អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទិវាសិទ្ធិនារីអន្តរជាតិ២០២៣៖ ស្ត្រីនៅតែរងគ្រោះដោយអំពើជិះជាន់ និងការមិនផ្តល់តម្លៃ​ឲ្យ​ស្មើ​បុរស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់តាំងពីឆ្នាំ​១៩៧៧មក​ ទិវាសិទ្ធិនារីអន្តរជាតិ ត្រូវបាន​គេប្រារព្ធ​នៅថ្ងៃទី​៨​មីនា ដើម្បីជាឱកាសលើកឡើង ពីស្ថានភាពសិទ្ធិរបស់​ស្ត្រី​ នៅទូទាំងពិភពលោក។ ដូចជារៀងរាល់ឆ្នាំ នៅថ្ងៃ៨មីនានេះ នឹងមានក្បួនដង្ហែរបាតុកម្ម នៅតាមទីក្រុងធំៗជាច្រើន នៅទូទាំងពិភពលោក។ ដោយ​ឡែកនៅតាម​ប្រទេសមួយចំនួនវិញ មិនត្រឹមតែសិទ្ធស្ត្រីបានរងការគំរាមកំហែងប៉ុណ្ណោះទេ តែ​ក្បួនដង្ហែរនៅក្នុងទិវា​៨មីនានេះ ក៏ត្រូវបាន​អាជ្ញាធរ​ហាមឃាត់ដែរ​។ មកទល់ឆ្នាំ២០២៣នេះ ស្ថានភាពសិទ្ធិស្ត្រីបានធ្លាក់ចុះជាខ្លាំង តួយ៉ាងជាមួយនឹងការវិលត្រលប់មកកាន់អំណាចវិញ របស់ក្រុម​តាលីបង់នៅអាហ្វហ្កានីស្ថាន ឬ​​អំណាចកៀបសង្កត់ នៃរបស់រដ្ឋា​ភិបាលអ៊ីស្លាម​ផ្តាច់ការអ៊ីរ៉ង់ជាដើម។

ក្រុមកីឡាការនីបាល់ទាត់អាហ្វហ្កានីស្ថាន ថតរូបផ្សព្វផ្សាយ​ដើម្បីប្រឆាំងនឹងការសម្រេចរបស់​ក្រុមតាលីបង់ ដែលហាមឃាត់ស្ត្រី មិនឲ្យ​លេងកីឡាគ្រប់មុខ។ ស្ត្រីក៏ត្រូវបានហាមឃាត់ មិនឲ្យចូលរៀន នៅគ្រប់សាលាចំណេះទូទៅទាំងអស់ រហូតដល់មហាវិទ្យាល័យ។ កាប៊ូល ថ្ងៃទី ២២ កញ្ញា ២០២២
ក្រុមកីឡាការនីបាល់ទាត់អាហ្វហ្កានីស្ថាន ថតរូបផ្សព្វផ្សាយ​ដើម្បីប្រឆាំងនឹងការសម្រេចរបស់​ក្រុមតាលីបង់ ដែលហាមឃាត់ស្ត្រី មិនឲ្យ​លេងកីឡាគ្រប់មុខ។ ស្ត្រីក៏ត្រូវបានហាមឃាត់ មិនឲ្យចូលរៀន នៅគ្រប់សាលាចំណេះទូទៅទាំងអស់ រហូតដល់មហាវិទ្យាល័យ។ កាប៊ូល ថ្ងៃទី ២២ កញ្ញា ២០២២ AP - Ebrahim Noroozi
ផ្សាយពាណិជ្ជកម្ម

បើនិយាយពី​ទិវា​សិទ្ធិនារីអន្តរជាតិ ៨មីនា វាមិនមែនត្រូវបាន​គេបង្កើតឡើង ដើម្បី​តែយកថ្ងៃនេះទិញផ្កា ទិញកាដូជូន​នារីៗនោះ​ទេ។ តែវាគឺជាទិវា ដែល​ត្រូវបានបង្កើតឡើង ក្នុងកម្មវត្ថុទាមទារសិទ្ធិ ដាស់សតិស្មារតី​​ឲ្យ​មនុស្សគ្រប់រូបក្នុងសង្គម ត្រូវគិតពិចារណា ចូលរួមធ្វើឲ្យ​យ៉ាងណា ឲ្យ​ស្ត្រីនៅទូទាំងពិភពលោក បានទទួលសិទ្ធិសេរីភាព មានសមភាពស្មើ​មនុស្សប្រុស និងជាពិសេសនោះ គឺធ្វើ​យ៉ាងណា កុំឲ្យ​ស្ត្រី​នៅតែក្លាយ​ជាជនរងគ្រោះ នៃអំពើរើសអើងផ្លូវភេទគ្រប់រូបភាព​។​ ជាការប្រយុទ្ធតស៊ូ ដែលនៅមានដំណើរវែងឆ្ងាយ​ណាស់ ព្រោះរហូតមកទល់ពេលនេះ មនុស្សស្រីនៅតែជា​រងគ្រោះដដែល​។

អសមភាពក្នុងវិស័យការងារ​

ទាក់ទិននឹងវិស័យការងារ ស្ត្រីនៅ​​តែរងនូវការរើសអើង។ យោងតាមតួលេខរបស់អង្គការពលកម្មអន្តរជាតិ ​ចេញផ្សាយ​២ថ្ងៃមុននេះ​ ស្ត្រី​នៅតែជួបឧបសគ្គច្រើនជាងបុរស នៅពេលណាពួកគេចង់ស្វែងរកការងារធ្វើ ដើម្បី​ចិញ្ចឹមជីវិត​។ ជាឧបសគ្គ ដែលបានដាក់បន្ទុក ឲ្យ​ស្ត្រីត្រូវតែបង្ខំចិត្ត​បោះបង់ចោលចំណេះជំនាញ​ ហើយងាក​ទៅ​ធ្វើការងារផ្ទះ និង​រស់រំពឹង​នឹង​ប្រាក់ចំណូលរបស់បុរស ដែលធ្វើឲ្យ​ស្ត្រីកាន់តែស្ថិតនៅក្នុងគំនៀបកៀបសង្កត់ពីសំណាក់​មនុស្ស​ប្រុស។

បើនិយាយពីប្រាក់កំរៃការងារវិញ សម្រាប់ការងារដូចគ្នា មនុស្សស្រីជាទូទៅ​ នៅ​តែ​ទទួលបាន​ប្រាក់​កំរៃ​​ទាបជាងបុរស​។ ជាមធ្យម​បើមនុស្សប្រុសបានប្រាក់កំរៃ ១ដុល្លារ មនុស្សស្រីបានត្រឹមតែ​៥១សេនតែប៉ុណ្ណោះ។ នេះបើផ្អែកតាមតួលេខរបស់អង្គការពលកម្មអន្តរជាតិ​។ ហើយយោងតាមការស្រាវជ្រាវថ្មីមួយ ធ្វើឡើងដោយ Women in Work Index បាន​បង្ហាញថា គំលាតប្រាក់ខែ រ​វាងបុគ្គលិកភេទប្រុស និង​ភេទស្រី នៅតែមានខ្ពស់ដដែល មិន​បានល្អប្រសើរទេ ក្នុងរវាង​១០ឆ្នាំ​ចុងក្រោយ​នេះ​។ ជាមធ្យមនៅតាមប្រទេស​សមាជិក របស់អង្គការ​​ OCDE គឺស្ត្រីមានប្រាក់ខែទាបជាងបុរស ចំនួន ១៤% ឯណោះ។

ស្ត្រីជាជនរងគ្រោះទី១នៃសង្គ្រាម តែស្ត្រីមិនត្រូវបានគេផ្តល់តួនាទីក្នុងការចរចាសន្តិភាព​​

នៅក្នុង​ឱកាសបើកវេទិកាជជែក កាលពីថ្ងៃអង្គារទី​៧មីនា​​ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ​ លោកស្រី Sima Bahous ប្រធាន​គណៈកម្ម​ការ​​លក្ខខណ្ឌស្ត្រី នៃ​អង្គការសហប្រជាជាតិ បាន​ទាញសញ្ញាអាសន្ន​លើច្រើនចំណុច ទាក់ទិនការមិនផ្តល់សិទ្ធិនិងតួនាទីជូនស្ត្រី នៅក្នុងដំណើរកសាងសន្តិភាព​។

“ស្ត្រី សន្តិភាព និងសន្តិសុខ” វាគឺជាយុទ្ធនាការដ៏សំខាន់ ដែលត្រូវបាន​អង្គការសហប្រជាជាតិ​ កំណត់តាំងតែពីថ្ងៃទី​៣១ តុលា ២០០០។ អត្ថបទនេះមានខ្លឹមសារ លើកកំពស់ និងទទួលស្គាល់ តួនាទីដ៏ចាំបាច់មិនអាចខ្វះបានរបស់ស្ត្រី នៅក្នុងដំណើរការដោះស្រាយវិវាទនយោបាយ ដោះស្រាយ​ជម្លោះប្រដាប់អាវុធ ហើយឈានទៅចរចាកសាងសន្តិភាព​។ តែផ្ទុយទៅវិញ ជាង​២០ឆ្នាំមកនេះ ស្ត្រីនៅតែត្រូវបានគេទុកចោល ឲ្យ​នៅខាងក្រៅតុចរចាដដែល​។​

មិនត្រឹមតែប៉ុណ្ណោះស្ត្រី គឺជាជនរងគ្រោះទីមួយ ដោយសារតែសង្គ្រាម ជម្លោះប្រដាប់អាវុធ ឬក៏អំណាចដឹកនាំផ្តាច់ការ​។ ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែន បានរុញច្រាន ឲ្យ​ប្រជាជនអ៊ុយក្រែន​ជិត​៨លាននាក់ ត្រូវរត់ភៀសខ្លួនទៅក្រៅប្រទេស ដែលក្នុងនោះ មាន​៩០គឺជាស្ត្រី​និងកុមារ។ ស្ត្រីជាជនរងគ្រោះទី១នៃសង្គ្រាម​ជាទូទៅ តែផ្ទុយទៅវិញពេលគេនិយាយចរចាគ្នា គេមិនដែលឲ្យស្ត្រីចូលរួម ដើម្បីស្តាប់យោបលនិងការយល់ឃើញរបស់ស្ត្រីនោះទេ។​ ជាងនេះទៀត លោកស្រី Sima Hahous បានបរិហារផងដែរ អំពី និទណ្ឌភាព របស់ក្រុមដឹកនាំអំណាចផ្តាច់ការមួយចំនួន ដូចជានៅអ៊ីរ៉ង់ និងនៅអាហ្វហ្កានីស្ថានជាដើម ដែល​នៅតែបន្ត​បំបិទសិទ្ធិសេរីភាពស្ត្រី​។​

ស្ត្រីអាហ្វហ្កានីស្ថាន ​ស្ថិតក្រោម​អាណាព្យាបាល​ទាំងស្រុង​របស់បុរស​

ក្រុមតាលីបង់ត្រលប់​មកកាន់អំណាចវិញ កាលពីខែសីហា ឆ្នាំ​២០២១ ធ្វើឲ្យ​​ការរីកចម្រើននៃសិទ្ធិស្ត្រីអាហ្វហ្កានីស្ថាន ប្រមាណ២០ឆ្នាំមកនេះ ត្រូវរលាយ​ដូចអំបិលត្រូវទឹក។ របបផ្តាច់ការអ៊ីស្លាមដ៏ខ្មៅងងឹតនេះ បាន​ដកហូតសិទ្ធិ សឹង​ទាំងស្រុងរបស់ស្ត្រីអាហ្វហ្កានីស្ថាន​។ ស្ត្រីមានសិទ្ធិអាហ្វហ្កានីស្ថាន លែងមានសិទ្ធិធ្វើដំណើរផ្លូវឆ្ងាយតែម្នាក់ឯង ដោយ​គ្មាន​មនុស្សប្រុសសមាជិកគ្រួសារទៅជាមួយ។ ពោលគឺស្ត្រីត្រូវស្ថិតនៅក្រោម​អាណាព្យាបាល​របស់​បុរសទាំងស្រុងតែម្តង​។​ ទីកន្លែងសាធារណៈ សួនច្បារអីជាដើម ក៏គេហាមមិនឲ្យស្ត្រីចូលទៅដែរ។

ធ្ងន់ធ្ងរជាងនេះទៀត គឺវិស័យអប់រំបណ្តុះបណ្តាល។ រដ្ឋាភិបាល​ក្រុមតាលីបង់បានបិទសាលារៀនសិស្សស្រី​ទូទាំងប្រទេស។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សកលវិទ្យាល័យ ត្រូវបានបើកទ្វារវិញហើយនៅអាហ្វហ្កានីស្ថាន តែអនុញ្ញាតឲ្យតែមនុស្សប្រុសចូលរៀនតែប៉ុណ្ណោះ។ សហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្ម​ទៅលើរដ្ឋមន្ត្រីក្រសួងអប់រំអាហ្វហ្កានីស្ថាន ដែលជាអ្នកទទួលខុសត្រូវ ចំពោះ​អំពើរំលោភបំពានដ៏គ្មានហេតុផល ទៅលើសិទ្ធិទទួលបានការអប់រំរបស់​ស្ត្រី​។​

ស្ថានភាពនៅអ៊ីរ៉ង់ ក៏ជាការព្រួយបារម្ភមួយដែរ បន្ទាប់ពី​ប្រជាជនអ៊ីរ៉ង់បានធ្វើបាតុកម្ម​ជាច្រើនខែមកនេះ ដើម្បី​ប្រឆាំងនឹងការ​បំបិទសេរីភាព។ បាតុកម្មដែលបាន​ចាប់ផ្តើម​ឡើង ក្រោយ​មរណភាព របស់ស្ត្រីឈ្មោះ Ahsa Amini ដែលនរគបាលចាប់ខ្លួន ដោយចោទថាទទូលក្បាល​មិនជិតសក់​ កាលពីខែកញ្ញា។ ​ប៉ុន្មានខែមកនេះ នៅអ៊ីរ៉ង់ មានករណី​ដាក់ថ្នាំបំពុល តាមសាលារៀនសិស្សស្រី ធ្វើឲ្យ​កុមារីជាច្រើនរយនាក់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ។ សកម្មភាព​ដ៏ហួសហេតុនេះ គឺធ្វើឡើងដោយ​ក្រុមជនជ្រុលនិយម ដែលចង់រារាំងមិនឲ្យ​ក្មេងស្រីទៅរៀន ហើយជាសកម្មភាព ដែលរដ្ឋអំណាចអ៊ីរ៉ង់ ហាក់បានបើកដៃឲ្យធ្វើយ៉ាងទូលំទូលាយ​។

នៅមិចស៊ិក មានស្ត្រី​៩៦៩នាក់ ត្រូវ​មនុស្សប្រុសសម្លាប់ក្នុង​ឆ្នាំ​២០២១

អំពើឃាតកម្មធ្វើទៅលើមនុស្សស្រី បង្កឡើងដោយ​បុរស គឺជាបញ្ហាដ៏ធំនៅតាមប្រទេសមួយចំនួន​។ ផ្នត់គំនិតមនុស្ស​ប្រុសនៅតាម​ប្រទេសខ្លះ នៅតែគិតថាស្ត្រីជាមនុស្ស​ដែល​ខ្លួន​អាចធ្វើអ្វីទៅលើក៏បានតាមចិត្ត។ អំពើហិង្សាដ៏កម្រោលរបស់មនុស្ស​ប្រុស ធ្វើទៅលើស្ត្រី ទោះក្នុង​ហេតុផលណាក៏ដោយ គឺត្រូវតែទទួលបាន​ការ​ផ្តន្ទាទោស។

នៅប្រទេស​កូឡុំប៊ី ថ្ងៃទី៨មីនានេះ គេគ្រោង​ដង្ហែរក្បួនដ៏ធំមួយ ដើម្បី​ទាមទារ​ឲ្យមានវិធានការជាក់ច្បាស់ ដើម្បីទប់ស្កាត់អំពើឃាតកម្មធ្វើទៅលើស្ត្រី។ ឆ្នាំ​២០២១ ករណីស្ត្រីត្រូវមនុស្ស​ប្រុសជាប្តី ជាសង្សារ ឬសមាជិកគ្រួសារសម្លាប់គឺមាន ១៨២ករណី នៅកូឡុំប៊ី។ តែឆ្នាំ​២០២២ វាបានកើនឡើងចំនួន ៦១៤ករណីឯណោះ។ ចំណែក​នៅ ប្រទេសម៉ិចស៊ិកវិញ គឺជាប់ចំណាត់ថ្នាក់លេខ១តែម្តង ជាទីដែលស្ត្រីត្រូវមនុស្សប្រុសសំលាប់ច្រើនជាងគេបង្អស់។ ឆ្នាំ​២០២២ ស្ត្រីមិចស៊ិកចំនួន ៩៦៩នាក់ ត្រូវបានមនុស្សប្រុសសំលាប់ ពោលគឺសឹងតែស្លាប់ ៣នាក់ជារៀងរាល់ថ្ងៃ!

កុំថាឡើងនៅតាមប្រទេស​ក្រីក្រ ឬសេដ្ឋកិច្ចមធ្យម ដែលស្ថានភាព​​សិទ្ធិស្ត្រីបានចុះទន់ខ្សោយ​ សូម្បីតែនៅសហរដ្ឋអាមេរិក ក៏មានបញ្ហាដែរ។ សិទ្ធិស្ត្រីនៅក្នុងការរំលូតកូន ដែលត្រូវបាន​ការពារ​ដោយគោលការណ៍យុត្តិសាស្ត្រ តាំងតែពីឆ្នាំ១៩៧៣នោះ ត្រូវបាន​តុលាការកំពូលអាមេរិក​លុបចោលវិញ។ អំណេះតទៅ នៅតាមរដ្ឋខ្លះនៃសហរដ្ឋអាមេរិក​ គឺស្ត្រីអាចប្រឈមនឹងទោសជាប់ពន្ធនាគារ ប្រសិនបើហ៊ានរំលូតកូន​។ ទិវា​៨មីនា​ឆ្នាំនេះ ចលនាបាតុកម្មដង្ហែរ​ក្បួន​នៅ​សហរដ្ឋអាមេរិក នឹង​ផ្តោ​តសំខាន់ណាស់ ទៅលើ​បញ្ហានេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ