អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វីលីពីន​អនុញ្ញាត​ឲ្យអាមេរិកចូល​ប្រើមូលដ្ឋានទ័ព​របស់ខ្លួន ចំនួន​៤បន្ថែមទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេរិក​ទទួលបានសិទ្ធិចូលប្រើមូលដ្ឋានទ័ពរបស់ហ្វីលីពីន ចំនួន​៤បន្ថែមទៀត នៅក្នុងបរិបទនៃភាពតានតឹង​នៅសមុទ្រចិនខាងត្បូង និងនៅតៃវ៉ាន់។ នៅក្នុងអំឡុងទស្សនកិច្ច​របស់​ប្រមុខការពារជាតិអាមេរិក នៅ​ទីក្រុង​ម៉ានីល នៅថ្ងៃ​ព្រហស្បតិ៍នេះ អាមេរិក និង​ហ្វីលីពីន​បានប្រកាសរួមគ្នា ពី​ការពង្រីក​កិច្ចព្រមព្រៀង​ស្តីពីសហប្រតិបត្តិការ​ការពារជាតិ ហៅកាត់ EDCA ដែលហ្វីលីពីន និង​អាមេរិក​បាន​ចុហត្ថលេខា​រួមគ្នា កាលពី​ឆ្នាំ ២០១៤។ ដោយ​ពង្រីក​កិច្ចព្រមព្រៀង EDCA អាមេរិក​នឹង​មានសិទ្ធិ​ចូលប្រើប្រាស់​មូលដ្ឋានទ័ព​របស់ហ្វីលីពីន សរុប ចំនួន ៩។ តើ​ហ្វីលីពីន​ដែល​យល់ព្រម​ឲ្យអាមេរិក ចូលប្រើប្រាស់​មូលដ្ឋានទ័ពរបស់ខ្លួន នឹង​ទទួលបានប្រយោជន៍អ្វីដែរ?

ប្រមុខការពារជាតិអាមេរិក លោកLloyd Austin ត្រួតពលនៅ​មូលដ្ឋានទ័ពហ្វីលីពីនក្នុងទីក្រុង​ម៉ានីល​ នៅថ្ងៃទី​២ កុម្ភៈ ២០២៣
ប្រមុខការពារជាតិអាមេរិក លោកLloyd Austin ត្រួតពលនៅ​មូលដ្ឋានទ័ពហ្វីលីពីនក្នុងទីក្រុង​ម៉ានីល​ នៅថ្ងៃទី​២ កុម្ភៈ ២០២៣ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍រួម​ដែលធ្វើឡើង​នៅក្រោយ​ជំនួប​រវាង​រដ្ឋមន្រ្តីការពារ​ជាតិអាមេរិក និង​សមភាគី​ហ្វីលីពីន នៅថ្ងៃ​ព្រហស្បតិ៍​នេះ អាមេរិក និង​ហ្វីលីពីន​បាននិយាយ​ថា ពួកគេ​មាន​មោទនភាព​បង្ហាញ​កិច្ចព្រមព្រៀង​ថ្មី ដែល​នៅក្នុង​នោះ ហ្វីលីពីន​នឹង​អនុញ្ញាត​ឲ្យកងទ័ព អាមេរិក​មានសិទ្ធិចូលប្រើប្រាស់​មូលដ្ឋានទ័ព​ហ្វីលីពីន​ចំនួន ៤បន្ថែមទៀត។

អាមេរិក​មានគំនិត​ចង់បាន​មូលដ្ឋានទ័ព​ហ្វីលីពីនសម្រាប់ប្រើប្រាស់ និងស្តុកទុកអាវុធ តាំងពីខែ តុលា ឆ្នាំមុនម្ល៉េះ ពោល​គឺ​នៅមុន​ទស្សនកិច្ច​របស់អនុប្រធានាធិបតីអាមេរិក​ទៅ​ហ្វីលីពីន ទៅទៀត។ ប៉ុន្តែ ទើបតែ​នៅក្នុង​ទស្សនកិច្ច​របស់ប្រមុខការពារ​ជាតិអាមេរិក នៅទីក្រុង​ម៉ានីល​នៅថ្ងៃ​ព្រហស្បតិ៍នេះ ដែលអាមេរិក​បាន​ទទួលសិទ្ធិ​ផ្លូវការ​ឲ្យ​ចូល​ប្រើប្រាស់​មូលដ្ឋានទ័ពចំនួន ៤បន្ថែមទៀត​របស់ហ្វីលីពីន តាមរយៈ ការអនុវត្ត​ពេញលេញ កិច្ចព្រមព្រៀង​ស្តីពី​ការពង្រឹង​សហប្រតិបត្តិការយោធា ដែលហៅកាត់ថា EDCA។

ជាមួយ​ការប្រកាស​នៅថ្ងៃនេះ អាមេរិកទទួល​បាន​សិទ្ធិចូលប្រើប្រាស់​មូលដ្ឋានទ័ព​សរុប ចំនួន ៩​របស់ហ្វីលីពីន។ ដោយអាច​ចូល​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ចំនួន ៩​របស់​ហ្វីលីពីន អាមេរិក​បាន​សម្រេច​កសាង ខ្សែប្រយុទ្ធ របស់ខ្លួន ដើម្បីទប់ទល់​ឥទ្ធិពល​មហាអំណាច​យោធាចិន។ ដើម្បី​ប្រឈម​តទល់នឹង​ចិន នៅអាស៊ីប៉ាស៊ីហ្វិក អាមេរិក​មាន​មូលដ្ឋានទ័ព​នៅជប៉ុន នៅកូរ៉េខាងត្បូង និង​បាន​ពង្រឹង​សម្ព័ន្ធភាព​យោធា​ជាមួយ​អូស្ត្រាលី​តាមរយៈកិច្ចព្រមព្រៀង Aukus។ ប៉ុន្តែ យុទ្ធសាស្រ្ត​យោធា​របស់អាមេរិក ដែលមាន​រូបរាងកោងជាធ្នូ នៅជុំវិញ ចិន នៅតែ​មិនទាន់​គ្រប់គ្រាន់ ពេញលេញ។ អាមេរិក​ត្រូវការ​ជំនួយ​មូលដ្ឋានទ័ព​ហ្វីលីពីន បន្ថែមទៀត សម្រាប់ កសាង​បញ្ចប់ សព្វគ្រប់​ធ្នូ​យុទ្ធសាស្រ្តរបស់ខ្លួន នៅចំពោះមុខ​មហាអំណាចចិន។

នៅថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារ​ជាតិហ្វីលីពីន អះអាងថា គេ​នៅ​មិនទាន់អាច​​បញ្ជាក់​ពីឈ្មោះ​ទីតាំង​មូលដ្ឋានទ័ពថ្មីទាំង៤ ដែល​អាមេរិក​អាច​ចូលប្រើប្រាស់ ព្រោះរដ្ឋាភិបាល​ត្រូវការ​ពិភាក្សា​ជាមួយមន្រ្តីថ្នាក់មូលដ្ឋានជាមុនសិន។

ប៉ុន្តែ តាម​កាសែត​ក្នុងស្រុក មូលដ្ឋានទ័ពហ្វីលីពីនថ្មី​ភាគច្រើន ដែលអាមេរិក​នឹង​មានសិទ្ធិចូលទៅ​ប្រើប្រាស់ ស្ថិតនៅ​លើកោះ Luzon ភាគខាងជើង​ហ្វីលីពីន ជាទីដែលអាមេរិក​កំពុង​ប្រើ​មូលដ្ឋានទ័ព​ចំនួន ២​រួចហើយ របស់​ហ្វីលីពីន។

អាមេរិក​ទំនង​នឹង​ចូលប្រើប្រាស់​មូលដ្ឋានទ័ព​មួយទៀត​របស់ហ្វីលីពីន នៅ​លើ​កោះ ប៉ាឡាវ៉ាន ដែលស្ថិតនៅទល់មុខ​នឹង​ប្រជុំកោះ Spratley ដែល​ហ្វីលីពីន កំពុង​ឈ្លោះដណ្តើមគ្នា​ជាមួយ​ចិន នៅ​សមុទ្រចិនខាងត្បូង។ ទីតាំង​មូលដ្ឋានទ័ព​ថ្មី ដែល​អាមេរិក​ទើប​ទទួលបានការអនុញ្ញាតឲ្យចូលប្រើប្រាស់ នៅហ្វីលីពីន ស្ថិតនៅភាគខាងជើង ហ្វីលីពីន ទៅ​ក្បែរ​កោះតៃវ៉ាន់​ទាំងអស់។ សម្រាប់អ្នកជំនាញ នេះជា​យុទ្ធសាស្រ្ត​របស់អាមេរិក ដើម្បីតាមដាន​សកម្មភាពយោធា​របស់ចិន នៅតៃវ៉ាន់។ ម្យ៉ាង ការចូលទៅប្រើប្រាស់​មូលដ្ឋានទ័ពរបស់ហ្វីលីពីន នៅ​កោះ Luzon នឹងអាចជួយ​ឲ្យអាមេរិក អាចប្រុងប្រៀប​ខ្លួន សម្រាប់អន្តរាគម ក្នុងករណី​មានការរំលោភឈ្លានពាន​របស់​ចិន ទៅលើតៃវ៉ាន់។

កិច្ចព្រមព្រៀង ពង្រឹងសហប្រតិបត្តិការយោធា EDCA

កិច្ចព្រមព្រៀងពង្រឹងសហប្រតិបត្តិការយោធា ហៅកាត់ថា EDCAត្រូវបាន​បង្កើត​ឡើង នៅ​ឆ្នាំ២០១៤ នៅក្នុង​កាលៈទេសៈ ដែល​ហ្វីលីពីន​ និងអាមេរិក​សង្កេតឃើញ ចិន​ចេះតែ​ពង្រីកដែន​ឥទ្ធិពលយោធា​របស់ខ្លួន តាមរយៈ​ការសាងសង់​កោះសិប្បនិម្មិត នៅសមុទ្រ​ចិនខាងត្យូង។

ទៅតាម​កិច្ចព្រមព្រៀង ពង្រឹងសហប្រតិបត្តិការយោធា កងទ័ព​អាមេរិក​អាច​ចូលប្រើប្រាស់​មូលដ្ឋានទ័ព​ហ្វីលីពីន​ចំនួន ៥ ដើម្បី​ស្តុកទុកសព្វាវុធ និង​សម្ភារៈយោធា។ កិច្ចព្រមព្រៀង EDCA​អនុញ្ញាតផងដែរ ឲ្យមានការហ្វឹកហាត់រួមគ្នា រវាងកងទ័ពអាមេរិក និងហ្វីលីពីន ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​មូលដ្ឋានទ័ពហ្វីលីពីន ដូចជា ផ្លូវ កន្លែងស្នាក់នៅ​របស់​ទាហាន កន្លែងស្តុកទុកប្រេង។ នៅថ្ងៃ​នេះ អាមេរិក បាន​ប្រកាស​ផ្តល់​ថវិកា ៨២លាន​ដុល្លារ សម្រាប់​ជួសជុល ធ្វើទំនើបកម្ម​មូលដ្ឋានទ័ពហ្វីលីពីន ចំនួន​៥ ដែលអាមេរិក​បានចូលប្រើប្រាស់​រហូតមក។

ជារួម កិច្ចព្រមព្រៀង​EDCA មិនបាន​និយាយ​ពី​ការតាំងទី ប្រចាំការ​ជាអចិន្ត្រៃយ៍ របស់​កងទ័ពអាមេរិក នៅក្នុង​មូលដ្ឋានទ័ព​ហ្វីលីពីន ដូចដែល​អាមេរិក​បានធ្វើ​នៅ​កូរ៉េខាងត្បូង និងជប៉ុន។ មក​ដល់​ពេលនេះ កងទ័ពអាមេរិក​មានសិទ្ធិ​ត្រឹមតែចេញចូល ប្រើប្រាស់ មូលដ្ឋានទ័ព របស់ហ្វីលីពីនតែប៉ុណ្ណោះ។ ទាហាន​អាមេរិក​ប្រមាណ ៥០០នាក់ កំពុងចុះឡើង ស្នាក់នៅ​ហ្វីលីពីន។

ហ្វីលីពីនបានខ្នងបង្អែក​របស់អាមេរិក នៅចំពោះមុខ​ចិន

កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិ​ការការពារ​ជាតិ (EDCA) ធ្លាប់​ជាប់គាំង នៅ​ក្រោម​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​លោក រ៉ូទ្រីហ្គោ ឌុយទែរតេ ដែលធ្លាប់មាន​និន្នាការស្អប់ប្រឆាំង​អាមេរិក និង​ងាកបែរទៅរកចិន។

ប៉ុន្តែ នៅក្រោម​អាណត្តិដឹកនាំ​របស់​ប្រធានាធិបតី ថ្មី លោក ហ្វែរឌីណង់ ម៉ាកូស ជូញ័រ ដែលធ្លាប់​រត់ទៅជ្រកកោននៅអាមេរិក ហ្វីលីពីន​បាន​ផ្តល់សន្ទុះថ្មី ដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា​ជាមួយ​អាមេរិក។ ហ្វីលីពីន​បាន​ងាកទៅ​ចងសម្ព័ន្ធមិត្តជាមួយ អាមេរិក​ដែល​ធ្លាប់ធ្វើ​អាណានិគម​លើហ្វីលីពីន ​កាលពីអតីតកាល។

ខុសពី​ជប៉ុន ឬ​អូស្ត្រាលី ដែលចូលរួម​ជាមួយ​អាមេរិក ដើម្បី​ចេញមុខ​ប្រឆាំងចិន ហ្វីលីពីន របស់​ប្រធានាធិបតី​ម៉ាកូស ជូញ័រ មិនចង់​ចេញមុខតតាំងដោយផ្ទាល់ជាមួយ​ចិន ដើម្បីហេតុផល​ប្រយោជន៍​សេដ្ឋកិច្ច។

ប៉ុន្តែ នៅចំពោះមុខ​ការក្បត់សន្យាជាច្រើនលើក របស់ចិន ដែលថា ចិន​នឹង​មិនបំពាក់អាវុធ កងទ័ពនៅលើ​កោះសិប្បនិម្មិត ដែលចិន​សាងសង់ខុសច្បាប់​នៅ​សមុទ្រ​ចិនខាងត្បូង ហ្វីលីពីន គ្មានជម្រើសអ្វី ក្រៅតែ​ពី​រត់ទៅ​ពឹងអាស្រ័យ​បារមី​របស់​អាមេរិក។ ហ្វីលីពីន​យល់ថា ខ្លួន គ្មានអំណាច គ្មាន​កម្លាំងយោធា ទាល់តែសោះ​នៅចំពោះមុខ​ការឈ្លានពាន​របស់​ចិន ជាពិសេស ការផ្គើន​សាងសង់​កោះសិប្បនិម្មិត​របស់ចិន នៅ​ក្នុង​ ​ដែនសមុទ្រដែលជា​តំបន់សេដ្ឋកិច្ច​របស់​ហ្វីលីពីន នៅ​ប្រជុំកោះ Spratley។

ដូច្នេះ តាមរយៈ​ការអនុវត្តពេញលេញ នូវ​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការយោធា ហ្វីលីពីន​សង្ឃឹម​បាន​ខ្នងបង្អែក​របស់អាមេរិក ដែលបាន​សន្យា​ហើយថា នឹង​ជួយ​ហ្វីលីពីន​សម្រាប់​ការពារ​ដែនអធិបតេយ្យភាព​របស់ខ្លួន នៅចំពោះមុខការគំរាមកំហែង​នៅ​សមុទ្រចិនខាងត្បូង។

ចិន​តាមរយៈ អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​បាន​ប្រតិកម្ម​ចាត់ទុក ការចូលប្រើប្រាស់​មូលដ្ឋានទ័ព​ហ្វីលីពីន ពីសំណាក់​កងទ័ពអាមេរិក​ថា ជាគំរាមកំហែង​ស្ថិរភាពក្នុងតំបន់ និងការញុះញង់​ឲ្យមានភាពតានតឹង។ នៅត្រង់ចំណុចនេះ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​បានអំពាវនាវ​ឲ្យប្រទេស​ក្នុងតំបន់ ប្រុងប្រយ័ត្ន​កុំ​ឲ្យធ្លាក់ខ្លួន ត្រូវ​អាមេរិកបង្វិលក្បាល។

ប្រជាជន​ហ្វីលីពីន​ប្រឆាំង​មិន​ឲ្យអាមេរិក​ចូលប្រើ​មូលដ្ឋានទ័ព​របស់​ហ្វីលីពីន

នៅអំឡុង​ទស្សនកិច្ច​របស់​ប្រមុខការពារ​ជាតិអាមេរិក ប្រជាជន​ហ្វីលីពីនបានធ្វើ​បាតុកម្ម​​ប្រឆាំង​អាមេរិក នៅមុខ​មូលដ្ឋានទ័ពហ្វីលីពីន នៅទីក្រុង​ម៉ានីល តាមរយៈ​ការដុតទង់ជាតិ និងស្រែក​ឲ្យកងទ័ព​អាមេរិក​ចាកចេញពី ទឹកដីហ្វីលីពីន។

សម្រាប់​អ្នកនយោបាយ ឆ្វេងនិយមហ្វីលីពីន ការផ្តល់​មូលដ្ឋានទ័ព​៤បន្ថែម​ទៀត ទៅ​ឲ្យអាមេរិក​ចូលប្រើប្រាស់ នឹង​ធ្វើ​ឲ្យ​ហ្វីលីពីន ត្រូវគេ​អូសទាញ ធ្លាក់ចូល​ក្នុង​ជម្លោះ សង្រ្គាមតៃវ៉ាន់ ដែលមិនមែនជា​សង្រ្គាម​របស់​ហ្វីលីពីនទាល់តែសោះ។

ប្រជាជនហ្វីលីពីន​ធ្វើបាតុកម្ម​ដុតទង់ជាតិអាមេរិក​នៅពេល​រដ្ឋមន្រ្តីការពារ​ជាតិ​ធ្វើទស្សនកិច្ច​នៅ​មូលដ្ឋានទ័ពហ្វីលីពីន​នៅទីក្រុង​ម៉ានីល​ នៅថ្ងៃទី ២​កុម្ភៈ ២០២៣
ប្រជាជនហ្វីលីពីន​ធ្វើបាតុកម្ម​ដុតទង់ជាតិអាមេរិក​នៅពេល​រដ្ឋមន្រ្តីការពារ​ជាតិ​ធ្វើទស្សនកិច្ច​នៅ​មូលដ្ឋានទ័ពហ្វីលីពីន​នៅទីក្រុង​ម៉ានីល​ នៅថ្ងៃទី ២​កុម្ភៈ ២០២៣ REUTERS - ELOISA LOPEZ

មួយវិញទៀត ដោយ​អនុញ្ញាតឲ្យ​កងទ័ពអាមេរិក​ចូលប្រើប្រាស់​មូលដ្ឋានទ័ព​របស់ហ្វីលីពីន គេ​កំពុងធ្វើ​ឲ្យ​ដំបៅចាស់ ផ្ទុះឈឺចាប់ ឡើងវិញ។ ក្នុងសម័យដែល​ទ័ពអាមេរិក ១៥០០០នាក់ បោះទីតាំង ប្រចាំការឈរជើង​នៅមូលដ្ឋានទ័ពអាមេរិក កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ ប្រជាជន​ហ្វីលីពីន​រងគ្រោះ ដោយសារ​ការចាប់រំលោភ ការជួញដូរផ្លូវភេទ និង​សារធាតុគីមីពុលដែលបន្សល់ទុកដោយ​កងទ័ពអាមេរិក។ ម្យ៉ាង ការដកទ័ព​អាមេរិក ចេញ​ពី​ហ្វីលីពីន នៅ​ឆ្នាំ ១៩៩២ បាន​បន្សល់ទុកនូវ​កូនកាត់ ​ហ្វីលីពីន អាមេរិក ១៥០០០នាក់ ដែល​ត្រូវ​បាន​ឪពុកទាហាន​អាមេរិក បោះបង់ចោល ឲ្យ​រស់នៅ លំបាកវេទនាជាមួយម្តាយ ដែលជា​បន្ទុកសង្គមធ្ងន់ធ្ងរមួយ សម្រាប់​ហ្វីលីពីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ