អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​សន្តិសុខ​ក្រុងម៉ុយនិច គ្រប​ដណ្តប់​ដោយ​សំណុំរឿង​អ៊ុយក្រែន​និង​ទំនាក់ទំនង​តានតឹង​ចិនអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​សន្តិសុខ​ក្រុង​ម៉ុយនិច​ លើក​ទី​៥៩ ត្រូវ​​ចាប់​បើក​នៅថ្ងៃ​សុក្រ​ទី ១៧កុម្ភៈ​នេះ។ ក្នុង​អំឡុង​ពេល​​បីថ្ងៃមេដឹកនាំនយោបាយ​ ​ប្រមាណ ១៥០ ប្រទេស ត្រូវ​មក​ជួប​ជុំ​គ្នា​ នៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជជែក​ និង​ផ្តោះប្តូរ​យោបល់​គ្នា ស្តីអំពី​បញ្ហា​សន្តិសុខ​ពិភពលោក។ ប៉ុន្តែឆ្នាំ​នេះ​ របៀបវារៈ​នៃ​សន្និសីទ​ទំនង​ជា​ផ្តោត​ទាំង​ស្រុង​ទៅ​លើ​បញ្ហា​អ៊ុយក្រែន​ និង​ទំនាក់ទំនង​ដ៏​តាន​តឹង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក។

សន្និសីទ​សន្តិសុខ​ក្រុងម៉ុយនិច គ្រប​ដណ្តប់​ដោយ​សំណុំរឿង​អ៊ុយក្រែន​និង​ទំនាក់ទំនង​តានតឹង​ចិនអាមេរិក
សន្និសីទ​សន្តិសុខ​ក្រុងម៉ុយនិច គ្រប​ដណ្តប់​ដោយ​សំណុំរឿង​អ៊ុយក្រែន​និង​ទំនាក់ទំនង​តានតឹង​ចិនអាមេរិក REUTERS - KAI PFAFFENBACH
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​សន្តិសុខ​ក្រុង​ម៉ុយ​និច ជា​ការ​​ណាត់​ជួប​គ្នា​ដ៏​ចម្បង ដោយ​មាន​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ចំនួន​៣០​ប្រទេស និង​រដ្ឋមន្ត្រីការបរទេស​ជាង​មួយ​រយនាក់​ មក​ពី​ជាង​១៥០ប្រទេស​នៅ​លើ​ពិភពលោក​​ចូល​រួម មាន​ជាអាទិ៍ អនុប្រធានាធិបតី​អាមេរិក លោកស្រី កាម៉ាឡា ហារីស ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ អូឡាហ្វ ស្ហុលស៍ ជា​ម្ចាស់ផ្ទះ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង ឬ​លោក​ប្រមុខ​អង្គការ​អូតង់ យែន ស្តូលទែនប៊ែរ ដែលត្រូវ​បញ្ចប់អាណត្តិ​នៅ​ចុងឆ្នាំ​នេះ​ផង។ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី និង​ប្រមុខ​ការទូត​អាមេរិក​ លោក អង់តូនី ប្លីងកិន ក៏​បង្ហាញ​វត្តមាន​ដែរ​។

សន្និសីទសន្តិសុខ​ ពេញណែន​ដោយ​វិបត្តិ​អ៊ុយក្រែន

តែ​​គ្មាន​តំណាង​រុស្ស៊ី​ណា​ម្នាក់បាន​ទទួល​ការ​អញ្ជើញ​ពី​​ជំនួបថ្ងៃ​នេះទេ។ នៅឆ្នាំ​២០២២ វេទិកា​សន្តិសុខ​នេះ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៨កុម្ភៈ ពោលគឺ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​រុស្ស៊ី​បើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ មួយ​ឆ្នាំក្រោយ​មក សន្និសីទ​​ត្រូវ​ជួប​ជុំ​គ្នា​ដោះស្រាយ​ផលវិបាក ដែល​បង្ក​ឡើង​ដោយ​ “ប្រតិបត្តិការ​យោធារុស្ស៊ី” ដែល​បាន​ក្លាយ​ជា​សង្គ្រាម​ ផ្តុំ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន ជាពិសេស​នៅ​ក្រុង​បាក់ម៉ូត ដោយ​គ្មាន​សញ្ញា​ និង​គ្មាន​ពន្លឺ​នៃ​ភាព​ធូរ​ស្បើយ​សោះ។

ក្នុង​បរិបទ​បែបនេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ុយក្រែន ដែល​អញ្ជើញ​មក​ចូល​រួម​ក្នុង​សន្និសីទ​ដែរ បាន​ច្រាន​ចោល​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ជាមួយ​រុស្ស៊ី តាម​ផ្លូវការ​ទូត។ នៅយប់​មិញ ក្នុង​សុន្ទរកថា​ពេល​យប់​ ​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ប្រកាស​អាទិភាព​ចង់​រុញ​កងកម្លាំង​រុស្ស៊ី​និង​វាយបក​វិញ​។ ហើយ​លោក​នឹង​ថ្លែង​ទៅកាន់​មេដឹកនាំពិភពលោក ក្នុង​សន្និសីទ​សន្តិសុខ​ នៅល្ងាច​ថ្ងៃ​សុក្រ​នេះ តាម​រយៈ​ប្រព័ន្ធ​វីដេអូ​។

​ទណ្ឌកម្ម​ថ្មី

​​ក្រុម​បស្ចិម​លោក​ និង​ប្រទេស​ដែល​មក​ចូល​រួម​ក្នុង​សន្និសីទ​ត្រូវ​បង្ហាញ​ជា​ថ្មី​ឆន្ទៈ​គាំទ្រ​រដ្ឋាភិបាល​អ៊ុយក្រែន និង​ធ្វើ​តុល្យការ​នៃ​ជំនួយ​យោធា​ ព្រមទាំង​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់កៀវ​។ ជា​មួយ​នឹង​អាទិភាព ពន្លឿន​ការ​ផ្គត់ផ្គង់​អាវុធ​និ​ងគ្រាប់​ ដូច​ដែល​បាន​សន្យា​រួច។

បើ​តាម​សំដី​របស់​ប្រមុខ​អង្គការ​អូតង់​​ នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ សង្គ្រាមនៅអ៊ុយក្រែន ត្រូវ​បន្ត​អូស​បន្លាយពេល​យូរ​ឆ្នាំទៀតណាស់​ ហើយ​រុស្ស៊ី​នឹង​បើក​យុទ្ធ​នាការ​សម្រុក​ថ្មី​នាពេល​ខាង​មុខ​ទៀត។ ដូច្នេះ​ក្រុម​បស្ចិមលោក​ត្រូវ​បន្ត​គាំទ្រ​រដ្ឋាភិបាល​អ៊ុយក្រែន​ដោយ​បន្ត​បញ្ជូន​អាវុធ​យុទ្ធភ័ណ្ឌ​ឱ្យ​ក្រុង​កៀវ​ និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី។ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត កំពុង​រៀប​ចំ​អនុម័ត​គម្រោង​ទណ្ឌកម្ម​ថ្មី​មួយ​ នៅម្តុំ​ថ្ងៃទី ២៤​កុម្ភៈ ថ្ងៃ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ ជា​ទណ្ឌកម្ម​​​ដៅ​លើ​បុគ្គល​ផង និង​ពង្រឹង​ការ​ហាមឃាត់​ធនាគារ​ផង ព្រមទាំង​សំដៅ​លើ​ប្រទេស​ទីបី​ដែល​រុស្ស៊ី​តែង​ទាក់​ទង​ជាមួយ​ដើម្បី​ពង្វាង​ទណ្ឌកម្ម។ សំណុំ​រឿង​នេះ​នឹង​ត្រូវ​ក្រុមប្រទេស​មហាឧស្សាហកម្ម​G៧ ឆ្លៀត​ពិភាក្សា​លម្អិត​នៅថ្ងៃ​សៅរ៍​ស្អែក​។

​​គ្រាប់​រំសេវ​

នៅ​បញ្ហា​មួយ​ទៀត ដែល​ជា​អាទិភាព​និង​ជា​បញ្ហាដែល​​ក្រុម​សម្ព័ន្ធមិត្ត​ដោះស្រាយ​ដែរ​នោះ​ គឺ​គ្រាប់​កាំភ្លើង​។ ​ ឯ​ការ​ផ្តល់​គ្រាប់រំសេវ​ស្មុគស្មាញ​ជាង​ការបញ្ជូន​​អាវុធ​និង​រថក្រោះ ឆ្ងាយណាស់ ! ​ជា​មធ្យម​តាំងពី​ផ្ទុះ​សង្គ្រាម​មក ជាមធ្យម​រុស្ស៊ី​បាន​បាញ់​គ្រាប់​ផ្លោង​ ២ម៉ឺន​គ្រាប់​ក្នុង​មួយ​ថ្ងៃ ហើយ​ខាង​អ៊ុយក្រែន​៥ពាន់។ នេះគ្រាន់​តែ​​ជា​មធ្យមភាគ​ទេ ! អ៊ុយក្រែន​បាញ់​អស់​តិច​ជាង​រុស្ស៊ី​មែន ប៉ុន្តែ​ច្រើន​ជាងចំនួន​គ្រាប់​ដែល​សម្ព័ន្ធមិត្ត​លោក​ខាង​លិចមាន​សមត្ថភាព​​ផលិតបាន​ទៅ​ទៀត។ ប្រមុខ​អូតង់​បាន​ពញ្ញាក់​ស្មារតី​ប្រទេស​ជា​សមាជិក តាំងពី​ដើម​សប្តាហ៍​មក​ម្ល៉េះ ថា​ស្តុក និង​ចង្វាក់​ឧស្សាហកម្ម​អាវុធ​កំពុង​រង​សម្ពាធ​ខ្លាំងណាស់។

ដោយ​ភាព​បន្ទាន់ សហរដ្ឋ​អាមេរិក​បាន​ដំឡើង​សមត្ថភាព​ផលិត​គ្រាប់​កាំភ្លើង​ធំ ១៥៥​មីល្លីម៉ែត្រ​ដល់​៩ម៉ឺន​គ្រាប់​ក្នុង​មួយ​ខែ តែ​អាច​បំពេញ​តម្រូវការ​អ៊ុយក្រែន​បាន​តែ​មួយ​ភាគ​ទេ។ បារាំង​ផលិត​តែ​ប៉ុន្មាន​ម៉ឺន​គ្រាប់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយឧស្សាហកម្ម​អាវុធបារាំង​មិន​អាចបង្កើន​ល្បឿន​បាន​លើស​នេះ​ឡើយ។ ដូច្នេះ​មាន​តែ​​ក្រុមហ៊ុន​ផលិត​អាវុធ​ជាតិ​អ៊ុយក្រែន ត្រូវ​ប្រឹង​។ ក្រុមហ៊ុន​បាន​ប្រកាស​សហការ​ផលិត​ជាមួយ​ប្រទេស​នៅ​អឺរ៉ុប​កណ្តាល​ជា​សមាជិក​អូតង់ មិន​ដឹង​ថា​ជា​ប្រទេស​ណា​មួយ​ឱ្យ​ប្រាកដ​ទេ ដើម្បីផលិត​គ្រាប់ ​​និង​ឈាន​ទៅ​អភិវឌ្ឍ ​ ឬ ​ផលិត​អាវុធព្រមទាំង​សម្ភារៈ​យោធា​ផ្សេង​ទៀត​​​។ ដូច្នេះ​សន្និសីទ​នេះ​ក៏​ជា​ឱកាស​ជជែក​អំពីការ​ពង្រឹង​សមត្ថភាព​យោធា​របស់​សហភាពអឺរ៉ុប និង​ការគាំទ្រមក​ពី​ខាង​​អាមេរិក​។

ប្រមុខការទូត​ចិន-អាមេរិក ជួប​និយាយ​គ្នា​ នៅវេទិកា​សន្តិសុខ ?

សន្និសីទ​សន្តិសុខ ​គ្មានទម្ងន់​នយោបាយ​ទេ ប៉ុន្តែតាមទម្លាប់​ នេះ​​ជា​​ឱកាស​នៃ​​​ជំនួប​ការ​ទូត​ដ៏​សំខាន់ៗ និង​ដោយ​ស្ងាត់ៗ​។ ប្រមុខ​ការ​ទូត​អាមេរិក​និង​សមភាគី​ចិន សុទ្ធ​តែ​មាន​វត្តមាន​នៅក្រុង​ម៉ុយនិច​ដូច​គ្នា ប៉ុន្តែ​ពុំមាន​សេចក្តី​ប្រកាស​ផ្លូវ​ការ​ណាមួយ​ថា​បុរសរដ្ឋ​ទាំងពីរមាន​ជំនួប​​ទ្វេភាគី​ទេ។

តាំងពី​ហេតុការណ៍​បាឡុង​ចារកិច្ចមក តំណាងការពារ​ជាតិ​ប្រទេស​ទាំងពីរ​អត់​និយាយ​រក​គ្នា​ទេ។ តែ​​ប្រទេស​ទាំងពីរនៅ​បន្ត​មាន​ទំនាក់ទំនង​ការ​ទូតនឹង​គ្នា ហើយ​លោកប្រធានាធិបតី​អាមេរិក​ចូបៃដិន ទើប​បាន​ប្រកាស​ឆន្ទៈ​ចង់​ជួប​ជាមួយ​សមភាគី​ចិន លោក ស៊ីជីនពីង​ទៀត។

ភាព​តាន​តឹង​រវាង​អាមេរិក​និង​ចិន​នៅ​ពេល​នេះមិនអំណោយ​ផល​សោះ​សម្រាប់​សង្គ្រាម​អ៊ុយក្រែន។ ​សហភាព​អឺរ៉ុប ជាពិសេស​បារាំង​និង​អាល្លឺម៉ង់​ចង់​បញ្ចុះ​បញ្ចូល​ចិន ដែល​នៅ​តែមាន​ទំនាក់ទំនង​ល្អ​ជា​មួយ​រុស្ស៊ី ជួយ​ដាក់​សម្ពាធ​លើ​លោក​ពូទីន ឱ្យ​បិទ​បញ្ចប់​សង្គ្រាម​។ កាលពី​ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​បាន​ទៅ​ប៉េកាំង​ដើម្បី​ជួប​លោក​ស៊ីជីនពីង។ ប្រធានាធិបតី​បារាំងដែល​​កំពុង​រៀប​គម្រោង​​ទៅ​ចិន ក្នុង​ពេល​ឆាប់ៗដែរ បានទទួល​ជួប​​រដ្ឋមន្ត្រីការបរទេស​ចិន លោក​ វ៉ាង យី ជា​លក្ខណៈ​បុគ្គល​ផង កាលពី​ថ្ងៃ​ពុធ។ ​បន្ទាប់​ពីបំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅអឺរ៉ុប​ លោក​វ៉ាងយី ​ត្រូវ​បន្ត​ដំណើរ​ទៅ​ម៉ូស្គូ។ ភាគី​​បារាំង​សង្ឃឹម​​​ថាលោក​ វ៉ាង​យី នឹង​ពាំនាំ​សារ​លើក​ទឹក​ចិត្ត​ឱ្យ​រុស្ស៊ី​ចូល​តុចរចា​ និង​​បញ្ឈប់​ការ​ផ្លោង​គ្រាប់​សម្លាប់ជនស៊ីវិល របស់ប្រធានាធិបតី​បារាំង​ទៅ​ប្រាប់​មូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ