អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាព​អាហ្វ្រិក ​ចង់​ពន្លឿន​កិច្ចចរចាពី​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​សេរី​​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាពអាហ្រ្វិក  ​បើកកិច្ចប្រជុំកំពូល លើកទី​៣៦ ក្នុងទីក្រុង អាឌីស អាបេបា ប្រទេសអេត្យូពី។ សហភាព​អាហ្វ្រិក ផ្តួ​ច​ផ្តើម​បង្កើតពីដំបូង​ឡើយ​​នៅឆ្នាំ​១៩៦៣ ហើយ​ក្នុង​ឆ្នាំ២០១៧ បាន​សម្រេច​ចង​សម្ព័ន្ធគ្នានិង​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ ជាផ្លូវការ ដោយ​ឲ្យឈ្មោះថា «សហភាព​អាហ្វ្រិក»។ ​ចាប់ពីឆ្នាំ​២០១៧មក សហភាព​អាហ្វ្រិក បានប្រមូល​ផ្តុំ​គ្នា​ ចំនួន ​៥៥ ប្រទេស​​សមាជិក​។ ​បើគិតពីទំហំប្រជាជន មាន ១,៣ ពាន់លាននាក់។ នេះជាទីផ្សារលំដាប់ លេខ ១ លើពិភពលោក។ សូម្បីសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងសហភាពអឺរ៉ុប គឺគ្រប់គ្នាចែចង់តំបន់អាហ្វ្រិក និងសម្រុកទៅរកស៊ីវិនិយោគនៅទីនោះ។

សហភាព​អាហ្វ្រិក ​ចង់​ពន្លឿន​កិច្ចចរចាពី​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​សេរី​​?​​
សហភាព​អាហ្វ្រិក ​ចង់​ពន្លឿន​កិច្ចចរចាពី​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​សេរី​​?​​ © Catarina Falcao
ផ្សាយពាណិជ្ជកម្ម

បញ្ហាតំបន់​និងអន្តរជាតិ

បើតាម​ប្រភព​ពី រដ្ឋាភិបាល​អេត្យូពី ជាម្ចាស់ផ្ទះ​នៃជំនួប​កំពូល​ គឺនឹង​មាន​ប្រធានាធិបតី​អាហ្វ្រិក​ចំនួន ៣៦ប្រទេស ហើយ​និងនាយករដ្ឋមន្ត្រី ៤ ប្រទេស​ទៀត​ ដែល​បានបញ្ជាក់​វត្តមាន​ចូលរួម​ ហើយ​ក៏មាន​ដែរ អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ និង​អាជ្ញាធរថ្នាក់​ដឹកនាំ​ប៉ាឡេស្ទីន​​។​

តាម​របៀបវរៈ សម្រាប់ប្រជុំ២ថ្ងៃ នៅថ្ងៃសៅរ៍​-អាទិត្យ ទី១៧-១៨កុម្ភៈ សហភាព​អាហ្វ្រិក ​នឹង​ផ្តល់​តម្លៃ​កិច្ចពិភាក្សា​ទៅលើ បញ្ហា​ហិង្សា​នៅក្នុង​តំបន់ ពិសេស​ករណី​ការ​​បង្ហូរ​ឈាម​នៅ​ក្នុង​តំបន់​សាហែល និងជម្លោះ​នៅ​សាធារណរដ្ឋប្រជាធិបតី​កុងហ្គោ ដែល​ទាស់ទែង​​គ្នាជាមួយប្រទេស​ រ៉វ៉ាន់​ដា​។​ ​សំណុំ​រឿង​ផ្ទៃក្នុង​ដែរ គឺ​បញ្ហា​រដ្ឋប្រហារ​យោធា​ និង​ហិង្សា​នៅ​​ប្រទេស ម៉ាលី បួកគីណាហ្វាសូ និង ហ្គេណេ។ ប្រទេស​បីនេះ ត្រូវ​សហភាពអាហ្វ្រិក​ ថ្កោលទោស​ និង​ផ្អាក​សិទ្ធិ​ មិន​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​នយោបាយ​មក​ប្រជុំ​ទេ​​។​​ ​សំណុំ​រឿងដ៏​​សំខាន់មួយ​​ទៀត គឺ​កំណែទម្រង់​លើក​គម្រោង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​សេរី។

«​តំបន់សេដ្ឋកិច្ចពាណិជ្ជកម្មសេរីរួម​គ្នា»

ពាណិជ្ជ​កម្ម​នៅក្នុង​តំបន់ រវាង​បណ្តារដ្ឋអាហ្វ្រិក​ជាមួយ​គ្នា​នោះ មានតែ​ ១៥%​តែប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះហើយ ដែល​បណ្តារដ្ឋអាហ្វ្រិក​ខ្លះ ចង់​ឲ្យ​ជំរុញ​កិច្ច​សហការ​រកស៊ី​រួម​គ្នា គឺពិសេស​កែទម្រង់​ស្ថាប័ន​សហភាពអាហ្វ្រិក​ ឲ្យ​រឹងមាំផង​ ព្រោះរាល់​ថ្ងៃ​នេះ សហភាព​អាហ្វ្រិក​ នៅទន់ខ្សោយ និង​នៅ​ពឹង​ផ្អែក​ជំនួយ​អន្តរជាតិ​ច្រើ​ននៅឡើយ។ ពោលគឺ​តាមរយៈ​ការ​បង្កើ​ត«​តំបន់សេដ្ឋកិច្ចពាណិជ្ជកម្មសេរីរួម​គ្នា»។​

បណ្តារដ្ឋ​សមាជិក និង​អ្ន​កជំនាញ​អន្តរជាតិ មួយ​ចំនួន ឲ្យ​យោបល់​ថា ត្រូវ​រៀប​ចំ​បើក​ចំហ​ធ្វើ​ពាណិជ្ជកម្មសេរី ​រំលាយ​រណាំង​ពន្ធ​គយ​ និង ដាក់​ឲ្យ​​ចរាចរមនុស្ស​ដោយ​សេរី រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

បណ្តាប្រទេស​អាហ្វ្រិក​ តស៊ូ​មតិ​ ជជែកពិភាក្សា​​គ្នា​ច្រើន​ឆ្នាំណាស់មកហើយ នៅមិនទាន់​រក​ឃើញ​ចំណុច​ឯកភាព​គ្នា​ទេ។​ ​​​ប្រទេស​សមាជិក​មួយ​ចំនួន​ មិន​ព្រមឡើយ​ ក្នុងការ​បើក​ចំហច្រកព្រំដែន​ទទួល​លំហូ​រមនុស្ស​ដោយ​សេរី​ពីប្រទេស​ជិត​ខាង​និងពីប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ ព្រោះគេ​បារម្ភ​ខ្លាច​ក្រែង​ទប់​ទល់​មិន​ឈ្នះ​ លំហូរ​ជន​ភៀសខ្លួន​។ មួយ​ទៀត ប្រទេស​ដែល​ក្រីក្រ​ខ្លាំង​ ក៏​បារម្ភខ្លាចខាត​បង់​រឹត​តែ​ច្រើន​​ចំពោះ​ការ​រំលាយ​រណាំ​ពន្ធគយ ដ្បិត​គ្មាន​អ្វី​សម្រាប់​នាំចេញ​នឹងគេ​។​

បើតាម​​ធនាគារ​ពិភពលោក ប្រសិន​បើជា ​សហភាព​អាហ្វ្រិក​ យល់ព្រម​ទៅលើ​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​សេរី​នេះ គឺ​នឹង​បង្កើត​ការងារធ្វើ​ឆាប់រហ័ស ១៨លាន​​កន្លែង ចាប់​ពេល​នេះ​ដល់​២០៣៥ ហើយ​និងជួយ​ស្រោច​ស្រង់​មនុស្ស​ រហូត​ដល់​ ៥០​លាននាក់​ឲ្យ​ចាកចេញពី​ភាព​ក្រីក្រ​។ អង្គការ​សហប្រជាជាតិ​ ក៏​រពឹង​ដែរថា បើ​ធ្វើ​ដូច្នេះបាន ទំហំ​ចំណូល​ក្នុងស្រុក​សរុប​ សម្រាប់​សហភាព​អាហ្វ្រិក នឹង​លោត​ដល់ ៣ ៤០០ ពាន់​លាន​ដុល្លារ​។​

​​អាហ្វ្រិក​ខាងត្បូង ​ធ្វើ​សមយុទ្ធ​យោធា ជាមួយ រុស្ស៊ី និង​ ចិន​។​

អាហ្វ្រិកខាងត្បូង បាន​ប្រកាស​តាំងតែពីខែមុន​មកម្ល៉េះ ពី​ការ​សមយុទ្ធយោធារួម​គ្នា​ ជាមួយ រុស្ស៊ី និង ចិន ដែល​ គ្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​២២ ដល់ទៅ​២៧សប្តាហ៍​ខាងមុខ។​ អាហ្វ្រិកខាងត្បូង បាន​រៀបចំ​ឲ្យ​ស្រេច​ កន្លែង​ត្រូវ​ត្រៀម​ធ្វើ​សមយុទ្ធ​ តាំងពី​ថ្ងៃ​សុក្រ​ម្ល៉េះ។​ សមយុទ្ធដ៏​​ចម្រូង​ចម្រាស់​នេះ ត្រូវ​សហរដ្ឋអាមេរិក ប្រទេស​លោកខាងលិច ហើយ​សូម្បីតែអ្ននន​យោបាយ​និងពលរដ្ឋ​ក្នុង​ស្រុក មួយ​ចំនួន​ក៏​បាន​រិះគន់​ព្រមទាំង​សម្តែង​មតិ​ជំទាស់ដែរ។

ចំពោះ​​សំណុំ​រឿង​សង្គ្រាម​ឈ្លាន​ពានរុស្ស៊ី​នៅ​​អ៊ុយក្រែន​វិញ​ គឺ ពេញ​មួយ​ឆ្នាំ​​ អាហ្វ្រិកខាងត្បូង បា​នអះអាង​តាំងខ្លួន​នៅ​អព្យាក្រឹត​ ហើយ​និង​បញ្ជាក់ថា ការ​ធ្វើ​សមយុទ្ធ​ជាមួយ​ ចិន និងរុស្ស៊ី​លើកនេះ គឺឋិត​ក្នុង​បំណងចែក​រំលែក​សមត្ថភាព​និង​ចំណេះដឹង​យោធា​ក្នុង​ប្រតិបត្តិការសឹក​។

ជំហរ​របស់​​​សហភាព​អាហ្វ្រិក​ចំពោះ​សង្គ្រាមឈ្លានភាព​រុស្ស៊ី​ទៅ​អ៊ុយក្រែន?

ជំហរ​ របស់​ប្រទេ​សទាំង​៥៥ នៃ​សហភាព​អាហ្វ្រិក​ គឺ​ពុំ​មាន​មូលមាត់​ក្នុង​សំឡេង​តែមួយ​ទេ​។​ ប្រទេស​ចំនួន​ច្រើន​ផង នៅ​ពឹង​ពាក់​លើ​រុស្ស៊ី ទាំង​វិស័យ​អាវុធ​យោធា និង​សេដ្ឋកិច្ច​ ពិសេស​ស្បៀង​អាហារ។ ​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡិនស្គី ក៏​ធ្លាប់​លើកឡើងដែរថា រុស្ស៊ី​ បាន​យក«​អាហ្វ្រិក»​ធ្វើ​ជា​ចំណាប់​ខ្មាំង​​។​​​​ ថ្មីៗនេះ ប្រទេស​ក្នុង​តំបន់​សាហែល បាន​ដេញ​កងទ័ព​បារាំង​និង​ទ័ព​របស់​អឺរ៉ុប​ ឲ្យ​ចេញ និង​ស្រវា​ចាប់យក​ទ័ព​រុស្ស៊ី​។ កាលពី​ផ្ទុះ​សង្គ្រាមប៉ុន្មាន​ខែ​ដំបូង និង​មិនទាន់​មា​នអន្តរាគមន៍​ពី​តួកគី​និងអង្គការ​សហប្រជាជាតិ ដើម្បី​នាំ​ស្បៀង​និង​គ្រាប់​ធញ្ញជាតិ​ ចេញពី​កំពង់​ផែ​របស់​រុស្ស៊ី​និង​របស់​អ៊ុយក្រែន គឺ​គ្រានោះ ប្រទេស​ដែល​រងគ្រោះ​ខ្លាំងនិង​ឋិត​ក្នុង​ក្តីព្រួយ ក្រុម​ប្រទេស​អាហ្វ្រិក​នេះឯង​។

ខែតុលា ឆ្នាំ២០២២ នៅពេល​អង្គការ​សហប្រជាជាតិ​ រៀបចំ​អនុម័ត​សេចក្តីសម្រេច​ដាក់​ទោសទណ្ឌកម្ម​លើ​រុស្ស៊ី​ សមាជិក​សហព័ន្ធ​​អាហ្រ្វិក​ ១៧ប្រទេស​ អវត្តមាន ហើយ​ប្រទេសខ្លះទៀត មិន​​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​ទេ ។ ប្រទេស​សេណេហ្គាល់ ជា​ប្រធាន​​សហភាព ​បាន​បោះឆ្នោតគាំទ្រ​ ឲ្យ​​​ថ្កោលទោស​រុស្ស៊ី​ កាលពីឆ្នាំទៅមិញ​។ ឆ្នាំថ្មីនេះ​ សហភាព​អាហ្វ្រិក ផ្លាស់ប្តូរ​វេន​ប្រធាន​ដឹកនាំ គឺ Comores ជា​ប្រទេស​កោះ​ មាន​ប្រជាជន​​ជាង ​៨៥ ម៉ឺននាក់ និង​ទំនងជា​​មិន​សូវ​មាន​ទឹកមាត់​ប្រៃ វិស័យ​ការទូត​ប៉ុន្មាន​ទេ ដែល​ត្រូវ​រំពឹង​លើ​រដ្ឋ​សមាជិក​ជាច្រើន​ទៀត​ជួយ​ជ្រោម​ជ្រែង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ