អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បស្ចិមលោក ​ដាក់​សម្ពាធ​លើ ចិន​ តែក៏​​ជឿ​​ថា ចិន អាច​​ប្រើ​ឥទ្ធិពល​​ជំរុញ​ឲ្យ រុស្ស៊ី បញ្ឈប់​សង្គ្រាម​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខការទូតអាមេរិកលោក ប៊្លីនកិន និងសមភាគីចិនលោក វ៉ាង យី ជា នាយកការិយាល័យមជ្ឈិមកិច្ចការបរទេស និងជា អតីតរដ្ឋមន្ត្រីការបរទេស ​បានស្កាត់​ជួបគ្នា នៅ​យប់​ថ្ងៃ​សៅរ៍​ នាឱកាសសន្និសីទស្តីពីសន្តិសុខ រៀបចំក្នុងទីក្រុងម៉ុយនិច ប្រទេសអាល្លឺម៉ង់។ នៅក្នុងជំនួប​​រយៈ​ពេលជាង​​ ១ ម៉ោង​  ភាគីទាំងពីរ បានជជែកគ្នា«ដោយផ្ទាល់ និងត្រង់ទៅត្រង់មក» លើសំណុំរឿងជាច្រើន រួមមានទំនាក់ទំនងទ្វេភាគី និងបញ្ហាសង្រ្គាមអ៊ុយក្រែន។  

ការជួប​ជុំ​សម្តែង​មតិ​ នៅឱកាសសន្និសីទស្តីពីសន្តិសុខ រៀបចំក្នុងទីក្រុងម៉ុយនិច ប្រទេសអាល្លឺម៉ង់។
ការជួប​ជុំ​សម្តែង​មតិ​ នៅឱកាសសន្និសីទស្តីពីសន្តិសុខ រៀបចំក្នុងទីក្រុងម៉ុយនិច ប្រទេសអាល្លឺម៉ង់។ REUTERS - KAI PFAFFENBACH
ផ្សាយពាណិជ្ជកម្ម

​​​​សំណុំ​រឿងទ្វេភាគី

បើតាម​កាសែត​ផ្លូវ​រដ្ឋ​ចិន ផ្សាយ​ពីប៉េកាំង​នៅព្រឹក​ថ្ងៃ​សៅរ៍ គឺ​លោក វ៉ាង យី ជា នាយកការិយាល័យមជ្ឈិមកិច្ចការបរទេស និង​ជា ​សមាជិក​ការិយាល័​យ​នយោបាយគណ​​បក្ស​កុម្មុយនិស្តចិន បាន​លើកឡើង​ជាថ្មី ពី​«បាឡុង​ចិន​​ដែល​អាមេរិ​កបាញ់​កម្ទេច​» កាលពីថ្ងៃទី​៤កុម្ភៈ​។ ​ អតីត​រដ្ឋមន្ត្រី​ការបរទេស​​ចិនរូប​នេះ​ ​​ចោទវាយបក ​ថា «ជាការ​រំលោភច្បាប់​អន្តរជាតិ» និង​​ថា «ទង្វើអាមេរិក ​គ្មាន​សម​ហេតុសម​ផល»។ លោក វ៉ាង យី ពន្យល់ទៀតថា «មាន​បាឡុងច្រើន និង​ជារបស់​ប្រទេសច្រើនណាស់​ ដែល​ហោះ​នៅ​ពេញ​ផ្ទៃ​អាកាស។​ ហេតុម្តេច អាមេរិក​មិន​បាញ់​កម្ទេច​ផង​ទៅ? ម្តេច​ក៏​បាញ់តែ​បាឡុង​របស់​ចិន?»។ ចំពោះ​លោក វ៉ាង យី ការ​ណ៍​ដែល​អា​មេរិ​បាញ់​បាឡុង​ចិន ព្រោះតែ​ចង់​បង្វែរចំណាប់​អារម្មណ៍​ពលរដ្ឋអាមេរិក ចេញពី​បញ្ហា​ក្នុង​​​អាមេរិក​ខ្លួន​ឯង​។​ ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ចិនរូបនេះ​ ក៏​នៅតែបន្ត​ការពារថា​ បាឡុង​ចិន​ដែលត្រូវ​អាមេរិក​បាញ់​កម្ទេចចោល​​នោះ គឺហោះ​ក្នុង​«វត្ថុបំណង​ស្រាវជ្រាវពី​អាកាស​ធាតុ និង​ហេតុ​ផល​ស៊ីវិល​»តែប៉ុណ្ណោះ។​

ចំពោះ​ប្រមុខការទូត​អាមេរិក ករណី​បង្ហោះ​បាឡុង​ចូល​ដែនដីអាមេរិក​នេះ គឺ«​មិនអាច​អត់​ឱន​ឲ្យ​បាន​សោះឡើយចំពោះ​ការ​រំលោភ​បំពាន​ដែនអ​ធិបតេយ្យ​ភាព​របស់ខ្លួន​» ហើយលោក អង់តូនី ប្ល៊ីងកិន​ សង្កត់ធ្ងន់ថា« ​កុំឲ្យ​មាន​រឿង​ដូច្នេះ​ទៀត​ឲ្យសោះ»។​ នេះ​ជាអ្វី​ដែល​កាសែត​បច្ចិមលោក​រាយការណ៍​ឲ្យដឹង។​ ក្នុងនោះ​ដែរ​ គឺ ប្រមុ​ខ​ការទូត​អាមេរិក បាន​បញ្ជាក់​ទៅ​សមភាគី​ចិន​​ ថា​រដ្ឋាភិបាល​អាមេរិក ​«មិន​ចង់​បង្កជម្លោះ និង​មិនចង់បញ្ឆេះ​​​សង្គ្រាម​ត្រជាក់» ជាមួយ​ចិន​ទេ ហើយ​អាមេរិក​នឹង«នៅតែបើកទ្វារ​ចំហ​ជានិច្ច​»សម្រាប់កិច្ច​សន្ទនា​ចរចា​គ្នា​។​

សំណុំ​រឿង​សង្គ្រាម​នៅអ៊ុយក្រែន

​​អ្នកតំណាងការទូតជាន់ខ្ពស់ចិន ​លោក វ៉ាង យី នាយកការិយាល័យមជ្ឈិមកិច្ចការបរទេស ​មាន​ប្រសាសន៍​ ពីពាក្យ​«សន្តិភាព» ​ជាង​«៣០»ដង។ នេះបើតាម​ការ​របស់​ពាក្យ​សម្តី​ក្នុង​សុន្ទរកថា​របស់លោក​ នៅ​​សន្និសីទសន្តិសុខ​​ក្រុង​ម៉ុយនិច។ ក្នុង​សំណុំ​រឿង​អ៊ុយក្រែន ជំហរ​ចិន គឺ​ចិន​ចង់​ឲ្យ​ អ៊ុយក្រែន និង រុស្ស៊ី ចូល​តុ​ចរចា។​ ​នៅ​ចំពោះ​មុខ​ប្រទេស​អឺរ៉ុប គឺ ចិន​ចង់​ឃើញ​សន្តិភាព ក៏ប៉ុន្តែ​នៅ​ជាមួយ​រុស្ស៊ី ចិន​ប្រហែល​ជា​និយាយ​ផ្សេង។

ក្រុម​​ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ​អះអាង«ចិនបានជួយផ្គត់ផ្គង់ជំនួយដល់រុស្ស៊ី ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន»។ មន្ត្រី​ថ្នាក់ដឹកនាំជាន់​ខ្ពស់​​អាមេរិក ឲ្យ​កាសែត​បច្ចិមប្រទេសដឹង​ថា ចិន ជួយ​ រុស្ស៊ី​ ជាសម្ងាត់ គឺជួយ​ផ្តល់​សម្ភារៈ​ផង ហើយ​និង​ជួយ​ផ្នែក​ខាង​ហិរញ្ញ​វត្ថុ ដើម្បី​ឲ្យ​រុស្ស៊ី​គេច​ផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​។ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្ន​កស្រី ​កាំមីឡា ហារីស បាន​សង្ស័យ​ពី​«អព្យាក្រឹត្យ​ភាព​របស់​ចិន​ចំពោះ​សណុំ​រឿងសង្គ្រាម​អ៊ុយក្រែន»ដែរ​ ហើយ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ចាត់ទុកថា ចិន​ជា​«កាំបិត​មុខ​ពីរ» ហើយ​ដាស់តឿន​ចិន​ឲ្យ​ប្រុងប្រយ័ត្ន​ពីផល​វិបាក​។

ចិន មាន​ទឹកមាត់ប្រៃ​និយាយ​ជាមួយ រុស្ស៊ី

ប្រទេស​ជប៉ុន​ ​ដាក់​គំនាបរដ្ឋាភិបាល ចិន ឲ្យ​គិតគូរ​ករណីសង្គ្រាម​​អ៊ុយក្រែន​​។ នៅ​ក្រុងម៉ុយនិច រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ​​​ថែម​ទាំង​បាន​ជំរុញ​ឲ្យ ​ចិន ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវចំពោះ​សង្គ្រាម​អ៊ុយ​ក្រេន​។

ក្រៅពី​ដាក់​គំនាប​លើចិន​ សហគមន៍​អឺរ៉ុបនិង​បច្ចិមប្រទេស ​ក៏​​​ជឿជាក់​ថា ចិន អាច​នឹង​ប្រើ​ឥទ្ធិពល​របស់ខ្លួន ដើម្បី​ជំរុញ​ឲ្យ រដ្ឋបាល​វិមាន​ក្រិមឡាំង​របស់​រុស្ស៊ី បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន​ បាន។

ដូចគ្នា​​នឹង​ប្រមុខ​ការ​ទូត​ជប៉ុន​ដែរ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក រីស៊ី ស៊ូណាក់ វាយ​តម្លៃថា «ចិន​ត្រូវ​ដើរតួនាទី​របស់ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ»។​ បារាំង អាល្លឺម៉ង់ និង​ប្រទេស​ជាច្រើន​ក្នុងរង្វង់​សហភាព​អឺរ៉ុប សុទ្ធតែ​សង្ឃឹម​ជឿជាក់ថា ចិន មាន​ទឹក​មាត់​ប្រៃ​និយាយ​បញ្ចុះ​បញ្ជូល​រុស្ស៊ី របស់ លោក វ្ល៉ាឌីមៀរ ពូទីន។ គ្រប់​គ្នា​សង្ឃឹម​ដូច្នេះ ពីព្រោះថា​ លោក វ៉ាង យី នឹង​ធ្វើ​ដំណើ​រ រដ្ឋធានី​ម៉ូស្កូ ​ក្នុង​ឆាប់ៗ​ខាងមុខ​នេះ ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​ប្រធានាធិបតី​ចិន ​ស៊ី ជីនពីង និង​​ប្រមុខរដ្ឋ​រុស្ស៊ី  វ្ល៉ាឌីមៀរ ពូទីន ដែល​គ្រោង​ទំនង​ជា​ធ្វើ​ឡើង​នៅ​ក្រោយ​ខែ​មីនា​ បន្ទាប់ពី​កិច្ចប្រជុំ​សភាប្រជាជន​ចិន​។

ក្នុង​ជំនួប​ទ្វេភាគី ដាច់​ដោយឡែក នៅ​ថ្ងៃពុធ ប្រធានាធិបតីបារាំង បាន​ផ្តាំផ្ញើ​ឲ្យ លោក វ៉ាង យី នាំសារ​ ថា​ «ពលរដ្ឋ​បារាំង​លើកទឹកចិត្ត​ឲ្យ​រុស្ស៊ី​វិល​មក​តុចរចា ហើយ​បញ្ឈប់​ការ​បំផ្លោង​គ្រាប់​សម្លាប់​ពលរដ្ឋ​ស៊ីវិល»។

សហរដ្ឋអាមេរិក​ ចោទ​រុស្ស៊ី​ ថា «ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្ស​ជាតិ»។

ការ​​ចោទប្រកាន់​ជាចំហនេះ គឺ​ចេញពី​សម្តី​របស់​ អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលអ្នកស្រី កាំមីឡា ហារីស។ នៅក្នុងឱកាស​សន្និសីទ​ក្រុង​ម៉ុយនិក ថ្នាក់ដឹកនាំអាមេរិក​ បាន​ថ្កោល​ទោស រុស្ស៊ី ដែល​បង្ក​សង្គ្រាម​​ឈ្លាន​ពាន​ ចំនួន​ ៣៦១ថ្ងៃ​ មកហើយ ទៅលើ​អ៊ុយក្រែន។ អ្នកស្រី កាំមីឡា ហារីស ដែល​ជា​ អតីត​រដ្ឋអាជ្ញាសហរដ្ឋអាមេរិក​ ផង បាន​ថ្លែងថា «យើង​បាន​ពិនិត្យ​ភស្តុតាង និង​ចេះ​ដឹង​ពី​ច្បាប់​ច្បាស់លាស់ គឺ​ គ្មាន​អ្វីត្រូវសង្ស័យ​ទៀត​ទេ ថា​ នេះជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ យ៉ាង​ពិតប្រាកដ»។

​មន្ត្រី​ជាន់ខ្ពស់​អាមេរិក បញ្ជាក់ថា បាន​ប្រមូល​ភស្តុតាង ៣០ ៦០០ ករណី ស្តីពី​ ឧក្រិដកម្ម​រុស្ស៊ី គឺ​ មាន​ការ​ទម្លាក់​គ្រាប់​និងបំផ្លោង​គ្រាប់បែក ​តម្រង់​ទៅលើ​ជន​ស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​ទារុណកម្ម  រំលោភ​សេពសន្ធវៈ​ ការ​ជម្លៀសចេញដោយ​បង្ខំ កូន​ក្មេង​ ផ្តាច់​ពី​គ្រួសារ ជាដើម។

ពីប្រទេស​អាល្លឺម៉ង់ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន បា​នស្វាគមន៍​ចំពោះ​ជំហរ​អាមេរិក​ ហើយ ​អ៊ុយក្រេន ក៏​នៅតែបន្ត​ចោទក្រុង​ម៉ូស្កូ ពី​ការ​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​។ ក្រុង​កៀវ ក៏​គាំទ្រ​ឲ្យ​បង្កើត​តុលាការ​ពិសេស​កាត់ទោស​រុស្ស៊ី​ ទៀត​ផង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ