អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងត្បូង​ប្រកាស​គម្រោង​សង​ជម្ងឺ​ចិត្ត ជូន​ដល់​ជនរងគ្រោះ​ធ្វើការ​ដោយ​បង្ខំ កាល​ជំនាន់​អាណានិគម​​ជប៉ុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ ទី៦មីនា រដ្ឋាភិបាល​កូរ៉េខាងត្បូង បានប្រកាសនូវ​គម្រោងថ្មីមួយ ដើម្បី​ប៉ះប៉ូវសងជម្ងឺចិត្ត ជូនដល់ជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវបាន​គេចាប់បង្ខំឲ្យធ្វើការ កាលពីក្នុងជំនាន់ជប៉ុនដាក់អាណានិគម រវាងពីឆ្នាំ​១៩១០ ដល់ឆ្នាំ​១៩៤៥។ ជាផែនការថ្មី ដែលរដ្ឋាភិបាល​កូរ៉េខាងត្បូងបាន​អះអាងថា នឹងអាចបិទបញ្ចប់ទំព័រដ៏ឈឺចាប់ កាលពីអតីតកាល ហើយនឹងឈានទៅចាប់ផ្តើមកសាងទំនាក់ទំនងល្អប្រសើរ រវាងកូរ៉េខាងត្បូងនិង​ជប៉ុន​។ តែយ៉ាងណាក៏ដោយ ផែនការសងជម្ងឺចិត្តដែលរដ្ឋកូរ៉េខាងត្បូងបានប្រកាសនេះ បានទទួលនូវការរិះគន់ជាខ្លាំង ពីសំណាក់សមាគមជនរងគ្រោះ ដោយគេលើកឡើងថា វាជារឿងមិនអាចទទួលយកបានទេ ដែលភាគីជប៉ុន មិនបាន​​ចូលរួមសុំទោស តាមរយៈការផ្តល់ជាថវិកាសងជម្ងឺ​ចិត្តដោយ​ផ្ទាល់ មកឲ្យជនរងគ្រោះ។

លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង  Park Jin ក្នុងពេលធ្វើសន្និសីទកាសែត ប្រកាសពីគម្រោង​ផ្តល់សំណងជំងឺចិត្តជូនជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវគេកេណ្ឌឲ្យធ្វើការដោយបង្ខំ ក្នុងសម័យជប៉ុនដាក់អាណានិគម ១៩១០-១៩៤៥។ ក្រុងសេអ៊ូល ថ្ងៃទី ៦ មីនា ២០២៣
លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Park Jin ក្នុងពេលធ្វើសន្និសីទកាសែត ប្រកាសពីគម្រោង​ផ្តល់សំណងជំងឺចិត្តជូនជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវគេកេណ្ឌឲ្យធ្វើការដោយបង្ខំ ក្នុងសម័យជប៉ុនដាក់អាណានិគម ១៩១០-១៩៤៥។ ក្រុងសេអ៊ូល ថ្ងៃទី ៦ មីនា ២០២៣ AP - Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​បានដាក់អាណានិគម​លើ​ឧបទ្វីប​កូរ៉េ អស់​រយៈពេល​​៣៥ឆ្នាំ ពីឆ្នាំ​១៩១០ ​ដល់ឆ្នាំ១៩៤៥​។ ជាទំព័រប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ណាស់ សម្រាប់ប្រជាជនកូរ៉េ ដែលបានរងនូវអំពើជិះជាន់សង្កត់សង្កិន មើលងាយមើលថោក​គ្រប់បែបយ៉ាង ពីសំណាក់អំណាចអាណានិគមជប៉ុន។ យោងតាម តួលេខផ្លូវការ​កូរ៉េខាងត្បូង គឺ​យ៉ាងហោចមាន​ប្រជាជនកូរ៉េចំនួន ៧៨ម៉ឺននាក់ ដែលត្រូវបានជប៉ុនកេណ្ឌឲ្យ​ធ្វើការដោយ​បង្ខំ ដើម្បីបំរើប្រយោជន៍សេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន។ បន្ថែមពីនេះទៀត គឺនៅមាន​ស្ត្រីកូរ៉េជាច្រើនម៉ឺននាក់ ដែលត្រូវបានគេចាប់បង្ខំឲ្យធ្វើជាទាសករ​​បម្រើការសប្បាយផ្លូវភេទ របស់ពួកទាហានជប៉ុន កាលពីជំនាន់នោះ។

បង្កើតមូលនិធិ ទទួលប្រាក់វិភាគទានពីក្រុមហ៊ុនកូរ៉េខាងត្បូង​

គម្រោងថ្មីដែលរដ្ឋកូរ៉េខាងត្បូងបានប្រកាសនៅពេលនេះ គឺគេនឹងសងជម្ងឺ​ចិត្ត ជូន​ដល់ជនរងគ្រោះដោយ​ការចាប់បង្ខំ​ឲ្យធ្វើការ​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​នឹងបង្កើតមូលនិធិថ្មីមួយ ដោយ​ប្រគល់តួនាទី ជាអ្នកប្រមូលទទួល​ប្រាក់វិភាគទាន ពីសំណាក់ក្រុមហ៊ុនសហគ្រាសកូរ៉េខាងត្បូងទាំងអស់ ដែលបានទទួលសំណង ក៏ដូចជា​អត្ថប្រយោជន៍ហិរញ្ញវត្ថុ​ពីរដ្ឋាភិបាលជប៉ុន​ ដូចដែលមានចែងកំណត់ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៦៥។

លោក Park Jin រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្នុងគម្រោងថ្មីនេះ គឺគេនឹងទៅជួប​ក្រុមគ្រួសារជនរងគ្រោះនីមួយៗ ដោយផ្ទាល់តែម្តង ដើម្បីនិយាយអំពី​ចំនួនទឹកប្រាក់សំណងជំងឺចិត្ត ដែលគេនឹងប្រគល់ជូន​។

ផ្ទុះការរិះគន់ ថាហេតុអ្វីមិនមែនជាប្រាក់សំណងជំងឺចិត្ត​របស់ជប៉ុន

ការពិតណាស់ ថវិកាដែលគេប្រមូល គឺនឹងបានមកពីក្រុមហ៊ុនសហគ្រាសកូរ៉េខាងត្បូង ដែលក្រុមហ៊ុនសហគ្រាសទាំងនោះ បានទទួលជាសំណង និងអត្ថប្រយោជន៍ហិរញ្ញវត្ថុរួចហើយពី​ភាគីជប៉ុន ដោយអនុឡោមទៅតាមកិច្ចព្រមព្រៀងឆ្នាំ​១៩៦៥។ ត្រង់នេះហើយ ដែល​ក្រុមជនរងគ្រោះកូរ៉េ​គេមិនសុខចិត្ត ព្រោះថាវា​មិនមែនជាលុយរបស់ជប៉ុនដោយ​ផ្ទាល់នោះទេ។

លោក Lim Jae-Sung មេធាវីតំណាង​ក្រុមជនរងគ្រោះកូរ៉េ បានសរសេរលើទំព័រFacebook របស់​លោកថា គម្រោងថ្មីនេះគឺវាហាក់ដូចជាមានន័យថា អតីតកាលដ៏ឈឺចាប់​របស់​ជនរងគ្រោះដោយ​អំពើចាប់បង្ខំឲ្យធ្វើការ ត្រូវគេយកទៅផ្អឹប កប់ចោលជាមួយនឹង​ប្រាក់សំណង ដែល​ជប៉ុនបានសងទៅកាន់សហគ្រាសកូរ៉េខាងត្បូងទៅវិញ។ ជនរងគ្រោះកូរ៉េមិនអាចទទួលយកបានទេ គឺគេត្រូវការឲ្យភាគីជប៉ុន រដ្ឋាភិបាលជប៉ុនឬសហគ្រាសជប៉ុន ជាអ្នកសងជម្ងឺចិត្តដោយ​ផ្ទាល់មកឲ្យពួកគេ ដែលវាបញ្ជាក់ពីការសុំខមាលទោសដោយផ្ទាល់ និងស្មោះអស់ពីចិត្តពីសំណាក់ជប៉ុន​។

ក្រុមប្រជាជនកូរ៉េខាងត្បូង ធ្វើបាតុកម្ម​នៅខាងមុខស្ថានទូតជប៉ុន ក្នុងក្រុងសេអ៊ូល ថ្ងៃទី ១ មីនា ២០២៣
ក្រុមប្រជាជនកូរ៉េខាងត្បូង ធ្វើបាតុកម្ម​នៅខាងមុខស្ថានទូតជប៉ុន ក្នុងក្រុងសេអ៊ូល ថ្ងៃទី ១ មីនា ២០២៣ AP - Ahn Young-joon

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងថា ជាការពិតក្នុងគម្រោងសងជម្ងឺចិត្តនេះ គឺមិនមានប្រាក់របស់ភាគីជប៉ុនដោយ​ផ្ទាល់មែន។ ក៏ប៉ុន្តែលោកសង្ឃឹមថា ភាគីជប៉ុន នឹងបង្ហាញកាយវិការសុំទោស តាមរយៈការ​ជួយចូលរួមថវិកា ដោយការស្ម័គ្រចិត្ត នៅថ្ងៃខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យជនរងគ្រោះបានស្ងប់ចិត្ត ហើយ​ក៏​ជាការចូលរួម​ស្តារទំនាក់ទំនងរវាងប្រទេសក្បែរខាងទាំង២ដែរ។

ជប៉ុនសុំខមាលទោសរួចរាល់អស់ហើយ​

នៅថ្ងៃចន្ទនេះ លោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានថ្លែងអបអរ​ ចំពោះគម្រោងសងជំងឺចិត្តជនរងគ្រោះ ដែលភាគីកូរ៉េខាងត្បូងបាន​ប្រកាស ដោយលើកឡើងថា វានឹងជួយ​ធ្វើ​ឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ បានល្អ​ប្រសើរឡើង។ ក៏ប៉ុន្តែ លោករដ្ឋមន្ត្រីជប៉ុនរូបនេះ បាននិយាយក្នុងន័យដោយ​ប្រយោលថា ជប៉ុន​នឹងមិនសុំខមាលទោសអ្វី ណាមួយ​បន្ថែមទៀត ទៅកាន់ភាគីកូរ៉េខាងត្បូងនោះឡើយ។

លោក Yoshimasa Hayashi បានរំលឹកថា កាលពីឆ្នាំ​១៩៩៨ លោក Keizo Obuchi នាយករដ្ឋមន្ត្រីជប៉ុនកាលជំនាន់នោះ បានថ្លែង​សារសុំខមាលទោស និងសម្តែងការសោកស្តាយ​យ៉ាងស្មោះអស់ពីចិត្តរួចហើយ ចំពោះទង្វើខុសឆ្គងទាំងឡាយ​ដែលជប៉ុនបានបង្ក​ឲ្យ​ប្រជាជនកូរ៉េ ជួបទុក្ខលំបាក ឈឺចាប់រងគ្រោះ កាលពីអតីតកាល​។ បន្ថែម​ពីនេះទៀត លោក​បានរំលឹកថា កិច្ចព្រមព្រៀងឆ្នាំ​១៩៦៥ ដែលជប៉ុនបានចុះជាមួយកូរ៉េខាងត្បូង ដើម្បីចាប់ផ្តើមស្តារទំនាក់ទំនងជាមួយគ្នានោះ គឺជប៉ុនបាន​ចំណាយប្រាក់ អស់​ជាច្រើនរយលានដុល្លាររួចទៅ​ហើយ តាមរយៈជំនួយហិរញ្ញវត្ថុ និង​កម្ចីការប្រាក់ទាបទៅឲ្យភាគីកូរ៉េខាងត្បូង។​

ដូច្នេះជារួម បើយើងក្តាប់ន័យទៅ គឺខាងជប៉ុនគេគិតថា គេមិនអាចអង្គុយតែសុំទោសរហូតនោះទេ។ គេបានធ្វើរួចហើយ ហើយ​ក៏បានចំណាយ​ប្រាក់សងជម្ងឺចិត្ត ទៅឲ្យ​កូរ៉េខាងត្បូងរួចរាល់ដែរ។ ដូច្នេះ​អំណេះតទៅ គឺគួរតែបិទទំព័រប្រវត្តិសាស្ត្រដ៏ឈឺ​ចាប់នេះ ឲ្យវាចប់ ហើយកាន់ដៃគ្នាដើរទៅមុខទៀត វាប្រសើរជាង។

លោករដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ក្នុងពេលធ្វើសន្និសីទកាសែត អបអរចំពោះគម្រោង​ដែលកូរ៉េខាងត្បូងប្រកាស​សងជំងឺចិត្តដល់ជនរងគ្រោះ​កូរ៉េខាងត្បូង។ តូក្យ៉ូ ថ្ងៃទី ៦ មិនា ២០២៣
លោករដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ក្នុងពេលធ្វើសន្និសីទកាសែត អបអរចំពោះគម្រោង​ដែលកូរ៉េខាងត្បូងប្រកាស​សងជំងឺចិត្តដល់ជនរងគ្រោះ​កូរ៉េខាងត្បូង។ តូក្យ៉ូ ថ្ងៃទី ៦ មិនា ២០២៣ AP - Eugene Hoshiko

ដំបៅ​ប្រវត្តិសាស្ត្រ ដែល​រំខាន​ទំនាក់ទំនងល្អ​រវាងប្រទេសទាំង២​

ដោយឡែក ក្នុងសំណុំរឿង សំណងជំងឺចិត្តជូនទៅដល់ស្ត្រីរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវបានកងទ័ពជប៉ុន​ចាប់បង្ខំឲ្យធ្វើជាទាសករផ្លូវភេទនោះ គឺនៅតែជាបញ្ហា​វិវាទមើល​មុខគ្នាមិនត្រង់ដដែល រវាងប្រទេសទាំង២នេះ។ បើផ្អែកតាមតួលេខរបស់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ គឺយ៉ាងហោចមានស្ត្រីចំនួនមិនតិចជាង​២សែននាក់ទេ ដែលត្រូវបាន​កងទ័ពជប៉ុន ចាប់បង្ខំឲ្យ​ធ្វើជាទាសករបម្រើផ្លូវភេទ ក្នុងពេលដែលជប៉ុនដាក់អាណានិគមនៅឧបទ្វីបកូរ៉េនិងនៅចិន​។ ក្នុងចំណោមស្ត្រីរងគ្រោះទាំងនេះ គឺមានភាគច្រើនជាស្ត្រីកូរ៉េ។

ទាក់ទិននឹង​សំណុំរឿងសងជម្ងឺចិត្តជូនស្ត្រីកូរ៉េនេះ​ គឺកាលពីឆ្នាំ​២០១៥ ជប៉ុន​និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងជាមួយគ្នាមួយ​ ដោយជប៉ុន​បានសុំខមាលទោសជាផ្លូវការ ហើយ​បានបង្កើតមូលនិធិមួយមានទឹកប្រាក់ចំនួន ១ពាន់លានយ៉េន ដើម្បីសងជំងឺចិត្តទៅដល់ក្រុមគ្រួសារជនរងគ្រោះ។ តែទីបំផុត គឺភាគីកូរ៉េខាងត្បូង ជាអ្នកដកថយ ដោយសារតែគ្មានការយល់ព្រម ពីសំណាក់ក្រុម​ជនរងគ្រោះ។

ហើយក្រោយ​មកទៀត នៅឆ្នាំ​២០១៨ តុលាការកំពូលកូរ៉េខាងត្បូង បានចេញសាលក្រមជាប្រវត្តិសាស្ត្រមួយ​ ដោយ​បាន​បង្គាប់ឲ្យ​ក្រុមហ៊ុន​ជប៉ុនរាប់រយក្រុមហ៊ុន ត្រូវតែបង់ប្រាក់សងជំងឺចិត្តមកឲ្យ​ជនរងគ្រោះកូរ៉េ។ បញ្ហានេះ វាបានធ្វើឲ្យ​កម្រើកឡើងវិញកាន់តែខ្លាំង នូវជម្លោះការទូត រវាង​ប្រទេសទាំង២នេះ​។​ ឆ្នាំ​២០១៩ ជប៉ុនបានបិទខ្ទប់​ការនាំចេញទំនិញ​សារធាតុគីមីមួយចំនួន ទៅកាន់កូរ៉េខាងត្បូងថែមទៀតផង ដើម្បីបង្ហាញ​ពី​ការខឹងសម្បាររបស់ខ្លួន​។​

តែយ៉ាងណាប៉ុន្មានឆ្នាំមកនេះ យើងសង្កេតឃើញថា ភាគីរដ្ឋាភិបាល​ទាំងសងខាងប្រឹងប្រែងរំងាប់កំហឹងរៀងៗខ្លួន​។ ការចរចាគ្នាបានចាប់ផ្តើម ដើម្បី​បើកការនាំចេញទំនិញទាំងស្រុងឡើងវិញ ហើយភាគីកូរ៉េខាងត្បូង ក៏បានសុខចិត្ត ​ដកចេញពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោកដែរ ដើម្បីបង្ហាញថាខ្លួនចង់ជានាជាមួយជប៉ុន។ ជាមួយនឹងផែនការថ្មីនៅពេលនេះ ដែលកូរ៉េខាងត្បូងបានផ្តួចផ្តើម​តែម្នាក់ឯង ដើម្បីសងជំងឺចិត្តជូនជនរងគ្រោះខ្លួន ក៏វា​ជាកាយវិការមួយបង្ហាញថា រដ្ឋាភិបាលកូរ៉េខាងត្បូង ចង់​បិទបញ្ចប់ជម្លោះប្រវត្តិសាស្ត្រនេះជាមួយជប៉ុន។

យ៉ាងណាមិញ កាយវិការនេះ ត្រូវបាន​លោកចូ បៃដិន ថ្លែងកោតសរសើរខ្លាំងណាស់ ថាវាគឺជាការបោះជំហាន បើកទំព័រប្រវត្តិសាស្ត្រថ្មី រវាងប្រទេសទាំង២ ដែលសុទ្ធតែ​ជាសម្ព័ន្ធមិត្តរបស់អាមេរិក។ លោកអង់តូនី ប្លិងកិន ក៏បានកោតសរសើរដែរ ចំពោះសេចក្តីក្លាហានរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលមានទស្សនវិស័យវែងឆ្ងាយ។ ជាការពិត​ភារៈ កាលៈទេសៈពេលនេះ វាគឺជាផលប្រយោជន៍អាមេរិក​​ ដែល​កូរ៉េខាងត្បូង និងជប៉ុនត្រូវតែបំភ្លេចចោលជម្លោះប្រវត្តិសាស្ត្រ ហើយងាក​មកចាប់ដៃគ្នា រួមសហការគ្នាឲ្យបានគ្រប់វិស័យ ទាំងសេដ្ឋកិច្ចនិងយោធា នៅក្នុងបរិបទដែលអាមេរិកត្រូវការកម្លាំងសហការរួមគ្នា​ ដើម្បី​​ទប់ទល់ជាមួយចិននិងរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ