អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សមាជិក​អង្គការ​សហប្រជាជាតិ ត្រូវរ៉ូវគ្នា​សម្រេច​បាន​​សន្ធិសញ្ញា​​អន្តរជាតិ ដើម្បី​​ការពារ​​ប្រព័ន្ធ​ជីវចម្រុះ​សមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្លងកាត់ការប្រជុំចរចាគ្នាជាច្រើនឆ្នាំ ទៅបំផុត ប្រទេសជាង១០០ សមាជិកនៃអង្គការសហប្រជាជាតិ បាន​មូលមតិគ្នាសម្រេចបាន​នូវសន្ធិសញ្ញាអន្តរជាតិ ដ៏សំខាន់មួយ ដើម្បី​ការពារ​ប្រព័ន្ធជីវចម្រុះសមុទ្រ របស់ភពផែនដីយើង។ តំណាងអង្គការការពារបរិស្ថាន បានថ្លែងអបអរជាខ្លាំង ថានេះ គឺជាការបោះជំហាន​ដ៏មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុង​ការអភិរក្សប្រព័ន្ធជីវចម្រុះ នៃដែនលំហសមុទ្រ។

សត្វអណ្តើកសមុទ្រ កំពុងហែលនៅក្បែរស្រទាប់ផ្កាថ្ម ស្ថិតក្នុងតំបន់​សមុទ្រ​ Queensland ភាគខាងកើតអូស្ត្រាលី។ ថ្ងៃទី ១៣ វិច្ឆិកា ២០២២
សត្វអណ្តើកសមុទ្រ កំពុងហែលនៅក្បែរស្រទាប់ផ្កាថ្ម ស្ថិតក្នុងតំបន់​សមុទ្រ​ Queensland ភាគខាងកើតអូស្ត្រាលី។ ថ្ងៃទី ១៣ វិច្ឆិកា ២០២២ AP - Sam McNeil
ផ្សាយពាណិជ្ជកម្ម

ជជែកគ្នា​១៥ឆ្នាំ​

គេបានចំណាយ​ពេលអស់១៥ឆ្នាំមកហើយ ដើម្បីជជែកពិភាក្សាគ្នា លើ​គម្រោងធ្វើសន្ធិសញ្ញាអន្តរជាតិ អភិរក្សប្រព័ន្ធជីវចម្រុះសមុទ្រនេះ។ ការចរចាគ្នាជាផ្លូវការ​ ជាមួយ​តំណាងប្រទេសទាំងអស់ រួមជាមួយភាគីពាក់ព័ន្ធ គឺបានចំណាយ​ពេល​៤ឆ្នាំ ជាមួយការចរចា ដែលមាន៥ដំណាក់កាល ទំរាំបានលទ្ធផលនៅពេលនេះ។

នៅទីបំផុត កាលពីថ្ងៃសៅរ៍ទី​៤មីនា​ នៅទីក្រុងញូយ៉ក តំណាងប្រទេសជាង​១០០នៃអង្គការសហប្រជាជាតិ បាន​ស្រុះស្រួលគ្នា សម្រេចកំណត់យកខ្លឹមសារចុងក្រោយនៃអត្ថបទសន្ធិសញ្ញា ដែលមានឈ្មោះពេញថា “សន្ធិសញ្ញាដើម្បីការអភិរក្ស និងការប្រើប្រាស់​ប្រកបដោយ​ចីរភាព នៃប្រព័ន្ធជីវចម្រុះក្នុង​លំហរសមុទ្រ ដែលមិនស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ​”។ ជំហានបន្ទាប់ គឺ​អត្ថបទនេះ នឹងត្រូវបញ្ជូនទៅកាន់ការិយាល័យ​គតិយុត្តិនៃអង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​ក្រុមអ្នកច្បាប់ ពិនិត្យលម្អិតលើខ្លឹមសារវា មុននឹងយកវាទៅបកប្រែ ជា៦ភាសា ដែលជាភាសាផ្លូវការនៃអង្គការសហប្រជាជាតិ។ បន្ទប់មកទៀត គឺការបោះឆ្នោត​អនុម័តជាផ្លូវការ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។

លោកស្រី Veronica Frank តំណាងអង្គការ Greenpeace បានលើកឡើង ដំណើរការអនុម័តសន្ធិសញ្ញានេះមិនទាន់ចប់ស្រួលបួលទេ។ តែយ៉ាងណាលោកស្រីអះអាងថា ប្រទេសសមាជិកទាំងអស់ ទើបតែបានបោះជំហាន​ឆ្លងផុតដំណាក់កាលដ៏សំខាន់បំផុត តែក៏ត្រូវតែប្រយ័ត្នដែរ កុំឲ្យ​មានការរុះរើកែប្រែខ្លឹមសារ បង្កើតជាសំណួរ ឬការខ្វែងគំនិតគ្នាណាមួយផ្សេងទៀត។

សមុទ្រជាប្រភពទ្រទ្រង់ជីវិតមនុស្ស​

ដូចយើងដឹងហើយថា  ប្រមាណ​៧០% នៃផ្ទៃផែនដីយើង គឺគ្របដោយ​ទឹកសមុទ្រ។ នៅក្នុងលំហនេះ គឺយើងត្រូវចែក ដែនសមុទ្រដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសនីមួយៗ ដែលមានរយៈចម្ងាយ ប្រវែង៣៧០គីឡូម៉ែត្រ ពីឆ្នេរ។ ឆ្ងាយ​បន្តពីនេះទៅ វាគឺជាដែនលំហសមុទ្រអន្តរជាតិ ដែលមិនមែន​ជា​របស់ប្រទេសណាទាំងអស់ ពោលគឺវាជាសម្បតិ្តរួមរបស់មនុស្សជាតិទាំងមូល។

គឺដែនលំហសមុទ្រអន្តរជាតិនេះហើយ ដែលជាកម្មវត្ថុនៃការការពារ របស់សន្ធិសញ្ញាអន្តរជាតិថ្មីនេះ។ ក្នុងចំណោមផ្ទៃសមុទ្រទាំងអស់របស់ផែនដីយើង ដែនលំហសមុទ្រអន្តរជាតិនេះ គឺវាមានទំហំដល់ជាង​៦០%ឯណោះ ពោលគឺវាជិតស្មើនឹងពាក់កណ្តាលនៃផ្ទៃផែនដីយើងទៅហើយ។ កន្លងមក គ្មានលិខិតបទដ្ឋានអន្តរជាតិណា មកការពារ​តំបន់ដ៏ធំល្វឹងល្វើយនេះទេ។ យុទ្ធនាការការពារបរិស្ថានធម្មជាតិ ដែលពិភពលោកយើងបានធ្វើកន្លងមក គឺបានផ្តោ​តអាទិភាព ​តែទៅលើតំបន់ឆ្នេរ និងការអភិរក្សពូជសត្វជិតផុតពូជមួយចំនួនតែប៉ុណ្ណោះ ដោយមិនបានយកចិត្តទុកដាក់ គិតទៅដល់បាតសមុទ្រ និងប្រព័ន្ធជីវចម្រុះដែលស្ថិតនៅដែនលំហសមុទ្រឆ្ងាយៗនោះទេ។

ប្រមាណ​២០ឆ្នាំ​កន្លងមកនេះ វិទ្យាសាស្ត្រកាន់តែរីកចម្រើនជឿនលឿន ការស្រាវជ្រាវ​មានកាន់ច្រើន ដែល​បានបង្ហាញ​ឲ្យឃើញ អំពីសារៈសំខាន់មិនអាចកាត់ថ្ងៃបាន នៃដែនលំហសមុទ្រ។ ប្រព័ន្ធជីវចម្រុះសមុទ្រជាអ្នកចិញ្ចឹម​ជីវិតមនុស្សយើង។ សមុទ្រផ្តល់អុកស៊ីសែន ចំនួន​ប្រមាណ​ពាក់កណ្តាល ដើម្បី​ឲ្យ​មនុស្សយើងដកដង្ហើម។ ជាមួយគ្នានេះសមុទ្រក៏ស្រូបយកទៅវិញនូវឧស្ម័នកាបូនិក ដែល​កើតចេញពីសកម្មភាពរបស់​មនុស្សដែរ ពោលគឺវាចូលរួមជួយ​កាត់បន្ថយ​ការកើនឡើងនៃកំដៅផែនដី​។ ដូច្នេះ សមុទ្រវាគឺជាប្រភពទ្រទ្រង់ជីវិត របស់មនុស្សយើងនៅលើផែនដីនេះ។

តុល្យភាពនៃ​ប្រព័ន្ធជីវចម្រុះស​មុទ្រ កំពុងតែរងគ្រោះ​

ដែន​លំហសមុទ្រអន្តរជាតិ មិនមែនជាកម្មសិទ្ធិអ្នកណា ដែលវាក៏មានន័យថា អ្នកណាក៏អាចទៅប្រមូលផល និង​បំផ្លេចបំផ្លាញបានដែរ។​ ពោលគឺឲ្យតែអ្នកនោះមានសមត្ថភាពប​ច្ចេកទេស អាចធ្វើបាន មិនថាជាអាជ្ញាធររដ្ឋ ឬក៏ក្រុមហ៊ុនឯកជនឡើយ។

ផលប៉ះពាល់ធំបំផុតមួយ គឺការនេសាទហួសប្រមាណ។ ការនេសាទហួសប្រមាណ បានសម្លាប់ផ្តាច់ពូជ​សត្វសមុទ្រមួយចំនួន។ ជាងនេះទៀត ការអូសអួនសំណាញ់នេសាទធំៗក្នុងបាតសមុទ្រ គឺវាបានរើកកកាយ ឲ្យ​បាត​សមុទ្រ​ខូចទ្រង់ទ្រាយ គាស់រំលើង​ បំផ្លាញផ្កាថ្ម ​និងទីដែនជំរកផ្សេងៗទៀតរបស់សត្វនៅក្នុងសមុទ្រ​។ សកម្មភាពទាំងអស់នេះ គឺ​វាធ្វើឲ្យខូច និង​​បាត់បង់តុល្យភាព នៃប្រព័ន្ធជីវចម្រុះនៅក្នុងសមុទ្រ។

ការបង្ហូរកាកសំណល់សារធាតុពុលចូលសមុទ្រ ក៏ជាបញ្ហាគួរឲ្យ​បារម្ភ ព្រមជាមួយនឹងកាកសំណល់ប្លាស្ទិក របស់​មនុស្សយើង។ កាកសំណល់ប្លាស្ទិក ដែលមនុស្សយើងប្រើប្រាស់រាល់ថ្ងៃនេះ គឺចំនួនធំ គឺត្រូវរសាត់ចូលទៅក្នុងសមុទ្រ ឬក៏ត្រូវគេយកចោលដោយចេតនាតែម្តង។ កាកសំណល់​ទាំងនេះ បែករលាយ​ជាល្អងតូចៗ ជ្រាបចូលទៅក្នុងខ្លួនសត្វក្នុងទឹក ដែលមនុស្សយើងបរិភោគ ពោលគឺវាត្រលប់ចូលមកក្នុងខ្លួនមនុស្សយើងវិញ បង្កជាបញ្ហាសុខភាព​។ ការកើនឡើងកំដៅផែនដីកាន់តែខ្លាំង ក៏ជា​បញ្ហាគ្រោះថ្នាក់​មួយគម្រាមសុខភាពរបស់សមុទ្រដែរ។ ជាមួយនឹងកម្រិត​ឧស្ម័ន​កាបូនិកកាន់តែច្រើន ទឹកសមុទ្រកាន់តែក្តៅ ហើយ​មានកម្រិតជាតិអាស៊ីដកាន់តែខ្លាំង។

ពង្រីកទំហំដែនទឹក​ដែលត្រូវទទួលបានការការពារ​

សម្រាប់ពេលនេះ ខ្លឹមសារទាំងស្រុងនៃសន្ធិសញ្ញានេះ នៅមិនទាន់ត្រូវបាន​គេផ្សព្វផ្សាយ​នៅឡើយទេ។ ក៏ប៉ុន្តែ ក្រុមសកម្មជនការពារបរិស្ថាន បានអបអរសាទររួចទៅហើយ ដោយអះអាងថា វាគឺជាការបោះជំហានដ៏សំខាន់ខ្លាំងណាស់ ដើម្បីឈានទៅ​ការពារ​អភិរក្សដែនលំហសមុទ្រ។ លោកស្រី Laure Meller តំណាងម្នាក់របស់អង្គការ Greenpeace បានថ្លែងថា វាគឺជាថ្ងៃប្រវត្តិសាស្ត្រហើយ នៅក្នុងបរិបទដែលពិភពលោកយើងរាល់ថ្ងៃនេះ​ ឈ្លោះប្រកែកបែកខ្ញែកគ្នា។ ការការពារធនធានធម្មជាតិ និងអាយុជីវិតមនុស្ស វាត្រូវតែបានជោគជ័យ ឈ្នះលើជម្លោះភូមិសាស្ត្រនយោបាយ​។

យោងតាម​មន្ត្រីការទូត ដែលស្និទនឹង​សំណុំរឿងនេះ បានបញ្ជាក់ឲ្យដឹងថា សន្ធិសញ្ញាបានកំណត់ អំពីការពង្រីក ចាត់បញ្ចូលដែនទឹកកាន់តែច្រើន ចូល​ជា​តំបន់អភិរក្ស។ បច្ចុប្បន្ននេះ មានដែនលំហសមុទ្រ ក្នុងទំហំតែប្រមាណ​១%ប៉ុណ្ណោះ ដែលត្រូវបានអភិរក្សការពារ។ ពោលគឺវាតិចខ្លាំងណាស់ បើ​ប្រៀបធៀបទៅនឹងកម្មវត្ថុ របស់អង្គការសហប្រជាជាតិ ដែលបាន​កំណត់អភិរក្សការពារ ដែនដីនិងដែនទឹកក្នុងទំហំ៣០% ពីនេះដល់ឆ្នាំ​២០៣០។ អង្គការ Greenpeace បានអះអាងថា យ៉ាងហោចណាស់ គេត្រូវតែចាត់បញ្ចូល​ផ្ទៃទឹកទំហំ ១១លាន​គីឡូម៉ែត្រក្រឡា ជារៀងរាល់ឆ្នាំ ចូលទៅក្នុងតំបន់អភិរក្សការពារ ទើបអាចសម្រេចកម្មវត្ថុឆ្នាំ​​២០៣០បាន​។​

ប្រទេសអ្នកមាន ត្រូវប៉ះប៉ូវ ផ្តល់យុត្តិធម៌ដល់​ប្រទេសក្រីក្រ

សន្ធិសញ្ញានេះ ក៏បានកំណត់ផងដែរ នូវកាតព្វកិច្ច ដែលត្រូវតែធ្វើការសិក្សាអំពីផលប៉ះពាល់ លើបរិស្ថាន មុននឹងអាច​ចាប់​ផ្តើមអនុវត្តគម្រោង ឬសកម្មភាពណាមួយ នៅក្នុងដែនលំហសមុទ្រ។ ហើយជាចុងក្រោយ ដែលជាចំណុចបង្កឲ្យ​មានការជជែកតឹងសសៃកបំផុតនោះ គឺទាក់ទិននឹងការបែងចែកផលចំណេញ​គ្នា ស្តីពីការប្រមូលផលលើធនធានហ្សេណេទិកពីសមុទ្រ។ បច្ចុប្បន្ននេះ សកម្មភាពប្រមូលផលនេះ កំពុង​រីកដុះដាលខ្លាំងណាស់ ដែលភាគច្រើន គឺសហគ្រាស​ផលិតឱសថ និងគ្រឿងសំអាងជាដើម ដែលជាអ្នកទទួលផលចំណេញ។​

ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍ ដែលពុំមានសមត្ថភាពបច្ចេកទេស គឺមិនអាចទៅស្រាវជ្រាវ ប្រមូលវាយកមក​ទទួលផលនោះ​ទេ ដែលវាជារឿងអយុត្តិធម៌ ព្រោះថាដែនសមុទ្រវាគឺជាសម្បតិ្តរួម។ ចំណុចនេះហើយ បានជាក្រុម​ប្រទេសអ្នកមាន ដែលមានសហគ្រាសធំៗជឿនលឿន​ បានសន្យាថា​នឹងប៉ះប៉ូវ តាមរយៈការជួយ​ជាថវិកាឲ្យ​ប្រទេសក្រីក្រវិញ​​។

ជាជំហានដំបូង សហភាពអឺរ៉ុបសន្យាផ្តល់ចំនួន​ ៤០លានអឺរ៉ូ ដើម្បីជួយពន្លឿនដល់ដំណើរការ​ផ្តល់សច្ចាប័នលើសន្ធិសញ្ញា ក៏ដូចជាការចាប់ផ្តើមអនុវត្តវា។ បន្ថែមពីនេះ នៅក្នុងឱកាស សន្និសីទ សមុទ្រយើង ដែលទើបតែបានបិទបញ្ចប់ទៅនៅប្រទេសប៉ាណាម៉ា​កាលពីថ្ងៃសុក្រកន្លងទៅ គឺ​សហភាព​អឺរ៉ុបសន្យាជួយ​ ៨០០លានអឺរ៉ូ ដើម្បី​ជួយ​ការពារដែនសមុទ្រជាទូទៅ ក្នុងឆ្នាំ​២០២៣នេះ។ ជារួម ក្រុមប្រទេសអ្នកមានបានសន្យាចំនួន ៣៤១ចំណុច ដោយ​គិតជាទឹកប្រាក់ចំណាយ​ប្រមាណ ២ម៉ឺនលានដុល្លារ ក្នុងនោះសហរដ្ឋអាមេរិកជួយ​ចំនួន ៦ពាន់លានដុល្លារ៕

ជាមួយទីភ្នាក់ងារព័ត៌មាន AFP

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ