អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ មហាបាតុកម្ម​ទូទាំង​ប្រទេស ប្រឆាំង​នឹង​​គម្រោង​​​​កំណែ​ទម្រង់​ប្រព័ន្ធ​ចូលនិវត្តន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេសបារាំង ថ្ងៃព្រហស្បតិ៍​ទី​១៩មករា មានចលនាបាតុកម្មដ៏ធំនៅទូទាំងប្រទេសតែម្តង។ សហជីពព្រមទាំងប្រជាពលរដ្ឋបារាំង ប្រកាសចុះផ្លូវតវ៉ា ប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាល​បារាំង ដែល​ចង់ធ្វើកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ តាមរយៈការដំឡើងអាយុចូលនិវត្តន៍ ពី៦២ឆ្នាំ ដល់៦៤ឆ្នាំ។ ក្រៅពីបាតុកម្ម​នៅតាម​ដងផ្លូវ បុគ្គលិកនៅក្នុងវិស័យសំខាន់ៗជាច្រើន ដូចជា​វិស័យដឹកជញ្ជូន វិស័យអបរំ និង​វិស័យថាមពលជាដើម បានប្រកាសចូលរួម​បាតុកម្ម ធ្វើ​ឲ្យ​ដំណើរការ​សេវាកម្ម​ការងារ​​ទាំងអស់ ត្រូវបិទខ្ទប់ រាំងស្ទះនៅ​ទូទាំងប្រទេសតែម្តង​។

បាតុករសមាជិកសហជីព CGT ធ្វើបាតុកម្ម​ប្រឆាំង​គម្រោងធ្វើកំណែទម្រង់​ប្រព័ន្ធចូលនិវត្តន៍ នៅទីក្រុងនីស ខាងត្បូងប្រទេសបារាំង ថ្ងៃទី ១៩ មករា ២០២៣
បាតុករសមាជិកសហជីព CGT ធ្វើបាតុកម្ម​ប្រឆាំង​គម្រោងធ្វើកំណែទម្រង់​ប្រព័ន្ធចូលនិវត្តន៍ នៅទីក្រុងនីស ខាងត្បូងប្រទេសបារាំង ថ្ងៃទី ១៩ មករា ២០២៣ REUTERS - ERIC GAILLARD
ផ្សាយពាណិជ្ជកម្ម

ចូលនិវត្តន៍អាយុ៦៤ឆ្នាំ​

ប្រព័ន្ធចូលនិវត្តន៍​បារាំងបច្ចុប្បន្ននេះ គឺបុគ្គលិកត្រូវធ្វើការ​រហូតដល់អាយុ​៦២ឆ្នាំ ទើបអាច​ទទួលបាន ​នូវ​ប្រាក់សោធន់និវត្តន៍ប្រចាំខែ ពេញលេញគ្រប់ចំនួន​ ឬដែលយើងហៅថា « ប្រាក់រឺត្រែត » នោះ។ នេះជាលក្ខខណ្ឌទូទៅ ដែល​ជាក់ស្តែង គឺវាមានករណី​ពិសេសផ្សេងៗទៀត ទៅតាមប្រភេទការងារ ដែលនឿយហត់ ប្រើកម្លាំងខ្លាំង ឬក៏បុគ្គលិក​ដែលបានចាប់ផ្តើមធ្វើការតាំងតែពីអាយុ១៤ ១៦ឆ្នាំជាដើម។ 

គម្រោងថ្មីរបស់រដ្ឋាភិបាលបារាំង ដឹកនាំដោយ​លោក​ប្រធានាធិបតីម៉ាក្រុង និង​លោកស្រីនាយករដ្ឋមន្ត្រី អាលីហ្សាបែត ប៊ន នាពេលនេះ គឺចង់ដំឡើងអាយុចូលនិវត្តន៍នេះ ដល់​៦៤ឆ្នាំជាទូទៅ ចាប់ពីឆ្នាំ​២០៣០ទៅ។ មានន័យថា បុគ្គលិកត្រូវធ្វើការ​ថែម​២ឆ្នាំទៀត ទើបអាចទទួលបានប្រាក់រឺត្រែតពេញគ្រប់។ លក្ខខណ្ឌមួយទៀត ដែលនឹងប្រែប្រួលដែរ គឺរយៈពេលនេះនៃ​ចូលរួម​វិភាគទាន ដែលបុគ្គលិក​ម្នាក់ ត្រូវជួយចូលរួមបង់ប្រាក់ក្នុង​ប្រព័ន្ធចូលនិវត្តន៍នេះ ដែលនឹងឡើងពី​៤២ឆ្នាំ ដល់៤៣ឆ្នាំ ហើយចូលជាធរមាន ចាប់ពីឆ្នាំ​២០២៧ទៅ។

និយាយជារួម និងជាទូទៅ គឺបុគ្គលិកត្រូវធ្វើការដល់អាយុ៦៤ឆ្នាំ ហើយត្រូវបានចូលរួម​បង់ប្រាក់ចូលក្នុង​ប្រព័ន្ធ​ចូលនិវត្តន៍ ចំនួន​យ៉ាងហោច៤៣ឆ្នាំ​ ទើបអាច​ទទួលប្រាក់រឺត្រែតបានពេញគ្រប់។ គម្រោង​កំណែទម្រង់ថ្មីនេះ ក៏បានកំណត់ផងដែរ នូវប្រាក់រឺត្រែតអប្បរមា ចំនួន​១២០០អឺរ៉ូ យ៉ាងហោច​ក្នុងមួយខែ ប្រសិនបើបុគ្គលិក​នោះបានបំពេញលក្ខខណ្ឌគ្រប់។

សង្គ្រោះប្រព័ន្ធចូលនិវត្តន៍​បារាំង កុំឲ្យដួលរលំ​

ហេតុផលធំ ដែលលោក​ម៉ាក្រុងធ្លាប់​បាន​លើកឡើងថា គឺថា​ប្រព័ន្ធចូលនិវត្តន៍​បារាំងបច្ចុប្បន្ននេះ ស្ថិតនៅក្នុងកាលៈទេសៈមួយគ្រោះថ្នាក់ ព្រោះមានឱនភាពថវិកា ចំណូលនិងចំណាយ​។ និយាយឲ្យ​ងាយ​ស្តាប់ ធម្មតារដ្ឋដកប្រាក់​បន្តិចៗ ពីក្នុងប្រាក់ខែរបស់​បុគ្គលិក​ម្នាក់ៗ ដែល​យើងហៅថា ជាប្រាក់វិភាគទានរបស់បុគ្គលិក ដើម្បីចិញ្ចឹមប្រព័ន្ធ​ចូលនិវត្តន៍។ រដ្ឋយកប្រាក់ទាំងនេះ ទៅចំណាយ​លើ​ប្រាក់ខែរឺត្រែត ដល់អ្នកដែលកំពុង​ចូលនិវត្តន៍។

បញ្ហាចំណោទ គឺថាបច្ចុប្បន្ននេះ មនុស្សចាស់ សុខភាពកាន់តែល្អ អាយុកាន់តែវែង ដែលមាន​ន័យថា រដ្ឋត្រូវបន្តបង់ប្រាក់រឺត្រែតឲ្យ​រហូត ដរាបណាពួកគាត់មិនទាន់ស្លាប់​។ ដូច្នេះការចំណាយរបស់រដ្ឋ​ក្នុងវិស័យនេះ វាកាន់តែកើនដែរ​។ ផ្ទុយទៅវិញ ការ​ប្រមូល​ប្រាក់ចូលរួម​ពីបុគ្គលិក​ដែលកំពុង​ធ្វើការវិញ គឺបានចុះថយ​ច្រើន ព្រោះមានបុគ្គលិកកាន់តែច្រើនបានឈប់ធ្វើការមុនអាយុចូលនិវត្តន៍​។ មានន័យថាចំណូលក្នុង​ប្រព័ន្ធចូលនិវត្តន៍នេះ វាតិចជាងការ​​ចំណាយ​ ហើយ​បើបន្តបែបនេះទៀត យូរៗទៅរដ្ឋនឹងគ្មានប្រាក់បង់ឲ្យអ្នកចូលនិវត្តន៍ទេ។

ដូច្នេះ តាមរយៈ​ការដំឡើងអាយុចូលនិវត្តន៍ដល់៦៤ឆ្នាំ មានន័យថាបុគ្គលិក​ម្នាក់ៗ នឹងត្រូវបន្តធ្វើការ បង់ប្រាក់វិភាគទាន ចូលទៅ​ក្នុងប្រព័ន្ធចូលនិវត្តន៍ បន្ថែម​២ឆ្នាំមទៀតសិន មុននឹងអាចឈប់ធ្វើការ ហើយ​បានទទួលប្រាក់រឺត្រែតពីរដ្ឋវិញ។ លោកស្រីនាយករដ្ឋមន្ត្រីបារាំង អេលីហ្សាបែត ប៊ន អះអាងថា វាគឺជាវិធីដើម្បីធានាឲ្យ​មាន​តុល្យភាព​ចំណូលចំណាយ​ ចាប់ពីឆ្នាំ​២០៣០ទៅ។

ក្បួន​បាតុកម្ម​ប្រឆាំងការធ្វើកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ នៅទីលាន​La République ទីក្រុងប៉ារីស ថ្ងៃទី ១៩ មករា ២០២៣
ក្បួន​បាតុកម្ម​ប្រឆាំងការធ្វើកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ នៅទីលាន​La République ទីក្រុងប៉ារីស ថ្ងៃទី ១៩ មករា ២០២៣ © RFI/Chi Phuong

មហាបាតុកម្មប្រឆាំងការដំឡើងអាយុចូលនិវត្តន៍​

សហជីពធំៗរបស់បារាំង លើកនេះ បានរួមកម្លាំងគ្នាជាឯកច្ឆ័ន្ទតែម្តង ដើម្បីប្រកូកប្រកាសឲ្យ​ប្រជាពលរដ្ឋ ចូលរួមធ្វើបាតុកម្ម​ ប្រឆាំងនឹង​គ្រោងកំណែទម្រង់របស់រដ្ឋាភិបាល​។ ជាការធ្វើកំណែទម្រង់ ដែល​ពួកគេចោទថាអយុត្តិធម៌ សម្រាប់បុគ្គលិក​មួយចំនួន ក្នុងវិស័យការងារខ្លះ ដែលត្រូវធ្វើការប្រើកម្លាំង មានជម្ងឺប្រចាំកាយ​ផង ហើយ​ត្រូវបង្ខំធ្វើការទាល់តែអាយុ៦៤ឆ្នាំ ទើបបានទទួល​ប្រាក់រឺត្រែត។ អ្នកខ្លះ ខំបង់​ប្រាក់វិភាគទានចូល​ក្នុងប្រព័ន្ធចូលនិវត្តន៍ជាង​៤០ឆ្នាំ មិនទាន់ទាំង​បានប្រាក់រឺត្រែតចាយវិញផង ស្រាប់តែឈឺស្លាប់។

ចំណុចទាំងអស់នេះហើយ ដែលញ៉ាំងឲ្យ​មានបាតុកម្ម​ប្រឆាំងដ៏ធំមហិមាក្នុងពេលនេះ​។ យោងតាមការស្ទាបស្ទង់មតិចុងក្រោយ​បំផុត ធ្វើឡើងដោយវិទ្យាស្ថាន​មតិសាធារណៈបារាំង IFOP គឺក្នុងចំណោម​ប្រជាជនបារាំង មាន​តែ​២៨%ប៉ុណ្ណោះ ដែលមិន​ប្រឆាំង​នឹង​គម្រោងធ្វើកំណែទម្រង់​ប្រព័ន្ធចូលនិវត្តន៍នេះ​។​

ប្រធានសហជីពធំៗ បានប្តេជ្ញាថា នឹងប្រើប្រាស់មហាបាតុកម្ម​ទូទាំងប្រទេស ដើម្បី​ជាអំណាច ជាកម្លាំងប្រាប់ទៅរដ្ឋាភិបាល ថាប្រជាជនមិនសុខចិត្ត។ តាមការរំពឹងទុក នៅថ្ងៃព្រហស្បតិ៍នេះ អាចនឹងមានមនុស្សខ្ទង់ដល់លាននាក់ ដែលនឹងចុះផ្លូវធ្វើបាតុកម្ម​ នៅតាមទីក្រុងធំៗ ទូទាំងប្រទេសបារាំង។ កម្លាំងសមត្ថកិច្ចចំនួន​១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ​ការពារសន្តិសុខ ទប់ស្កាត់​ការ​ផ្ទុះអំពើហិង្សា​។​

ស្ថាប័នការងាររដ្ឋនឹង​ឯកជន សឹងតែ​គ្រប់វិស័យទាំងអស់ នៅថ្ងៃនេះ គឺបុគ្គលិក​ប្រកាសធ្វើបាតុកម្មទាំងអស់។ វិស័យដឹកជញ្ជូនសាធារណៈ រថភ្លើង រថយន្តក្រុងជាដើម គឺត្រូវបិទខ្ទប់សឹងទាំងស្រុង។ ៧០% នៃគ្រូបង្រៀនតាមសាលា ក៏មិនមកធ្វើការដែរ​ ដើម្បីចូលរួមជាមួយ​បាតុកម្ម។ អ្វីដែលជាការព្រួយ​បារម្ភមួយទៀតនោះ គឺបាតុកម្ម​របស់​ក្រុមបុគ្គលិក​ធ្វើការក្នុងវិស័យថាមពល។ បុគ្គលិករោងចក្រផលិត​អគ្គិសនីមិនមកធ្វើការ បង្កឲ្យ​មាន​ការបារម្ភថាអាចនឹងដាច់ចរន្តអគ្គិសនី នៅតាម​តំបន់ខ្លះ។ ហើយ​បុគ្គលិករោងចក្រចម្រាញ់ប្រេងឥន្ធនៈធំៗ ក៏ធ្វើបាតុកម្មដែរ ដែលបានបង្កឲ្យ​មានមនុស្ស​ផ្អើលឈូរដណ្តើមគ្នាទៅចាក់ប្រេងឥន្ធនៈ។

រដ្ឋាភិបាលនឹងដកថយ?

ការដាក់សំពាធលើរដ្ឋាភិបាល បានលទ្ធផលឬមិនបាន​គឺវាអាស្រ័យថា តើការបិទខ្ទប់រាំងស្ទះដំណើរការទូទាំងប្រទេសនេះ នឹងមានរយៈពេល​ប៉ុន្មាន។ កាលពីឆ្នាំ​១៩៩៥ រដ្ឋាភិបាល​បារាំង មាន​គម្រោង​ធ្វើកំណែទម្រង់​ប្រព័ន្ធចូលនិវត្តនេះដែរ ហើយ​ក៏​ផ្ទុះ​បាតុកម្ម​តវាទូទាំងប្រទេស មានរយៈពេល២ខែឯណោះ ធ្វើឲ្យ​រដ្ឋាភិបាលដកថយវិញ។ ចាប់តាំងពីឆ្នាំ​២០០៦មក ដែលរដ្ឋាភិបាលបារាំង​បានដកថយ​ ព្រម​ចុះចាញ់​ក្បួនមហាបាតុកម្ម ទាក់ទិននឹងកំណែទម្រង់ទីផ្សារការងារយុវជន ក្រោយ​ៗមក គឺបាតុកម្ម​មិន​ដែលបានធ្វើ​ឲ្យរដ្ឋាភិបាលដកថយទេ។

នៅឆ្នាំ​២០១០ រដ្ឋាភិបាល​លោកសាកូហ្ស៊ី បានសម្រេច​ធ្វើកំណែទម្រង់ដំឡើងអាយុចូលនិវត្តន៍​ដល់៦២ឆ្នាំ ទោះបីប្រជាជនធ្វើកម្មខ្លាំងក្លាក៏ដោយ​។ ហើយនៅលើកនេះ យោងតាម​​ការធ្វើប្រជាមតិ គឺ​ប្រជាជនបារាំង ប្រមាណ​៧៩%គិតថា រដ្ឋាភិបាល​នឹងមិនដកថយទេ គឺនឹងមានៈធ្វើកំណែទម្រង់នេះឲ្យ​បាន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ