អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដែនដី​​របស់​​​ចិន​និង​សហរដ្ឋ​អាមេរិក ប្រឈម​ខ្លាំង​ជាងគេ​​នឹង​​ហានិភ័យ​វិបត្តិ​​អាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ហានិភ័យបង្កឡើងដោយ​វិបត្តិអាកាសធាតុសកល គឺជាក្តី​ព្រួយ​បារម្ភ​ធំឡើងៗ ដែលរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្រ្ត​​កាន់តែច្រើន បាន​សន្និដ្ឋាន។ គ្រោះទឹកជំនន់ ការ​បាក់រមៀលដី ភ្លើងឆេះព្រៃ ខ្យល់ព្យុះជាដើម។ល។ ដែល​កាន់តែមានភាពសាហាវធ្ងន់ធ្ងរ ដោយសារតែបម្រែបម្រួលអាកាសធាតុសកល បង្កឡើងដោយ​ការកើនឡើងកំដៅផែនដី។ យើងតាមរបាយការណ៍មួយ​ ចេញផ្សាយ​នៅថ្ងៃចន្ទទី​២០កុម្ភៈ គឺដែនដីតំបន់មួយចំនួននៅ​ប្រទេសចិន និង​នៅសហរដ្ឋអាមេរិក មានការប្រឈមខ្លាំងបំផុត ទៅនឹងហានិភ័យអាកាសធាតុទាំងនេះ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត​។ ជាហានិភ័យ​ប្រឈម ដែលអាច​​ធ្វើឲ្យតំបន់ទាំងនេះ បាត់បង់នូវសក្តានុពលសេដ្ឋកិច្ច ព្រមទាំងប៉ះពាល់ដល់អាយុជីវិតរបស់​ប្រជាជន​ផងដែរ។

ក្រុមសង្គ្រោះចិន កំពុងដឹកជញ្ជូនមនុស្សតាមទូកដែលរងគ្រោះ ដោយទឹកជំនន់យ៉ាងគំហុក នៅក្រុង វៃហួយ ខេត្តហឺណាន ភាគកណ្តាលប្រទេសចិន។ ថ្ងៃទី ២៦ កក្កដា ២០២១
ក្រុមសង្គ្រោះចិន កំពុងដឹកជញ្ជូនមនុស្សតាមទូកដែលរងគ្រោះ ដោយទឹកជំនន់យ៉ាងគំហុក នៅក្រុង វៃហួយ ខេត្តហឺណាន ភាគកណ្តាលប្រទេសចិន។ ថ្ងៃទី ២៦ កក្កដា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

៨០%នៃតំបន់ដែប្រឈមហានិភ័យខ្លាំង គឺស្ថិតនៅចិន អាមេរិក និងឥណ្ឌា​

វិបត្តិអាកាសធាតុកំពុងតែគំរាមខ្លាំងបំផុតទូទាំងសកលលោក ក៏ប៉ុន្តែវដែនដី តំបន់​នីមួយៗ មានកម្រិតប្រឈម​តិចឬខ្សោយ មិនដូចគ្នាទេ​​។ ជារួម តំបន់ភាគច្រើនដែលប្រឈមខ្លាំងបំផុត នឹងហានិភ័យអាកាសធាតុ គ្រោះធម្មជាតិ គឺមាននៅប្រទេសចិន​និងនៅសហរដ្ឋអាមេរិក​។ របាយការណ៍សិក្សាស្រាវជ្រាវនេះ គឺធ្វើឡើងដោយ ក្រុមហ៊ុន XDI មានមូលដ្ឋាន​នៅអូស្ត្រាលី ហើយដែលមានជំនាញ​ ​វិភាគវាយតម្លៃហានិភ័យផ្នែកអាកាសធាតុ សម្រាប់​បណ្តាក្រុមហ៊ុនអ្នកវិនិយោគ និង​អ្នក​វិភាគ​ហិរញ្ញវត្ថុ​។

អ្នកជំនាញរបស់​ XDI បាន​ពិនិត្យ​លម្អិត លើដែនដីតំបន់ចំនួនជាង​២៦០០ នៅទូទាំងពិភពលោក ដើម្បី​ចាត់ចំណាត់ថ្នាក់ ថា​តំបន់​នីមួយៗ មានកម្រិតប្រឈមហានិភ័យខ្លាំងប៉ុណ្ណា ពីនេះដល់ឆ្នាំ​២០៥០។ យោងតាម លោក Karl Mallon ប្រធានក្រុមការងារវិទ្យាសាស្ត្ររបស់ XDI អ្វីដែលយើងអាចកត់សំគាល់​បាន គឺ​ខេត្តមួយចំនួនរបស់ចិន រដ្ឋមួយចំនួន​របស់សហរដ្ឋអាមេរិក និង​នៅឥណ្ឌា គឺស្ថិតនៅលំដាប់ជួរមុខ ដែលប្រឈមហានិភ័យខ្លាំង។

ក្នុងចំណោមតំបន់ទាំង៥០ដែល​ប្រឈមហានិភ័យវិបត្តិអាកាសធាតុខ្លាំងបំផុត គឺ​៨០% មាននៅតាម​​ប្រទេសធំៗទាំង៣នេះ។ ហើយ​ក្នុងចំណោម​តំបន់១០ ដែលនៅលេខរៀងជួរមុខគេ ប្រឈមខ្លាំងបំផុត​នោះ​ គឺមាន​៩ទៅហើយ​​ ដែលជាខេត្តរបស់ចិន តួយ៉ាង ខេត្ត Jiangsu ខេត្ត​Shandong និងខេត្ត​​Hebei ជាដើម។ សម្រាប់សហរដ្ឋអាមេរិកវិញ រដ្ឋផ្លរីដា ស្ថិតនៅលេខរៀងទី​១០ រដ្ឋកាលីហ្វ័រញ៉ា លេ​ខរៀងទី​១៩ រដ្ឋតិចសាស់ លេខរៀងទី២០ បន្តបន្ទាប់មកទៀត មានរដ្ឋមួយចំនួន​នៅ​ឥណ្ឌា នៅ​ប្រេស៊ីល និង​នៅឥណ្ឌូណេស៊ីជាដើម ដែលសុទ្ធតែប្រឈមខ្លាំងនឹងវិបត្តិអាកាសធាតុ គ្រោះធម្មជាតិ​។​ ដោយឡែកនៅអឺរ៉ុបវិញ តំបន់ Basse-Saxe ភាគខាងលិចអាល្លឺម៉ង់ មានកម្រិតប្រឈមខ្លាំង លេខរៀង​ទី​​៥៦  ខណៈតំបន់​ ​Hauts de France ភាគខាងជើង​ស្រុកបារាំង ស្ថិតនៅលេខរៀងទី​១២១។

ហានិភ័យគ្រោះធម្មជាតិ បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ​

នីតិវិធីនៃការស្រាវជ្រាវធ្វើរបាយការណ៍នេះ គឺអ្នកជំនាញរបស់ XDI ផ្តោតសំខាន់ទៅលើ​ ហានិភ័យ​ប្រឈមនៃសំណង់អាគារ ហេដ្ឋារចនាសម្ព័ន្ធ ដែលអាចប្រឈមនឹង​ការខូចខាត។ ហានិភ័យ​ដែលមានចំនួន​៨​ទម្រង់ធំៗ ហើយដែលជា​ផលអវិជ្ជមាន​ជាក់ស្តែង បង្កឡើងដោយ​ការកើនឡើងកំដៅ​ផែនដី​នេះឯង។ ក្នុងនោះគឺមាន ករណីគ្រោះទឹកជំនន់តាមដងទន្លេ ទឹកជំនន់លើតំបន់វាលទំនាប និងគ្រោះទឹកជំនន់តាមតំបន់មាត់ឆ្នេរ។ ក្រៅពីនេះ គឺមានហានិភ័យ​ប្រឈម ដោយ​សីតុណ្ហភាព​ក្តៅខ្លាំង ករណីភ្លើងឆេះព្រៃ ករណី​នបាក់រមៀលដី ករណី​ខ្យល់បក់គួ​ចខ្លាំង ព្រមទាំង​ករណី​សីតុណ្ហភាព​ចុះត្រជាក់​កក ឬក្តៅរលាយ​​មួយរំពេច។​

របាយការណ៍នេះ គឺត្រូវបានធ្វើឡើង ដោយ​ផ្អែកមួយផ្នែកធំ ទៅលើ​ការសន្និដ្ឋានរបស់ក្រុម​​អ្នកជំនាញ​អាកាសធាតុ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា GIEC ដែលលើកឡើងពីសេណារីយ៉ូ ដែល​ផែនដីយើង នឹងឡើងកំដៅ​ចំនួន​៣°c បន្ថែមទៀត នៅដំណាច់សតវត្សទី​២១។ ការកើនឡើងសីតុណ្ហភាព ដែលបង្កឡើងដោយ​​កម្រិតឧស្ម័ន​ផ្ទះកញ្ចក់​នៅក្នុងបរិយាកាស។

លោក Rohan Hamdan ​អគ្គ​នាយកក្រុមហ៊ុន XDI បាន​បញ្ជាក់ថា គឺក្រុមហ៊ុន​វិនិយោគ និង​ហិរញ្ញវត្ថុ ដែល​ត្រូវការចង់បាន​ទិន្នន័យ និងការសន្និដ្ឋាន ស្តីពី​ហានិភ័យអាកាសធាតុ នៅតាមដែនដីតំបន់នីមួយៗទូទាំងពិភពលោក ដើម្បីឲ្យ​គេងាយ​ស្រួល នៅក្នុង​ការ​ពិចារណា វាយ​តម្លៃបញ្ហាប្រឈមនានា មុននឹង​​បោះទុនវិនិយោគ។ សំណង់អាគារ ហេដ្ឋារចនាសម្ព័ន្ធ គឺវាផ្សារភ្ជាប់ជាមួយ​កម្រិតសកម្មភាពសេដ្ឋកិច្ច​តិចឬខ្លាំង នៃតំបន់ដែនដីនីមួយៗ ហើយដែលញ៉ាំងឲ្យ​មាន​កម្រិត​បោះទុនហិរញ្ញវត្ថុវិនិយោគ។​ ដូច្នេះវាជារឿងចាំបាច់ ដែលគេត្រូវ​តែ​វិភាគវាយតម្លៃ ទៅ​លើតំបន់​នីមួយៗ ថាអាចប្រឈម​ហានិភ័យជាក់ស្តែងកម្រិតណា ដោយសារតែកត្តាវិបត្តិ​អាកាសធាតុ និង​គ្រោះធម្មជាតិ​។

បាត់បង់សក្តានុពលសេដ្ឋកិច្ច​

គ្មានអ្នកវិនិយោគណា ចង់ទៅរកស៊ីបោះទុន ធ្វើរោងចក្រ ឬរៀបចំបណ្តាញផ្គត់ផ្គង់ ​នៅតានម​​តំបន់ដែល​ប្រឈម​បញ្ហា​អាកាសធាតុ គ្រោះធម្មជាតិខ្លាំងនោះទេ។ លោកKarl Mallon បានពន្យល់ថា តារាងវាយតម្លៃ​ហានិភ័យ​នៃតំបន់នីមួយៗនេះ ប្រាកដជាញ៉ាំងឲ្យ​មាន​ផលវិបាក ផ្នែកហិរញ្ញវត្ថុ ឧទាហរណ៍ ដូចជាការប៉ះពាល់​ទៅលើ​តម្លៃ​ភាគហ៊ុនមួយចំនួន ព្រមទាំងអាចធ្វើឲ្យ​ប្រែប្រួល ដល់​ការគិតពិចារណា របស់​មនុស្សគ្រប់គ្នា​ ដែល​មានចំណែកក្នុសកម្មភាពសេដ្ឋកិច្ច​។​

តំបន់ដែល​ប្រឈមខ្លាំងនឹងហានិភ័យ​ ត្រូវតែរិះរកវិធានការទាក់ទាញអ្នកវិនិយោគ ដូចជាតាមរយៈការផ្តល់អត្ថប្រយោជន៍ប៉ះប៉ូវហានិភ័យ ដល់អ្នកវិនិយោគ ឬពុំដូច្នោះទេ អ្នកវិនិយោគហិរញ្ញវត្ថុ នឹងនាំគ្នាចេញអស់មិនខានទេ។ តែទន្ទឹមគ្នានេះ ការវាយ​តម្លៃកម្រិតប្រឈមហានិភ័យ នៅតាមតំបន់ទាំងនេះ ក៏អាចជំរុញឲ្យ​រដ្ឋាភិបាលអាជ្ញាធរ ប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីចូលរួម កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជាកត្តាចំបង បង្កឲ្យ​ផែនដី​ឡើងកំដៅ។ ផែនដី​ឡើងកំដៅ ធ្វើឲ្យ​ប្រែប្រួលអាកាសធាតុ បង្កជាគ្រោះមហន្តរាយនានា ហើយធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សក្តានុពលសេដ្ឋកិច្ចរបស់តំបន់និងប្រទេសរបស់ខ្លួន​។

ដូច្នេះ ការគិតគូរ ផ្តល់អាទិភាពលើ​កត្តាអាកាសធាតុ កាត់បន្ថយ​ការបញ្ចេញឧស្ម័នពុលនេះ​ វាមិនមែន​គ្រាន់តែជាការការពារបរិស្ថាន ខ្យល់អាកាសបរិសុទ្ធ​ ឬការពារ​​ធនធានធម្មជាតិ​តែប៉ុណ្ណោះទេ តែវាគឺជា​ការវិនិយោគយូរអង្វែង នៅក្នុង​វិស័យសេដ្ឋកិច្ច និងសង្គម​ ហើយទន្ទឹមគ្នានេះ គឺវាជាទស្សនវិស័យ​អភិវឌ្ឍន៍ ដែល​លើកកំពស់សុខមាលភាព អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ ដែលជាកម្លាំង​​ចលករសេដ្ឋកិច្ច​មិនអាចខ្វះបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ