្វេង) និងរថក្រោះអាមេរិក Bradley (ស្តាំ) © RFI via AP

ដូចការរំពឹងទុក កាលពីថ្ងៃព្រហស្បតិ៍​ លោក​អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានទូរស័ព្ទនិយាយជាមួយលោកចូ បៃដិន ដើម្បី​ពិភាក្សាគ្នា សម្រេច​ប្រគល់សព្វាវុធទំនើបឲ្យអ៊ុយក្រែន។ ទីបំផុត ភាគីអាមេរិក បានប្រកាសថា និងផ្តល់ទៅ​ឲ្យ​អ៊ុយក្រែននូវ រថក្រោះប្រភេទ Bradley ចំណែកភាគីអាល្លឺម៉ង់វិញ បានសន្យាប្រគល់រថក្រោះប្រភេទ Marder ព្រមទាំងបានសន្យាប្រគល់ប្រព័ន្ធខែលមីស៊ីល Patriot មួយគ្រឿងដែរ​។ មានន័យថា អំណេះតទៅ ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាង បានបោះជំហានឈានចូលដំណាក់កាលថ្មីមួយទៀតហើយ តាមរយៈការប្រគល់គ្រឿងសព្វាវុធទំនើប ធុនធ្ងន់ ផលិត​ដោយ​បច្ចេកវិទ្យាលោកខាងលិច មិនមែនប្រគល់ត្រឹមគ្រឿងសព្វាវុធធុនស្រាល ឬក៏ជាត្រឹម​ជា​របស់ចាស់ៗសល់ពីជំនាន់សូវៀតនោះទេ។

រថក្រោះMarder របស់អាល្លឺម៉ង់ ជារថក្រោះធុនស្រាលសម្រាប់ដឹកកម្លាំងទ័ព តែក៏មានបំពាក់កាណុងតូចដែរ មានទំហំគ្រាប់២០មីលីម៉ែត្រ។ រីឯរថក្រោះBradley របស់អាមេរិក ក៏ជាប្រភេទរថក្រោះដឹកកម្លាំងទ័ពដែរ ដោយ​មានបំពាក់​​ដោយ​​កាណុងទំហំ២៥មីលីម៉ែត្រ ព្រមទាំង​កាណុងបាញ់មីស៊ីលកំទេចរថក្រោះ។ យោងតាម​លោក មេបញ្ជាការ Pat Ryder អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក គឺ រថក្រោះ Bradley មិនមែន​ជារថក្រោះ​ប្រយុទ្ធទេ បើទោះបីជាវា​​មានសមត្ថភាពបាញ់គ្រាប់បន្តិចបន្តួចមែន។ ចំនួន​ប៉ុន្មានគ្រឿង គឺមិនទាន់មានការបញ្ជាក់ទេ។ ភាគីទាំងសងខាង នឹងនិយាយគ្នាបន្តទៀត ដើម្បី​រៀបចំបង្វឹក​ទាហានអ៊ុយក្រែន ឲ្យចេះប្រើរថក្រោះទាំងនេះ។

យ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែន បានបន្តសំណូមពរ ចង់បាន​រថក្រោះប្រយុទ្ធរបស់អាល្លឺម៉ង់ ឈ្មោះ Leopard-2 និងរថក្រោះប្រយុទ្ធរបស់អាមេរិក ឈ្មោះ Abrams ដែលមានសមត្ថភាពសំរុកប្រយុទ្ធខ្លាំងក្លា។ ក៏ប៉ុន្តែ លោក Pat Ryder បាន​អះអាងថា រថក្រោះដែល​អាមេរិកនិង​អាល្លឺម៉ង់ បានសម្រេចផ្តល់ឲ្យអ៊ុយក្រែននាពេលនេះ គឺគេជឿង​នឹងជួយ​អ៊ុយក្រែនបានច្រើនណាស់ ក្នុងការចល័តកម្លាំងទ័ព នៅលើសមរភូមិ រុលទៅមុខកាន់តែខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ