អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាលជប៉ុន ប្រកាសពីគម្រោងរឹតត្បិតការនាំចេញ ឧបករណ៍សឺមីកុងឌុកទ័រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឧបករណ៍​សឺមីកុងឌុកទ័រ ដែលគឺជាធាតុផ្សំអេឡិកត្រូនិកមួយដ៏សំខាន់​​ កំពុងតែស្ថិតនៅ ​ចំចំណុចកណ្តាល នៃការប្រកួតប្រជែង​បច្ចេកវិទ្យា រវាងប្រទេសមហាអំណាចធំៗ។ វាមិនមែនត្រឹមតែក្នុង​បរិបទ​ការប្រកួតប្រជែងពាណិជ្ជកម្ម ប៉ុណ្ណោះទេ តែវាមានពាក់​ព័ន្ធជាមួយ​ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ព្រោះថាឧបករណ៍​អាឡិចត្រូនិកគ្រប់ប្រភេទ​ ព្រមទាំង​​​គ្រឿងសព្វាវុធទំនើបផងនោះ គឺគេត្រូវការ​​​ឧបករណ័សឺមីកុងឌុកទ័រដើម្បី​យក​មកផ្សំ​ឲ្យ​វាដំណើរការ​។​  គឺក្នុងបរិបទនេះហើយ បានជារដ្ឋាភិបាល​ជប៉ុន​ បានប្រកាសនៅថ្ងៃសុក្រ ទី​៣១មីនា ថាគេមានគម្រោង​រឹតបន្តឹងការនាំចេញ​ឧបករណ៍សឺមីកុងឌុក​ទ័រទៅក្រៅប្រទេស។ ការប្រកាស ដែលធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ប្រតិកម្មស្តីបន្ទោស​ភ្លាមៗតែម្តង​។

លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុន ថ្លែងនៅក្នុង​ Center of Strategic and International Studies (CSIS) ថ្ងៃទី៥ មករា ២០២៣
លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុន ថ្លែងនៅក្នុង​ Center of Strategic and International Studies (CSIS) ថ្ងៃទី៥ មករា ២០២៣ AP - Jacquelyn Martin
ផ្សាយពាណិជ្ជកម្ម

គ្រឿងផ្សំអេឡិកត្រូនិក​២៣មុខ​

លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន​បានប្រកាសពីគម្រោង​រឹតត្បិតនេះ ទៅ​កាន់អ្នកកាសែត នៅព្រឹកថ្ងៃសុក្រ ទី​៣១មីនា​ ដោយ​លោក​បញ្ជាក់ថា រដ្ឋាភិបាល​នឹងធ្វើការ​ពិគ្រោះយោបល់ ជាមួយ​សារណៈមតិជប៉ុន​​ លើគំរោងនេះ។ ពិគ្រោះយោបល់រួចរាល់ហើយ គឺគេអាចចាប់​ផ្តើមអនុវត្ត​វិធានការរឹតត្បិតជាផ្លូវការ ចាប់ពីខែកក្កដាខាងមុខនេះទៅ។

លោករដ្ឋមន្ត្រីបាន​ឲ្យដឹងដែរថា ធាតុ​ផ្សំអេឡិកត្រូនិក ដែល​មាន​ឈ្មោះក្នុង​បញ្ជីគម្រោងរឹតត្បិតនេះ គឺមានចំនួន​២៣មុខ ដែល​សុទ្ធតែជាគ្រឿងផ្សំដើម្បី​ផលិត​ឧបករណឺសឺមីកុងឌុកទ័រទំនើបឈានមុខ។ ផ្អែកតាមទីភ្នាក់ងារព័ត៌មាន Jiji ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនចំនួន​ជាង​១០ក្រុមហ៊ុន ដែល​នឹងត្រូវប៉ះពាល់ ដោយសារវិធានការរឹតត្បិតនេះ ដែលមានដូចជា Tokyo Electron និង Nikon ជាដើម។​ មានន័យថា ក្រុមហ៊ុនទាំងនេះ មិនអាចនាំចេញ​ទៅលក់​នៅក្រៅប្រទេសនូវធាតុផ្សំអេឡិកត្រូនិក​​ទាំង​២៣មុខនេះបានទេ ប្រសិន​មិន​ឆ្លងកាត់ការត្រួតពិនិត្យ និង​ការ​​អនុញ្ញាតពី​ខាងភ្នាក់ងាររដ្ឋាភិបាល​។

បង្ការកុំ​ឲ្យ​គេយក​ទៅ​ប្រើ​ដើម្បី​ផលិ​តគ្រឿងសព្វាវុធ​

យោងតាម​ការលើកឡើងរបស់​លោករដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចជប៉ុន គឺ​ វិធានការរឹតត្បិតនេះ សំដៅ​បង្ការ​ កុំ​ឲ្យ​គេយក​ធាតុផ្សំអេឡិកត្រូនិកដ៏សំខាន់របសជប៉ុននេះ យកទៅប្រើ​នៅក្នុងការផលិតគ្រឿងសព្វាវុធទំនើប។ លោកNishimura បានបន្ថែមថា ជប៉ុនចង់ដើរតួនាទី ប្រកបដោយ​ការទទួលខុសត្រូវ នៅក្នុង​សហគមន៍អន្តរជាតិ ក្នុង​នាម​ជប៉ុន ជាប្រទេសនាំមុខមួយ នៅ​​​ក្នុង​បច្ចេកវិទ្យាផលិត​ “បន្ទះម៉េម៉ូរី”។

បើតាមការវិភាគសុចិនាថ គឺ​បរិបទសង្គ្រាម​នៅអ៊ុយក្រែន ដែលរុស្ស៊ី​កំពុងតែ​ធ្វើក្នុងពេលនេះ​ គឺជាហេតុផល​មួយសំខាន់ ព្រោះមានប្រភពព័ត៌មានជាច្រើន បាន​អះអាងថា រុស្ស៊ី​កំពុងតែត្រូវ​ការ​ធាតុផ្សំអេឡិកត្រូនិកខ្លាំងសម្បើមណាស់ ដើម្បី​ផលិត​ដ្រូន​ និង​គ្រឿងសព្វាវុធទំនើបច្រើនមុខទៀត។ ក្រុមប្រទេសលោកខាងលិច កំពុងតែរួមគ្នារកវិធី ដើម្បី​ផ្តាច់ផ្លូវ កុំ​ឲ្យ​រុស្ស៊ី​អាចទទួលបាន​គ្រឿងផ្សំអេឡិចត្រូនិក​ទាំងនេះ​ យលទៅផលិតអាវុធ។

ជាមួយ​នឹងទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិច ការនាំចេញដោយ​ផ្ទាល់ទៅកាន់រុស្ស៊ី​ នូវធាតុផ្សំអេឡិកត្រូនិក​ដ៏សំខាន់នេះ ត្រូវបាន​ហាមឃាត់​មែន​ តែគេបារម្ភថា រុស្ស៊ីអាច​ស្វែងរកផ្លូវផ្សេងទៀត ដើម្បីទទួលបាន​គ្រឿងផ្សំទាំងនេះ។ គេសង្ស័យថារុស្ស៊ី អាចប្រើប្រាស់ភាគីចិន ឬអ៊ីរ៉ង់ ឲ្យជួយទិញឲ្យខ្លួន ឬក៏នាំចូលដោយ​លួចលាក់ជាដើម។ ជាងនេះទៀត ចិន ឬអ៊ីរ៉ង់ ក៏អាចផលិត​គ្រឿងសព្វាវុធ ដែលប្រើប្រាស់គ្រឿងផ្សំសឺមីកុងឌុកទ័រទិញបានមកពី​ជប៉ុនដែរ។ ដែលត្រង់នេះហើយ បានជារដ្ឋាភិបាលជប៉ុន ចង់រៀបចំវិធានការ ដើម្បីរឹតបន្តឹងតាមដានឲ្យ​បានម៉ដ្ឋចត់។

បន្ទះឈីបដ៏តូច របស់​ Renesas Electronics Corp។ រូបថតនៅតូក្យូ ថ្ងៃទី ២៤ ឧសភា ២០១២
បន្ទះឈីបដ៏តូច របស់​ Renesas Electronics Corp។ រូបថតនៅតូក្យូ ថ្ងៃទី ២៤ ឧសភា ២០១២ REUTERS - Kim Kyung Hoon

ប្រកួតប្រជែងបច្ចេកវិទ្យាជាមួយ​ចិន

សហរដ្ឋអាមេរិក ដែលជា​សម្ព័ន្ធមិត្តរបស់ជប៉ុន បាន​បើក​ការប្រកួតប្រជែងយ៉ាងខ្លាំងដៃ នៅក្នុងវិស័យ​ផលិត​ “បន្ទះឈីប” ដើម្បីធ្វើយ៉ាងណា វាឲ្យដាច់ចិន ហើយ​រារាំងកុំឲ្យចិន អាចទទួលយកចំណេះជំនាញបច្ចេកវិទ្យារបស់គេយកទៅប្រើ។ ជាច្រើនខែមកនេះ អាមេរិកបានចេញវិធានការជាច្រើន សំដៅរារាំង មិន​ឲ្យក្រុមហ៊ុន​ផលិតរបស់ចិន អាចទិញយក​គ្រឿងផ្សំបច្ចេកវិទ្យា​​របស់អាមេរិក យកទៅ​ផ្សំ​ក្នុង​ឧបករណ៍អេឡិកត្រូនិកផលិតនៅចិន​។​

អាមេរិកក៏បានដាក់សំពាធ ធ្លាប់​បាន​ប្រាប់ទៅជប៉ុន និង​​ប្រទេសផ្សេងទៀតដែលជាសម្ព័ន្ធមិត្ត​របស់ខ្លួនដែរ ថាត្រូវតែប្រុងប្រយ័ត្ន មិនត្រូវ​បើកទ្វារបង្ហូរបច្ចេកវិទ្យាដ៏រសើបនេះ ទៅឲ្យចិនដោយងាយៗឡើយ។ យ៉ាងណាមិញ កាលពីដើមខែមីនានេះ ប្រទេសហូឡង់ ដែលជាតួអង្គមួយសំខាន់ដែរ នៅក្នុងវិស័យបច្ចេកវិទ្យាផលិត​បន្ទះឈីបអេឡិកត្រូនិក បាន​ប្រកាសថានឹងរឹតបន្តឹងការនាំចេញ ដោយឈរលើហេតុផល​សន្តិសុខជាតិ​។ គេមិនបានបញ្ចេញឈ្មោះចិនដោយចំៗមែន តែ​វាច្បាស់ណាស់ គឺការរឹតត្បិតនេះវានឹងប៉ះពាល់ទៅលើចិន ព្រោះថា ទីផ្សារផលិតគ្រឿងអេឡិកត្រូនិកវាធំមហិមាណាស់នៅចិន​។

ចិន​ដឹងខ្លួនថាវិធានការរឹតបន្តឹងរបស់ជប៉ុននេះ គឺសំដៅមកលើខ្លួន។ ភ្លាមៗក្រោយការប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុននេះ ចិនបាន​ប្រតិកម្មភ្លាមតែម្តង។ លោក​ Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកមិញនេះ ថាជប៉ុនកំពុងតែសាងកំហុស​ឲ្យខ្លួនឯងហើយ ដោយសារតែ​រងសំពាធពីអាមេរិក​។ អ្នកនាំពាក្យចិនរូបនេះបន្ថែមថា ​ការ​យក​វិស័យ​ពាណិជ្ជកម្ម​បច្ចេកវិទ្យាទំនើប ទៅ​​លាបពណ៌នយោបាយ ធ្វើជាឧបករណ៍​ប្រយុទ្ធយកឈ្នះ ឬយកវាទៅប្រឡាក់ប្រឡូសនឹងវិស័យយោធា វានឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព​នៃ​បណ្តាញ​ចែកចាយនិងផលិត ​របស់​ពិភពលោក​។

យ៉ាងណាក៏ដោយ ​ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន បានអះអាងថា វិធានការរឹតត្បិតរបស់ជប៉ុន គឺមិនបានសំដៅទៅ​លើ​ប្រទេសណាមួយ ដោយចំពោះនោះទេ។ ដោយឡែកភាគីជប៉ុនបានប្រកាសផងដែរថា នៅចុងសប្តាហ៍នេះ​ លោកYoshimasa Hayashi រដ្ឋមន្ត្រី​ក្រសួងការបទេសជប៉ុន នឹងធ្វើដំណើរទៅប៉េកាំង។ បើតាមការវិភាគទៅ គឺជប៉ុន​ចង់ទៅនិយាយលួងចិត្តដែរ ដើម្បី​កុំឲ្យ​អន់ចិត្តមកលើខ្លួន។

ចិន​រំពឹងខ្លាំង ​លើបច្ចេកវិទ្យាសឺមីកុងឌុកទ័រពីខាងក្រៅ​​

ជាទូទៅយើងដឹងថា បិរមាណផលិត​ផល​អាឡិកត្រូនិកមួយផ្នែកធំ ដែល​មនុស្សយើងប្រើប្រាស់ រាប់ទាំងពីទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីមកុំព្យូទ័រ តាប្លែត និង​ឧបករណ៍​រាប់ពាន់​មុខទៀត គឺភាគច្រើន​ផលិតនៅចិន។ តែមិនមែនគ្រឿងផ្សំទាំងអស់សុទ្ធតែធ្វើនៅចិនទេ។ ជាក់ស្តែង​ឧបករណ៍សឺមីកុងដុកទ័រនេះឯង ដែលចិនទិញពីគេភាគច្រើន ព្រោះវាពិបាកធ្វើ ហើយចិននៅមិនទាន់មាន​បច្ចេកវិទ្យាឈានមុខដល់កម្រិត ក្នុង​ការផលិត​វាទេ។

ផ្លាកសញ្ញាក្រុមហ៊ុន​ TSMC (Taiwan Semiconductor Manufacturing Company) លោតលើទូរស័ព្ទ ដាក់នៅលើបន្ទះ​ motherboard ។ រូបថតថ្ងៃទី ២៦ មីនា ២០២៣
ផ្លាកសញ្ញាក្រុមហ៊ុន​ TSMC (Taiwan Semiconductor Manufacturing Company) លោតលើទូរស័ព្ទ ដាក់នៅលើបន្ទះ​ motherboard ។ រូបថតថ្ងៃទី ២៦ មីនា ២០២៣ REUTERS - DADO RUVIC

ឧបករណ៍បច្ចេកវិទ្យា​អេឡិកត្រូវិកកាន់តែទំនើប កាន់តែមានទំហំតូចស្តើង គឺមានន័យថា គេត្រូវការ​ប្រើសឺមីកុងដុកទ័រកាន់តែតូចដែរ។ បើ​និយាយជារួម​ យោងតាមតួលេខឆ្នាំ​២០១៩ ការផលិត​សឺមីកុងឌុកទ័រគ្រប់ប្រភេទ ទាំងតូចទាំងធំ គឺតៃវ៉ាន់ផលិត​២០% កូរ៉េខាងត្បូង​១៩% ជប៉ុន ១៧%​ ចិន១៦% អាមេរិកខ្ទង់​១៣% ។ តែ​រាល់ថ្ងៃនេះ មានក្រុមហ៊ុនតែ២ទេ​ ដែលឈានមុខគេ ផលិត​សឺមីកុងឌុកទ័រប្រភេទឈានមុខ ដែលមាន​ទំហំតូចជាង ៧ណាណូម៉ែត្រ​ គឺក្រុមហ៊ុនTSMC Taiwan Semiconductor Manufacturing Company និងក្រុមហ៊ុន​Samsung កូរ៉េខាងត្បូង។​

បើនិយាយពីទំងន់ គឺក្រុមហ៊ុនតៃវ៉ាន់ TSMC ធ្ងន់ខ្លាំងណាស់ ព្រោះក្រុមហ៊ុននេះផ្គត់ផ្គង់សឺមីកុងឌុកទ័រ ចំនួន​៥៣% នៅក្នុង​ទីផ្សារពិភពលោក ខណៈ Samsung មានចំណែកប្រមាណ​១៧% នៅឆ្នាំ​២០២១​។ យោងតាមរបាយការណ៍របស់ Boston Consulting Group នៅឆ្នាំ​២០១៩ ក្រុមហ៊ុន TSMC ផ្គត់ផ្គង់សឺមីកុងឌុកទ័រអាប្រភេទទំនើប​​ឈានមុខ ចំនួន​៩២%ឯណោះ។ ជាក់ស្តែងក្រុមហ៊ុន Appel ទិញតែ​សឺម៉ីកុងឌុកទ័ររបស់តៃវ៉ាប់ យកទៅប្រើនៅក្នុងផលិតផលរបស់គេ ព្រោះវាតូចខ្លាំងនិងទំនើបគ្មានគូប្រៀប។

ដោយផ្អែកលើទំហំតម្រូវការ​និង​ផលិតដ៏ធំរបស់ចិន គឺចិនជាអ្នកនាំចូលសឺមីកុងឌុកទ័រធំជាងគេបង្អស់ក្នុងពិភពលោក​។ ឆ្នាំ​២០២១ ចិន​នាំចូលសឺមីកុងឌុកទ័រ ក្នុងទំហំទឹកប្រាក់ ចំនួន ៤៣០ពាន់លានដុល្លារ ដែលក្នុងនោះគ្រាន់តែនាំចូលពីតៃវ៉ាន់ គឺ​ប្រមាណ​៣៦%ទៅហើយ។ ចិនអាចផលិត​ខ្លួនឯងបានត្រឹមតែ ១៥,៧%នៃតម្រូវការប៉ុណ្ណោះ ហើយភាគច្រើនលើសសុប ជាប្រភេទសឺមីកុងឌុកទ័រធំមិនសូវទំនើបខ្លាំងទេ។ មានន័យថាក្នុងវិស័យនេះ ចិនមានឱនភាពពាណិជ្ជកម្មខ្លាំងណាស់ ពោលគឺចិនរំពឹងលើ​ការនាំចូលពីក្រៅ ពីតៃវ៉ាន់ ពីកូរ៉េខាងត្បូង និងពីជប៉ុន​។ ហេតុដូច្នេះហើយ បានជា​ថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសពីមហាផែនការជាតិ ដើម្បីផ្តល់សន្ទុះដល់ការស្រាវជ្រាវ​ផ្នែកបច្ចេកវិទ្យានេះ។ គឺក្នុងបរិបទ ឃើញតៃវ៉ាន់មានទំងន់ខ្លាំងនេះ​ក្នុងវិស័យសឺមីកុងឌុកទ័រនេះដែរ ដែលជំរុញឲ្យចិនកាន់តែចង់បានតៃវ៉ាន់មកគ្រប់គ្រង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ