អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Amnesty International បរិហារក្រុមប្រទេសលោកខាងលិច ថាមិនខ្វល់​ពីអំពើ​រំលោភបំពានផ្សេងទៀត ដូច​ករណី​នៅ​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលសង្គ្រាមនៅអ៊ុយក្រែនបាន​ផ្ទុះឡើង បន្ទាប់ពីរុស្ស៊ី​បានប្រើកម្លាំងទ័ពចូលឈ្លានពានប្រទេសនេះ។ ការឈ្លានពាន​ដែលត្រូវបាន​ក្រុមប្រទេសលោកខាងលិច រួម​កម្លាំងគ្នាយ៉ាងខ្លាំងក្លា​ ក្នុង​ការថ្កោលទោស ដាក់ទណ្ឌកម្ម ព្រួយ​ទាំង​ការ​ផ្តល់ជាជំនួយថវិកា និងគ្រឿងសព្វាវុធ​ដល់អ៊ុយក្រែន ដែលជាអ្នករងគ្រោះ។ តែទន្ទឹមគ្នានេះ អង្គការ Amnesty International បានលើកឡើង​នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួន​ ថា នៅទូទាំងពិភពលោកមានរឿងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរច្រើនណាស់ តែក្រុមប្រទេស​លោក​ខាងលិចបានព្រងើយ​កន្តើយ មិនអើពើទាល់តែសោះ ដែលវាខុសពីករណីនៅអ៊ុយក្រែន។​ Amnesty International បរិហារថា​​ ការមិនខ្វល់ខ្វាយនេះ​​​ ក៏ដោយសារតែក្រុមប្រទេសលោកខាងលិច គិតថាវា​​គ្មានប្រយោជន៍​ផ្ទាល់សម្រាប់គេ​។

គេហទំព័ររបស់ Amnesty International
គេហទំព័ររបស់ Amnesty International © RFI
ផ្សាយពាណិជ្ជកម្ម

“គ្រាប់ជញ្ជីង១ ទម្ងន់២”

ខ្លឹមសារធំនៃ​របាយការណ៍​ប្រចាំឆ្នាំ របស់អង្គការ Amnesty International ដែលចេញផ្សាយ​នៅថ្ងៃអង្គារទី២៨​មីនា គឺ​ការលើកឡើងបែបស្តីបន្ទោស ចំពោះភាពខុសគ្នានៃ​ការឆ្លើយតប​របស់​ក្រុមប្រទេស​លោក​ខាងលិច រវាងករណីសង្គ្រាមនៅអ៊ុយក្រែន និង​ករណីរំលោភបំពាន​សិទ្ធិមនុស្សផ្សេងទៀតនៅទូទាំងពិភពលោក។

ពោលគឺសង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីបានរំលោភបំពានច្បាប់អន្តរជាតិ ឈ្លានពានទឹកដីគេ បាញ់ប្លោងគ្រាប់មីស៊ីល ​ស្លាប់​ប្រជាជនស៊ីវីលអ៊ុយក្រែន កម្ទេចផ្ទះសម្បែងអគារ ហេតុដ្ឋារចនាសម្ព័ន្ធនានា គឺក្រុមប្រទេស​លោកខាងលិច បានរួមកម្លាំងគ្នាភ្លាមៗ ដើម្បី​ជួយ​ឈឺឆ្អាលអ៊ុយក្រែន តាមរយៈការប្រកាសថ្កោលទោសរុស្ស៊ី ដាក់ទណ្ឌកម្មលើរុស្ស៊ី និង​ផ្តល់ជាជំនួយថវិកា សម្ភារៈយោធាតម្លៃរាប់ពាន់លានទៅឲ្យ​អ៊ុយក្រែន។ ផ្ទុយទៅវិញ ករណីរំលោភបំពានសិទ្ធិមនុស្ស​ ដែលកើតមាននៅប្រទេសផ្សេងទៀត គឺក្រុមប្រទេសលោកខាងលិច បានធ្មេចភ្នែក ខ្ទប់ត្រចៀក មិនមើល មិនខ្វល់សោះឡើយណា។

អំពើរំលោភសិទ្ធិមនុស្ស​នៅអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ចិន

របាយការណ៍ Amnesty International​ បាន​លើកឡើងឧទាហរណ៍​ច្រើនករណី ដែលបញ្ជាក់ពី​ការមិនខ្វល់ខ្វាយ​របស់​ក្រុមប្រទេសលោកខាងលិច។ តួយ៉ាងករណី​រំលោភសិទ្ធិមនុស្ស​នៅអេហ្ស៊ីប ដែលរដ្ឋាភិបាល​បានចាប់បង្ឃាំងអ្នកទោសនយោបាយរាប់ពាន់នាក់ និង​​ការកាត់ទោសប្រហារជីវិតសកម្មជននយោបាយប្រឆាំង​ និង​​សកម្មជន​ការពារសិទ្ធិមនុស្ស​នៅអារ៉ាប៊ីសាអូឌីតជាដើម។​ សកម្មភាព​រំលោភបំពានសិទ្ធិមនុស្សទាំងនេះ គឺគ្មានឡើយ​ប្រតិកម្ម​ថ្កោលទោស ដាក់ទណ្ឌកម្ម ទៅលើរបបដឹកនាំទាំងនេះ ពីសំណាក់​ក្រុមប្រទេសលោក​ខាងលិច​។

មិនត្រឹមតែមិនអើពើទេ ករណីខ្លះក្រុមប្រទេសលោកខាងលិច ហាក់ដូចជាបានចូលដៃ​ជាមួយអំណាចនយោបាយ នៅក្នុងសកម្មភាពរំលោភបំពានសិទ្ធិមនុស្សថែមទៀតផង។ Amnesty International អះអាងថា ឧទាហរណ៍ដូចក្នុងករណី​ការរំលោភបំពាន​ផ្ទួនៗ ទៅលើប្រជាជនប៉ាឡេស្ទីន ពីសំណាក់អាជ្ញាធរអ៊ីស្រាអែល ដែល​បាន​ច្បាមយកដី​ដាក់អាណានិគមនៅ​តំបន់ស៊ីហ្សកដានីប៉ាឡេស្ទីន។ ទង្វើនេះជាការបំពាន​យ៉ាងស្រស់ៗលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីនពីសំណាក់អ៊ីស្រាអែល​។​

ករណីរំលោភសិទ្ធិមនុស្ស​ធ្វើឡើងដោយរដ្ឋាភិបាលចិន ធ្វើទៅលើប្រជាជនអ៊ុយហ្កួរខេត្តស៊ីនជាំង ធ្វើទៅលើ​សកម្មជនប្រជាធិបតេយ្យហុងកុង ជាដើម ក៏គ្មានប្រតិកម្ម​ថ្កោលទោស ឬដាក់ទណ្ឌកម្ម​ឲ្យខ្លាំងក្លា និងជាក់ស្តែងដូចក្នុងករណី​នៅអ៊ុយក្រែន​ដែរ។ ចលនាបាតុកម្មរបស់​ប្រជាជនអ៊ីរ៉ង់ ដែលត្រូវបានរបបផ្តាច់ការអ៊ីស្លាមវាយបង្ក្រាប​យ៉ាងហិង្សា ប៉ុន្មានខែមកនេះ ក៏គ្មានការអើពើឯណា ពីក្រុមប្រទេសលោកខាងលិចដែរ​។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលរត់គេចពីការកាប់សម្លាប់ របស់កងទ័ពភូមា កំពុងឆ្លងទឹកនៅព្រំដែន​បង់​ក្លាដែស ថ្ងៃទី ៥ កញ្ញា ២០១៧
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលរត់គេចពីការកាប់សម្លាប់ របស់កងទ័ពភូមា កំពុងឆ្លងទឹកនៅព្រំដែន​បង់​ក្លាដែស ថ្ងៃទី ៥ កញ្ញា ២០១៧ AP - Bernat Armangue

ជម្លោះ​ប្រដាប់អាវុធស្លាប់​ប្រជាជនស៊ីវីល មិនខុសពីនៅអ៊ុយក្រែន​

ករណីសង្គ្រាម និង​ជម្លោះប្រដាប់អាវុធ ដែលបណ្តាលឲ្យស្លាប់ជនស៊ីវីលរាប់ពាន់រាប់ម៉ឺននាក់ នៅតាមប្រទេសផ្សេងទៀត ក៏ហាក់ដូចជាមិនត្រូវបាន​ក្រុមប្រទេសលោកខាងលិច យកចិត្តទុកដាក់ខ្លាំង ដូចនៅករណី​អ៊ុយក្រែន​ដែរ។ របាយការណ៍របស់ Amnesty International បាន​លើកឡើង នូវឧទាហរណ៍​ជាក់ច្បាស់មួយ គឺ​​សង្គ្រាមនៅយេម៉ែន ដែល​បង្កឡើងដោយក្រុមឧទ្ទាមហ៊ូទី និង​កងទ័ពនៃ​របបផ្តាច់ការអារ៉ាប៊ីសាអូឌីត។ យោងតាមតួលេខ របស់ Amnesty International គិតត្រឹមចុងឆ្នាំ​២០១៩ សង្គ្រាមបង្ហូរឈាមនេះ បាន​​សម្លាប់​ប្រជាជនស៊ីវីលយេម៉ែន ចំនួនប្រមាណ​ ២៣៣០០០នាក់។ បច្ចុប្បន្នសង្គ្រាមនេះ កំពុងតែធ្វើ​ឲ្យ​ប្រជាជនយេម៉ែន ប្រមាណ​១៦លាននាក់ រស់នៅ​ក្នុងស្ថានភាពមនុស្សធម៌ដ៏លំបាកខ្លាំងបំផុត ដោយសារគ្មានស្បៀងអាហារ គ្មានថ្នាំសង្កូវព្យាបាល ។ល។

ករណីមួយទៀត គឺសង្គ្រាមនៅតំបន់ទីហ្ក្រេ ប្រទេសអេត្យូពី។ អង្គការ Amnesty International លើកឡើងថា កងទ័ពរដ្ឋាភិបាលអេត្យូពី បានធ្វើសកម្មភាពវាយ​ប្រហារ កាប់សំលាប់​ប្រជាជនស៊ីវីលនៅតំបន់ទីហ្ក្រេ ចំនួន​យ៉ាងហោច​៥សែននាក់ ដោយ​គ្មានសហគមន៍អន្តរជាតិណាខ្វល់ខ្វាយ​ទាំងអស់។ ហើយករណីនៅភូមាវិញ សំណុំរឿងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅរងទុក្ខវេទនាប្រមាណជិត១លាននាក់ នៅ​បង់ក្លាដេស ក៏មិនត្រូវ​បាន​ក្រុមប្រទេសលោកខាងលិច ចាប់អារម្មណ៍ខ្វល់ខ្វាយឈឺឆ្អាលណាស់ណាដែរ។

បន្ថែមពីនេះ នៅក្រោយ​រដ្ឋប្រហារ របបសិកភូមា បាន​បើក​ប្រតិបត្តិការ​បង្ក្រាប បំភិតបំភ័យក្រុមប្រឆាំង សម្លាប់មនុស្សជាច្រើនពាន់នាក់ និងបាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​១៥ម៉ឺននាក់ ត្រូវ​ភៀសខ្លួនចោលផ្ទះសម្បែង។​ ករណីទាំងអស់នេះ សុទ្ធសឹងតែជា​ទុក្ខលំបាករបស់​ប្រជាជនដែល​រងគ្រោះ ដែលវាមិនខុសពី​ទុក្ខលំបាក​របស់​ប្រជាជនអ៊ុយក្រែនឡើយ។

ជនភៀសខ្លួនអ៊ុយក្រែន គេទទួលដៃ១០

នៅក្នុង​បញ្ហាទទួលជនភៀសខ្លួននេះដែរ យើងឃើញថាវាមានភាពខុសគ្នាខ្លាំង ជនភៀសខ្លួនអ៊ុយក្រែន ដែលត្រូវបាន​ក្រុមប្រទេសលោកខាងលិចរៀបចំបែងចែងទទួលយ៉ាងកក់ក្តៅភ្លាមៗ ខណៈជនភៀសខ្លួន​មកពី​បណ្តាប្រទេសផ្សេងទៀត ត្រូវគេរុញច្រានចេញទៅវិញដោយ​អមនុស្សធម៌​។ ត្រង់ចំណុចនេះ របាយការណ៍របស់ Amnesty International បាន​ថ្កោលទោសខ្លាំងណាស់ ចំពោះសកម្មភាពរបស់​ក្រុមប្រទេសលោកខាងលិច ដែល​បាន​មាន​គោលនយោបាយ​មិនដូចគ្នា ចំពោះមុខ​ជនភៀសខ្លួនមកពីអ៊ុយក្រែន និងជនភៀសខ្លួនដែល​មកពីបណ្តាប្រទេសផ្សេងទៀត។

សហរដ្ឋអាមេរិក បាន​ប្រកាសទទួលជនភៀសខ្លួនអ៊ុយក្រែន ចំនួនច្រើនម៉ឺននាក់ណាស់។ តែផ្ទុយទៅវិញ រវាងពីខែកញ្ញាឆ្នាំ​២០២១ ដល់ខែឧសភាឆ្នាំ២០២២ អាជ្ញាធរអាមេរិក បានបណ្តេញ​ជនភៀសខ្លួនមកពីប្រទេស​ហៃទី ចំ​នួន២៥០០០នាក់។ ភាគច្រើនមុននឹងត្រូវគេបណ្តេញចេញ ជនភៀសខ្លួនហៃទីត្រូវគេយកទៅដាក់ឃុំ និងមានករណី​ធ្វើទារុណកម្មខ្លះទៀតផង។ នេះបើផ្អែកតាមរបាយការណ៍របស់ Amnesty International។

នៅអឺរ៉ុបវិញក៏មិនខុសគ្នាដែរ។ គេបាន​ចាត់ចែងភ្លាមៗ បែងចែកទទួលស្វាគមន៍​យ៉ាងកក់ក្តៅចំពោះជនភៀសខ្លួនមកពីអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបាន​លើកទ័ពចូលឈ្លានពាន។ តែផ្ទុយទៅវិញ ជនភៀសខ្លួនមកពី​អាហ្វ្រិក មកពីស៊ីរី អ៊ីរ៉ាក់ ឬអាហ្វហ្កានីស្ថានជាដើម គឺអាជ្ញាធរប្រទេស​អឺរ៉ុប បាន​ប្រើ​វិធីគ្រប់យ៉ាងដើម្បីដាក់រនាំង។ ជាច្រើនឆ្នាំមកហើយ ដែល​ជនភៀសខ្លួន​បាន​ផ្សងជីវិត ឆ្លងទូកកាត់សមុទ្រ ខ្លះបានមកដល់គោក ខ្លះក៏ចោលឆ្អឹងនៅក្នុង​សមុទ្រ។ តែក្រុមប្រទេសអឺរ៉ុបនៅតែគ្មានគោលនយោបាយ​ជួយយកអាសារ គ្មាន​ការសហការ ដោយសារតែម្នាក់ៗគិតតែប្រយោជន៍ខ្លួន ហើយ​គ្មានចេតនានយោបាយ​ជាក់ស្តែងដើម្បីជួយ។

ប្រជាជនយេម៉ែនកំពុងលីសែងស្បៀងអាហារ ក្រោយក្រុមឧទ្ទាមហ៊ូទីស វាប្រហារនៅក្រុង Taiz ថ្ងៃទី១៧ មករា ២០១៦
ប្រជាជនយេម៉ែនកំពុងលីសែងស្បៀងអាហារ ក្រោយក្រុមឧទ្ទាមហ៊ូទីស វាប្រហារនៅក្រុង Taiz ថ្ងៃទី១៧ មករា ២០១៦ AP - Abdulnasser Alseddik

អំណាចនយោបាយ​ដែលរំលោភបំពាន​សិទ្ធិមនុស្ស កាន់តែបានចិត្ត​

អង្គការ Amnesty International បានចាត់ទុក​ទង្វើរបស់ក្រុមប្រទេសលោកខាងលិច ថាជាទង្វើ គ្រាប់ជញ្ជីងតែមួយ តែមានទម្ងន់២ខុសគ្នា​។ ពោលគឺបញ្ហារំលោភបំពានសិទ្ធិមនុស្ស​តែមួយដូចគ្នាមែន​ តែវាទទួលបាននូវ​​ការឈឺឆ្អាលចាប់អារម្មណ៍ខុសគ្នា​។​

លោកស្រី Agnès Callamard អគ្គលេខាធិការអង្គការ​ Amnesty International បាន​លើកឡើងថា ប្រតិកម្ម​ឆ្លើយតបយ៉ាងខ្លាំងក្លារបស់ក្រុមប្រទេសលោកខាងលិច នៅក្នុងករណី​អ៊ុយក្រែន គឺវាជារឿងត្រឹមត្រូវខ្លាំងណាស់​។​ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមប្រទេសលោកខាងលិច គួរចោទសួរខ្លួនឯងផងថា ឈឺឆ្អាលតែរឿងអ៊ុយក្រែនមួយ វា​យុត្តិធម៌ដែរឬទេ ចំពោះប្រជាជនផ្សេងទៀត ដែលរងគ្រោះដែរ ដោយការរំលោភបំពានសិទ្ធិមនុស្ស​ និង​សង្គ្រាម​ប្រដាប់អាវុធ។

លោកស្រី​បានបរិហាថា​ ក្រុមប្រទេសលោកខាងលិចជ្រើសរើសឈឺឆ្អាលខ្លាំងរឿងអ៊ុយក្រែន ដោយសារដើម្បីការពារផលប្រយោជន៍ខ្លួនឯង។ រីឯរឿងផ្សេងទៀត ដែលមិនប៉ះពាល់ដល់ផលប្រយោជន៍ខ្លួន ក្រុមប្រទេសលោកខាងលិច មិនខ្វល់ មិន​ឈឺឆ្អាល ឬក៏បានត្រឹមប្រកាសថ្កោលទោសតែមាត់បន្តិចបន្ទួច ដោយ​គ្មានការជួយជ្រោមជ្រែងជាក់ស្តែង​​។​

ភាពអសកម្មរបស់​ក្រុមប្រទេសលោកខាងលិចនេះ គឺវា​បាន​ធ្វើ​ឲ្យ​របបនយោបាយ​​ដែលធ្វើសកម្មភាព​រំលោភបំពានទាំងអស់នេះ កាន់តែបានចិត្ត ព្រោះដឹងថាគ្មាននរណា​មក​ចាប់ទោសអូសដំណើរអ្វីទេ។​ ខ្លាំងណាស់​ បានត្រឹមតែត្រូវ​គេប្រកាសថ្កោលទោស ចប់! ស្ថានភាពរបៀបនេះ គឺវាមិនល្អទេ សម្រាប់មនុស្សជាតិយើង។ សិទ្ធិមនុស្ស សិទ្ធិជាមូលដ្ឋាន ដ៏ដូចជា​ច្បាប់អន្តរជាតិ ត្រូវតែជាតម្លែរួម ដែល​មនុស្សយើងត្រូវតែការពារទាំងអស់ ទោះនៅទីណាក៏ដោយ។ អង្គការ Amnesty International បានអំពាវនាវផងដែរថា ត្រូវតែធ្វើកំណែទម្រង់ អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​ក្រុមប្រទេសក្រីក្រ ប្រទេសដែលរងគ្រោះ អាចមានសំឡេងបញ្ចេញមតិផង។ ការធ្វើកំណែទម្រង់ចាំបាច់ ដើម្បីឲ្យស្ថាប័នកំពូលនេះ អាចធ្វើការងារ​ដោយ​យុត្តិធម៌ ស្មើភាព មាន​សមភាព ក្នុងការដោះស្រាយ​បញ្ហាទូទាំងពិភពលោក ព្រោះថាអាយុជីវិតមនុស្ស មានតម្លៃស្មើៗគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ