អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រឈម​នឹងចិន​ដែល​កាន់តែ​គំរាម ជប៉ុន​​និង​សហរដ្ឋអាមេរិក ពង្រឹង​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​​និង​សន្តិសុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្ត្រីជប៉ុន​ ហ្វ៊ូមីអូ គីស៊ីដា ទើបតែបាន​បិទបញ្ចប់ដំណើរទស្សនកិច្ច​នៅ​ក្រៅប្រទេស ដែល​លោក​បានធ្វើដំណើរ​ទៅអឺរ៉ុប និង​មកកាន់អាមេរិក​ខាងជើង។ នៅទី​ក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រទី​១៣មករា​ លោក ចូ បៃដិន បានថ្លែងទៅកាន់​លោកគីស៊ីដា ថាសម្ព័ន្ធភាពរវាងជប៉ុន និងអាមេរិក គឺជាសម្ព័ន្ធភាពដ៏រឹងមាំ។ គួរបញ្ជាក់ថា តាម​រយៈទស្សនកិច្ចនៅតាម​បណ្តាប្រទេសមហាអំណាចលោកខាងលិច លោក​នាយករដ្ឋមន្ត្រីជប៉ុន មានបំណង ពង្រឹង​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ កងទ័ពនិងសន្តិសុខ ឲ្យ​កាន់តែរឹងមាំ ខណៈស្ថិរភាព​​តំបន់អាស៊ីប៉ាស៊ីហ្វិក​ កំពុងតែ​ប្រឈមនឹង​ការគំរាមរបស់ចិន​។​

លោក​ប្រធានាធិបតីចូ បៃដិន ក្នុងពេលសន្ទនាជាមួយ​លោក​នាយករដ្ឋមន្ត្រីជប៉ុន ហ្វ៊ូមីអូ គីស៊ីដា នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន ថ្ងៃទី ១៣​មករា ២០២៣
លោក​ប្រធានាធិបតីចូ បៃដិន ក្នុងពេលសន្ទនាជាមួយ​លោក​នាយករដ្ឋមន្ត្រីជប៉ុន ហ្វ៊ូមីអូ គីស៊ីដា នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន ថ្ងៃទី ១៣​មករា ២០២៣ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធភាពដ៏រឹងមាំ រវាងអាមេរិក​និងជប៉ុន​

នៅក្នុងទស្សនកិច្ចលើកទី​១នៅទីក្រុងវ៉ាស៊ីនតោន លោក ហ្វ៊ូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានជួប​ជាមួយ​លោក ចូ បៃដិន នៅឯសេតវិមាន កាលពី​រសៀលថ្ងៃសុក្រទី​១៣មករា​។ នៅក្នុងឱកាសនោះ លោក ចូ បៃដិនបានថ្លែងថា សម្ព័ន្ធភាព​រវាងជប៉ុន​និង​សហរដ្ឋអាមេរិក គឺរឹងមាំល្អណាស់ ហើយលោក​សន្យាប្តេជ្ញា នឹងបន្តការពារសម្ព័ន្ធភាពនេះ ឲ្យ​កាន់តែរឹងមាំទៀត។ លោក ចូ បៃដិន​បន្ថែមថា សហរដ្ឋអាមេរិក ទាំងចិត្តទាំងកាយ គឺស្មោះស្ម័គ្រប្តូរផ្តាច់ ការពារសម្ព័ន្ធភាពយុទ្ធសាស្ត្រនេះ។

ចំណែក លោក​ ហ្វ៊ូមីអូ គីស៊ីដាវិញ បានថ្លែងថា បច្ចុប្បន្ននេះ អាមេរិក ក៏ដូចជប៉ុន គឺកំពុងប្រឈមមនឹង បរិបទបរិយាកាសស្មុគស្មាញខ្លាំងណាស់ ទាក់ទិននឹងបញ្ហាសន្តិសុខស្ថិរភាព​។ ហើយក្នុងនាម​រដ្ឋាភិបាលជប៉ុន លោក សូមថ្លែងអំណរគុណ ចំពោះ ការចូលរួម​ដ៏​សស្រាក់សស្រាំងរបស់សហរដ្ឋអាមេរិក នៅក្នុង​កិច្ចការសន្តិសុខ ការពារស្ថិរភាពតំបន់។

បរិយាកាសសន្តិសុខដ៏​លំបាកស្មុគស្មាញ​ ដែល​លោក​នាយករដ្ឋមន្ត្រីជប៉ុន បាន​លើកឡើងនោះ គឺចង់សំដៅ​ដល់ចិន​។ ចិន គឺជាមហាយក្ស ដែល​កំពុងតែធ្វើឲ្យ​ជប៉ុនព្រួយ​បារម្ភខ្លាំងណាស់ អំពីសន្តិសុខខ្លួន​។ ចិនបង្ហាញសាច់ដុំ បង្អួតគ្រឿងសព្វាវុធកងទ័ព ទាំងផ្លូវអាកាស ផ្លូវគោក និង​ជាពិសេស​ផ្លូវទឹក​ កាន់តែខ្លាំង ដែលធ្វើឲ្យជប៉ុន ដែលស្ថិតនៅទល់មុខ មានការ​បារម្ភ។

បើបណ្តោយ អ្វីដែលកើតឡើង​នៅ​អ៊ុយក្រែន អាច​នឹងកើត​ឡើង​នៅអាស៊ី!

នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រទី​១៣មករា​ ក្នុងពេលថ្លែងសុន្ទរកថា នៅសកលវិទ្យាល័យ Johns Hopkins លោក ហ្វ៊ូមីអូ គីស៊ីដា បានថ្លែងថា “អ្វីដែលពិភពលោក​យើងកំពុង​តែមើលឃើញ​ នៅអ៊ុយក្រែន វាគឺជាមេរៀនមួយដ៏​ធំ និងសំខាន់ខ្លាំងណាស់។ ប្រទេសមួយ​ប្រើកម្លាំង វាយ​ប្រហារ ធ្វើសង្គ្រាមដោយ​អត្តនោម័តតែម្នាក់ឯង ឈ្លានពានទៅលើ​ប្រទេសឯករាជមួយផ្សេងទៀត ដោយ​មិនគោរពច្បាប់អន្តរជាតិ ឬក៏ទទួលស្គាល់រួមរបស់​សហគមន៍​អន្តរជាតិ​។ ប្រសិនបើពិភពលោក​យើង បណ្តោយ​ឲ្យ​ទង្វើឈ្លានពានបែបនេះ អាចធ្វើទៅបាន​ដោយ​គ្មានការថ្កោលទោស ឬដាក់ទណ្ឌកម្ម នោះហេតុការណ៍​បែបនេះ បា្រកដជានឹងអាចកើតមានឡើង នៅទី​កន្លែង​ផ្សេងទៀត ដោយរាប់ទាំង​នៅអាស៊ីផង”

សំដីនេះ​ ទោះ​លោក​ហ្វ៊ូមីអូ គីស៊ីដា មិនបញ្ចេញឈ្មោះ ក៏យើងស្តាប់យល់ដែរ ថាលោកចង់សំដៅទៅលើចិន ដែលគំរាមលើកទ័ពច្បាមយកកោះតៃ​វ៉ាន់មកគ្រប់គ្រង។ កោះ​តៃវ៉ាន់ស្ថិតនៅក្បែរជប៉ុន ហើយ​បើផ្ទុះសង្គ្រាម គឺវានឹងប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខ ក៏ដូចជាចរាចរណ៍នាវាដឹកទំនិញរបស់ជប៉ុន។ ជាងនេះទៀត ជប៉ុននឹងចិន ក៏​មានជម្លោះនឹងគ្នាដែរ ទាក់ទិននឹងដែនកោះ Senkaku ដែលចិនទាមទារថាជារបស់ខ្លួន។ ដូច្នេះ បើចិនវាយ​យក​តៃវ៉ាន់​​​បាននៅថ្ងៃណាមួយ ចិនក៏អាចសម្រេចចិត្តវាយជប៉ុនយកកោះSenkaku ដែរ។

ហើយ​ក្រៅពី​ការគំរាមវាតទីរបស់ចិន នៅអាស៊ីប៉ាស៊ីហ្វិក បញ្ហាកូរ៉េខាងជើង ក៏ជាចំណុចធំមួយ ធ្វើ​ឲ្យ​ជប៉ុនព្រួយបារម្ភដែរ ពីកត្តាសន្តិសុខរបស់ខ្លួន​។ ត្រង់នេះហើយ បានជាជប៉ុន បានផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិជាតិទាំងស្រុង ដោយ​មិនចង់​ពឹងផ្អែក ចាំឲ្យ​តែអាមេរិកការពារខ្លួននោះទេ តែគឺជប៉ុនខ្លួនឯង ដែលត្រូវតែ​មានសមត្ថភាពការពារខ្លួនឯង។

ជប៉ុន​ព្យាយាមពង្រឹងសម្ព័ន្ធភាព​សន្តិសុខ​

អ្វីដែលរដ្ឋភិបាល​លោក ហ្វ៊ូមីអូ គីស៊ីដា កំពុងតែធ្វើ​ គឺ​ជាការវេញខ្សែចាក់ស្រែសសំណាញ់សម្ព័ន្ធភាព ជាមួយ​សម្ព័ន្ធមិត្ត​លោកខាងលិច និង​ប្រទេសធំៗមួយចំនួនទៀត។ ការគំរាមរបស់ចិន និង​កូរ៉េខាងជើង ហើយ​បូកបន្ថែមនឹង​អ្វីដែល​បានកើតឡើងនៅអ៊ុយក្រែន គឺវាបានធ្វើ​ឲ្យ​ប្រែប្រួលទាំងស្រុងដល់យុទ្ធសាស្ត្រការពារជាតិរបស់ជប៉ុន។ លោកស្រី Amy King អ្នកវិភាគនៅមជ្ឈមណ្ឌល សិក្សាយុទ្ធសាស្ត្រ នៃសកលវិទ្យាល័យជាតិអូស្ត្រាលី បាន​លើកឡើងថា ជប៉ុនចង់ពង្រឹងតួនាទីខ្លួន ដែលជាមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយ​នៅ​​អាស៊ី តាមរយៈការ​បង្កើត និងពង្រឹង​​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ ការពារជាតិ សន្តិសុខ ជាមួយបណ្តាមហាអំណាចប្រជាធិបតេយ្យ​ផ្សេងទៀត។

លោក Mitsuru Fukuda សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Nihon ក្រុងតូក្យូ បាន​លើកឡើងថា ពីមុនមក ជប៉ុន​សិន​សូវចង់យកបញ្ហានយោបាយការបរទេស​ មកលាយឡំនឹងសេដ្ឋកិច្ចទេ។ ជប៉ុន​សប្បាយរីករាយ ធ្វើពាណិជ្ជកម្មជាមួយចិន ជាមួយរុស្ស៊ីជាដើម​ ហើយទន្ទឹមនឹងនេះ ​ជប៉ុនក៏ពេញចិត្ត ទុក​ឲ្យ​វិស័យ​​ការពារសន្តិសុខរបស់​ខ្លួន ស្ថិតនៅក្នុងដៃ​របស់​សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែកាលៈទេសៈនេះ បានប្រែប្រួលហើយ។ ពោលគឺជប៉ុនបានភ្លឺភ្នែក ស្វាងចែសតែម្តង។ រដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ដែលហាមមិន​ឲ្យ​ជប៉ុន​ប្រើកម្លាំងទ័ពធ្វើសង្គ្រាមនោះ គឺត្រូវបាន​កែប្រែហើយ ព្រោះជប៉ុនពេលនេះ កំពុងតែប្រឹងប្រែង ពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន​។

សមត្ថភាពការពារខ្លួន ដោយខ្លួនឯង​

​កាលពីខែធ្នូកន្លងទៅ រដ្ឋាភិបាល​លោក ហ្វ៊ូមីអូ គីស៊ី​ដា បានបង្ហាញ​គម្រោងផែនការទ្រឹស្តី​ការពារជាតិថ្មី ដែលនឹងមកពង្រឹងកម្លាំងការពារខ្លួនរបស់ជប៉ុន។ ជប៉ុន​នឹង​បន្ថែមថវិកាចំណាយ​លើវិស័យការពារជាតិ សឹងតែមួយគុណជាពីរ ឲ្យ​ស្មើនឹង​ ២% នៃ​PIB របស់ជប៉ុន ពីនេះដល់ឆ្នាំ​២០២៧។ ជប៉ុននឹងទិញគ្រឿងសព្វាវុធទំនើបបន្ថែម ចំនួន​ទឹកប្រាក់សរុប ប្រមាណ ៣២០ពាន់លានដុល្លារ។​

នៅទីក្រុងឡុងដ៍ លោក​ ហ្វ៊ូមីអូ គីស៊ីដា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង​សម្ព័ន្ធភាពកងទ័ព ជាមួយអង់គ្លេស ដែលនឹង​ញ៉ាំងឲ្យ​កងទ័ពទាំង២ អង់គ្លេសជប៉ុន សហការធ្វើសមយុទ្ធរួមគ្នា បែកចែកព័ត៌មានគ្នា។ កិច្ចព្រមព្រៀងស្រដៀង​គ្នានេះ ជប៉ុនក៏បានចុះជាមួយអូស្ត្រាលី និងហ្វីលីពីនដែរ។​ ជប៉ុន អង់គ្លេស និងអ៊ីតាលី នឹងរួមគ្នាផលិត​យន្តហោះចម្បាំងទំនើប​ប្រភេទថ្មីមួយទៀត។

នៅវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍​ មុនពេល​លោក​មីអូ គីស៊ី​ដា ទៅដល់​វ៉ាស៊ីនតោន​​​ លោករដ្ឋមន្រ្តីការពារជាតិ​ជប៉ុន និងអាមេរិក បានចុះកិច្ចព្រមព្រៀង ពង្រាយ​កម្លាំងកុម្ម៉ង់ដូពិសេសរបស់អាមេរិក នៅលើកោះ Okinawa ដែលស្ថិតនៅកៀកចិន និងតៃវ៉ាន់​បំផុត។​ បន្ថែមពីនេះ ជប៉ុននឹងទិញមីស៊ីល​ចម្ងាយឆ្ងាយ ប្រភេទ Tomahawk ដើម្បីបំពេញ​បន្ថែម​ ពង្រឹងសមត្ថភាពប្រយុទ្ធការពារខ្លួន។ លោក Daisuke Kawai អ្នកស្រាវជា្រវម្នាក់នៅ​ វិទ្យាស្ថានកិច្ចការអន្តរជាតិក្រុងតូក្យូ បានលើកឡើងថា​ គ្មាននរណាចង់ឲ្យ​សង្គ្រាម​កើតឡើងទេ ទាំងជប៉ុនខ្លួនឯង។ “អ្វីដែលជប៉ុនកំពុងព្យាយាមធ្វើ តាមរយៈការពង្រឹងសមត្ថភាពកងទ័ពខ្លួន​ និង​ការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រ ជាមួយ​បណ្តាមហាអំណាចផ្សេងទៀតនេះ គឺដើម្បី​ញាំងឲ្យចិន ពិចារណាឲ្យច្បាស់លាស់​ មុននឹងគិតដើរខុសមួយជំហាន”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ