អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស​​និង​​សហភាពអឺរ៉ុប រក​បាន​នូវ​កិច្ចព្រមព្រៀង​ដោះស្រាយ​បញ្ហា​​តំបន់​អៀរឡង់​ខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីប្រទេសអង់គ្លេស បានចាកចេញជាស្ថាពរពី​សហភាពអឺរ៉ុប តំបន់អៀរឡង់ខាងជើងរបស់អង់គ្លេស​ គឺជា​ចំណុចខ្ទាស់មួយដ៏សំខាន់ បង្កឲ្យ​សឹងតែមានជម្លោះនឹងគ្នា រវាងសហភាពអឺរ៉ុបនិងអង់គ្លេស ដោយសារតែតំបន់នេះមានព្រំដែនគោក ជាប់ជាមួយសាធារណរដ្ឋអៀរឡង់ ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប។​ បញ្ហាធំបំផុតនោះ គឺវាពាក់ព័ន្ធនឹង​​ចរាចរណ៍ទំនិញ វិស័យ​ពន្ធដារ ព្រមទាំងស្តង់ដារទំនិញ​គ្រប់ប្រភេទ នៃទីផ្សាររួមរបស់សហភាពអឺរ៉ុប​។ ឆ្លងកាត់ការចរចាដ៏ស្វិតស្វាញ នៅទីបំផុតរដ្ឋាភិបាលអង់គ្លេស ដឹកនាំដោយលោក រីស៊ី ស៊ូណាក់ និង​គណកម្មការអឺរ៉ុប បាន​សម្រេចបាននូវកិច្ចព្រមព្រៀងថ្មីមួយ ដើម្បី​ដោះស្រាយ គ្រប់គ្រងបញ្ហាតំបន់អៀរឡង់ខាងជើងនេះ។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និងលោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប ចាប់ដៃគ្នា ក្រោយ​ប្រកាសអំពីការសម្រេចបាន​នូវកិច្ចព្រមព្រៀង ស្តីពី​តំបន់អៀរឡង់ខាងជើង។ វិមាន Windsor Guildhall ប្រទេសអង់គ្លេស ថ្ងៃទី ២៧ កុម្ភៈ ២០២៣
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និងលោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប ចាប់ដៃគ្នា ក្រោយ​ប្រកាសអំពីការសម្រេចបាន​នូវកិច្ចព្រមព្រៀង ស្តីពី​តំបន់អៀរឡង់ខាងជើង។ វិមាន Windsor Guildhall ប្រទេសអង់គ្លេស ថ្ងៃទី ២៧ កុម្ភៈ ២០២៣ AP - Dan Kitwood
ផ្សាយពាណិជ្ជកម្ម

រកមធ្យោបាយទប់ស្កាត់វិបត្តិនយោបាយ​នៅអៀរឡង់ខាងជើង​

ដំណើរដើមទងនៃបញ្ហានេះ គឺវាផ្តើមចេញពី Brexit។ អង់គ្លេសបានសម្រេចចាកចេញ ឈប់នៅក្នុងសហភាពអឺរ៉ុបតទៅទៀត ពោលគឺឈប់គោរពច្បាប់អឺរ៉ុប ឈប់នៅក្នុងទីផ្សារសេដ្ឋកិច្ចរួមរបស់អឺរ៉ុប។ តំបន់អៀរឡង់ខាងជើង គឺជាផ្នែកមួយនៃដែនដី​ប្រទេសអង់គ្លេស​ មានន័យថា​តាមធម្មតាតំបន់នេះ ក៏ត្រូវតែផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបដែរ។ ក៏ប៉ុន្តែតំបន់អៀរឡង់ខាងជើងនេះ វាមានលក្ខណៈពិសេស ព្រោះជាស្ថិតនៅ​ដាច់ពីដែនដីផ្សេងទៀតរបស់អងគ្លេស ដោយ​ខណ្ឌចែកដោយ​សមុទ្រអៀរឡង់ ហើយវាមានព្រំដែនគោក ជាប់ជាមួយសាធារណរដ្ឋអៀរឡង់ ដែលជាសមាជិករបស់សហភាពអឺរ៉ុប។

មុននឹងក្លាយជាទឹកដីរបស់អង់គ្លេស តំបន់អៀរឡង់ខាងជើង ធ្លាប់ស្ថិតនៅក្នុង​ប្រទេសអៀរឡង់ទាំងមូលតែម្តង​។ កាលពីក្នុងអំឡុងទសវត្សឆ្នាំ​៧០សង្គ្រាម​ស៊ីវីល រវាងក្រុម​អ្នកទាមទារឯករាជ និងក្រុមអ្នកចង់ភ្ជាប់ខ្លួនជាមួយ​ប្រទេស​អង់គ្លេស បានបង្កឲ្យ​មានមនុស្សស្លាប់ច្រើនណាស់ នៅតំបន់អៀរឡង់ខាងជើងនេះ​។

ពេលអង់គ្លេសនៅជាសមាជិកអឺរ៉ុប គឺពុំមានព្រំដែន​ខណ្ឌចែករវាងប្រទេសអៀរឡង់ និង​តំបន់អៀរឡង់ខាងជើងទេ​ ដែលមានន័យថា គឺវាហាក់ដូចជាដែនដីតែមួយទៅហើយ។ ចរាចរណ៍មនុស្ស និងទំនិញ គឺអាចចេញចូលដោយសេរី កាត់បន្ថយ​បញ្ហាបានច្រើនណាស់ ទាក់ទិននឹង​ចរន្តគំនិតជាតិនិយម​ចង់ផ្តាច់ខ្លួនមកអីជាដើម។ ក៏ប៉ុន្តែនៅពេលដែលអង់គ្លេសចេញពីសហភាពអឺរ៉ុប តាមធម្មតាគឺគេត្រូវតែ​ដាក់ឲ្យ​មានព្រំដែនវិញ រវាងតំបន់អៀរឡង់ខាងជើង និង​ប្រទេសអៀរឡង់។

ដូច្នេះដើម្បីទប់ស្កាត់បញ្ហានយោបាយ​នៅតំបន់នេះ អតីតរដ្ឋាភិបាល​លោក​បូរីស ចនសុន បាន​ចុះពិធីសារបណ្តោះអាសន្ន​​មួយ​ជាមួយសហភាពអឺរ៉ុបនៅឆ្នាំ​២០២០ ដោយ​កំណត់ថា នឹងពុំមានព្រំដែនគោក រវាងប្រទេសអៀរឡង់និង តំបន់​​អៀរឡង់ខាងជើងទេ ហើយអង់គ្លេស​​សុខចិត្ត​ឲ្យ​មានការត្រួតពិនិត្យ​ទំនិញ ដែលដឹកចូលពីតំបន់ផ្សេងទៀតរបស់អង់គ្លេស ចូលមកកាន់តំបន់អៀរឡង់ខាងជើង។ ជាការត្រួតពិនិត្យ​ឯកសារពន្ធដា និងស្តង់ដារគុណភាពជាដើម គឺ​អឺរ៉ុបទាមទារថា ត្រូវតែធ្វើ​ពេលមកដល់កំពង់ផែអៀរឡង់ខាងជើងតែម្តង ព្រោះថាបើទំនិញទាំងនោះឡើងគោក គឺពិតជា​អាចហូរចូលទៅទូទាំងទីផ្សារអឺរ៉ុបហើយ ដោយសារតែគ្មានព្រំដែន​រវាងតំបន់អៀរឡង់ខាងជើងនិងប្រទេសអៀរឡង់។ ក៏ប៉ុន្តែចំណុចនេះ ត្រូវបានក្រុមអ្នកនយោបាយ​ជាតិនិយមអង់គ្លេស ជំទាស់ខ្លាំងណាស់ ដោយគេទាមទារថាតំបន់អៀរឡង់ខាងជើងជាទឹកដីអង់គ្លេស រឿងអី​អឺរ៉ុបមកដាក់កំហិតឲ្យគោរពច្បាប់អឺរ៉ុបនោះ​!

ត្រួតពិនិត្យទំនិញដែលត្រូវនាំចេញទៅ​ប្រទេសអៀរឡង់

កាលពីថ្ងៃចន្ទទី២៧កុម្ភៈ លោក​រីស៊ី ស៊ូណាក់ បានប្រកាសរួមគ្នាជាមួយ​លោកស្រី អៀរស៊ូឡា វុន ឌឹឡេយែន ប្រធានគណកម្មការអឺរ៉ុប ថាគេបានរកឃើញកិច្ចព្រមព្រៀងថ្មីមួយហើយ ដើម្បីគ្រប់គ្រងលក្ខខណ្ឌពិសេសនៃតំបន់អៀរឡង់ខាងជើងនេះ។ ភាគីទាំងសងខាង​បានអះអាងថា វាគឺជាការបោះជំហានបើកទំព័រថ្មី បិទបញ្ចប់បញ្ហាវិវាទ ដែលនៅសាំញ៉ាំ រវាងអង់គ្លេស​និង​សហភាពអឺរ៉ុប​។

នៅក្នុង​កិច្ចព្រមព្រៀងថ្មីនេះ គឺគេនៅតែរក្សាលក្ខខណ្ឌ គ្មានព្រំដែនគោក រវាង​តំបន់អៀរឡង់ខាងជើង និង​ប្រទេសអៀរឡង់ដដែល​។ ក៏ប៉ុន្តែ ពាក់ព័ន្ធនឹង​ការនាំចូលទំនិញ ពីតំបន់ផ្សេងទៀតនៃប្រទេសអង់គ្លេស​ ចូលមកដល់កំពង់ផែអៀរឡង់ខាងជើង គឺគេបានបែកចែកជា២ផ្លូវ។ ផ្លូវពណ៌បៃតង មានន័យថាជាប្រភេទទំនិញ ដែលអាចនាំចូលដោយសេរីទៅតំបន់អៀរឡង់ខាងជើង ដោយអនុឡោមតាមច្បាប់អង់គ្លេសតែមួយ​។ ផ្លូវមួយទៀតគឺពណ៌ក្រហម សម្រាប់​ទំនិញអាចត្រូវដឹកជញ្ជូន​​ចូលទៅប្រទេសអៀរឡង់ ដែល​មានន័យថាគឺក្នុងទីផ្សារអឺរ៉ុប។ ទំនិញប្រភេទនេះ គឺត្រូវតែត្រួតពិនិត្យ​ឯកសារពន្ធដារ និងស្តង់ដារគុណភាព​ ដោយអនុឡោមទៅតាមច្បាប់ជាធរមាន របស់សហភាពអឺរ៉ុប​។

កាលពីល្ងាចថ្ងៃចន្ទ​ លោករីស៊ី ស៊ូណាក់ បានអះអាងនៅមុខអង្គសភាអង់គ្លេសថា អំណេះតទៅ នឹងមិនមានព្រំដែនសមុទ្រ ខណ្ឌចែករវាងទឹកដីតំបន់អៀរឡង់ខាងជើង ជាមួយនឹងដែនដីផ្សេងទៀតរបស់អងគ្លេសទេ។ លោកអះអាងថា ស្តង់​ដារទំនិញចំណីអាហារនិងឱសថជាដើម គឺតែមួយច្បាប់អង់គ្លេសកំណត់យ៉ាងណា​ នៅអៀរឡង់ខាងជើង​គឺ​ដូចគ្នាតែមួយ​។​

រថយន្តដឹកទំនិញ កំពុងចាកចេញពីកំពង់ផែក្រុងប៊ែលហ្វាសត៍ តំបន់អៀរឡង់ខាងជើង ។ ថ្ងៃទី ២៣ កុម្ភៈ ២០២៣
រថយន្តដឹកទំនិញ កំពុងចាកចេញពីកំពង់ផែក្រុងប៊ែលហ្វាសត៍ តំបន់អៀរឡង់ខាងជើង ។ ថ្ងៃទី ២៣ កុម្ភៈ ២០២៣ AP - Brian Lawless

Stormont Brake

លោករីស៊ី ស៊ូណាក់ បានបញ្ជាក់ថា ជាមួយ​នឹងកិច្ចព្រមព្រៀងថ្មីនេះ វានៅសេសសល់យ៉ាងហោចច្បាប់អឺរ៉ុបចំនួន​ប្រមាណ​​៣% ដែលតំបន់អៀរឡង់ខាងជើង​ ត្រូវតែបន្តគោរព។ វាគឺជាលក្ខខណ្ឌពិសេស និងស្មុគស្មាញដោយ​មិនអាចដោះស្រាយចេញទេ ហើយត្រូវតែទទួលយក។ តែទន្ទឹមគ្នានេះ កិច្ចព្រមព្រៀងបានកំណត់យន្តការថ្មីមួយទៀត ដើម្បី​ការពារអធិបតេយ្យភាពអង់គ្លេស។ យន្តការនេះ គេដាក់ឈ្មោះហៅថា Stormont Brake ដោយ​បើកផ្លូវ​ឲ្យ​សភាតំបន់អៀរឡង់ខាងជើង មានសិទ្ធិជំទាស់លើ​ការអនុវត្តច្បាប់ថ្មីណាមួយ របស់​អឺរ៉ុប ដែលនឹង​មកគ្រប់គ្រងចរាចរណ៍ទំនិញគ្រប់ប្រភេទនៅអៀរឡង់ខាងជើង។​ សមាជិកសភាចំនួន៣០នាក់ អាចកោះប្រជុំដើម្បីបោះឆ្នោត​ប្រឆាំងច្បាប់អឺរ៉ុបបាន។

ដោយឡែក តុលាការយុត្តិធម៌អឺរ៉ុប នៅតែមានអំណាចយុត្តាធិការ សម្រេចសាលក្រមអនុវត្តនៅលើដែនដីតំបន់អៀរឡង់ខាងជើងដដែល ក្នុងករណីដើម្បីការពារ​ទីផ្សារសេដ្ឋកិច្ច​រួមរបស់សហភាពអឺរ៉ុប​។​ នេះបើផ្អែកតាម​ការបញ្ជាក់របស់​លោកស្រី អៀរស៊ូឡា វុន ឌឹឡេយែន ប្រធានគណកម្មការអឺរ៉ុប។​ ក៏ប៉ុន្តែ សភាអង់គ្លេសក៏នៅតែមានសិទ្ធិ បោះឆ្នោត​វ៉េតូដែរ នៅពេលណាដែល​គេជំទាស់សេចក្តីសម្រេចណាមួយ របស់​តុលាការយុត្តិធម៌អឺរ៉ុប។ តែយ៉ាងណាក៏ដោយ លោកស្រីប្រធានគណកម្មការអឺរ៉ុប បានអះអាងថា អឺរ៉ុបមានយន្តការច្រើនដំណាក់ ដើម្បីការពារបូរណភាពនៃ​ទីផ្សារសេដ្ឋកិច្ចរួមរបស់ខ្លួន ហើយឈានទៅធ្វើឲ្យ​កិច្ចព្រមព្រៀងគ្រប់គ្រងតំបន់អៀរឡង់នេះ អាចត្រូវបានអនុវត្តទៅដោយរលូន។ យន្តការ Stormont Brake វាគឺជាយន្តការអាសន្នចុងក្រោយ​នៅពេលដែលគ្មានជម្រើស តែមុននឹងឈានដល់ដំណាក់ការបែបនេះ គឺគេនឹងមានការជជែកពិគ្រោះយោបល់គ្នា​ ដើម្បីចៀសវាងបញ្ហា​។

សភាអង់គ្លេសត្រូវផ្តល់សច្ចាប័ន​

កិច្ចព្រមព្រៀងនេះ ត្រូវតែ​ឆ្លងកាត់ការអនុម័តផ្តល់សច្ចាប័នពីទាំងសងខាង គឺពីសមាជិក​សហភាពអឺរ៉ុបទាំងមូល ព្រមទាំងពី​សភាអង់គ្លេស។ នៅខាងអឺរ៉ុប បើតាមការលើកឡើងពីមន្ត្រីពាក់ព័ន្ធ គេអះអាងថា ប្រទេសអៀរឡង់ដែលជាអ្នកពាក់ព័ន្ធផ្ទាល់ធំជាងគេ មានគោលជំហរគាំទ្រកិច្ចព្រមព្រៀងនេះ។ ដូច្នេះ ប្រទេសទាំង​២៦ផ្សេងទៀត នៃសមាជិកអឺរ៉ុប ក៏ប្រហែលជានឹងមិនមានអ្វីជំទាស់ដែរ។

ដោយឡែកចំណោទធំ គឺនៅសភាអង់គ្លេសឯណោះទេ។ ក្រុមសមាជិក​សភា​ជាតិនិយមមួយចំនួន ជាពិសេសក្រុមអ្នកគាំទ្រលោកអតីតនាយករដ្ឋមន្ត្រីបូរីស ចនសុន ដែលមានជំហរឹងរូសនៅឡើយ មិនគាំទ្រកិច្ចព្រមព្រៀងនេះទេ ព្រោះគេចាត់ទុកថា អង់គ្លេសបាត់បង់អធិបតេយ្យភាព។ លោក​ រីស៊ី ស៊ូណាក់ កំពុងតែស្ថិតនៅក្នុងតំណាក់កាលមួយលំបាកដែរ ប្រសិនបើមិនទទួលបាន​ការគាំទ្រនៅសភាទេនោះ។ លោករីស៊ី ស៊ីណាក់ សង្ឃឹមដោះស្រាយបញ្ហាអៀរឡង់ខាងជើងនេះឲ្យ​បាន ដើម្បី​យកពេល​និងខួរក្បាលទៅគិតរឿងវិបត្តិសេដ្ឋកិច្ច និងសង្គមមួយរយជំពូកផ្សេងទៀត ដែលប្រទេសអង់គ្លេសកំពុងតែឆ្លងកាត់នាពេលបច្ចុប្បន្ននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ