អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន ជួប​លោក​នាយករដ្ឋមន្ត្រីអង់គ្លេស​និង​អូស្ត្រាលី ដើម្បី​ចុះកិច្ចព្រមព្រៀងស្តីពី​​នាវា​បាតសមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទទី​១៣មីនា លោក​​ចូ បៃ​ដិន នឹងជួប​ជាមួយ​លោក​ រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស​ និងលោក អង់តូនី អាល់បាណេស នាយករដ្ឋមន្ត្រី​អូស្ត្រាលី  នៅឯមូលដ្ឋានកងទ័ពជើងទឹកអាមេរិក ក្នុងរដ្ឋ​កាលីហ្វ័រញ៉ា។ ជំនួប​រវាងថ្នាក់ដឹកនាំទាំង​៣ ធ្វើឡើង​នៅក្នុងក្របខណ្ឌ​សម្ព័ន្ធភាព AUKUS ហើយតាម​ការគ្រោងទុក នៅថ្ងៃនេះគឺ​ថ្នាក់ដឹកនាំទាំង៣ នឹងចុះហត្ថលេខាជាផ្លូវការ​ លើ​​កិច្ចព្រមព្រៀងស្តីពី​នាវាមុជទឹកបាត​​សមុទ្ទ ដើរដោយ​ថាមពលនុយក្លេអ៊ែរ។ គួរ​រំលឹកថា អូស្ត្រាលីបានបោះបង់ចោល​កិច្ចសន្យាទិញនាវាមុជទឹកបាតសមុទ្ទរបស់បារាំង ហើយ​បានងាកទៅទិញពីសហរដ្ឋអាមេរិក តាមរយៈការចូលរួម​នៅក្នុងសម្ព័ន្ធភាព AUKUS។ បញ្ហានេះបានបង្កជាវិបត្តិការទូតដ៏ធំមួយ រវាងបារាំង ជាមួយ​នឹងអូស្ត្រាលី ព្រមទាំងសហរដ្ឋអាមេរិក​។

នាវាមុជទឹកបាតសមុទ្ទអាមេរិក​ Virginia-class USS North Dakota (SSN 784) ត្រូវគេប្រទះឃើញចូលរួម​ក្នុងសមយុទ្ធ​យោធា bravo sea trials ក្នុងមហាសមុទ្ទអាត្លង់ទិក ថ្ងៃទី ១៨ សីហា ២០១៣
នាវាមុជទឹកបាតសមុទ្ទអាមេរិក​ Virginia-class USS North Dakota (SSN 784) ត្រូវគេប្រទះឃើញចូលរួម​ក្នុងសមយុទ្ធ​យោធា bravo sea trials ក្នុងមហាសមុទ្ទអាត្លង់ទិក ថ្ងៃទី ១៨ សីហា ២០១៣ REUTERS - US NAVY
ផ្សាយពាណិជ្ជកម្ម

អាមេរិក​លក់​នាវាមុជទឹកបាតសមុទ្ទ៥គ្រឿងឲ្យអូស្ត្រាលី​

ជំនួប​ពិសេសនឹងត្រូវរៀបចំ នៅ​មូលដ្ឋានកងទ័ពជើងទឹកអាមេរិក San Diego ស្ថិត​នៅ​រដ្ឋកាលីហ្វ័រញ៉ា។ ដូចយើងបានដឹងហើយ ថាប្រទេសទាំង៣ បានរួម​គ្នាបង្កើត សម្ព័ន្ធភាពយុទ្ធសាស្ត្រមួយ ឈ្មោះថា AUKUS ដើម្បីពង្រឹកសន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិក​។ កម្មវត្ថុមួយទៀតនៃសម្ព័ន្ធភាពនេះ គឺវានឹងអនុញ្ញាតឲ្យអូស្ត្រាលី មាន​នាវាមុជទឹកបាតសមុទ្រ ដើរដោយ​ថាមពលនុយក្លេអ៊ែរ ដែលជាបច្ចេកវិទ្យារបស់អា​មេរិក​។​

តាមការរំពឹងទុក ថ្នាក់ដឹកនាំទាំង​៣នឹងចុះហត្ថលេខា​ជាផ្លូវការ លើកិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យ​អូស្ត្រាលីមាន​នាវាមុជទឹក​ប្រភេទនេះ។ បើតាម​​ការចុះផ្សាយ​របស់ កាសែត The Washington Post គឺសហរដ្ឋអាមេរិក នឹងសន្យា​ប្រគល់​ នាវាមុជទឹកបាតសមុទ្ទ ដើរដោយថាមពលនុយក្លេអ៊ែរ​ ចំនួន​៥គ្រឿង ទៅឲ្យអូស្ត្រាលី​ ក្នុងរវាង​១០ឆ្នាំ​ទៅមុខទៀតនេះ​។ ហើយជំហានបន្ទាប់ គឺចាប់ពីឆ្នាំ​២០៤០ទៅ អង់គ្លេសនិងអូស្ត្រាលី នឹង​រួមគ្នា​សាងសង់នាវាមុជទឺកបាតសមុទ្ទ មួយគ្រឿង ជាប្រភេទថ្មីដែលគេនឹងដាក់ឈ្មោះថា SSN-AUKUS ដោយ​ប្រើបច្ចេកវិទ្យារបស់អាមេរិក ។

អូស្ត្រាលីនឹងត្រូវគេទទួលស្គាល់តួនាទី​សំខាន់​

ជាបឋម វាគឺជាឱកាសដ៏សំខាន់ណាស់ សម្រាប់អូស្ត្រាលី ដើម្បីអាចទទួលបាននាវាមុជទឹកដ៏ទំនើប​របស់អាមេរិក។ តាមធម្មតា បច្ចេកវិទ្យាដ៏ធំសំខាន់បែបនេះ គឺគេ​​មិ​ន​មែនចេះតែបើកទ្វារ ឲ្យ​ប្រទេសផ្សេងៗបានទទួលដោយងាយទេ គឺទាល់តែគេទុកចិត្តខ្លាំងណាស់។ បាននាវានេះមកប្រើ មានន័យថាអូស្ត្រាលី​ នឹងអាចបានទទួល នូវចំណេះ​ដឹងក្នុងការប្រើប្រាស់ ការជួសជុល ហើយជាពិសេសនោះ គឺ​ស្គាល់ប្រព័ន្ធបច្ចេកវិទ្យារបស់អាមេរិក​តែម្តង ដែលគេប្រើ​ក្នុង​នាវាមុជទឹកបាតសមុទ្រ ដើរដោយថាមពលនុយក្លេអ៊ែរ។

ជាងនេះទៀត នៅតំណាក់​កាលទី២ ដែលអូស្ត្រាលី និងសហការជាមួយ​អង់គ្លេស ដើម្បី​​សាងសង់នាវាមុជទឹកបាតសមុទ្ទ​ប្រភេទថ្មីនោះ គឺវា​មានសារៈសំខាន់ខ្លាំងណាស់។ អាមេរិកនឹងជួយ​ ហើយផ្តល់​បច្ចេកវិទ្យានេះ​មក​ឲ្យអូស្ត្រាលីនិងអង់គ្លេស។ ចំណុចនេះ មិនមែនជារឿងសាមញ្ញទេ តែជាការផ្សារភ្ជាប់នូវចំណងសម្ព័ន្ធភាព​ដ៏រឹងមាំ រវាងមហាអំណាចលោកខាងលិចទាំង​៣នេះ​ តាមរយៈការបែង​ចែក​បច្ចេកវិទ្យាសំងាត់ ឲ្យគ្នាទៅវិញទៅមក​។

អូស្ត្រាលី​មិន​មាន​ចេតនាណាមួយ ទៅ​ចង់មានអាវុធនុយក្លេអ៊ែរ ដូចមហាអំណាចផ្សេងទៀតទេ។ តែនាវាមុជទឹកបាតសមុទ្ទ ដើរដោយថាមពល​នុយក្លេអ៊ែរ នឹងតួនាទីសំខាន់នៅក្នុងការយាមល្បាត ការពារសន្តិសុខរបស់អូស្ត្រាលី​។ មានន័យថា វានឹងបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អូស្ត្រាលី នៅក្នុងសម្ព័ន្ធភាព​យុទ្ធសាស្ត្រ​ AUKUS ។ តាមរយៈកិច្ចព្រមព្រៀងនេះ អូស្ត្រាលីនឹង​មាន​តួនាទីយ៉ាងពេញមុខ និងមិនអាចខ្វះបាន​​ នៅក្នុងការពារ​​​សន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។

លោកនាយករដ្ឋមន្ត្រីអូស្ត្រលីបាន​លើកឡើងថា កិច្ចព្រមព្រៀងទិញនាវាមុជទឹកបាតសមុទ្ទនេះ គឺជាការបោះជំហានទៅមុខដ៏ខ្លាំងក្លាបំផុត សម្រាប់វិស័យ​ការពារជាតិអូស្ត្រាលី។ នាវាប្រភេទនេះ អាច​បើបាន​ចំងាយ​ឆ្ងាយ​ រយៈពេលយូរខែ ហើយ​មិនងាយមានប្រព័ន្ធណា មក​ចាប់រលកសញ្ញាបានងាយ​ៗឡើយ។ ជាងនេះទៀត នាវាមុជទឹកបាតសមុទ្ទបច្ចេកវិទ្យាអាមេរិកនេះ គឺអាចបំពាក់​ដោយ​មីស៊ីលក្រ័រស្យែទំនើបថែមទៀតផង។

AUKUS ជាការ​​រួមកម្លាំងគ្នា ដើម្បី​ទប់ទល់​​មហិច្ឆតា​របស់ចិន

តាំងតែ​ពី​ពេល​ប្រកាសរៀបចំ​បង្កើតសម្ព័ន្ធភាព​ AUKUS នេះ កាលពី​១៨ខែមុន គឺភាគីទាំងបី អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក មិន​បានលាក់លៀមថា អំពីកម្មវត្ថុចំបង ដែល​ចង់រួម​កម្លាំងគ្នា ការពារសន្តិសុខ​​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​។ លោក Charles Edel  ប្រធាន​កម្មវិធី​អូស្ត្រាលី នៅ​ក្នុង​ក្រុមវិភាគ CSIS នៅវ៉ាស៊ីតោន បាន​លើកឡើងថា សម្ព័ន្ធភាព​ត្រីភាគីនេះ មានកម្មវត្ថុធំតែមួយគត់​ គឺ បើកផ្លូវ​ឲ្យ​សមាជិក ពង្រឹកសមត្ថភាពការពារខ្លួន​ ដើម្បីអាចប្រឈម​តតាំង ឬកំញើញ​តបទៅ​កាន់ចិនវិញ​ ដែល​បាននិងកំពុង​ធ្វើសកម្មភាពគំរាមសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​។

លោក​បន្ថែមថា ទោះគេមិន​បញ្ចេញឈ្មោះចិន នៅក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ តែ​បើយើងក្រឡេកទៅ​មើល​ ស្ថានការណ៍​នៅក្នុងតំបន់​នេះ ដែលចិនខំប្រឹង​ពង្រឹងវិស័យ​កងទ័ព ធ្វើសកម្មភាពវាតទី និងគំរាម​ទៅលើប្រទេសតូចតាចផ្សេងៗទៀត នោះ គឺធ្វើឲ្យ​យើងអាចសន្និដ្ឋាន​បានថា សម្ព័ន្ធភាព aukus ត្រូវបាន​ផ្តួចផ្តើមឡើង ក្នុងកម្មវត្ថុតែមួយគត់ គឺទប់ទល់ជាមួយ​ចិន​។​ សម្ព័ន្ធភាពនេះអាចនឹងរីកាន់តែធំទៅថ្ងៃខាងមុខផងដែរ ព្រោះបច្ចុប្បន្ននេះ ជប៉ុន​កំពុងតែគោះទ្វារសុំចូលរួម​ដែរហើយ​។

យ៉ាងណាមិញ ចិនមិនមែនមិនដឹងខ្លួនទេ។ នៅថ្ងៃនេះ លោកស្រី Mao Ning អ្នកនាំពាក្យ​ក្រសួងការ​បរទេស​ចិន បាន​ប្រិតកម្ម​ប្រាប់ទៅ​ សហរដ្ឋអាមេរិក ​អូស្ត្រាលី និងអង់គ្លេស​ ថាគួរតែបោះបង់​ ​ផ្នត់​គំនិត​ចាស់គំរិល​ បែបសង្គ្រាមត្រជាក់ នេះ​ចោលទៅ​​។ សម្រាប់ចិន ការប្រមូលបែងចែកបក្សពួកបែបនេះ គឺវានឹងរំខាន​ដល់​ការកសាងសន្តិភាព និងស្ថិរភាពតំបន់។

ហើយ​កាលពីសប្តាហ៍​កន្លងទៅ លោក​ ប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បាន​បរិហារអាមេរិកដោយចំៗដែរ ដោយ​លើកឡើងថា អាមេរិក​កំពុងតែអូសទាញ​ក្រុមប្រទេសលោក​ខាងលិច ឲ្យ​ចូលរួមក្នុង​គោល​នយោបាយ​ស្អប់គេ​ឯងរបស់ខ្លួន ហើយ​និង​ឡោមព័ទ្ធដាក់សំពាធប្រឆាំង​នឹង​ចិន​។ យ៉ាងណាក៏ដោយ សេតវិមានអាមេរិក​ បាន​ឆ្លើយតបវិញ ដោយ​លើកឡើងថា គឺចិនខ្លួនឯង ដែលដើរបំភ័យគេឯងនៅ​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល​ តួយ៉ាងដូចជាការគំរាមលើ​កោះ​តៃវ៉ាន់។ បន្ថែមពីនេះ ការគំរាមពីសំណាក់កូរ៉េខាងជើង ក៏ជាមូលហេតុ​ជំរុញ ឲ្យ​ក្រុម​ប្រទេសក្នុងតំបន់​រួម​កម្លាំងគ្នា​ការពារសន្តិសុខដែរ។

បារាំងស្ងប់កំហឹង

បារាំង​បានខឹងច្រលោតខ្លាំងណាស់ ក្រោយពេល​អូស្ត្រាលី បានលុបចោល​កិច្ចសន្យាទិញនាវាមុជទឹកបារាំងចំនួន​១០គ្រឿង ហើយ​ងាកទិញរបស់អាមេរិកវិញ។ ជាងនេះទៀត សម្ព័ន្ធភាព AUKUS នេះ គេហៅគ្នាគេតែ៣នាក់ចូលរួមដោយ​គ្មានបារាំង ទាំងដែលការពិត បារាំងក៏មានចំណែក​ការពារសន្តិសុខដែរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះបារាំងមានដែនដី​នៅទីនោះដែរ។ បារាំងបានចោទ​អូស្ត្រាលី ថាបានក្បត់ខ្លួន ហើយ​បា​នកោះហៅ​អគ្គរដ្ឋទូតបារាំងប្រចាំក្រុងវ៉ាស៊ីនតោន ឲ្យ​ត្រលប់ចូលស្រុកវិញថែមទៀតផង។

ផ្អែកតាម​ការវិភាគ របស់លោក Marc Bergman ប្រធានផ្នែកអឺរ៉ុប នៃមជ្ឈមណ្ឌល​ដើម្បី​យុទ្ធសាស្ត្រនិង​សិក្សាអន្តរជាតិ​ CSIS នៅវ៉ាស៊ីនតោន បាន​លើកឡើងថា ធាតុពិតគឺប្រតិកម្មបារាំងរាងជ្រុលបន្តិច តែក៏អាចជាចេតនារបស់បារាំងដែរ។ បារាំងចង់ទាញចំណាប់អារម្មណ៍ ពី​អាមេរិក​ជាពិសេស ដើម្បីឲ្យអាមេរិក​ថ្នមយកចិត្ត លួងខ្លួនវិញ​តាមរយៈអ្វីផ្សេង​។​

ជាងមួយ​ឆ្នាំមកនេះ អ្វីដែលយើងអាចសង្កេតឃើញជារួម គឺថា​វិបត្តិការទូតនេះ ហាក់បាន​សាបរលាប​ ថយ​កំដៅច្រើនហើយ​ ដោយសារតែបារាំងបាន​ទទួលនូវអ្វីដែលខ្លួនចង់បានដែរ។ លោកចូ បៃដិន បានខំប្រឹង​ស្តារទំនាក់ទំនង ដោយ​បាន​មកធ្វើទស្សនកិច្ចនៅបារាំង ហើយ​បន្ទាប់មកលោកម៉ាក្រុងត្រូវលោក​ចូ បៃដិនទទួលយ៉ាង​ពេញមុខ នៅវ៉ាស៊ីនតោន កាលពីខែ​ធ្នូ។ បញ្ហាវិបត្តិសង្គ្រាមអ៊ុយក្រែន ក៏ជាកត្តាមួយ​រុញមហាអំណាចទាំង២នេះ ឲ្យ​បំភ្លេចចោលរឿងផ្សេង ហើយងាកមករួមកម្លាំងគ្នាជួយ​អ៊ុយក្រែនដែរ​។

លោក Marc Bergman​អះអាងថាធាតុពិតទៅមកទល់ពេលនេះ មន្ត្រីបារាំងក៏បានទទួលស្គាល់ដែរថា គេក៏យល់ចិត្តអូស្ត្រាលី​ដែរ ដែលចង់បាននាវាមុជទឹកបាតសមុទ្ទ ដើរដោយ​ប្រព័ន្ធនុយក្លេអ៊ែររបស់អាមេរិក ព្រោះវាទំនើប ល្អជាងនាវាមុជទឹក​បច្ចេកវិទ្យា​ធម្មតា​របស់បារាំង​។ ខាងភាគី​បារាំង មិនមាននរណានិយាយរំលឹក ពីសម្ព័ន្ធភាព AUKUS នេះទៀតទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ