អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អំពើហិង្សា​​នៅប្រេស៊ីល ៖ តុលាការ​​ចេញ​ដីកាចាប់ខ្លួន​​មនុស្ស​ស្និទ្ធ​នឹង​លោកបុលសូណារ៉ូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​ប្រេស៊ីល​បាន​បង្កើន​កិច្ច​ខំ​ប្រឹង​ប្រែង​​ស្វែង​រក​ចាប់​​ខ្លួន​អ្នក​រៀប​ចំ​ផែនការ​លុកលុយ​ចូល​អគារ​ស្ថាប័ន​កំពូល​រដ្ឋ​កាលពី​ថ្ងៃ​អាទិត្យ​ទី ៨ មករា​២០២៣។ នៅថ្ងៃ​អង្គារ​ម្សិលមិញ​​តុលាការប្រេស៊ីល​ចេញដីកា​ចាប់ខ្លួន​អតីតអ្នក​ទទួល​ខុស​ត្រូវ​ពីរ​រូប ក្នុង​នោះ​ម្នាក់​គឺ​ជា​អតីត​​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​របស់​លោក​បុលសូណារ៉ូ។ អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​នេះ ក៏ដូចជាអតីត​ប្រធានាធិបតី​ប្រេស៊ីល​​លោក​បុលសូណារ៉ូ​ផ្ទាល់ កំពុង​ស្ថិត​នៅក្នុង​​ទឹក​ដី​​សហរដ្ឋ​អាមេរិក។

តុលាការ​ចេញ​ដីកាចាប់ខ្លួន​​មនុស្ស​ជំនិត​នឹង​អតីត​ប្រធានាធិបតី​ប្រេស៊ីល
តុលាការ​ចេញ​ដីកាចាប់ខ្លួន​​មនុស្ស​ជំនិត​នឹង​អតីត​ប្រធានាធិបតី​ប្រេស៊ីល AFP - CARL DE SOUZA
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ហេតុការណ៍ចលាចល​​ចូល​ទន្ទ្រាន​ស្ថាប័នកំពូល​រដ្ឋ​ទាំង​បី​ យ៉ាង​ហិង្សា​ នៅ​ថ្ងៃ​អាទិត្យ​ទី ៨មករា​មក អាជ្ញាធរ​ប្រេស៊ីល​បានប្រកាស​​ឃាត់​​ខ្លួន​​សកម្មជនគាំទ្រ​លោក​អតីត​ប្រធានានាធិបតី​បុលសូណារ៉ូ ប្រមាណ​១៥០០នាក់  និង​ឃុំឃាំង​ជនសង្ស័យ​ចំនួន ៥២៧​នាក់​។ ប៉ុន្តែ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ ប៉ូលិស​ប្រេស៊ីល​បានប្រកាស​​ដោះលែង​មនុស្ស​ចំនួន​៥៩៩នាក់​ ដោយហេតុ​ផល​មនុស្សធម៌។ គេឃើញ​ប៉ូលិស​​បញ្ជូនជន​ទាំង​នោះ ចេញ​ពី​ទីលាន​កីឡាប៉ូលិសជាតិ​​ទៅចំណត​​ឡាន​ក្រុង​ ដើម្បី​ឱ្យ​ពួកគេ​ធ្វើ​ដំណើរ​ត្រលប់​ទៅផ្ទះ​សម្បែង​វិញ​រៀងខ្លួនៗ។ តែក៏​មាន​ដែរ​ការ​បញ្ជូន​ជន​ចាប់ខ្លួន​បាន​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ ដើម្បី​រៀប​ចំ​បែបបទ​បញ្ជូន​ទៅ​ពន្ធនាគារ។

ដីកាចាប់ខ្លួន​ជំនិតលោក​បុលសូណារ៉ូ

ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ តុលាការ​ប្រេស៊ីល​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អតីតមន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប ក្នុង​នោះ​មាន​ម្នាក់ ជាសម្ព័ន្ធមិត្ត​ដ៏​ស្និទ្ធ​​របស់អតីត​ប្រធានាធិបតី​ប្រេស៊ីល​​លោក បុលសូណារ៉ូ  គឺ លោក Anderson Torres។ ជា​​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌របស់​លោក​បុលសូណារ៉ូ និង​កំពុងកាន់​​តំណែង​​ជា​មេសន្តិសុខ​ប្រចាំ​រដ្ឋធានី ប្រាស៊ីលីយ៉ា លោក Anderson Torres ​ត្រូវ​បាន​តុលាការ​កំពូល​ដក​ពី​តួនាទីភ្លាម​ក្រោយ​​​ហេតុការណ៍ចលាចល​ហិង្សា។ លោក Anderson Torres ក៏ដូច​ជា​លោក​បុលសូណារ៉ូ បាន​ចាក​ចេញ​ពី​ប្រេស៊ីល​តាំងពី​ពីរ​ថ្ងៃ​មុន​ពិធី​ចូល​កាន់​តំណែង​ជា​ប្រមុខ​ដឹកនាំប្រទេស​របស់​លោក​លូឡា ទៅ​ទៀត។ ហើយ​ពេល​នេះ​ លោក​ តូរ៉េ  និង​លោក​បុលសូណារ៉ូ កំពុង​ស្ថិត​នៅ​លើ​ទឹកដី​អាមេរិក​ ទាំងពីរ​នាក់។ ពី​សហរដ្ឋ​អាមេរិក​ លោក តូរ៉េ បាន​ប្រកាស​បដិសេធ​ តាម​សារទ្វីត​ នៅថ្ងៃ​ម្សិលមិញ​ថា គ្មាន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​លុកលុយ​ស្ថាប័ន​កំពូល​រដ្ឋ​ទេ លោក​នឹង​ត្រលប់​ចូល​ប្រទេស​វិញ​ដើម្បី​ស្វែង​រក​យុត្តិធម៌​និង​ការពារ​ខ្លួន​លោក​។

ក្រៅ​ពី​លោក​ តូរ៉េ ចៅក្រម​តុលាការ​កំពូល​ ក៏​បាន​ចេញ​ដីកា​​​ចាប់​ខ្លួន​​ មួយ​ទៀត​ប្រឆាំង​នឹង​មេបញ្ជាការ​ប៉ូលិសយោធា​នៅប្រាស៊ីលីយ៉ា លោក Fabion Augusto ដោយ​បាន​ដក​ចេញ​ពី​តំណែង​និង​ដោយ​ទំនង​ជា​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ស្រេច​ទៅហើយ។ នេះ​បើ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន។ តុលាការ​ក៏​បាន​ដក​តំណែង​អភិបាល​ស្រុក​ប្រាស៊ីលីយ៉ាម្នាក់​ទៀត ដែល​​បាន​សុំ​ទោស​ប្រធានាធិបតី​លូឡា ចំពោះ​កំហុសឆ្គង​សន្តិសុខ។ ជាង​នេះ​ទៅ​ទៀត នៅ​ឆាប់ៗ​ខាង​មុខតុលាការ​នឹង​ចេញ​ដីកាចាប់ខ្លួន​ប្រមាណ៥០ផ្សេង​ទៀត​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក Flavio Dino។

បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដីកា​ចាប់ខ្លួនក្រោយៗ មាន​​ដាក់​ប្រឆាំងលើ អ្នក​ដែល​បាន​ចូល​រួម​ចំណែក​បំផ្លិចបំផ្លាញ​ស្ថាប័ន​អំណាច​រដ្ឋ​ តែ​មិន​ចាប់​ខ្លួន​មិន​បានពេល​កំពុង​ធ្វើ​សកម្មភាព និង​ដីកា​ខ្លះទៀត សំដៅ​ចាប់​ខ្លួន​អ្នក​ដែល​គ្មាន​រូប​នៅក្រុង​ប្រាស៊ីលីយ៉ាទេ តែ​ជាប់​សង្ស័យ​ជា​អ្នក​ជួយ​​​រៀប​ចំ​ ឬជួយ​​ផ្តល់​ហិរញ្ញវត្ថុ​។

ប្រធាន​ព្រឹទ្ធសភា​បាន​បង្ហាញ​ឆន្ទៈ​យល់​ស្រប​នឹង​គំនិត​បើក​ឱ្យ​គណៈកម្មការ​សភា​ធ្វើ​អង្កេត​រក​ហេតុផល​ដែល​នាំ​ឱ្យ​មាន​ការ​រំលោភបំពាន​ច្បាប់​រដ្ឋ​បែប​នេះ។

​ផ្លរីដាទឹកដី​ជ្រកកោន​របស់​មនុស្ស​ខ្លាំង ?

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន លោក ជេក ស៊ុយលីវ៉ាន់ បាន​ប្រកាស​ថា​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​ទទួល​សំណើ​អ្វី​ពីខាង​​ប្រេស៊ីល​ទេ ទាក់​ទង​នឹង​លោក បុលសូណារ៉ូ ប៉ុន្តែ​បើ​មាន​ការ​ស្នើ​ ​អាមេរិក​នឹង​សិក្សាសំណុំ​រឿង​នោះ​យ៉ាង​ហ្មត់ចត់​បំផុត។​

ទោះ​បី​លោក​ចូបៃដិន បាន​ប្រកាសគាំទ្រដោយ​ឥ​តងាករេ​ប្រជាធិបតេយ្យ​នៅ​ប្រេស៊ីល​ទៅកាន់​លោក​លូឡា​ក៏​ដោយ ក៏មាន​សំឡេង​ជា​ច្រើន​ផ្សេង​ទៀត ស្រែក​ទាមទារ​ឱ្យ​វ៉ាស៊ីនតោន​ បញ្ចេញ​សកម្មភាព​ខ្លាំង​ជាង​នេះ ដោយ​បណ្តេញ​លោក​បុលសូណារ៉ូ​ចេញ​ពី​សហរដ្ឋ​អាមេរិក​តែ​ម្តង។ វត្តមាន​របស់លោក តូរ៉េ ​អតីត​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​​​ ជាពិសេស​វត្តមាន​របស់​លោក​បុលសូណារ៉ូ ​អតីត​ប្រធានាធិបតី​ប្រេស៊ីល​ នៅ​រដ្ឋ​ផ្លរីដា ចង់​ឬ​មិន​ចង់ កំពុង​ធ្វើ​ឱ្យ​អាមេរិក​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ ព្រោះ​បាន​រំលេច​និង​រឮក​​ឱ្យ​ឃើញថា​អាមេរិកធ្លាប់​​បាន​ទទួលមេដឹកនាំ ​​​ដ៏​ចម្រូង​ចម្រាសមកពីតំបន់​​​​អាមេរិក​ឡាទីន។

​ផ្លរីដា រដ្ឋ​ភាគ​អាគ្នេយ៍​របស់​អាមេរិក ថ្មីៗ​នេះ​បាន​ក្លាយ​ជា​​បាន​ក្លាយ​ជា​ទីតាំង​របស់​លោក ដូណាល់ ត្រាំ និង​ជា​ទឹកដី​ជ្រកកោន​​របស់បុរសខ្លាំង ឬ​​អតីត​មេដឹកនាំ​ផ្តាច់ការ តាំងពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ មាន​ជាអាទិ៍​អតីត​ប្រធានាធិបតី​​គុយបា កាលពី​ជិត​មួយ​សតវត្សរ៍​មុន Gerardo Machado។ នៅ​ឆ្នាំ​១៩៧៩ មេដឹកនាំផ្តាច់ការ​នីការ៉ាហ្គ័រ Anastasio Somoza Debayle បាន​ភៀសខ្លួន​មក​ជ្រកកោន​នៅ​ទីនេះ​ដែរ បន្ទាប់​ពី​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច។

ពេល​នេះ​គឺ​រូប​លោក​បុលសូណារ៉ូ ដែលមក​ផ្លរីដា​​ផ្លូវការ​​គឺ​ដោយ​បញ្ហា​សុខភាព លោកបុលសូណារ៉ូ ទើប​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅល្ងាច​មិញ​ទេ តែក្នុង​ពេល​ដែល​អតីត​ប្រធានាធិបតី​កំពុង​ស្ថិត​នៅក្នុងរដ្ឋ​ផ្លរីដា ​ទឹក​ដី​អាមេរិក ​នៅថ្ងៃទី ៨មករា សកម្មជន​របស់​លោក​ បុលសូណារ៉ូ ធ្វើ​ដូច​សកម្មជនរបស់​​លោក​ត្រាំ​កាលពីថ្ងៃ​ទី ៦ មករា ២០២១ បាន​សម្រុក​ចូល​យ៉ាង​ហិង្សា​បំផ្លាញ​​ស្ថាប័ន​កំពូល​រដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ