អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​និ​ងអង់គ្លេស ជាប់​ចោទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ នៅ​កោះ​Chagos

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ពុធទី ១៥​កុម្ភៈ​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch  បាន​ចេញ​របាយការណ៍ ចោទ​ប្រកាន់​អង់គ្លេស​និ​ងសហរដ្ឋ​អាមេរិក ថាបានរួម​ដៃ​គ្នា ​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ តាម​រយៈ​ទង្វើ​បណ្តេញ​ជនជាតិ​ដើម​នៃ​កោះ​Chagos​ ក្នុង​មហាសមុទ្ទ​ឥណ្ឌា កាលពី​ជាង​៥០ឆ្នាំមុន។ ក្រុង​ឡុងដ៍​បាន​ច្រាន​ចោល​ទាំង​ស្រុង​ការ​ចោទ​ប្រកាន់​នេះ។ តើ​រឿងរ៉ាវ​មួយ​នេះមាន​ដំណើរ​ដើមទង​យ៉ាងដូចម្តេច ?

ពលរដ្ឋ​ដើម​កំណើត​ឆាហ្កូស ធ្វើ​បាតុកម្ម​នៅទីក្រុង​ឡុង​ដ៍​ ទាមទារ​សិទ្ធិ​ត្រលប់​ទៅ​ស្រុក
ពលរដ្ឋ​ដើម​កំណើត​ឆាហ្កូស ធ្វើ​បាតុកម្ម​នៅទីក្រុង​ឡុង​ដ៍​ ទាមទារ​សិទ្ធិ​ត្រលប់​ទៅ​ស្រុក AFP/File
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍ កម្រាស់ជាង​ ១០០​ទំព័រ អង្គការ​ការពារសិទ្ធិមនុស្ស​ Human Rights Watch បាន​ប្រមូល​ផ្តុំ​​សក្ខីកម្មដ៏​​ច្រើន រាប់​​សិបករណី​ និង​ឯកសារ​ផ្លូវការ​ដ៏​សន្ធឹក​សន្ធាប់ សម្រាប់​មក​ធ្វើ​ជា​សំអាង ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ការរង​ទុក្ខវេទនា​របស់​​ពូជសាសន៍​ដើម រស់​នៅ​ភាគ​ឦសាននៃ​​កោះ​ម៉ូរីស ក្រោម​​ស្នាដៃ​ ​ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​​។ អង់គ្លេសកំពុង​​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​​អាណានិគម​ដ៏​អាក្រក់​មួយ​ ដោយ​បាន​ចាត់​ទុកប្រជាពលរដ្ឋ​រស់​នៅលើ​កោះ​ឆាហ្កូស ដូច​ជា​មនុស្ស​ដែលគ្មាន​​សិទ្ធិ​អ្វី​ទាំង​អស់។ នេះ​បើ​តាម​លោក​ Clive Baldwin ម្ចាស់​សំណេរ​នៃ​របាយការណ៍។

​អង្គការ​​ ​Human Rights Watch បានវែក​និង​កំណត់​ឃើញ​អង់គ្លេស​​​មាន​​​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​បី​យ៉ាង​ ៖ ​ឧក្រិដ្ឋកម្មអាណានិគមដោយ​ចាប់បង្ខំ​​ឱ្យ​ធ្វើ​បំលាស់​ទី​ រារាំង​ពលរដ្ឋ​ដើម​មិន​ឱ្យ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ និង​ ធ្វើ​ទុក្ខបុកម្នេញ​បែបរើសអើង​ពូជសាសន៍​និង​ជាតិ​ពិន្ធុ​។ អង់គ្លេស​និង​សហរដ្ឋ​អាមេរិក ត្រូវ​តែ​ផ្តល់​សំណង​ប៉ះប៉ូវ​ដល់ការ​ខូចខាត​ឱ្យ​បាន​ពេញ​លេញ​ដល់​ពលរដ្ឋ​ទាំងនោះ និង​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​ត្រលប់​ទៅ​កាន់​កោះ​កំណើត​​វិញ។ នេះ​បើ​តាម​Human Rights Watch ដដែល។​

ប៉ុន្តែ​ ក្រសួងការបរទេស​អង់គ្លេស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ច្រាន​ចោល​ទាំងស្រុងភ្លាម​ ដោយ​អះអាង​ថា​អង់គ្លេស​បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ជ្រាល​ជ្រៅ​រួច​ទៅហើយ​ចំពោះ​ករណី​ចាប់​បង្ខំ​ពលរដ្ឋ​ដើម​ឱ្យ​ធ្វើ​បំលាស់​ទី​នោះ។ ចំណែក​អាជ្ញាធរ​អាមេរិក​ មិន​ផ្តល់​ប្រតិកម្ម​អ្វី​ នៅ​ចំពោះ​សំណួរ​របស់​​ទី​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ទេ។

​​បណ្តេញម្ចាស់​ស្រុក ដើម្បី​សង់​មូលដ្ឋាន​ទ័ព ​

កោះឆាហ្កូស ដែល​ស្ថិត​នៅ​កណ្តាល​មហាសមុទ្ទ​ឥណ្ឌា ជាប់​ជម្លោះ​ជាមួយ​អង់គ្លេស​តាំងពី​ជាង​៥​ទសវត្សរ៍​មក​ហើយ។

​ចាប់​ពី​ឆ្នាំ​១៩៦០មក​ ប្រជាជន​ឆាហ្កូសបាន​រង​អំពើ​ហិង្សា​អាណានិគម។ សហរដ្ឋ​អាមេរិក​និង​អង់គ្លេស​ដែល​ជាម្ចាស់​​អាណានិគម​លើ​កោះ បាន​ចរចា​គ្នា​ដោយ​សម្ងាត់​ សង់​មូលដ្ឋាន​ទ័ព​លើ​ទីតាំង​ ​Diago Garcia កោះដ៏​ធំ​ជាង​គេ​នៃ​ប្រជុំ​កោះ​ឆាហ្កូស។ ក្នុង​ការ​ព្រមព្រៀង​គ្នា​នោះ យោធា​អាមេរិក​ទាមទារ​ឱ្យអង់គ្លេស​​បណ្តេញ​ប្រជាពលរដ្ឋ​ទាំង​អស់​ពី​កោះ។ ពលរដ្ឋ​ម្ចាស់​ស្រុក​ឆាហ្កូសទាំង​មូល​ បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃសង្គ្រាម​ពង្រីក​ឥទ្ធិពល។

ដោយ​គ្មាន​តម្លាភាព អាជ្ញាធរ​អង់គ្លេស​បាន​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​ ទាំង​ប្រមាណ​ជាង​២ពាន់​នាក់ ​ចេញពី​កោះ​ជា​បន្តបន្ទាប់​ អ្នក​​មិនបាន​​នៅ​លើ​កោះ​ក្នុង​ពេល​នោះ​បាន​ទទួល​ការ​រារាំង​ហាមឃាត់​មិន​ឱ្យ​ត្រលប់​ចូល​ស្រុក​វិញទេ។ កោះ​ខ្សត់​ស្បៀង​អាហារជា​លំដាប់​ សកម្មភាព​បង្ក្រាប​និង​បំភិត​បំភ័យ​មាន​កាន់​តែ​ច្រើន​។ អង់គ្លេស​បន្ត​ប្រើ​គ្រប់​​ល្បិច​បណ្តេញ​អ្នក​ស្រុករហូត​ដល់​ឆ្នាំ​១៩៧៣។ យោធា​អង់គ្លេស​បានប្រើ​កម្លាំង​គាស់​គ្រួសារ​​រឹង​ទទឹង​ចុងក្រោយ​គេ​ ដោយ​ចាប់​បង្ខំ​ញាត់​ចូល​ក្នុង​នាវា​ជា​មួយ​វត្ថុ​បន្តិច​បន្តួច​ជាប់​នឹង​ខ្លួន តែម្តង។

ពលរដ្ឋ​កោះ​ឆាហ្កូស មួយ​ភាគ​ត្រូវ​បញ្ជូន​ឱ្យទៅ​នៅ​​លើ​កោះ​Seychelles ហើយ​មួយភាគ​ធំ​ទៅ​កោះម៉ូរីស​ ក្រោម​ហេតុផល​ផ្ទេរ​ទៅ​ធ្វើ​ការ​។ ប៉ុន្តែពេល​ទៅ​ដល់​កន្លែង​ថ្មី គ្មាន​ការ​ទទួល​ខុស​ត្រូវ​ គ្មាន​ជំនួយ​ហិរញ្ញវត្ថុ​អ្វី​បន្តិច​សោះ​ឡើយ។ ការ​បាត់​បង់​ជីវិត​ក៏​មាន​ច្រើន ជំងឺ​បាក់​ស្បាត​ក៏​​កប់​ជ្រៅ​ក្នុង​ខួរក្បាល​របស់ពួក​គេ។​ ជាង​កន្លះ​សតវត្សរ៍​ក្រោយ​ ពួកគេ​ភាគច្រើនរស់​ក្នុង​ស្ថានភាព​ក្រីក្រ​បំផុត​។

​ឆាហ្កូស​បូរណភាព​ដែន​ដី​របស់​​​ម៉ូរីស​

បច្ចុប្បន្ន​ សមាគម​ឆាហ្កូស​ផ្សេងៗ បាន​តស៊ូ​ទាមទារ​សំណង​ដែល​ពួក​បាន​រង​ទុក្ខ និង​ទាមទារ​សិទ្ធិ​វិល​ត្រលប់​ទៅ​ដីកំណើត ព្រមទាំង​​បាន​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​នាម​​ប្រទេស​ម៉ូរីស។ ​មូរីស ​ដែល​បាន​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៦៨ ទាមទារយក​​ដែន​ដីប្រជុំ​កោះ​ឆាហ្កូសថា​ជា​របស់ខ្លួន និង​សុំ​ឱ្យ​អង់គ្លេស​ប្រគល់ដែន​កោះ​នេះ ​មកឱ្យ​ម៉ូរីស​​​គ្រប់គ្រង​វិញ។ ពលរដ្ឋ​មូរីស​ដើមកំណើត​ឆាហ្កូស បាន​ចោទ​អង់គ្លេស​ថា​កំពុង​ធ្វើ​អាណានិគមកិច្ច​ខុស​ច្បាប់​លើ​ប្រជុំ​កោះ​ឆាហ្កូស។

នៅឆ្នាំ​២០១៩ តុលាការ​យុត្តិធម៌​​អន្តរជាតិ​កាត់​ក្តី​ឱ្យ​កោះ​ឆាហ្កូស ទៅ​ម៉ូរីស​។ ពីរបី​ខែ​ក្រោយ​មក​ទៀត ពោល​គឺនៅ​ខែ​ឧសភា​ឆ្នាំ​២០១៩​ អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​ ក្នុង​ន័យ​ដូច​គ្នា គឺ​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់​ប្រជុំ​កោះ​ឆាហ្កូស ជា​ចំណែក​មួយ​នៃ​ប្រទេស​ម៉ូរីស​ -ឱ្យ​ដក​អាណានិគមកិច្ចពី​ម៉ូរីស​ឱ្យ​បាន​លឿន​បំផុត​តាម​ដែល​ធ្វើ​ទៅ​បាន -និង​កុំ​​រារាំង​ដំណើរការ​ទទួល​ស្គាល់​កោះ​ឆាហ្កូស​ ក្រោម​ឈ្មោះ​ ដែនដី​អង់គ្លេស​នៅ​មហាសមុទ្ទ​ឥណ្ឌា។

កាលពី​ខែ​មក​រា អង់គ្លេស​និង​ម៉ូរីស បាន​ចាប់​បើក​កិច្ចពិភាក្សា​ស្តី​អំពី​បូរណភាព​ដែន​ដីរបស់​​ប្រជុំ​កោះ​ហើយ​ ប៉ុន្តែ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​ ប្រទេស​ទាំងពីរ​បាន​ព្រម​ព្រៀង​រក្សា​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​លើ​កោះ​ឆាហ្កូស​ដដែល​។ អង់គ្លេស​ចង់​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​រហូត​ល់​ឆ្នាំ​២០៣៦ ដូច​អ្វី​ដែល​អង់គ្លេស​និង​អាមេរិក​បាន​ចុះ​កុងត្រា​ជាមួយ​គ្នា ព្រោះ​មូលដ្ឋាន​នេះ មាន​តួនាទី​ជា​យុទ្ធសាស្ត្រ​ខ្លាំង​ណាស់​ ក្នុង​អំឡុង​ពេល​សង្គ្រាម​ត្រជាក់​ និង​ក្នុង​ទសវត្សរ៍​ឆ្នាំ​២០០០ ពេល​មាន​សង្គ្រាម​នៅ​អ៊ីរ៉ាក់​និងអាហ្វហ្កានីស្ថាន។

ជា​ផ្លូវការ​ប្រទេស​ទាំងពីរ បាន​ប្រកាស​ព្រមព្រៀង​គ្នា​តាម​ច្បាប់​អន្តរជាតិ​ ដើម្បី​ដោះស្រាយ​នូវ​រាល់​គ្រប់​ចំណុច​ដែល​មិន​ទាន់​ដាច់ស្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ