អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកម៉ាក្រុងទៅទស្សនកិច្ចនៅចិន និយាយរឿងអ៊ុយក្រែន សេដ្ឋកិច្ច​ និងស្ថិរភាពតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានធ្វើដំណើរទៅដល់​ទីក្រុងប៉េកាំង នៅថ្ងៃពុធទី៥​មេសា។ យោងតាម​វិមាន​ប្រធានាធិបតីបារាំង ក្នុងដំណើរទស្សនកិច្ចរយៈពេល​៣ថ្ងៃនេះ លោក​ម៉ាក្រុងនឹងជួប​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បី​និយាយពីសំណុំរឿងជាច្រើន រួមទាំងទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេសនោះ គឺសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន​។ បារាំង ក៏ដូចជាសហភាពអឺរ៉ុប មានបំណងចង់​បញ្ចុះបញ្ចូល ​ឲ្យ​ចិនដើរតួនាទីសំខាន់ ក្នុងការអូទាញ​ឲ្យរុស្ស៊ី យល់ព្រម​បិទបញ្ចប់សង្គ្រាមនេះ​ ឲ្យ​បានឆាប់​បំផុត។

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ថ្លែងសារក្នុងកម្មវិធីសំណេះសំណាល​ជាមួយ​សហគមន៍ជនជាតិបារាំងនៅប្រទេសចិន។ ក្រុងប៉េកាំង ថ្ងៃទី៥ មេសា ២០២៣
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ថ្លែងសារក្នុងកម្មវិធីសំណេះសំណាល​ជាមួយ​សហគមន៍ជនជាតិបារាំងនៅប្រទេសចិន។ ក្រុងប៉េកាំង ថ្ងៃទី៥ មេសា ២០២៣ AP - Thibault Camus
ផ្សាយពាណិជ្ជកម្ម

ផ្សារភ្ជាប់ទំនាក់ទំនងចិន-បារាំងឡើងវិញ​

ប្រមាណជាង​៣ឆ្នាំមកនេះ ទំនាក់ទំនង​រវាង​បារាំង នឹងចិន បានឃ្លាតឆ្ងាយ មិនសូវផ្អែមល្អែមទេ ដោយសារតែ​បញ្ហាវិបត្តិជម្ងឺឆ្លងកូវីដ​១៩។ ដូចយើងបានដឹងហើយ រដ្ឋអំណាចចិន បានបិទទ្វារប្រទេស​ទាំងស្រុង អស់​ជាង​២ឆ្នាំ ហើយ​បាន​បង្កទំនាក់ទំនងទ្វេភាគី រវាង​ចិននិងបារាំងក្នុងច្រើនវិស័យណាស់។ ប្រជាជនបារាំង ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសចិន នៅក្នុងអំឡុងពេលនោះ បាន​ទទួលរងនូវ​ផលវិបាកជាច្រើន ដោយសារតែវិធានការ​បិទខ្ទប់យ៉ាងខ្លាំងក្លា របស់អាជ្ញាធរចិន។ រដ្ឋបារាំង ព្យាយាមជួយ​យ៉ាងណា ក៏មិនអាចទៅរួចបាន​ដែរ ព្រោះវា​ទើសនឹង​ភាពរឹងរូសរបស់រដ្ឋអំណាចចិន​។

តាមរយៈទស្សនកិច្ច​នៅប៉េកាំង ក្នុងពេលនេះ គឺរដ្ឋាភិបាលបារាំង សង្ឃឹមផ្សារភ្ជាប់ទំនាក់ទំនង​ជាមួយចិនឡើងវិញ ឲ្យ​បានល្អប្រសើរគ្រប់វិស័យ និង​គ្រប់​កម្រឹតជាន់ថ្នាក់។ បារាំង មានបំណងផ្តល់អាទិភាព ដល់ការផ្សារភ្ជាប់ទំនាក់ទំនងមនុស្ស ក្នុងវិស័យអប់រំ និងវប្បធម៌។ បារាំង ចង់ជំរុញ​ឲ្យ​កម្មវិធី​ផ្លាស់​ប្តូរនិស្សិត​ទៅវិញទៅមក មានសន្ទុះល្អប្រសើរឡើងវិញ ព្រោះចំណុចនេះសំខាន់ណាស់នៅក្នុង​ការឆ្វេងយល់ពីគ្នា រាប់អានគ្នាគោរពគ្នាទៅវិញទៅមក​។

គឺក្នុងក្របខណ្ឌនេះហើយ បានជាបារាំងបានរៀបចំ​ផ្តួចផ្តើម​ មហោស្រពវប្បធម៌ចិន-បារាំង មួយដ៏ធំ នៅទីក្រុងប៉េកាំង ដែលមានឈ្មោះថា មហោស្រព “Croissement » ប្រែថា ការជួបប្រទាក់គ្នា។ ថ្ងៃពុធនេះ ពេលទៅដល់ប៉េកាំង លោកម៉ាក្រុងនឹងទៅបើកសម្ពោធមហោស្រពដ៏ធំនេះ ដោយ​មានការចូលរួមពីតារា សិល្បៈករល្បី​ៗរបស់បារាំងនិងចិនចូលរួមជាច្រើននាក់។

នៅថ្ងៃព្រហស្បតិ៍ទី​៦មេសា​ លោក​ម៉ាក្រុងនឹងចូលទៅជួបលោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ពិភាក្សាការងារ និងមានពិធីលាងសាយភោគរួមគ្នា។ បន្ទាប់មកទៀត ថ្ងៃសុក្រ លោក​ម៉ាក្រុងនឹងបន្តដំណើរទៅ​ខេត្តគ័ងតុង ដែលលោកនឹងទៅជួប​ជាមួយនិស្សិតចិននៅទីនោះ ហើយ​លោក​ស៊ី ជីនពីង ក៏នឹងស្កាត់ទៅពិសារបាយ​ល្ងាយតែពីរនាក់ ​ជាមួយ​លោក​ម៉ាក្រុងនៅទីនោះដែរ។ នេះបើផ្អែកតាមប្រភពពីមន្ត្រីវិមានប្រធានាធិបតីបារាំង។

បញ្ចុះបញ្ចូលចិនឲ្យជួយជំរុញរុស្ស៊ី​ ដើម្បីបញ្ចប់សង្គ្រាម​​

សំណុំរឿងអ៊ុយក្រែន គឺជាប្រធានបទធំមួយ នៅក្នុងកម្មវត្ថុនៃទស្សនកិច្ចរបស់​លោកម៉ាក្រុងនៅចិន នាពេលនេះ​។ មិនថាបារាំង អាមេរិក ឬសហភាពអឺរ៉ុបទេ គឺគេដឹងយ៉ាងច្បាស់ថា ចិនមាន​ទំងន់​កម្រិតណា ទៅលើរុស្ស៊ី​។ មានតែលោកស៊ី ជីនពីងទេ ដែលអាច​និយាយជាមួយលោកពូទីនបាន​។ មន្ត្រីវិមានរដ្ឋាភិបាលបារាំង បាន​លើកឡើងថា ចិនតែមួយ អាចធ្វើឲ្យ​ប្រែប្រួលទាំងស្រុង ដល់សង្គ្រាម​នៅអ៊ុយក្រែន។ គោលជំហរ ឬការសម្រេចចិត្តរបស់ចិន គឺវាអាចធ្វើឲ្យសង្គ្រាមនេះចប់ ឬអាចធ្វើឲ្យសង្គ្រាមនេះកាន់តែធ្ងន់ធ្ងរខ្លាំង។ អ្វីដែលគេបារម្ភ គឺខ្លាចចិន ជ្រើសរើស ក្លាយជាផ្នែក​មួយ​នៃការបន្តសង្គ្រាម តាមរយៈការជួយ​ផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ី។

មុនពេលឡើងយន្តហោះទៅប៉េកាំង កាលពីល្ងាចម្សិលមិញ លោក​ម៉ាក្រុង បាន​ទូរស័ព្ទទៅនិយាយជាមួយ​លោក​ចូ បៃដិន។ ប្រធានាធិបតីទាំង២បាននិយាយអំពីបំណងដូចគ្នា ក្នុងការធ្វើយ៉ាងណា ប្រឹងប្រែងជំរុញឲ្យចិន ជួយចូលរួមដើម្បី​បិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន កសាងសន្តិភាពឲ្យ​មានលក្ខណៈយូរអង្វែងនៅក្នុងតំបន់។ លោក​ប្រធានាធិបតី​​បារាំង និងព្យាយាមបញ្ចុះបញ្ចូលលោក​ស៊ី ជីនពីង ថាត្រូវតែប្រកាន់ជំហរ ការពារ ស្ថិរភាព និង​ ការរីកចម្រើនលូតលាស់ ពោលគឺសុទ្ធតែជាពាក្យ​ស្លោកដែលភាគីចិន តែងតែប្រកាសជានិច្ច។ ក្នុងន័យនេះ គឺចិនត្រូវតែជួយចូលរួម​ បញ្ចុះបញ្ចូល​ភាគីរុស្ស៊ី ឲ្យងាកមក​បញ្ចប់សង្គ្រាម ឈានចូលការចរចាដោយសន្តិវិធី។

ប្រភពពីវិមានប្រធានាធិបតីបារាំង ក៏បាន​ឲ្យដឹងដែរថា លោកម៉ាក្រុង ចង់បញ្ចុះបញ្ចូលឲ្យ​លោកស៊ី ជីនពីង ទទួលទូរស័ព្ទរបស់​លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី។ លោកហ្សេឡេនស្គី បានអំពាវនាវ ច្រើនដងហើយ ថាលោកចង់និយាយជាមួយ​លោកស៊ី ជីនពីងដោយ​ផ្ទាល់ តែរហូតមកទល់ពេលនេះ ភាគីចិនមិនដែល​ឆ្លើយ​យល់ព្រមទេ។ ខុសពីគោលជំហររបស់​លោកចូ បៃដិន ដែលបន្ទោស និង​​ដាក់សំពាធខ្លាំងទៅលើចិន លោក​ម៉ាក្រុងវិញ ព្យាយាមបន្តថ្នមចិត្តចិន មិន​បន្ទោសលោកស៊ី ជីនពីងធ្ងន់ៗទេ ពាក់ព័ន្ធនឹងទំនោរងាកទៅរករុស្ស៊ីរបស់គាត់។ ជាយុទ្ធសាស្ត្រ មិនចង់រុញចិនឲ្យ​បែរខ្នងខឹងកាន់តែខ្លាំង ព្រោះលោកម៉ាក្រុង​ជឿថា ថ្ងៃណាមួយក្រុមប្រទេសលោកខាងលិច នឹងនៅ​តែត្រូវការលោកស៊ីជីនពីង ដើម្បី​និយាយបញ្ចុះបញ្ចូល​លោកពូទីន។

សង្គ្រាមអូសបន្លាយ ចិនក៏ខាតបង់​ប្រយោជន៍​

អាវុធចុងក្រោយរបស់​លោកម៉ាក្រុង គឺ​ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងចិននិងអឺរ៉ុប​។ យ៉ាងណាមិញ នៅពេល ជួប​លោក​ប្រធានាធិបតីចិន នៅក្រុង​ប៉េកាំងស្អែកនេះ គឺលោកម៉ាក្រុង មិនមែនទៅតែម្នាក់ឯងទេ។ លោក​ស្រីប្រធានគណកម្មការអឺរ៉ុប អៀរស៊ូឡា វុនឌឺឡេយេន នឹងមានវត្តមានចូលរួមដែរ​។ មានន័យថា បារាំងរួមគ្នាជាមួយ​សហភាពអឺរ៉ុបទាំងមូលតែម្តង ដែលចង់និយាយជាមួយ​ចិនឲ្យ​ទាក់ទិននឹងការចូលរួមជួយបិទបញ្ចប់សង្គ្រាម​នេះ​។

បើចិននៅតែមិនជួយចូលរួមទេនោះ ចិនខ្លួនឯងក៏នឹងខាតបង់ធ្ងន់ដែរ នៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ល្គិកណាសង្គ្រាមនេះ​កាន់តែ​អូសបន្លាយ​។ ចូរកុំភ្លេចថា អឺរ៉ុបគឺជាដៃគូរពាណិជ្ជកម្មដ៏ធំមួយរបស់ចិន។ អមដំណើរលោកម៉ាក្រុង​ទៅប៉េកាំងលើកនេះ គឺមានតំណាងក្រុមហ៊ុនឧស្សាហកម្ម​អឺរ៉ុបធំៗប្រមាណ​ជាង​៥០ក្រុមហ៊ុនឯណោះ។ ចិន មិនអាចព្រងើយ​ បណ្តោយ​ឲ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចខ្លួនទេ ខណៈពេលនេះ ទីផ្សារកាន់តែរួមតូចចង្អៀត ដោយសារតែមាន​ប្រទេសផ្សេងមកប្រកួតប្រជែង តួយ៉ាង ឥណ្ឌា និងវៀតណាមជាដើម​។​

លោកស្រីប្រធានគណកម្មការអឺរ៉ុប​បាន​លើកឡើងថា ចិនបច្ចុប្បន្ននេះ កំពុងតែព្យាយាម​ប្រើឥទ្ធិពលធ្វើឲ្យ​ប្រែប្រួលដល់សណ្ដាប់ធ្នាប់សកលលោក ដែលកន្លងមកគឺអាមេរិកនិងក្រុមប្រទេសលោកខាងលិចជាអ្នកចាត់ចែង។ ពេលនេះចិនចង់​ឲ្យគេធ្វើតាមទស្សនវិស័យ​ខ្លួនម្តង តាមរយៈការចូលរួម​លូកដៃ នៅក្នុងសំណុំរឿងសំខាន់​ៗមួយចំនួន​។ ទស្សនវិស័យចិន វាអាចមកខ្ទាស់ជាមួយនឹង​ទស្សនវិស័យរបស់​ភាគីអឺរ៉ុប។ ដូច្នេះ អ្វីៗអាចប្រើប្រួលកំរិតណា គឺវាអាស្រ័យថា ចិនមានការតាំងចិត្តខ្លាំងកម្រិតណា ដើម្បី​សម្រេចកម្មវត្ថុខ្លួន។​ តែយ៉ាងណា លោកស្រី វុនឌឺឡេយេន បាន​អះអាងថា អឺរ៉ុបក៏​មិនអាចផ្តាច់ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គម ទាំងស្រុងជាមួយចិននោះដែរ។ គ្មានអ្វីមួយ ស ឬ ខ្មៅទាំងស្រុងនោះឡើយ​។ ដូច្នេះគឺត្រូវតែ​ធ្វើការងាររួមគ្នា ដើម្បីកាត់បន្ថយ​ហានិភ័យដែលអាចឈានទៅមានជម្លោះ។​

តែទន្ទឹមគ្នានេះ លោកស្រីប្រធានគណកម្មការអឺរ៉ុបអះអាងថា អឺរ៉ុ​បនឹងប្រឹងប្រែង ពង្រឹងតុល្យភាព​ជាមួយ​ចិនឡើងវិញ​។ ដែលមានន័យថា អឺរ៉ុបមិនអាច​ផ្តេកផ្តួល ពឹងផ្អែកខ្លាំង ទៅលើ​ទំនាក់ទំនងពាណិជ្ជកម្ម និងទីផ្សារចិននោះទេ។ អឺរ៉ុបត្រូវតែពង្រឹងឯករាជ្យភាព ស្វ័យភាពរបស់ខ្លួន ជាពិសេសក្នុងវិស័យយុទ្ធសាស្ត្រមួយចំនួន ដូចជា​​បច្ចេកវិទ្យាទំនើបជាដើម។​

បារាំងចង់ដើរតួជា​ជម្រើសទី៣ នៅ​តំបន់ឥណ្ឌូប៉ាស៊ីហ្វិកវិញ

ទាក់ទិននឹងសំណុំរឿងសន្តិសុខស្ថិរភាពតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក គេឃើញថាបារាំងហាក់ដូចជាអវត្តមានខ្លាំង ទាំងដែលធាតុពិតបារាំង មិនមែនគ្មានភាពស្របច្បាប់ក្នុងការចូលរួមចាត់ចែង ឬការពារផលប្រយោជន៍ខ្លួន នោះទេ។​ បារាំងមានអធិបតេយ្យភាពលើដែនទឹកធំជាងគេលំដាប់ទី២ បន្ទាប់ពីអាមេរិក ពោលគឺមានទំហំប្រមាណ​ ១១លានគីឡូម៉ែត្រក្រឡា។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បារាំងមានដែនដីច្រើន មាន​ប្រជាជនរស់នៅ​ប្រមាណ​១លាន​៦សែននាក់ ហើយ​មាន​ទាហាន​បារាំងប្រមាណ​៧០០នាក់ឈរជើងជាប្រចាំក្នុងតំបន់នេះ ដើម្បីការពារសន្តិសុខ។

យោងតាមលោក Cédric Perrin សមាជិកព្រឹទ្ធសភាបារាំងម្នាក់ គឺពេលនេះ បារាំងត្រូវតែបញ្ជាក់ជំហរឲ្យ​បានច្បាស់ប្រាប់ទៅចិន។ ជាទូទៅ គេគិតថាបារាំងជាសម្ព័ន្ធមិត្តរបស់អាមេរិកពិតមែន។ តែធាតុពិត បារាំង ក៏មានផលប្រយោជន៍ផ្សេង ខុសពីអាមេរិក ដែលត្រូវការពារដែរ។ ក្នុងន័យនេះបារាំងមិនអាចចេះតែត្រុកត្រុកតាមពីក្រោយអាមេរិកគ្រប់រឿងនោះទេ។

យោងតាមលោកស្រី Isabelle Saint-Mezard អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិបារាំង នៅក្នុងបញ្ហាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អ្វីដែលបារាំងអាចធ្វើបាន គឺស្ថិតនៅកណ្តាល ធ្វើជាជម្រើសទី​៣។ មានន័យថា ប្រទេសក្នុងតំបន់​ មិនមែនគ្មានជម្រើសផ្សេង ក្រៅតែពីនៅខាងចិន ឬនៅខាងអាមេរិកនោះទេ។ បារាំងអាចក្លាយជាជម្រើសកណ្តាល ឈរលើការសហការការពារសន្តិសុខ រួមបញ្ចូលគ្នា ច្រើនភាគី ដូចជាជាមួយឥណ្ឌា ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរីជាដើម។ បារាំងតំណាងឲ្យអឺរ៉ុបនៅតំបន់នេះ ហើយបារាំង មានសមត្ថភាព​យោធាមិនអន់ណាស់ណាទេ។ លោក Jeremy Bachelier អតីតនាយទាហានជើងទឹកបារាំង បានលើកឡើងថា វត្តមានរបស់កងទ័ពបារាំងក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក គឺមិនមែនទៅបង្កបញ្ហាឲ្យកាន់តែរីកធំទេ តែគឺទៅចូលរួម​ផ្តល់សន្ទុះដល់ការនិយាយស្រុះស្រួលគ្នាដោយសន្តិវិធី​ ដើម្បីរក្សា​Statu quo តួយ៉ាងដូចជាក្នុងសំណុំរឿងកោះតៃវ៉ាន់ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ