អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីបានជា​រថក្រោះអាល្លឺម៉ង់​ Leopard 2​​ ដែលអ៊ុយក្រែនចង់​បាន មាន​សារៈសំខាន់​ខ្លាំង​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្លងកាត់​ការប្រជុំកាលពីថ្ងៃសុក្រទី២០មករា​ នៅឯមូលដ្ឋានទ័ពអាមេរិក​ក្នុងទឹកដី​អាល្លឺម៉ង់ Ramstein ក្រុមប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច បានសន្យា​ផ្តល់គ្រឿងសព្វាវុធបន្ថែមទៀត ទៅឲ្យ​អ៊ុយក្រែន ដើម្បីប្រយុទ្ធយកឈ្នះ។ ក៏ប៉ុន្តែ ទន្ទឹមគ្នានេះ អ៊ុយក្រែនបាន​បន្ត​ទទូចស្នើសុំរថក្រោះប្រយុទ្ធធុនធ្ងន់ ដែលអ៊ុយក្រែន​អះអាងថា គឺជាមធ្យោបាយ​មិនអាចខ្វះបាន ដើម្បីយកឈ្នះ​លើ​រុស្ស៊ី។ សំពាធត្រូវបាន​ដាក់កាន់តែខ្លាំង ទៅលើរដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​បន្តបដិសេធ មិនព្រមប្រគល់រថក្រោះប្រយុទ្ធ Leopard 2 របស់ខ្លួន​ទៅឲ្យ​អ៊ុយក្រែន។

រថក្រោះ Leopard 2 របស់កងទ័ពអាល្លឺម៉ង់ ក្នុងពេលហាត់សម នៅមូលដ្ឋានទ័ពក្បែរ ក្រុងHannover ថ្ងៃទី ២៨កញ្ញា ២០១១
រថក្រោះ Leopard 2 របស់កងទ័ពអាល្លឺម៉ង់ ក្នុងពេលហាត់សម នៅមូលដ្ឋានទ័ពក្បែរ ក្រុងHannover ថ្ងៃទី ២៨កញ្ញា ២០១១ AP - Michael Sohn
ផ្សាយពាណិជ្ជកម្ម

បន្ថែម​ជំនួយ​សព្វាវុធ

ឆ្លងកាត់ការប្រជុំនៅ មូលដ្ឋានទ័ព Ramstein កាលពីថ្ងៃសុក្រទី​២០មករា​ ជំនួយសព្វាវុធធំៗ ដែលយើងអាចលើកមកនិយាយបាន គឺការប្រកាសរបស់សហរដ្ឋអាមេរិក ផ្តល់ជំនួយយោធាចំនួន ២,៥ពាន់លានដុល្លារ។ ក្នុងនោះ អាមេរិក នឹងប្រគល់ទៅឲ្យ​អ៊ុយក្រែន នូវ​រថពាសដែកដឹកកម្លាំងទ័ព Stryker ចំនួន​៩០គ្រឿង ព្រមទាំង​រថពាសដែក​ធុនស្រាលបំពាក់កាណុង Bradley ចំនួន​៥៩គ្រឿងបន្ថែម ពី​លើ​៥០គ្រឿងដែលបានសន្យារួចហើយ​កាលពី​ពេលថ្មីៗនេះ​។

អាល្លឺម៉ង់វិញ នឹងប្រគល់រថពាសដែកធុនស្រាល ប្រភេទ Marder ចំនួន​៤០គ្រឿង ។ ដូចគ្នាដែរ បារាំងនឹងប្រគល់រថពាសដែកធុនស្រាលបំពាក់កាណុង​ AMX-10RC ទៅឲ្យ​អ៊ុយក្រែនដែរ តែមិនទាន់ដឹងចំនួន​ប៉ុន្មានទេ។ ដាណឺម៉ាក នឹងប្រមូល​ កាណុងបាញ់មីស៊ីល Caesar ទាំងអស់១៩គ្រឿងដែលខ្លួន​មាន ទៅឲ្យអ៊ុយក្រែន​។ ស៊ុយអែត សន្យាប្រគល់កាណុងអូតូម៉ូទ័រ ចំងាយឆ្ងាយ ប្រភេទ Archer។ ចំណែក​ហូឡង់ សន្យាប្រគល់ប្រព័ន្ធខែលមីស៊ីល Patriot ចំនួន​២គ្រឿងព្រមទាំង​គ្រាប់មីស៊ីល​មួយចំនួន​ផង។ ហើយ អេស្តូនី សន្យា ប្រគល់គ្រាប់​កាំភ្លើងធំនិងតូចមួយ​ចំនួន​ទៀត ទៅឲ្យ​អ៊ុយក្រែន​។

គិតមកទល់ពេលនេះ គឺមានតែអង់គ្លេសទេ ដែលបានសម្រេចប្រគល់ រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Challenger 2 ចំនួន​១៤គ្រឿង ទៅឲ្យអ៊ុយក្រែន។ ហើយ​កាលពីក្នុងពេលប្រជុំថ្ងៃម្សិលមិញ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានប្រកាសបន្ថែម គ្រាប់មីស៊ីល Brimstone ចំនួន​៦០០គ្រាប់ទៀត។

រថក្រោះ Challenger 2 របស់អង់គ្លេស​ នៅមូលដ្ឋានទ័ព Tapa ប្រទេសអេស្តូនី ថ្ងៃទី ១៩ មករា ២០២៣
រថក្រោះ Challenger 2 របស់អង់គ្លេស​ នៅមូលដ្ឋានទ័ព Tapa ប្រទេសអេស្តូនី ថ្ងៃទី ១៩ មករា ២០២៣ AP - Pavel Golovkin

អ៊ុយក្រែន ទទូចស្នើសុំ​រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទេ Leopard 2

ហេតុផល​ទី១ ​ដែលឲ្យ​អ៊ុយក្រែន ទទូចស្នើសុំរថក្រោះធុនធ្ងន់ គឺជាហេតុផលយូរអង្វែង។ រថក្រោះប្រយុទ្ធធុនធ្ងន់ដែលអ៊ុយក្រែនមាន ជាប្រទេសរថក្រោះចាស់ៗ សល់តាំងពីសម័យសូវៀត ហើយ​មួយចំនួនធំ គឺត្រូវរុស្ស៊ីបាញ់កម្ទេចសឹងទាំងអស់ហើយ តាំងតែពី​ពេល​សង្គ្រាមចាប់ផ្តើមម្លេះ។ គ្រឿងបន្លាស់ជួសជុលអី គឺទាល់តែទៅរកពីខាងរុស្ស៊ី។ ដូច្នេះ​អំណេះតទៅ សព្វាវុធទាំងនេះ គឺត្រូវអ៊ុយក្រែន​បោះបង់ចោលហើយ។ ទៅថ្ងៃអនាគត អ៊ុយក្រែនត្រូវតែ​ងាកទៅរកសព្វាវុធទំនើបធុនធ្ងន់ ពីខាងប្រទេសលោកខាងលិចវិញ ទើបមានគ្រឿងបន្លាស់ មានបច្ចេកវិទ្យាទំនើបថែមទៀត។ ណាមួយទៀត ចង់បានរថក្រោះធុនធ្ងន់រាប់រយគ្រឿង យក​មកបំពាក់ឲ្យ​កងទ័ព មិនមែនដូចយើងទៅ​ផ្សារទិញផ្លែឈើឯណា គឺត្រូវចំណាយពេលវេលាច្រើនខែ ឬឈានដល់ឆ្នាំ ទំរាំគេផលិតបាន ហើយ​ធ្វើការហ្វឹកហាត់ទាហានឲ្យ​ចេះប្រើប្រាស់ជាដើម។

បច្ចុប្បន្ននេះ រថក្រោះប្រយុទ្ធធុនធ្ងន់ ដែលជាបច្ចេកវិទ្យារបស់​ប្រទេសលោកខាងលិច គឺមាន​តែ​៤ប្រភេទទេ ។ ទីមួយគឺរថក្រោះ Abrams របស់អាមេរិក រថក្រោះ​ Challenger 2 របស់អង់គ្លេស រថក្រោះ Leclerc របស់​បារាំង និង​រថក្រោះ Leopard 2 របស់អាល្លឺម៉ង់។ តែបញ្ហាចោទ គឺថា រថក្រោះ Challenger 2 របស់អង់គ្លេស  និង​រថក្រោះ Leclerc របស់​បារាំង គឺគេឈប់ផលិតហើយ។ ដូច្នេះ វាមិនមែនជាដំណោះស្រាយ​យូរអង្វែងសម្រាប់អ៊ុយក្រែនទេ។

ម្លោះហើយ គឺមានសល់តែ២ទេ គឺ រថក្រោះ Abrams របស់អាមេរិក និង​រថក្រោះ Leopard 2 របស់អាល្លឺម៉ង់ នេះឯង​។ តែបញ្ហាចោទ គឺភាគីអាមេរិក មិនបដិសេធមិនអាចប្រគល់រថក្រោះ Abrams បានទេ ដោយ​លើកឡើងពីហេតុផល​មួយចំនួន ទាក់ទិននឹង​បញ្ហាជួសជុល និងការហ្វឹកហាត់ឲ្យចេះប្រើ។ ដូច្នេះ គឺវានៅសល់តែ​រថក្រោះ​ Leopard 2 របស់អាល្លឺម៉ង់ទេ ដែល​គេមើលទៅអាចជួយអ៊ុយក្រែនបាន ដែលវាឆ្លើយតបទៅនឹងដំណោះស្រាយ​រយៈពេលយូរអង្វែងផង និង​ក្នុងរយៈពេលបន្ទាន់នាពេលនេះផង ដែលកងទ័ពអ៊ុយក្រែនត្រូវការវាខ្លាំង ដើម្បី​ប្រយុទ្ធយកឈ្នះ។​

លោក​អធិការបតីអាល្លឺម៉ង់ Olaf Scholz និយាយទៅកាន់កងទ័ព នៅខាងមុខ​រថក្រោះ Leopard 2 នៅឯទីលានហាត់សម​ Ostenholz ថ្ងៃទី ១៧ តុលា ២០២២
លោក​អធិការបតីអាល្លឺម៉ង់ Olaf Scholz និយាយទៅកាន់កងទ័ព នៅខាងមុខ​រថក្រោះ Leopard 2 នៅឯទីលានហាត់សម​ Ostenholz ថ្ងៃទី ១៧ តុលា ២០២២ AP - Moritz Frankenberg

បើលូកដៃជ្រៅ លូកទាំងអស់គ្នា​!

ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច បានព្យាយាមនិយាយបញ្ចុះបញ្ចូល​រដ្ឋាភិបាលអាល្លឺម៉ង់ ខ្លាំងសម្បើម​ណាស់ កាលពីថ្ងៃម្សិលមិញ។ តែខាងភាគីអាល្លឺម៉ង់ នៅតែមិនទាន់យល់ព្រមទេ។ គេថាគេត្រូវការពេលវេលាគិតឲ្យ​បាន​ល្អិតល្អន់បន្តិច។ ប្រភពពីមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ លើកឡើងថា អាល្លឺម៉ង់អាចប្រគល់រថក្រោះ Leopard 2 បាន ល្គឹកណាអាមេរិក ប្រគល់ រថក្រោះ Abrams ដែរ។ ពោលគឺអាល្លឺម៉ង់ មិនចង់ធ្វើតែម្នាក់​ឯងទេ ព្រោះ រថក្រោះប្រយុទ្ធធុនធ្ងន់ វាមានតម្លៃនិម្មិតរូបខ្លាំងណាស់។ រថក្រោះប្រយុទ្ធធុនធ្ងន់របស់អាល្លឺម៉ង់ ត្រូវអ៊ុយក្រែនយកទៅប្រើក្នុងសមរភូមិធ្វើសង្គ្រាម​តទល់នឹងរុស្ស៊ី វាមិនមែនជារឿងលេងសើចទេ។ ទៅថ្ងៃខាងមុខ ពេលចប់ សង្គ្រាម បញ្ហានេះនឹងអាចជាឧបសគ្គ ដល់ការស្តារទំនាក់ទំនង រវាងរុស្ស៊ី និងអាល្លឺម៉ង់។ អញ្ចឹងហើយ​បានជាអាល្លឺម៉ង់ ចង់អូសអាមេរិកឲ្យទៅជាមួយខ្លួនដែរ ថាជ្រុលលូកដៃជ្រៅ លូកទាំងអស់គ្នា​។

តែពេលនេះ សំពាធកំពុងតែមានខ្លាំង ទៅលើរដ្ឋាភិបាលអាល្លឺម៉ង់ ព្រោះថាមានតែ​​អាល្លឺម៉ង់គឺជាកូនសោរ ដែលអាចចាកដោះស្រាយ​បញ្ហានេះបាន។ បច្ចុប្បន្ន​ ​មានប្រទេសអឺរ៉ុប​ជាង​១០​ប្រទេស ដែលមានរថក្រោះប្រភេទ Leopard 2 របស់អាល្លឺម៉ង់ នៅក្នុងស្តុក​។ អ៊ុយក្រែនត្រូវការចង់បាន យ៉ាងហោច៣០០គ្រឿងឯណោះ​។​ គំនិតគេស្នើមក​ គឺប្រទេសនីមួយៗ​​ដែលមាន​ រថក្រោះ Léopard ជួយបញ្ជូន​ម្នាក់​ក្នុងចំនួន​តូច ដើម្បីកុំ​ឲ្យ​មានបញ្ហាខ្វះស្តុកនៅតាមប្រទេសរៀងៗ​ខ្លួន​។​ ប្រទេសខ្លះដូចជា ប៉ូឡូញ ហ្វាំងឡង់ ជាដើមបានអះអាងរួចហើយ ថាគេសុខចិត្ត​ផ្តល់ទៅឲ្យ​អ៊ុយក្រែន។ ក៏ប៉ុន្តែគឺទាល់តែមានការអនុញ្ញាតពីរដ្ឋាភិបាលអាល្លឺម៉ង់ ព្រោះអាល្លឺម៉ង់ជាប្រទេសផលិតវា ហើយ​មានសិទ្ធិព្រមឬមិនព្រម ឲ្យរថក្រោះដែលខ្លួនលក់​ទៅឲ្យ​ប្រទេសមួយ អាចត្រូវបញ្ជូនទៅឲ្យ​ប្រទេសមួយទៀតបាន​។ ត្រង់នេះហើយ បានជាបច្ចុប្បន្ននេះ មានសំពាធខ្លាំងណាស់ ទៅលើរដ្ឋាភិបាលអាល្លឺម៉ង់។

កិច្ចប្រជុំរវាង​តំណាងក្រសួងការពារជាតិ នៃបណ្តាប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច ដើម្បី​ផ្តល់សព្វាវុធឲ្យ​អ៊ុយក្រែន។ មូលដ្ឋានទ័ព​អាមេរិក Ramstein ទឹកដីអាល្លឺម៉ង់ ថ្ងៃទី ២០ មករា ២០២៣
កិច្ចប្រជុំរវាង​តំណាងក្រសួងការពារជាតិ នៃបណ្តាប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច ដើម្បី​ផ្តល់សព្វាវុធឲ្យ​អ៊ុយក្រែន។ មូលដ្ឋានទ័ព​អាមេរិក Ramstein ទឹកដីអាល្លឺម៉ង់ ថ្ងៃទី ២០ មករា ២០២៣ AP - Michael Probst

រថក្រោះប្រយុទ្ធធុនធ្ងន់ ចាំបាច់បំផុតនៅសមរភូមិ​ក្នុងពេលនេះ​

នៅក្នុងពេលប្រជុំម្សិលមិញ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បាន​លើកឡើងថា បើពិនិត្យលើស្ថានការណ៍ជាក់ស្តែង គឺប្រហែលជាពិបាកយកឈ្នះ​ ដេញកងទ័ពរុស្ស៊ីឲ្យចេញអស់ពីទឹកដីអ៊ុយក្រែន ក្នុងឆ្នាំ​២០២៣នេះណាស់​។ តែយ៉ាងណា លោក Lloyd Austin បានបន្ថែមថា លោកសង្ឃឹមថា ក្នុងរដូវស្លឹកឈើលាស់ ខាងមុខនេះ ជាឧកាសអំណោយផលមួយ ដែលកងទ័ពអ៊ុយក្រែនអាចបើកសំរុក​ប្រយុទ្ធ ដើម្បី​រុញកងទ័ពរុស្ស៊ីឲ្យដកថយ។

បើតាមការលើកឡើង របស់​លោក Colin Kahl មន្ត្រីជាន់ខ្ពស់ម្នាក់នៅ​ក្រសួងការពារជាតិអាមេរិក គឺថារថក្រោះប្រយុទ្ធធុនធ្ងន់ ដូចយ៉ាងប្រភេទ Leopard នេះ គឺពិតជាអាចជួយ​បានខ្លាំងណាស់។ លោក​ពន្យល់ថា បច្ចុប្ប​ន្ននេះ នៅតាម​ខ្សែបណ្តោយ​ជួរមុខ កងទ័ពរុស្ស៊ីបានជីករណ្តៅខ្សែការពារ ដាក់គ្រាប់មីន និងសាងសង់ឧបសគ្គជាច្រើប​ ទប់កុំឲ្យ​កងទ័ពអ៊ុយក្រែនរុលចូល។ ដូច្នេះកងទ័ពអ៊ុយក្រែន ត្រូវការ​រថក្រោះទំនើប ដែលមានកម្លាំងប្រយុទ្ធ ដើម្បី​បាញ់​ប្លោងគ្រាប់ផង បើកសំរុកចូល​ផង ឆ្លងកាត់ឧបសគ្គទាំងអស់នេះ​។ កងទ័ពថ្មើរជើង ឬត្រឹមរថពាសដែកស្រាល​ៗ មិនអាចរុលចូលបានទេ។ សម្រុកចូលបានហើយ ទើបអាចបញ្ជូន​រថពាសដែកធុនស្រាល ដឹកកម្លាំងទ័ព ចូលទៅគ្រប់គ្រងដែនដីដែល​ដណ្តើម​បាន។ ដូច្នេះសន្ទុះរុលទៅមុខ របស់កងទ័ពអ៊ុយក្រែននាពេលនេះ គឺពឹងផ្អែកសឹងទាំងស្រុង ទៅលើរថក្រោះប្រយុទ្ធធុនធ្ងន់។

ក្នុងពេលប្រជុំនៅ Ramstein លោក​ហ្សេឡេនស្គី បានថ្លែងរន្ធាន់ថា សូមឈប់រុញរា គិតយូរទៀតទៅ ពេលនេះជាពេលដែលត្រូវតែសម្រេចធ្វើ ដើម្បីសំរុកជួយអ៊ុយក្រែន​។ រថក្រោះប្រយុទ្ធធុនធ្ងន់ គឺជាជម្រើសតែមួយគត់ ដើម្បីយកឈ្នះ។ ព្រឹកថ្ងៃសៅរ៍ ទី​២១មករា លោក​ Mikhaïlo Podoliak ទីប្រឹក្សាលោក​ហ្សេឡេនស្គី​ បានសរសេរ លើTwitter “កាន់តែស្ទាក់ស្ទើ កាន់តែរារែក ប្រជាជនអ៊ុយក្រែនស្លាប់កាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ