អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឃាតកម្ម​បាញ់​រះ​នៅ​កាលីហ្វ័រញ៉ា ៖ ជន​សង្ស័យ​ស្លាប់ ​ប៉ូលិស​បន្តស្រាវជ្រាវ​រក​មូលហេតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ប្រពៃណី​ចិន នៅ​ម៉ុងតេផាក​ ត្រូវ​បាន​លុប​ចោល​ទាំង​អស់ ក្រោយ​ហេតុការណ៍​បាញ់​រះ​សម្លាប់​មនុស្សអស់​១០នាក់ នៅ​​ក្នុង​រង្គសាលដែល​មនុស្ស​ម្នា​កំពុងជួប​ជុំ​គ្នា​អបអរ​​ឆ្លង​ឆ្នាំ។ មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​បាញ់​រះ​ ដ៏​សោកសៅ ចម្ងល់​នៅ​តែ​បន្ត​ចោទ​ឡើង​ដដែល​ជុំ​វិញ​មូលហេតុ​ដែល​ជំរុញ​ឱ្យ​ខ្មាន់​កាំភ្លើង​ធ្វើ​សកម្មភាព។ ជនសង្ស័យ​ដែល​ទំនង​មាន​តែ​ម្នាក់​បាន​ស្លាប់​នៅក្នុង​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​របស់​ប៉ូលិស។

ជន​សង្ស័័យ​ប្រព្រឹត្តអំពើ​បាញ់​រះ​នៅ​សង្កាត់​Monterey Park សហរដ្ឋ​អាមេរិក យប់​ថ្ងៃទី ២១ មករា​២០២៣
ជន​សង្ស័័យ​ប្រព្រឹត្តអំពើ​បាញ់​រះ​នៅ​សង្កាត់​Monterey Park សហរដ្ឋ​អាមេរិក យប់​ថ្ងៃទី ២១ មករា​២០២៣ AP
ផ្សាយពាណិជ្ជកម្ម

ជា​ច្រើន​ម៉ោង​ក្រោយ​​ហេតុការណ៍បាញ់​រះ​ ​ប៉ូលិសបាន​​ជូន​ដំណឹង​អំពី​ការ​ស្លាប់​របស់​ជន​សង្ស័យ។ បើ​តាមការ​រៀបរាប់​​របស់​​ស្ហេរីហ្វមូល​ដ្ឋាន​ លោក​ រ៉ូប៊ឺត លូណា Robert Luna ប្រតិបត្តិការ​ស្វែង​រក​ចាប់​ខ្លួន​បានបិទ​បញ្ចប់ ដោយ​ខ្មាញ់​កាំភ្លើង​​ទំនង​ជាបានបាញ់​​សម្លាប់​ខ្លួនឯង បន្ទាប់​ពី​មាន​ការ​បាញ់​តបត​គ្នា ជាមួយ​​ភ្នាក់ងារប៉ូលិសមួយប្រាវ។

ខ្មាញ់​កាំភ្លើង​នោះ​គឺ​ជន​សង្ស័យ​តែ​ម្នាក់​គត់នៃ​​ឃាតកម្ម​បាញ់​រះ​នៅ​ក្នុង​សង្កាត់​អាស៊ី​ជាយ​ក្រុង​Los Angeles ក្នុង​យប់​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​ជា​ប្រពៃណី​ចិន។ បន្ទាប់​ពី​បាន​បាញ់​រះ​នៅក្នុង​រង្គសាល​ក្នុង​សង្កាត់​ម៉ុងតេរេផាក​ ដែល​បានផ្តាច់​​ជីវិត​មនុស្ស​១០នាក់ ​ភាគ​ច្រើន​មានអាយុ​ពី​៥០ទៅ​៦០ឆ្នាំ ជន​សង្ស័យ​រូប​នេះ បានប៉ុនប៉ង​​ចូល​ទៅ​បាញ់​ក្នុង​រង្គសាល​មួយ​ទៀត​ជិត​នោះ​ ប៉ុន្តែ​ជា​សំណាង​ល្អ មាន​មនុស្ស​ពីរនាក់​អាចឃាត់​ចាប់ ​ទើប​ខ្មាន់​កាំភ្លើង​រត់​គេ​ច​ខ្លួនទៅ។ ប្រតិបត្តិការ​​​ដេញ​តាម​ចាប់​ខ្លួនមាន​ថត​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​បណ្តាញ​សារព័ត៌មាន​ជា​ច្រើន។ គេ​ឃើញ​​​ប៉ូលិស​ អាច​ស្ទាក់ព័ទ្ធ​​​ឡាន​របស់​ខ្មាន់​កាំភ្លើង​បាន នៅ​ពេល​ទៅ​​ដល់​សង្កាត់​Torrance ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤៥​គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​ម៉ុងតេរ៉េផាក។

ស្ហេរីហ្វ រ៉ូប៊ឺត​ លូណា បាន​លម្អិតទៀត​ថា កាំភ្លើង​ដែល​ជនសង្ស័យ​ប្រើ​មិនមែនជា​កាំភ្លើង​វែង​ស្វ័យប្រវត្តិ​ទេ តែ​ជា​កាំភ្លើង​ខ្លី​ពាក់​កណ្តាល​ស្វ័យប្រវត្តិ​ ដែល​មាន​ផ្គុំ​​កៃបន្ថែម​​សម្រាប់​បញ្ចូល​គ្រាប់​បាន​ច្រើន ទើប​អាច​បង្កើន​សមត្ថភាព​បាញ់​បាន​យូរ។

អាយុ​៧២​ឆ្នាំ​ ខ្មាន់​កាំភ្លើង​មាន​ដើម​កំណើត​អាស៊ី​ ឈ្មោះ​Huu Can Tran។ តាម​រូបភាព​វីដេអូ​សុវត្ថិភាព ជន​សង្ស័យ​នេះ មានពាក់​វ៉ែន​តា​ទៀត ប៉ុន្តែស្ហេរីហ្វ លូណា បាន​បញ្ជាក់​ថា ​គេ​នៅ​ពុំ​ទាន់​ដឹង​ និង​ពុំ​ទាន់​យល់​អំពីមូលហេតុ​ដែល​ជំរុញ​ឱ្យ​ខ្មាន់​កាំភ្លើង​ដ៏​ចំណាស់​ទៅ​ហើយ​​ប្រព្រឹត្ត​អំពើបែប​ឧក្រិដ្ឋ​ឡើយ​។ ប៉ូលិស​កំពុង​បន្ត​ធ្វើ​ការ​អង្កេត​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​អាច​ប្រមូល​ព័ត៌មាន​បន្ថែម​ ហើយ​កំណត់​បាន​អំពី​មូលហេតុនៃ​ទង្វើ​ដ៏​សោកសៅ​នេះ។

បង្ហូត​ទង់ជាតិ​ពាក់កណ្តាលដង

Monterey Park ជាសង្កាត់​អាស៊ី​​​មួយមាន​ប្រជាជន​រស់​នៅប្រមាណ​៦១០០០នាក់ ដែល​​​ស្ថិត​នៅចម្ងាយ​ប្រមាណ​តែ​១៣គីឡូម៉ែត្រ​ពីក្រុង​​Los Angeles និង​ល្បី​ថា​ជា​សង្កាត់​ដ៏​ស្ងប់ស្ងាត់​មាន​សុវត្ថិភាព​ណាស់។ ប៉ុន្តែថ្ងៃ​នេះ ប្រជាពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី បាន​នាំ​គ្នា​សម្តែង​ភាព​ក្រៀម​ក្រំ​។ អ្នក​យាម​ដើម​កំណើត​ម៉ាឡេស៊ី​ម្នាក់​បាន​លាន់​មាត់​ដោយ​រន្ធត់​ថា អំពើ​ហិង្សា​មាន​ជា​ញឹកញយមែន​នៅ​អាមេរិក នៅ​ឡូហ្សង់ហ្សឺឡេស​មែន តែ​នេះ​ជា​លើក​ទីមួយ​ដែល​គេ​បាន​ឃើញសហគមន៍​របស់​ខ្លួន​បាន​រងគ្រោះ​ដែរ។

នេះ​ជា​ករណី​ឃាតកម្មបាញ់​រះ​ស្លាប់​មនុស្ស​ច្រើន​គេ​បំផុត​ដែរ គិត​ចាប់​តាំង​ពីហេតុការណ៍​បាញ់​រះស្លាប់​មនុស្ស​២១នាក់​ កាលពី​ខែ​ឧសភា​ឆ្នាំ​ទៅ ក្នុង​សាលា​បឋម​សិក្សា​ មួយ​ក្នុង​រដ្ឋ​តិចសាស់។ ​ដោយ​មិន​បង្អង់​ ​អភិបាល​រដ្ឋ​ ​លោកស្រី​អនុប្រធានាធិបតី និង​ ​ប្រធានាធិបតី​អាមេរិកបាន​បញ្ចេញ​ប្រតិកម្ម​​ជា​បន្តបន្ទាប់។ លោកចូបៃដិន បានចេញ​សេចក្តី​ថ្លែងការណ៍​ថា “គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៃទង្វើ​ដ៏​អាក្រក់​នេះមែន​​តែយើង​បាន​ដឹងអំពី​ទុក្ខសោក​របស់​គ្រួសាររងគ្រោះ និង​សូម​បន់​ស្រន់​ឱ្យ​ក្រុមគ្រួសារ​ឆាប់​បាន​ស្រាកស្រាន្ត”។ លោកប្រធានាធិបតី​​​​ប្រកាស​ឱ្យ​ស្ថាប័ន​រដ្ឋ​​ទូទាំង​ប្រទេស​បង្ហូត​ទង់​ជាតិ​ពាក់​កណ្តាល​ទង់ រហូត​ដល់​ថ្ងៃទី ២៦​មករា ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ។

បើ​តាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង គិត​ចាប់​តាំងពី​ថ្ងៃទី ១​មករា​២០២៣​មក មានការ​​បាញ់​រះទ្រង់ទ្រាយ​ធំ​​​​ចំនួន​ជាង​៣០ករណី​ ដែល​អាជ្ញាធរ​បាន​កត់​ត្រា​ចុះ​បញ្ជី។ ក្នុង​យប់​ថ្ងៃ​សៅរ៍​ទី ២១​មករាដដែល​នេះ មាន​ការ​បាញ់​រះមួយ​ទៀត​ ​ក្នុង​កន្លែង​រាំឌីស្កូមួយ​នៅ​រដ្ឋ​Louisiane បណ្តាល​ឱ្យ​របួស​មនុស្ស​១២​នាក់។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក ហើយ​នេះ​ក៏​ជាការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា គ្មាន​កន្លែងណា​មួយដែល​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អាមេរិក​អាច​មិន​ឮ​ស្នូរ​កាំភ្លើង​ទេ។​ ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​​បំបែក​កំណាត់​ត្រា ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ។ កាលពី​​ឆ្នាំ​២០២១ ​ករណី​​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​មាន​ចំនួនប្រមាណ​៤៩០០០នាក់​ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​​ ទល់​នឹង​៤៥០០០​នាក់​នៅ​ឆ្នាំ​២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ