អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយការបង្រ្កាបនៅ​ជំរំប៉ាឡេស្ទីន អ៊ីស្រាអែលរងគ្រោះផ្ទួនៗដោយការបាញ់ប្រហារ​របស់ខ្មាន់កាំភ្លើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈពេល មិនដល់​មួយថ្ងៃ អ៊ីស្រាអែល​បាន​រង​ការវាយប្រហារ ដោយ​ខ្មាន់កាំភ្លើង ពីរលើក​ជាប់ៗគ្នា។ នៅក្រោយ​ការបាញ់ប្រហារ របស់​យុវជនប៉ាឡេស្ទីន នៅ​ខាង​ក្រៅ​វិហារជ្វីហ្វ នៅ​ជេរូសាឡឹមខាងកើត ដែលបាន​សម្លាប់​មនុស្ស ៧នាក់ កាលពី​ល្ងាចថ្ងៃ​សុក្រ​ ជនសង្ស័យ​​ប៉ាឡេស្ទីន​ម្នាក់ទៀត ត្រូវ​ប៉ូលិស​អ៊ីស្រាអែល ចាប់ខ្លួន នៅ​ក្រោយបាញ់ មនុស្ស​ពីរនាក់​ឲ្យរបួស នៅព្រឹកថ្ងៃ​សៅរ៍ទី​២៨​មករា នៅ​ជេរូសាឡឹម​ខាងកើត​ដដែល។ ការបាញ់ប្រហារ​ទៅលើ​ប្រជាជន​អ៊ីស្រាអែល នៅជេរូសាឡឹមខាងកើត កើតឡើង​នៅមួយថ្ងៃ​ក្រោយ ប្រតិបត្តិការបង្រ្កាប​ដ៏ហិង្សា​របស់កងទ័ពអ៊ីស្រាអែល នៅ​ជំរំជនភៀសខ្លួន​ប៉ាឡេស្ទីន នៅ​ហ្សេនីន ដែលបាន​សម្លាប់មនុស្ស ៩នាក់។

ប៉ូលិស​អ៊ីស្រាអែល​នៅ​កន្លែងកើតហេតុ នៅក្រោយ​ការបាញ់ប្រហារ​របស់​ខ្មាន់កាំភ្លើង​នៅ​ក្រៅ​វិហារជ្វីហ្វ​នៅ​ជេរូសាឡឹមខាងកើត នៅ​ថ្ងៃសុក្រ​ទី ២៧ មករា ២០២៣
ប៉ូលិស​អ៊ីស្រាអែល​នៅ​កន្លែងកើតហេតុ នៅក្រោយ​ការបាញ់ប្រហារ​របស់​ខ្មាន់កាំភ្លើង​នៅ​ក្រៅ​វិហារជ្វីហ្វ​នៅ​ជេរូសាឡឹមខាងកើត នៅ​ថ្ងៃសុក្រ​ទី ២៧ មករា ២០២៣ REUTERS - RONEN ZVULUN
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ និង​នៅថ្ងៃសៅរ៍នេះ អ៊ីស្រាអែល បាន​រងគ្រោះផ្ទួនៗគ្នា ដោយ​ការបាញ់ប្រហារ​សម្លាប់មនុស្ស នៅ​ជេរូសាឡឹម​ខាងកើត។ តាម ប៉ូលិស​អ៊ីស្រាអែល ​ខ្មាន់កាំភ្លើង​ដែលបាន​បាញ់​សម្លាប់​មនុស្ស ៧នាក់ និង​ធ្វើ​ឲ្យមនុស្ស​របួស​ធ្ងន់ ៣នាក់ នៅ​ជេរូសាឡឹមខាងកើត កាលពីយប់ថ្ងៃ​សុក្រម្សិលមិញ ធ្វើសកម្មភាព​តែម្នាក់ គ្មាន​ជាប់​បណ្តាញ​នឹង​ក្រុម​ប្រដាប់អាវុធណាទេ។ ខ្មាន់​កាំភ្លើង កាលពី​យប់ថ្ងៃ​សុក្រ ដែល​បាញ់រះ ទៅលើ​មនុស្ស​នៅខាងក្រៅ វិហារជ្វីហ្វ ជាយុវជន​ប៉ាឡេស្ទីន អាយុ ២១ឆ្នាំ ដែលរស់នៅក្នុងតំបន់​ជេរូសាឡឹម​ខាងកើត ដែលអ៊ីស្រាអែល​បាន​ឈ្លានពាន​យកទៅ​កាន់កាប់​ដោយខុសច្បាប់ តាំង​ពី​ឆ្នាំ ១៩៦៧។ តាមប៉ូលិស​អ៊ីស្រាអែលដដែល ក្រោយ​បាញ់រះសម្លាប់មនុស្ស​ដោយឥតរើសមុខ ខ្មាន់កាំភ្លើង​បាន​បើកឡានគេចពីកន្លែងកើតហេតុ ប៉ុន្តែ ត្រូវ​ស្លាប់ដោយគ្រាប់កាំភ្លើង នៅក្នុងពេល​បាញ់តបតជាមួយប៉ូលិស។

នៅក្រោយ​ការវាយប្រហារភេរវកម្ម ប៉ូលិសអ៊ីស្រាអែល​បាន​ចាប់ឃុំខ្លួន ​មនុស្ស​៤២នាក់ ដែលភាគច្រើន​ជាសាច់ញាតិ គ្រួសារ និងអ្នកជិតខាង​របស់​ខ្មាន់កាំភ្លើង។ ទោះ ខ្មាន់កាំភ្លើង​គ្មានជាប់ពាក់ព័ន្ធ​នឹងចលនា​ប្រដាប់អាវុធ​ប៉ាឡេស្ទីន​ណាមួយ ប៉ុន្តែ ប៉ូលិស​អ៊ីស្រាអែល នៅបន្ត​ស្រាវជ្រាវ​រក​អ្នកផ្សំគំនិត ដែល​ជំរុញ​ឲ្យ​មានការបាញ់ប្រហារ​សម្លាប់មនុស្ស​នៅ​វិហារជ្វីហ្វលើកនេះ។

និយាយ​ពី​ខ្មាន់កាំភ្លើង​ទី​២ ដែលបាញ់​មនុស្ស​ឲ្យ​របួស នៅ​ព្រឹកថ្ងៃ​សៅរ៍នេះ វិញ គឺ​ជាយុវជន​ប៉ាឡេស្ទីន អាយុ ១៣ឆ្នាំ ដែលប៉ូលិស​បាន​ចាប់ឃាត់ខ្លួន​ភ្លាមៗ នៅក្រោយ​បាញ់មនុស្ស​ឲ្យរបួសពីរនាក់ នៅ​សង្កាត់​របស់​ប៉ាឡេស្ទីន នៅ​ជេរូសាឡឹម​ខាងកើត។ នៅក្រោយ​ការបាញ់ប្រហារ​ពីរលើកផ្ទួនៗគ្នា អ៊ីស្រាអែល​បាន​ប្រកាស​ពង្រឹង​សន្តិសុខ តាមរយៈ​ការបញ្ជូន​កងពល​មួយ​អង្គភាពបន្ថែមទៀត​ទៅប្រចាំការនៅ​ជេរូសាឡឹម​ខាងកើត។ នៅពេល​ចុះ​ទៅដល់​កន្លែងកើតហេតុកាលពីយប់ថ្ងៃ​សុក្រម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ បាន​និយាយ​ថា រដ្ឋាភិបាល​អ៊ីស្រាអែល​នឹង​ចាត់វិធានភ្លាមៗ ប៉ុន្តែ លោក​មិនបាន​លម្អិត តើជា​វិធានការ​បែបណាទេ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីស្រាអែល លោក​ Itamar Ben-Gvir ដែលមានប្រភពមកពី​គណបក្ស​ស្តាំនិយមជ្រុល ជាតិ និយមជ្រុលរបស់អ៊ីស្រាអែល​បានបន្លឺហើយថា រដ្ឋាភិបាល​អ៊ីស្រាអែល​ត្រូវ​តែចាត់វិធានការតបតវិញ។

អ៊ីស្រាអែល​ក្រៀមក្រំ ដោយសារ​អំពើភេរវកម្ម ប៉ុន្តែ តំបន់​ហ្កាហ្សាប៉ាឡេស្ទីន​បាញ់កាំភ្លើងអបអរ

គិត​មកត្រឹម​ព្រឹកថ្ងៃសៅរ៍ គ្មាន​ក្រុមប៉ាឡេស្ទីនណាមួយ​ចេញមុខ​ទទួលខុសត្រូវ​លើការវាយប្រហារភេរវកម្ម​នៅ​ជេរូសាឡឹម​ខាងកើត។ ទាំងក្រុមហាម៉ាសប៉ាឡេស្ទីនដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា និង​ចលនា​អ៊ីស្លាម ប៉ាឡេស្ទីន​ផ្សេងទៀត។ ប៉ុន្តែ ក្រុមប្រដាប់អាវុធ ប៉ាឡេស្ទីន​ខាងលើនេះ បាន​អបអរ​ស្វាគម ការវាយប្រហារទៅលើផលប្រយោជន៍​របស់​អ៊ីស្រាអែល លើកនេះ។

សម្រាប់អ្នកនាំពាក្យ​របស់​ចលនា​អ៊ីស្លាមប៉ាឡេស្ទីន​នៅហ្កាហ្សា ការវាយប្រហារ​របស់​ខ្មាន់កាំភ្លើង​ប៉ាឡេស្ទីន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​អំពើឧក្រិដ្ឋ​ដែល​ទាហានអាណានិគម​អ៊ីស្រាអែល បាន​ប្រព្រឹត្ត​ទៅលើ​ជំរំជនភៀសខ្លួន ហ្សេនីន កាលពី​ថ្ងៃ​ព្រហស្បតិ៍។ សម្រាប់​អ្នកនាំពាក្យ​ចលនា​អ៊ីស្លាមប៉ាឡេស្ទីន វាជាចំលើយតបដ៏សក្តិសម និង ធម្មតា​ទៅនឹង​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​អាណានិគម​អ៊ីស្រាអែល។

អ្នកនាំពាក្យ​ខាងលើចង់​សំដៅ​ដល់​ប្រតិបត្តិការ យោធា ដ៏ហិង្សា​របស់​ទាហាន​អ៊ីស្រាអែល​នៅជំរំប៉ាឡេស្ទីន នៅ​ហ្សេនីន ដែល​បាន​សម្លាប់​មនុស្ស ៩នាក់។ នៅថ្ងៃព្រហស្បតិ៍ ការបង្រ្កាបរបស់ទាហាន​អ៊ីស្រាអែល​បានសម្លាប់ប្រជាជន​ប៉ាឡេស្ទីន សរុប ១០នាក់។

កងទ័ព​អ៊ីស្រាអែល វិញ បាន​និយាយ​ការពារ​ប្រតិបត្តិការ​បង្រ្កាប​របស់ខ្លួន នៅជំរំហ្សេនីនថា ធ្វើឡើង​ដើម្បី ទប់ស្កាត់ ​កុំឲ្យ​ក្រុមអ៊ីស្លាមជ្រុលនិយម អាច​ប្រមូលផ្តុំ​កម្លាំង ប្រដាប់​អាវុធ នៅ​ក្នុងជំរំ​ហ្សេនីន សម្រាប់​យកទៅវាយប្រហារ​អ៊ីស្រាអែល​នៅថ្ងៃអនាគត។ ឧត្តមស្នងការសិទ្ធិមនុស្ស​បាន​បរិហារ​ប្រតិបត្តិការយោធា​របស់អ៊ីស្រាអែល ដែលបាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ក្នុងចំនួនដ៏ច្រើន ក្នុងរយៈពេល​តែមួយថ្ងៃ។ តាមអង្គការ​សហប្រជាជាតិ ក្នុងរយៈពេល​មិនដល់​១ខែ នៅដើមឆ្នាំ ថ្មីនេះ ជនជាតិ​ប៉ាឡេស្ទីន ៣០​នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល ស្ត្រី និងកុមារ​ស្លាប់​នៅក្នុង​ការវាយប្រហារ បាញ់បង្រ្កាបហិង្សា​របស់​ទាហាន ​អ៊ីស្រាអែល។

ចំណុចចាប់ផ្តើម នៃ​ការផ្ទុះសង្រ្គាមចោលដុំថ្ម Intifada ឬ​ការងើបបះបោរ​របស់​ប្រជាជន​ប៉ាឡេស្ទីន ជា​លើកទី​៣?

នៅក្រោយ​ការវាយប្រហារ​ទៅលើ​វិហារជ្វីហ្វ កាលពីថ្ងៃ​សុក្រ ប្រតិកម្ម​ថ្កោលទោស ពីសហគមន៍​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តបន្ទាប់គ្នា នាំមុខ​ដោយ​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ និង​មេដឹកនាំ​របស់​បារាំង អាមេរិក អាល្លឺម៉ង់ តួកគី និងសូម្បី​ប្រទេស​អារ៉ាប់ ដូចជាហ្សកដានី អេមីរ៉ាតអារ៉ាប់រួមជាដើម ដែលធ្លាប់គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន។

សម្រាប់​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ ការបាញ់ប្រហារ​ទៅលើ​វិហារជ្វីហ្វ ជារឿងដែលគេ​មិនអាចទទួល​យកបានទេ ព្រោះវា​កើតឡើង នៅ​ចំ​ថ្ងៃ​បុណ្យ​រំលឹក​ខួប​ការសម្លាប់រង្គាលជនជាតិ​ជ្វីហ្វ​ក្នុង​សង្រ្គាម​លោក​លើកទី២។

ក្រៅពីថ្កោលទោស មេដឹកនាំ​បរទេស រួមទាំង អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​កំពុង​ព្រួយបារម្ភខ្លាំង​ពីការផ្ទុះឡើង​សាជាថ្មី ការប៉ះទង្គិច​គ្នា​ដ៏ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ទាំង​អគ្គលេខាធិការអង្គការសហប្រជាជាតិ និង​ប្រធានាធិបតីបារាំង និង​មេដឹកនាំ​ហ្សកដានី តួកគី ជាដើម បានអំពាវនាវ ភាគី​ជម្លោះ ទាំងពីរ​ប៉ាឡេស្ទីន អ៊ីស្រាអែល អត់ធ្មត់ និង​កាត់បន្ថយ​ភាពតានតឹងនឹងគ្នា​ឲ្យ​បាន​ច្រើនបំផុត។

គេសង្កេតឃើញថា ការប៉ះទង្គិចគ្នា កាន់តែ​ហិង្សារវាង​ទាហាន​អ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីន កើតឡើង​កាន់តែ​ញឹកញយឡើង នៅក្រោយ អ៊ីស្រាអែល​មាន​រដ្ឋាភិបាល​ស្តាំជាតិនិយមជ្រុល​មិនធ្លាប់មាន​នៅក្នុងប្រវត្តិរបស់អ៊ីស្រាអែល។ ត្រូវដឹងថា លោកនេតាន់យ៉ាហ៊ូ ដែល​ចង់ក្លាយ ជា​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល សុខចិត្ត​ចាប់ដៃ​ជាមួយ គណបក្ស​ស្តាំនិយមជ្រុល​ខ្លាំង​ដើម្បី បង្កើត​រដ្ឋាភិបាល។ ក្រុមស្តាំនិយមជ្រុល ជា​អ្នកដែល​រើសអើង និង​ទាមទារ​ចង់ពង្រីកដែនអាណានិគមកិច្ច​ទៅលើ​ទឹកដីប៉ាឡេស្ទីន។ ចាប់តាំង​លោក​នេតាន់យ៉ាហ៊ូ​ត្រលប់មក​មកកាន់អំណាច ក្រុម​នេះ បាន​លេស ប្រព្រឹត្ត​អំពើ​ហិង្សា បណ្តេញ​ប្រជាជន​ប៉ាឡេស្ទីនពីផ្ទះសម្បែង ដើម្បី​យក​ដី​មកសង់​ផ្ទះ សម្រាប់​តំបន់អាណានិគមកិច្ច​របស់ខ្លួន។

សម្រាប់អ្នកជំនាញ ប្រជាជន​ប៉ាឡេស្ទីន​ដែលរស់នៅជាមួយ​ការភ័យខ្លាច ដោយសារ ការរើសអើង ការបង្រ្កាបហិង្សា របស់​ទាហាន និង​ក្រុមស្តាំនិយមជ្រុល​អ៊ីស្រាអែល កំពុង​ដុះគំនិត​ខឹងសម្បារកាន់តែខ្លាំងឡើង ដែលនឹង​អាចផ្ទុះ​ទៅជា​កំហឹងសងសឹក និងការងើបបះបោរ​ប្រឆាំង​អ៊ីស្រាអែល​សាជាថ្មី។ ដោយបើកប្រតិបត្តិការបង្រ្កាប​នៅ​ជំរំ​ហ្សេនីន​របស់​ប៉ាឡេស្ទីន អ៊ីស្រាអែលអះអាងថា គេ​មានគោលដៅបង្ការទប់ស្កាត់។ ប៉ុន្តែ សម្រាប់​អ្នកជំនាញ ប្រតិបត្តិការទប់ស្កាត់​របស់ អ៊ីស្រាអែល នៅ​ជំរំភៀសខ្លួន​ប៉ាឡេស្ទីននៅ ហ្សេនីន នឹង​អាចជា​អំបែងភ្លើង​ដែល​នឹងទៅធើ្វ​ឲ្យ​ផ្ទុះឆេះ​សង្រ្គាម​Intifada ឬ​សង្រ្គាម​ចោលដុំថ្ម លើកទី​៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ